នាកាលសម័យថ្ងៃមួយនៅក្រុងកុហ្វា មានជនកំណាញ់ម្នាក់។ គាត់បានដឹងថានៅក្រុងបាស្សូរ៉ា មានបុរសម្នាក់ដែលកំណាញ់ជាងគាត់ទៅទៀត។ ដូច្នេះគាត់គិតថា គាត់គួរតែទៅរៀនសូត្រពីបុរសម្នាក់នោះ ដោយសុំគាត់ធ្វើជាគ្រូ។ គាត់ក៏រូតរះធ្វើដំណើរទៅជួបនឹងបុរសដែលជានិមិត្តរូបរបស់គាត់នោះ។ នៅពេលបានជួបនឹងជនកំណាញ់ប្រចាំក្រុងបាស្សូរ៉ាភ្លាម ជនកំណាញ់ប្រចាំក្រុងកុហ្វាបានសម្ដែងការគួរសមតាមប្រពៃណីអ្នកស្រុក និងសុំជនកំណាញ់ប្រចាំក្រុងបាស្សូរ៉ា ធ្វើជាគ្រូ។ ជនកំណាញ់ប្រចាំក្រុងបាស្សូរ៉ាក៏យល់ព្រម
« សូមស្វាគមន៍ ! តស់ ឥលូវយើងទៅផ្សារដើរទិញអីវ៉ាន់ »
ពួកគេក៏ដើរទៅហាងលក់នំប៉័ង។
« សួស្តី! តើកន្លែងលោកមាននំប៉័ងល្អៗទេ? »
« បាទ មានលោកម្ចាស់! នំប៉័ងរបស់ខ្ញុំនៅថ្មីៗហើយទន់ដូចជាប៊័រអញ្ចឹង » អ្នកលក់ឆ្លើយតប។
« ឯងកត់ទុក អាពួកម៉ាក » ជនកំណាញ់ប្រចាំក្រុងបាស្សូរ៉ានិយាយទៅកាន់ជនកំណាញ់មកពីក្រុងកុហ្វា « សូម្បីតែអ្នកលក់នំប៉័ងក៏គិតថា ប៊័រល្អជាងនំប៉័ងដែរ។ ប៊័រហ្នឹង គេបរិភោគតែបន្តិចបន្តួចទេ ដូច្នេះយើងទៅទិញប៊័រវិញប្រសើរជាង អស់លុយតិចហើយ មានគុណភាពល្អជាងនំប៉័ងទៀត។ »
ដូច្នេះពួកគេក៏បន្តដំណើរទៅហាងលក់ប៊័រ។
« សួស្តី! តើកន្លែងលោកមានប៊័រល្អទេ? »
« បាទលោកម្ចាស់ នៅកន្លែងខ្ញុំមានប៊័រល្អៗ មានរសជាតិនិងស្រស់ដូចប្រេងអូលីវលេខមួយអញ្ចឹង » អ្នកលក់តប។
« ឃើញទេពួកម៉ាក អ្នកលក់ក៏គេថា ប្រេងអូលីវល្អជាងប៊័រដែរ។ ដូច្នេះយើងទៅទិញប្រេងអូលីវវិញ »
ពួកគេក៏ដើរទៅកាន់ហាងលក់ប្រេងអូលីវ
« តើកន្លែងលោកមានប្រេងអូលីវល្អៗទេ? »
« បាទលោកម្ចាស់ កន្លែងរបស់ខ្ញុំមានប្រេងអូលីវលេខមួយ គ្មានកករ ហើយថ្លាដូចជាទឹក » អ្នកលក់តប។
« ឃើញទេពួកម៉ាក » ជនកំណាញ់ប្រចាំក្រុងបាស្សូរ៉ានិយាយទៅកាន់ជនកំណាញ់មកពីក្រុងកុហ្វា «អ្នកលក់គេថា ទឹកល្អជាងប្រេងអូលីវ។ នៅផ្ទះរបស់គ្នាមានទឹកទាំងពាង។ អ៊ីចឹងត្រឡប់ទៅផ្ទះវិញ ចាំគ្នាប៉ាវឯងផឹកទឹករបស់គ្នាម៉ាសេរី។ »
ដូច្នេះពួកគេក៏ត្រឡប់មកផ្ទះវិញ ដោយគ្មានទិញបានអ្វីទាំងអស់។ ពួកគេបានរៀនមេរៀនមួយដ៏ល្អគឺ ទឹកល្អជាងប្រេងអូលីវ ប្រេងអូលីវល្អជាងប៊័រ ប៊័រល្អជាងនំប៉័ង។
« សូមអរគុណដល់ព្រះជាម្ចាស់! » ជនកំណាញ់មកពីក្រុងកុហ្វានិយាយ «ដំណើរដ៏វែងឆ្ងាយរបស់ខ្ញុំមកកាន់ក្រុងបាស្សូរ៉ានេះពិតជាមិនអត់ប្រយោជន៍មែន »
-ចប់-
ប្រែសម្រួលជាភាសាខ្មែរដោយ លឹម សុវណ្ណវិចិត្រ
ប្រភព៖ Fairy Tales From All Nations, Anthony R. Montalba, Chapman&Hall,

អត់ឃើញមានអីចឹងលោកគ្រូ?
អុញ ម៉េចអញ្ចឹង។
បើនៅលើកុំព្យុទ័ររបស់ខ្ញុំ វាចេញជាលក្ខណៈសៀវភៅ។ ពេលចុចទៅ វាពង្រីកទំហំជាFullscreen ។ ប្រហែលអត់មាន Adobe flash player ហើយមើលទៅ។
អាចអានបានហើយលោកគ្រូ បន្ទាប់ពីបាន update adobe flash player 10