សូមចុចត្រង់នេះ បើមិនទាន់បានអានភាគទីមួយ
[...] អ៊ីវ៉ានរីករាយជាខ្លាំង ក៏ត្រលប់ទៅរកចចកប្រផេះ។ ប៉ុន្តែចចកនិយាយប្រាប់គាត់ថា “ខ្ញុំបានប្រាប់ឯងហើយកុំអោយប៉ះទ្រុងនោះ! តើហេតុអ្វីក៏ឯងមិនព្រមស្ដាប់ពាក្យបណ្ដាំរបស់ខ្ញុំ?”
“មែនហើយខ្ញុំសូមទោស លោកបងចចក”
“អ៊ីចឹង..អ៊ីចឹងមិនអីទេ អង្គុយលើខ្នងខ្ញុំមក កាន់ខ្សែនេះអោយជាប់”
អ៊ីវ៉ាននិងចចកក៏ចេញដំនើរទៅមុខទៀត។
បន្ទាប់ពីហោះហើរមួយរយៈមក ពួកគេបានមកដល់វិមានមួយទៀត នៅទីនោះមានសេះមួយក្បាលដែលមានសក់មាស។
“អ៊ីវ៉ាន ចូរឯងឡើងតាមជញ្ជាំងនេះទៅ ពួកអ្នកយាមដេកលក់អស់ហើយ។ ឯងទៅក្រោលសេះ យកសេះចេញមក ហើយចូរក្រលេកមើលបង្ហៀរ តែកុំប៉ះវាអោយសោះ”
អ៊ីវ៉ានក៏ឡើងជញ្ជាំងចូលក្នុងប្រាសាទ។ នៅពេលនោះពួកអ្នកយាមដេកលក់អស់។
គាត់ដើរសំដៅទៅក្រោលសេះ អូសវាចេញមកចេញ ហើយក្រលេកមើលបង្ហៀរដូចចចកបង្គាប់។ បង្ហៀរនោះធ្វើពីមាស មានដាំលំអដោយត្បូងមានតំលៃ។ អ៊ីវ៉ានក៏យកដៃទៅអង្អែលបង្ហៀរនោះ ស្រាប់តែភ្លាមនោះសំលេងរោទិ៍ក៏បានលាន់ឡើង។ ពួកអាមាត្រក៏ភ្ញាក់ឡើង ហើយចាប់អ៊ីវ៉ានជាប់។ ពួកគេក៏នាំអ៊ីវ៉ានទៅជួបស្តេចត្សារឃុសម៉ាន់
“តើឯងជានរណា? មកពីណា?”
“ទូលបង្គំឈ្មោះ អ៊ីវ៉ាន ត្សារេវិច ត្រូវជាបុត្ររបស់ព្រះចៅត្សារផេរ៉ាប៉ុង”
“យី ជាបុត្ររបស់ព្រះចៅត្សារមួយអង្គ ម្តេចក៏មកលួចសេះគេមួយក្បាលទៅវិញ! បើឯងនិយាយប្រាប់យើងតែបន្តិច យើងនឹងប្រគល់សេះនេះដល់ឯងភ្លាម។ តែមិនអីទេពេលនេះឯងធ្វើការអោយយើងមួយ យើងនឹងប្រគល់សេះនេះដល់ឯង។ ព្រះចៅត្សារដាល់ម៉ាត់មានបុត្រីមួយអង្គឈ្មោះអេលេណា ប្រេក្រាច្នាយ៉ា។ ចូរឯងទៅយកនាងមកអោយយើង យើងនឹងប្រគល់សេះនេះព្រមទាំងបង្ហៀររបស់វាដល់ឯង”
អ៊ីវ៉ានរីករាយជាខ្លាំងក៏ត្រលប់ទៅជួបនឹងចចក ចចកក៏និយាយដាក់ថា
“ខ្ញុំប្រាប់ឯងហើយតើ ថាកុំអោយប៉ះបង្ហៀរនោះ ម៉េចក៏ឯងមិនស្ដាប់តាម!”
“បងចចក ខ្ញុំសុំទោស សុំទោស..”
