បុស្បាប៉ាន់ក្លាយជាម្ចាស់សំលេងសូប្រាណូរបស់កម្ពុជា ដែលអាចសំដែងល្ខោនអូប៉េរ៉ាក្នុងរឿង “ជំនោរអង្គរ” ជាតួសំដែងរួមគ្នាជាមួយតួសម្តែងបារាំង និង អាមេរិច។ នាងមានទេពកោសល្យអាចច្រៀងបានច្រើនភាសា និងលេងឧបករណ៍តន្ត្រីបានទាំងហ្គីតា ព្យាណូ និង វីយូឡុងផងដែរ។
រឿង “ជំនោរអង្គរ” ជាវណ្ណកម្មល្ខោនចំរៀងរបស់ប្រសួងវប្បធម៌និងវិចិត្រសិល្បៈសហការជាមួយអង្គការក្រៅរដ្ឋាភិបាល។ រឿងនេះរៀបរាប់ពីដំណើររឿងរបស់ស្ត្រីខ្មែរម្នាក់ដែលបានជាប់ឃុំឃាំងក្នុងមន្ទីរស២១ (គុកទួលស្លែង) បានលួចសរសេរសំបុត្រលាក់ទុកសម្តែងសេចក្តីស្នេហានិងក្តីនឹករលឺកទៅប្តីរបស់នាង។ តែក្រោយមកពួកខ្មែរក្រហមក៏ចាប់សំបុត្រនេះបាន។ នាងជាអ្នកទោសគុកធំ បើទុកជាមិនប្រាប់ក៏គេដឹងដែរថា នាងពិតជាមិនមានជីវិតទេនៅក្រោយថ្ងៃរំដោះ។ សំបុត្រនេះត្រូវបានរកឃើញនៅក្នុងសាលតម្កល់ឯកសារក្នុងនៃអតីតគុកទួលស្លែងក្នុងកំឡុងទសវត្សន៍ឆ្នាំ៩០ដោយអ្នកកាសែតស្រីជនជាតិអាមេរិចម្នាក់ ដែលតាមរយៈសំបុត្រនេះគេស្គាល់ថាម្ចាស់សំបុត្រឈ្មោះ បុប្ផាណា ហើយប្តីរបសស់នាងជាកម្មាភិបាលខ្មែរក្រហមដូចគ្នាដែរ មិនមែនជាពលរដ្ឋកម្ពុជាធម្មតាទេ។ បន្ទាប់ពីរកឃើញសំបុត្រនេះ គាត់បានយករឿងនេះទៅចុះផ្សាយក្នុងសៀវភៅមួយនៅប្រទេសអង់គ្លេសដែលនិយាយពីជីវិតពិតរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងសម័យខ្មែរក្រហម។ សៀវភៅនេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្រីអេលីសាប៊ែត បេកគាដែលជាជនជាតិអង់គ្លេសរហូតដល់អ្នកស្រីបានចំណាយពេលដប់ឆ្នាំដើម្បីរៀបចំជាគ្រោងឆ្អឹងរឿងនេះឡើង និងចំណាយពេលពេញ១ឆ្នាំដើម្បីសរសេរជាល្ខោនអូប៉េរ៉ានេះ។
ដោយមើលឃើញពីទេពកោសល្យឥតខ្ចោះរបស់នាងបុស្បាប៉ាន់ ដែលមានសំលេងសូប្រាណូ អ្នកចំរៀងកំរិតអន្តរជាតិរបស់កម្ពុជានោះ អ្នកនិពន្ធរូបនេះក៏សំរេចចិត្តជ្រើសរើសរូបនាងដើរតួរជាកុមារីម្នាក់ជាប់គុកទួលស្លែង។

Recent Comments Gravatars