អ្នក​ទោស​៤​នាក់​ទាយ​ពណ៌​មួក

អ្នក​ទោស​ឧក្រិដ្ឋ ៤ នាក់​ ត្រូវ​បាន​គេ​កាត់​ទោស​ឱ្យ​ជាប់​គុក តែ​ដោយ​សារ​គុ​ក​ពេញ ឆ្មាំ​គុក​សម្រេច​ចិត្ត​ឱ្យ​អ្នក​ទោស​ទាំង ៤ នាក់​ដោះស្រាយ​ប្រស្នា​មួយ។ បើ​ដោះ​ស្រាយ​ចេញ​ នឹង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ទាំង​ ៤ នាក់ តែ​បើ​ដោះ​ស្រាយ​មិន​ចេញ​ នឹង​យក​ទៅ​សម្លាប់​ចោល។

ឆ្មាំ​គុក​ឱ្យ​អ្នក​ទោស​ទាំង​៤នាក់​ពាក់​មួក​ អ្នក​ទោស​ពីរ​នាក់​ពាក់​មួក​ខៀវ អ្នក​ទោស​ពីរ​នាក់​ទៀត​ពាក់​មួកក្រហម។ អ្នក​ទោស​ទាំង ៤ នាក់​មិន​ដឹង​ថា​ខ្លួន​ពាក់​មួកពណ៌​ណា​មួយ​នោះ​ទេ តែ​ដឹង​ថា​ក្នុង​ចំណោម​ពួក​គេ មាន​ពីរ​នាក់​ពាក់​មួក​ពណ៌​ខៀវ និង​ពីរ​នាក់​ទៀត​ពាក់​មួក​ពណ៌​ក្រហម។ ឆ្មាំ​គុក​ឱ្យ​អ្នក​ទោស​ ៣ នាក់​ឈរ​រៀប​គ្នា​ជា​ ១ ជួរ​ពី​ក្រោយ​គ្នា។អ្នក​ទោស​ទី៤ គេ​យក​ទៅ​លាក់​ក្នុង​បន្ទប់​មួយ។ អ្នក​ទោស​ទី​១ ឈរ​បែរ​មុខ​ទៅ​ជញ្ជាំង មើល​មិន​ឃើញ​មួក​អ្នក​ទោស​ទី​២ និង ទី៣ នោះ​ទេ​។ អ្នក​ទោស​ទី​ពីរ​ ឈរ​ពី​ក្រោយ​អ្នក​ទោស​ទី១ អាច​មើល​ឃើញ​មួក​របស់​អ្នក​ទោស​ទី១ តែ​មើល​មិន​ឃើញ​មួក​របស់​អ្នក​ទោស​ទី៣ នោះ​ទេ។ អ្នក​ទោស​ទី៣ ឈរពី​ក្រោយ​អ្នក​ទោស​ទី១ និង ​ទី២ ដូច្នេះ​អាច​មើល​ឃើញ​មួក​របស់​អ្នក​ទោស​ទី១ និង​ទី​២ បាន​។

ប្រស្នា​នោះ​គឺ​ បើ​អ្នក​ទោស​ណា​ម្នាក់​អាច​ប្រកាស​ក្ដែង​ៗ (ឮ​ទាំង​អស់​គ្នា) ប្រាប់​​​ពណ៌​មួក​របស់​ខ្លួន​បាន​ត្រឹមត្រូវ នោះ​អ្នក​ទោស​ទាំង ៤ នាក់​នឹង​ត្រូវ​ដោះ​លែង។ សន្មត​ថា អ្នក​ទោស​ទាំង​៤នាក់​នេះ​ ចេះ​តក្កវិទ្យា។ តើ​ពួក​គេអាច​​ដោះ​ស្រាយ​ប្រស្នា​នេះ​ចេញ​តាម​របៀប​ណា?