“អ៊ីចឹងមិនអីទេ.. ឡើងលើខ្នងខ្ញុំមក”
ពេលនេះចចកបោលលឿនដូចព្យុះម្ដងទៀត។ ពួកគេក៏មកដល់វិមានរបស់ស្តេចត្សារដាល់ម៉ាត់។ ព្រះអង្គមានវិមានមួយដែលមានសួនច្បារនៅក្នុង។ ព្រះនាង អេលេណាកំពុងតែកំសាន្តក្នុងសួនច្បារនោះជាមួយម្តាយនិងបំរើ។ ចចកប្រផេះក៏និយាយប្រាប់អ៊ីវ៉ានថា
“ម្តងនេះ ខ្ញុំអ្នកទៅ។ ឯងត្រលប់ទៅក្រោយវិញតាមផ្លូវដែលយើងធ្វើដំនើរមក។ ខ្ញុំនឹងតាមឯងទាន់”
អ៊ីវ៉ានក៏ធ្វើតាម។ ចចកក៏លោតរំលងកំពែង ហើយបោលចូលទៅក្នុងសួន។ វាអង្គុយសំងំក្នុងគុម្ពោតព្រៃ រួចចាំមើល។ នៅពេលនោះនាងអេលេណាក៏ចេញមកជាមួយម្តាយនិងបំរើ។ ពួកគេដើរលេងពាសពេញសួន។ នៅពេលនោះម្តាយរបស់នាងនិងពួកបំរើក៏ឈប់សំរាកមួយស្របក់។ ចចកក៏ស្ទុះមកចាប់នាងអេលេណា រួចលោតរំលងកំពែងប្រាសាទ ហើយបោលតំរង់តាមផ្លូវដែលវាធ្វើដំនើរមក។ ពេលនោះចចកក៏មកទាន់អ៊ីវ៉ាន។ អេលេណាអង្គុយលើខ្នងចចក។ ពេលនោះអ៊ីវ៉ានរីករាយជាខ្លាំង តែចចកបានប្រាប់ថា
“ឡើងមក គេមកទាន់ឥលូវហើយ”
ពួកគេបានធ្វើដំនើរលឿនដូចរន្ទះកាត់ព្រៃព្រឹក្សាបឹងបួ ដើម្បីមកគាល់ស្តេចត្សារឃុសម៉ាន់។ នៅពេលនោះចចកសួរអ៊ីវ៉ានថា
“អ៊ីវ៉ាន ហេតុអ្វីក៏ពេលនេះឯងមិនសប្បាយចិត្តអញ្ចឹង?”
“បងចចកអើយ មិនអោយខ្ញុំពិបាកចិត្តយ៉ាងម៉េច? តើអោយខ្ញុំបែកពីស្ត្រីដ៏ស្អាតម្នាក់នេះបានយ៉ាងម៉េច? តើអោយខ្ញុំយកអេលេណាទៅដូរនឹងសេះមួយក្បាលយ៉ាងម៉េចនឹងកើត?”
ចចកប្រផេះក៏តបថា
“ខ្ញុំនឹងមិនបំបែកឯងពីស្រីស្អាតម្នាក់នេះទេ ខ្ញុំនឹងលាក់នាងទុក។ ខ្ញុំនឹងប្រែកាយជាអេលេណា ហើយសូមឯងយកខ្ញុំទៅប្រគល់អោយស្តេចត្សារចុះ”
ពួកគេក៏លាក់នាងអេលេណាក្នុងព្រៃ។
ចចកក៏ប្រែកាយជានាងអេលេណា។ អ៊ីវ៉ាននាំចចកទៅថ្វាយស្តេចឃុសម៉ាន់។ ព្រះចៅត្សាររីករាយជាខ្លាំង ក៏និយាយទៅកាន់អ៊ីវ៉ានថា
“អរគុណអ៊ីវ៉ាន ដែលឯងបាននាំនាងអេលេណាដ៏ស្អាតម្នាក់នេះមកអោយយើង។ ដូច្នេះពេលនេះឯងអាចយកសេះសក់មាសរបស់យើងជាមួយនឹងបង្ហៀរដ៏ស្អាតរបស់វាបាន”
អ៊ីវ៉ានអង្គុយលើខ្នងសេះរួចក៏បំផាយទៅរកកន្លែងដែលនាងអេលេណាលាក់ខ្លួននោះ។
គាត់បានលើកនាងឡើងលើសេះ រួចចេញដំនើរទៅមុខ។ ព្រះចៅត្សារឃុសម៉ាន់កំពុងតែរវល់ជាមួយនឹងពិធីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងអេលេណាក្លែងក្លាយ រហូតទល់យប់។
ដល់រាត្រីផ្សំដំនេក នាងអេលេណាក្លែងក្លាយ ប្រែកាយជាចចក។ ព្រះចៅត្សារខឹងជាខ្លាំង តែចចកបានគេចខ្លួនរួច។ ចចកមកទាន់អ៊ីវ៉ាននិងអេលេណា។
“អ៊ីវ៉ាន ហេតុអ្វីក៏ពេលនេះឯងមិនសប្បាយចិត្តអញ្ចឹង?”
