ជួនកាលអ្នកមានវារួចមកហើយ

ទេសចរ​អាមេរិចកាំងម្នាក់​បាន​ទៅ​ដល់​កំពង់ផែ​មួយ​របស់​ប្រទេស​មិចស៊ិច។ គាត់បាន​រអ៊ូ​ដាក់​អ្នក​នេសាទ​មិចស៊ិច​ក្រីក្រម្នាក់​ថា

« ត្រី​​របស់​អ្នក​ឯង​អី​ក៏​តិច​ម្ល៉េះ ហើយ​អ្នក​ឯង​ប្រើ​ពេល​ប៉ុន្មាន​បាន​នេសាទ​បាន​ត្រី​ប៉ុណ្ណឹង? »

« មិន​យូរ​ប៉ុន្មាន​ទេ« បុរស​មិចស៊ិច​នោះ​តប។

« ប៉ុន្តែ​ម៉េច​បាន​អ្នក​ឯង​មិន​នេសាទ​អោយ​យូរ ហើយ​ចាប់​ត្រី​អោយ​បាន​ច្រើន​ទៅ? » បុរស​អាមេរិចកាំង​សួរបន្ត។ 

បុរស​មិចស៊ិច​នោះ​ក៏​តប​ថា ត្រី​ប៉ុណ្ណឹង​គ្រប់គ្រាន់​នឹង​តំរូវការ​របស់​គាត់​និង​ក្រុមគ្រួសារ​របស់​គាត់ហើយ។

បុរស​អាមេរិចកាំង​សួរ​បន្ត « នៅសល់​ពេល​ អ្នក​ឯង​ធ្វើ​អ្វី? »

“ខ្ញុំ​ដេកទ្រមក់ លេង​ជាមួយ​កូន ដេក​លេងជាមួយ​ប្រពន្ធ។ ល្ងាច​ឡើង ខ្ញុំ​ទៅដើរ​លេង​ក្នុង​ភូមិ​ជួប​​ជុំ​មិត្ត​ភក្តិ ផឹក​ស៊ី រាំច្រៀង​ »

បុរស​អាមេរិចកាំង​ក៏​​និយាយ​កាត់​ថា “ស្ដាប់​ខ្ញុំ​! ខ្ញុំ​មាន​សញ្ញាបត្រ​ MBA ពី Havard។ ខ្ញុំ​អាច​ជួយ​អ្នក​ឯង​បាន!។ ដំបូង​អ្នក​ឯង​ត្រូវនេសាទ​អោយ​បាន​យូរ​ជាង​នេះ ដើម្បី​ចាប់​ត្រី​អោយ​បាន​ច្រើន។ ដូច្នេះ​អ្នក​ឯងលក់​បាន​លុយ​ច្រើន​ជាង​មុន​ ហើយ​សន្សំ​ទុក រាល់​ថ្ងៃ។ ពេល​បាន​លុយ​ច្រើន អ្នក​ឯង​អាច​ទិញ​ទូក​នេសាទធំ​ជាង​មុន” 

« បន្ទាប់មក យ៉ាង​ម៉េច​ទៀត?”

“ពេល​មាន​ទូក​ធំ​អ្នក​ឯង​នេសាទ​ត្រី​បាន​កាន់​តែ​ច្រើន សន្សំ​លុយ​ទៀត​ទុក​ទិញ​ទូក​ថែម​ទៀត​អោយ​បាន​ច្រើន។ ពេល​ហ្នុង​អ្នក​ឯង​មិន​បាច់​លក់​ត្រី​អោយ​ឈ្មួញ​កណ្ដាល​ទៀត​ទេ។ អ្នក​ឯង​អាច​ទៅ​ចរចាជា​​មួយ​ថៅកែ​រោងចក្រ​ដោយ​ផ្ទាល់ រឺ​មិន​អញ្ចឹង​ទេ​បើក​រោង​ចក្រ​មួយ​ខ្លួន​ឯង។ ពេល​ហ្នុង​អ្នក​ឯង​អាច​ផ្លាស់​ទៅ​នៅ​ក្រុង​ធំៗ ដូចជា មិស៊ិចកូ ឡូស​អ៊ែនជែលែស រឺ​ស្រូល​មិន​ស្រួល បាន​ទៅ​នៅ​ញូវយ៉ក​ទៀត​ផង! នៅ​ទី​នោះ​អ្នក​ឯង​អាច​បើក​ក្រុម​ហ៊ុន​ថ្មី​ដ៏​ធំ! »

« មើល​ទៅ​ទំរាំ​បាន​សំរេច​ ត្រូវការ​ពេល​ប៉ុន្មាន​ឆ្នាំ?” បុរស​មិចស៊ិច​សួរ។

« ម្ភៃ​ឆ្នាំ តែ​ប្រហែល​ជា​ម្ភៃ​ប្រាំ​ឆ្នាំ “ បុរស​អាមេរិច​តប។

« បន្ទាប់មក ម៉េច​ទៀត?”

 « បន្ទាប់មក? បន្ទាប់មក​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​សំរាប់​ជីវិត​ឯង​ហើយ​ពួក​ម៉ាក”  បុរស​អាមេរិច​តប។ « នៅ​ពេល​មុខ​ជំនួញ​អ្នក​ឯង​ធំដុំ​ហើយ អ្នក​ឯង​អាច​ចាប់​ផ្ដើម​ទិញ​លក់ភាគ​ហ៊ុន ពេល​នោះ​អ្នក​ឯង​នឹង​បាន​លុយ​រាប់លាន!!! »

“រាប់​លាន? មែនរឺ? ហើយ​បន្ទាប់មក ម៉េច​ទៀត? » បុរស​មិចស៊ិច​សួរ​ ដោយ​ធ្វើមុខ​ឡើង​ភ្លើ។

បុរស​អាមេរិច​ក៏​តប​ថា « បន្ទាប់មក អ្នក​ឯង​មិន​បាច់​រក​ស៊ី​អី​ទៀតទេ។ អ្នក​ឯង​អាច​ចូល​និវត្តន៍ ហើយទៅ​រកទិញ​ផ្ទះ​ក្នុង​​ក្នុង​ភូមិណា​តូច​មួយ នៅ​ក្បែរ​​មាត់​សមុទ្រ ដេក​ទ្រមក់ លេង​ជាមួយ​កូន ដេក​លេង​ជាមួយ​ប្រពន្ធ។ ពេល​ល្ងាច​ឡើង​គិត​តែ​ពី​ដើរ​ផឹក​ស៊ី​ជាមួយ​មិត្តភក្តិ រាំ​ច្រៀង​មិន​បាច់​ខ្វល់​ពី​អ្វី​ទាំង​អស់​ »

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required