មហាសង្ក្រានឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៥៩ គ្រិស្តសករាជ ២០១៦

Devadaព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយបាន២៥៥៩ ត្រឹមថ្ងៃ១៥កើត ខែពិសាខ ដល់ថ្ងៃ១រោច ខែពិសាខឆ្នាំវក អដ្ឋស័ក តទៅ ចូលពុទ្ធសករាជ២៥៥៩។ នឹងគណនាឆ្នាំវកឥឡូវនេះសង្ក្រាន្តចូលមកនៅថ្ងៃពុធ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០១៦ វេលាម៉ោង២០និង០០នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅខិត នៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ទើបមានទេវធិតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ កបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មុហារាជិកា អម្ពរពណ៌អនលម្អនូវ ព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អភរណៈទ្រង់ កែវពិទូរ្យភក្សាហារទ្រង់សោយសប្បិ ព្រហស្តស្តាំ ទ្រង់ម្ជុល ព្រហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបើកព្រនេត្រលើខ្នងគទ្រកៈ ( សត្វលា ) ជាពាហនៈ។ ទើបនាំអស់ទេវបុត្រទេវធីតា មួយសែនកោដិ ហោះទៅកាន់គុហាកែវ គនធមាលី នាទី ភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាស នាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី (១ម៉ោង)ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធិតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រ និមិ្មតថ្វាយដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្ស សត្វ ផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ។
ថ្ងៃពុធ ៧កើត ខែចេត្រ  ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស ២០១៦ វេលាម៉ោង២០ និង០០នាទី ជាថ្ងៃចូលឆ្នាំវក អដ្ឋស័ក (ជា វារៈ មហាសង្ក្រាន្ត)។
ថ្ងៃព្រហស្បតិ៍ ៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៦ ជា វារៈវនប័ត ថ្ងៃសុក្រ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០១៦ ជាវារៈវនប័ត។
ថ្ងៃសៅរ៍១០កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០១៦ នៅវេលាម៉ោង០និង២៤នាទី ១២វិនាទី ជាវរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៍ចូលជាសកលឆ្នាំវក អដ្ឋស័ក ចុ.ស ១៣៧៨ និង ម.ស.១៩៣៨ តទៅ។
នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ អន្យតិរ្ថីយ ជាចិត្តអប្រិយជាប់ដោយគំនុំគុំគួន ព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ ទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ចនោះ ទេវតា នឹងឱ្យពរសព្វសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ។
រណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ា ឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ ៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ាដាក់លើ ជើងពានមួយគូ ផ្លែឈើ១១មុខ ដាក់លើជើងពានមួយគូ ដូង ឡៅមួយគូ ទឹកស្អាតពីរកែវ។ ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំ នមស្ស ការព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងតទៅលើ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭក លុះចប់ពិធីទទួល ទេវតា៕

Speak Your Mind

*