“មិនអោយខ្ញុំពិបាកចិត្តយ៉ាងម៉េច បងចចក? តើអោយខ្ញុំយកសេះសក់មាសបង្ហៀរមាសនេះទៅដូរនឹងបក្សីភ្លើងយ៉ាងម៉េចនឹងកើត?”
“ឯងកុំពិបាកចិត្តអីខ្ញុំនឹងជួយឯង”
ហើយពួកគេក៏ចេញដំនើរទៅជួបនឹងស្តេចអាហ្វ្រុង។ ចចកនិយាយប្រាប់អ៊ីវ៉ានថា
“ពេលនេះចូរឯងលាក់សេះនិងនាងអេលេណាទុកសិនចុះ។ ខ្ញុំនឹងប្រែកាយជាសេះនេះ ហើយចូរឯងនាំខ្ញុំយកទៅថ្វាយស្តេចអាហ្វ្រុងចុះ”
ពួកគេក៏លាក់នាងអេលេណានិងសេះនៅក្នុងព្រៃ។ ចចកក៏ប្រែកាយជាសេះសក់មាសនោះ។ អ៊ីវ៉ានក៏នាំសេះក្លែងក្លាយយកទៅថ្វាយស្តេច។ ព្រះរាជាត្រេកអរជាខ្លាំង ក៏ប្រគល់បក្សីភ្លើងនិងទ្រុងមាសនោះដល់អ៊ីវ៉ាន។ អ៊ីវ៉ានក៏ត្រលប់មករកនាងអេលេណានិងសេះវិញ។ គាត់ដាក់នាងអេលេណាអោយអង្គុយលើខ្នងសេះ ព្រមទាំងទ្រុងមាសដែលមានបក្សីភ្លើង រួចធ្វើដំនើរត្រលប់ទៅស្រុកកំនើតវិញ។ ស្តេចត្សារអាហ្វ្រុងបានចេញរាជបញ្ជាអោយអាមាត្រនាំយកសេះនោះមកអោយទ្រង់។ ព្រះអង្គចង់គង់លើសេះនេះ តែស្រាប់តែពេលនោះសេះក្លាយជាចចក។ ព្រះចៅត្សារស្រលាំងកាំង ចចករត់ភៀសខ្លួនបាត់។ វាធ្វើដំនើរយ៉ាងលឿន ក៏មកទាន់អ៊ីវ៉ាន។ ចចកនិយាយទៅកាន់អ៊ីវ៉ានថា
“ពេលនេះខ្ញុំលាឯងហើយ ខ្ញុំមិនអាចធ្វើដំនើរទៅមុខទៀតទេ”
អ៊ីវ៉ានចុះពីលើខ្នងសេះ អោនក្បាលគោរពចចកបីដង ជាការសំដែងការដឹងគុណដល់ចចកដែលបានជួយគាត់។ ចចកនិយាយប្រាប់អ៊ីវ៉ានថា
“ឯងនឹងមិនបែកពីខ្ញុំរហូតនោះទេ ព្រោះខ្ញុំនឹងបំរើឯងម្ដងទៀតមិនខាន”
អ៊ីវ៉ានគិតក្នុងចិត្តថា “តាមពិតឯងបានបំពេញប្រាថ្នារបស់ខ្ញុំគ្រប់បែបយ៉ាងហើយ ចាំបាច់អីត្រូវពឹងឯងទៀត”
គាត់ក៏ឡើងជិះសេះដែលមានបង្ហៀរមាស ជាមួយនាងអេលេណា និងបក្សីភ្លើង។ ពួកគេបានធ្វើដំនើរមកដល់ស្រុកភូមិរបស់អ៊ីវ៉ាន។ ពួកគេសល់ចំនីតែបន្តិចបន្តួចតែប៉ុណ្ណោះ។ ពួកគេក៏ធ្វើដំនើរមកដល់បឹងមួយហើយផឹកទឹកនៅទីនោះ ទទួលទានអាហារ រួចក៏សំរាកនៅលើស្មៅនៅទីនោះទៅ។ នៅពេលនោះអ៊ីវ៉ានក៏ដេកលក់។ ជួនជាពេលនោះបងប្រុសទាំងពីររបស់ខ្លួនក៏មកដល់។ ពេលជួបអ៊ីវ៉ាន ពួកគេឃើញអ្វីៗទាំងអស់ដែលគេត្រូវការ។