ចម្លើយ


យើង​ដឹង​ថា អ្នក​ទោស​ទី៣ អាច​មើល​ឃើញ​ពណ៌​មួក​របស់​អ្នក​ទោស​ទី១ និង​ទី២។ ដូច្នេះ បើ​អ្នក​ទោស​ទី១ និង ទី២ មាន​មួក​ពណ៌​ដូចគ្នា នោះ​អ្នក​ទោស​ទី៣ ត្រូវ​តែ​មាន​មួកមាន​ពណ៌​ផ្ទុយ​ពី​នេះ ព្រោះ​មាន​មួក​តែ​២ ប៉ុណ្ណោះ​ដែល​មាន​ពណ៌​ដូច​គ្នា។

តែ​បើ​អ្នក​ទោស​ទី១ និង​ទី​២ មាន​មួក​ពណ៌​ខុស​គ្នា ដូចជា​អ្នក​ទោស​ទី១ មាន​មួក​ពណ៌​ខៀវ រី​ឯ​អ្នក​ទោស​ទី២ មាន​មួក​ពណ៌​ក្រហម នោះ​អ្នក​ទោស​ទី៣ មិន​ដឹង​ថា​មួក​ខ្លួន​ពណ៌​ក្រហម​ឬ​ខៀវ​នោះ​ទេ។

ក្នុង​ករណី​បែប​នេះ អ្នក​ទោស​ទី៣ និយាយ​មិន​ចេញ។ នៅ​ពេល​ដែល​អ្នក​ទោស​ទី២ ដឹង​ថា អ្នក​ទោស​ទី៣ និយាយ​មិន​ចេញ នៅ​ពេល​នោះ​ អ្នក​ទោស​ទី​២ ដឹង​ថា មួករបស់​ខ្លួន​ត្រូវ​តែ​មាន​ពណ៌​ខុស​ពី​មួក​របស់​អ្នក​ទោស​ទី១។ ដូច្នេះ អ្នក​ទោស​ទី២ អាច​ប្រកាស​ពី​ពណ៌​មួក​របស់​ខ្លួន​បាន ដោយ​ត្រឹម​ត្រូវ។

Related Posts

  • sokha

    ប្រធានគូរតែនិយាយអោយច្បាស់បន្តិច ដោយបន្ថែមឃ្លាថា អ្នកទោសទាំងនោះដឹងថា ពណ៌មួកទាំងអស់មានតែពីរទេគឹ ខៀវ និង ក្រហម។

    • វិចិត្រ

      អរគុណ

  • vengngy

    តើអ្នកទោសទាំង ៤ នាក់ អាចទាយថាមួករបស់ខ្លួនពណ៍អីបានទេ ???

    • http://www.dahlina.com វិចិត្រ

      ជា​ទូទៅ​ មិន​អាច​ទាយ​បាន​ទេ។ ដូចជា​ករណី 1.ខៀវ, 2. ក្រហម, 3. ខៀវ | 4. ក្រហម ។ ករណី​នេះ អ្នក​ទី២ និង ទី៣ អាចកំនត់​​ពណ៌​មួក​របស់​ខ្លួន​បាន តែ អ្នក​ទី១ និង ទី ៤ មិន​អាច​កំនត់​បាន​ទេ។

  • http://www.kanhasunny.wordpress.com កញ្ញា

    លោកគ្រូ, ចុះអ្នកទោសទី៤ ដែលគេយកទៅលាក់ក្នុងបន្ទប់មួយនោះ ធ្វើម៉េចនឹងដោះស្រាយប្រស្នានេះចេញទៅ?

    • http://www.dahlina.com វិចិត្រ

      អ្នក​ទោស​ទី៤ និង ទី១ មិន​បាច់​ធ្វើ​អ្វី​ទេ ព្រោះ​អ្នក​ទោស​ទី៣ ឬ ទី ២ អាច​ទាយ​ត្រូវ​ហើយ។ ករណី មាន​នរណា​ម្នាក់​ទាយ​ត្រូវ អ្នក​ទោស​ទាំង​៤​នាក់​ត្រូវ​រួច​ខ្លួន ។

      • http://www.kanhasunny.wordpress.com កញ្ញា

        ត្រូវហើយ លោកគ្រូ! ខ្ញុំអានប្រធានច្រលំ។ ស្មានតែរួចខ្លួនតែអ្នកទោសណាដែលដោះប្រស្នាចេញ ហើយអ្នកដោះអត់ចេញនៅជាប់គុកដដែល។ :D