រឿង​និទាន៖ អ៊ីវ៉ាន, បក្សីភ្លើង និងចចកប្រផេះ

Legend

កាល​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​ព្រះ​ចៅ​ត្សារ​​មួយ​អង្គ​មានរាជបុត្រ​បី​អង្គ​។ រាជបុត្រ​ពៅ​ឈ្មោះ អ៊ីវ៉ាន។ ស្តេចត្សារ​មាន​សួន​ដ៏អស្ចារ្យ​មួយ ដែល​មាន​ដើម​ប៉ោម​មួយ​ដើម មាន​ផ្លែ​មក​ជា​មាស​។ ប៉ុន្តែ​នៅរៀងរាល់​រាត្រី ផ្លែ​ប៉ោម​មួយ​ត្រូវ​បាន​គេ​លួច​។ ព្រះ​រាជា​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង ព្រះ​អង្គ​ក៏​បញ្ជា​អោយ​អាមាត្រ​ទៅ​យាម​កាម​ដើម​ប៉ោម​នោះ​។ គ្មាន​អាមាត្រ​ណា​អាច​រក​ឃើញ​ចោរ​ដែល​បាន​មក​លួច​បេះ​ប៉ោម​នេះ​ឡើយ​។ ព្រះ​រាជា​លែង​សោយ​អាហារ​និង​ភេសជ្ជៈ​ ទ្រង់​ស្លេក​ស្លាំង ​ព្រះ​កាយចុះ​ខ្សោយ ​។
រាជបុត្រ​របស់​ព្រះ​អង្គ​ទាំង​បី​ខំ​លួង​លោម​ទ្រង់ “ព្រះ​បិតា, ពួក​យើង​នឹង​ទៅ​យាម​ដើម​ប៉ោម​នោះ​ដោយ​ផ្ទាល់”។

រាជបុត្រ​ច្បង​និយាយ​ថា “ថ្ងៃ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​នឹង​ទៅ​យាម​ដើម​ប៉ោម​នោះ​”។ រាជបុត្រ​ច្បង​ក៏​ចេញ​ទៅ​យាម​ដើម​ប៉ោម​នោះ​។

មុន​ពេល​រាត្រី​មក​ដល់​បន្តិច​ គ្មាន​ស្លាក​ស្នាម​រឺ​សញ្ញា​អ្វី​ដែល​គួរ​អោយ​កត់​​សំគាល់​ទាំង​អស់​ គាត់​ក៏​ប្រាសខ្នង​ដេក​លើ​ស្មៅ​ទន់​ល្មើយ​ ហើយ​ក៏​លង់​លក់​ទៅ​។ នៅ​ព្រឹក​ ព្រះ​ចៅ​ត្សារ​ក៏​សួរ​គាត់ “មើល៍​កូនសំលាញ់ តើ​កូន​បាន​ឃើញ​ចោរ​ទេ ​យប់​ម៉ិញ?”

“ទេ​ព្រះ​បិតា យប់​ម៉ិញ​នេះ​កូន​នៅ​យាម​ពេញ​មួយ​យប់​ដោយ​មិន​បាន​ដេក​សូម្បី​តែមួយ​ពព្រិច​ភ្នែក​ ប៉ុន្តែ​កូន​មិន​បាន​ឃើញ​អ្វី​ទាំង​អស់​”

នៅ​រាត្រី​ទី​ពីរ​ត្រូវ​ជា​វេន​របស់​រាជបុត្រ​ទី​ពីរ​ ហើយ​រាជបុត្រ​អង្គ​នោះ​ក៏​ដេក​លក់​នៅ​ក្បែរ​ដើម​ប៉ោម​នោះ​ដូច​គ្នា​ ប៉ុន្តែ​ដល់​ព្រឹក​ឡើង​និយាយ​ថា​មិន​បាន​ឃើញ​ចោរ​មក​លួច​ដូច​គ្នា​។