ពេលនោះពួកគេនិយាយគ្នាថា
“តស់ យើងសំលាប់វាចោល របស់ទាំងអស់នោះនឹងក្លាយជារបស់យើង”
ពេលនោះពួកគេក៏សំលាប់អ៊ីវ៉ាន។ ពួកគេបានយកសេះនិងបក្សីភ្លើង រួចដាក់នាងអេលេណាលើសេះ ហើយគំរាមនាងថា
“ពេលទៅដល់ផ្ទះ ហាមនិយាយស្ដីអ្វីទាំងអស់”
នៅពេលនោះអ៊ីវ៉ានដេកស្លាប់ ហើយមានក្អែកពីក្បាលប្តីប្រពន្ធបានហើរមកជិត។ ចចកប្រផេះមិនដឹងជាចេញមកពីទីណា ចាប់បានក្អែកទាំងពីរ ហើយនិយាយប្រាប់វាថា
“នែអាក្អែកឯងហើរចេញទៅ ទៅរកទឹកមន្តប្រោសជីវិត។ ចូរឯងទៅរកទឹកមន្តនោះមក បើមិនចង់អោយប្រពន្ធឯងស្លាប់ទេ”
មួយស្របក់ក្រោយមក ក្អែកបានហើរមកវិញដោយនាំនូវទឹកមន្តប្រោសមនុស្សស្លាប់អោយរស់។ ចចកប្រោសទឹកមន្តនោះលើសពអ៊ីវ៉ាន អ៊ីវ៉ានក៏រស់រានមានជីវិតឡើងវិញ។ អ៊ីវ៉ានដឹងខ្លួនឡើង ក៏និយាយថា
“យីស ខ្ញុំដេកដូចស្លាប់!”
“ឯងប្រហែលជាបានដេករហូតហើយ បើមិនបានខ្ញុំយកទឹកមន្តមកប្រោសឯងអោយរស់ឡើងវិញទេ! បងប្រុសទាំងពីររបស់ឯងបានសំលាប់ឯង ហើយបានយករបស់ទាំងអស់ដែលឯងមាន។ សូម្បីតែពេលនេះបងប្រុសរបស់ឯងជិតរៀបការនឹងអេលេណាហើយ។ ឥលូវឡើងអង្គុយលើខ្នងខ្ញុំមក”
ពួកគេប្រញាប់ប្រញាល់ ត្រលប់ទៅផ្ទះ។ អ៊ីវ៉ានក៏មកដល់ប្រាសាទមួយរំពេច នៅពេលនោះនាងអេលេណាក៏ក្រោកឡើង រត់មកអោបកអ៊ីវ៉ាន។
“នេះហើយជាប្តីពិតរបស់អូន អ៊ីវ៉ាន! មិនមែនអាបិសាចម្នាក់នោះទេ”
នាងនិយាយប្រាប់ស្តេចត្សារទាំងអស់ពីរឿងរ៉ាវដែលបងទាំងពីររបស់អ៊ីវ៉ានបានធ្វើ ហើយពីរឿងដែលពួកគេបានគំរាមសំលាប់នាង។
ស្តេចត្សារខឹងយ៉ាងខ្លាំង ហើយក៏ចាប់រាជបុត្រច្បងទាំងពីរបោះចូលក្នុងគុកងងឹត។ អ៊ីវ៉ានបានរៀបការនឹងនាងអេលេណា ហើយរស់នៅជាមួយគ្នាសុខសប្បាយជារៀងរហូតមក។
—–ចប់—–


សូមអរគុណអ្នកផូសខ្លាំងណាស់!!រឿងនេះខ្ញុំធ្លាប់អានតាំងពីតូចៗ,តែអីឡូវវាបាត់សៀវភៅនោះ។ បានអានម្តងទៀតនៅទីនេះ ធ្វើអោយនឹកឃើញអនុស្សាវរីយ៏ពីក្មេង!!