នៅ​ចុង​ក្រោយ ត្រូវ​ជា​វេន​របស់​រាជបុត្រ​ពៅ​។ អ៊ីវ៉ាន​ចេញ​ទៅ​យាម​សួន​របស់​ព្រះ​រាជ​បិតា ហើយ​បើ​ទោះ​បី​ជា​គាត់​យាម​នៅ​ទីនោះ​ដោយ​ភ័យ​ខ្លាច​ក្តី ក៏​គាត់​មិន​ដេក​ដែរ​។ នៅ​ពេល​ដែល​គាត់​ងោក គាត់​ក្រោក​ឡើង​យក​ដៃ​ញី​ភ្នែក​អោយ​ស្វាង​។

វេលា​ពាក់​កណ្តាល​រាត្រី​បាន​មក​ដល់ នៅ​ពេល​នោះ​គាត់​ឃើញ​ភ្លើង​ភ្លឺ​ចេញ​ពី​ក្នុង​សួន​មក​។ ភ្លើង​នោះ​វា​ចេះ​តែ​ភ្លឺ​ទៅ​ៗ។ សួន​ទាំង​មូល​ត្រូវ​បាន​បំភ្លឺ​ឡើង​។​ គាត់​បាន​ឃើញ​បក្សី​ភ្លើង​កំពុង​តែ​ទំ​នៅ​លើ​ដើម​ប៉ោម​មាស​នោះ​។ អ៊ីវ៉ាន់​រត់​សំដៅ​ទៅ​បក្សី​នោះ រួច​ចាប់​បាន​កន្ទុយ​របស់​វា​។ បក្សី​នោះ​ក៏​ទទះ​ស្លាប ហើយ​ហើរ​ចេញ​ទៅ​ ដោយ​បន្សល់​ទុក​នូវ​ស្លាប​មួយ​នៅ​នឹង​ដៃ​របស់​អ៊ីវ៉ាន។

នៅ​ព្រឹក​ឡើង​អ៊ីវ៉ានទៅ​គាល់​ព្រះ​រាជ​បិតា។ ព្រះ​អង្គ​ក៏​សួរ​អ៊ីវ៉ាន​ថា

“មើល៍​កូន​ប្រុស កូន​ក៏​អត់​ឃើញចោរ​នោះ​ដែរ​មែន​ទេ?”

“បាទ​ព្រះ​បិតា កូន​បាន​ឃើញ​ចោរ​ដែល​លួច​ប៉ោម​ក្នុង​ចំការ​របស់​យើង​នោះ តែ​ចាប់​វា​មិន​បាន។ នេះ​ជា​ស្លាក​ស្នាម​ដែល​ចោរ​នោះ​បាន​បន្សល់​ទុក។ ក្រាប​ទូល​ព្រះ​បិតា ចោរ​នោះ​ជា​បក្សី​ភ្លើង​​មួយ​ក្បាល​”
ស្តេច​ត្សារ​ទទួល​យក​ស្លាប​សត្វ​នោះ​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ព្រះ​អង្គ​ចាប់​ផ្តើម​រីករាយ​និង​ទទួល​ទាន​ឡើង​វិញ​ជា​ធម្មតា​។ ព្រះ​អង្គ​ក៏​លែង​កើត​ទុក្ខ​ទៀត​ដែរ​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​បក្សី​ភ្លើង​នោះ​ក៏​លែង​ត្រលប់​មក​លួច​ផ្លែ​ប៉ោម​នេះ​ទៀត​​ដែរ។

ព្រះ​អង្គ​ចាប់​ផ្តើម​រីករាយ​ឡើង​វិញ ហើយ​ក៏​ចាប់​ផ្តើម​ឆ្ងល់​អំពី​បក្សី​ភ្លើង​នោះ​។ ព្រះ​អង្គ​បាន​ហៅ​រាជបុត្រ​ច្បង​ទាំង​ពីរ​អង្គ​មក​គាល់ ហើយ​និយាយ​ប្រាប់​ថា

“នែ​កូន​សំលាញ់​ ចូរ​កូន​រក​សេះ​ណា​ដែល​ល្អ​បំផុត ទៅ​ទី​ណា​ដែល​កូន​ចង់​ទៅ​នៅ​លើ​លោក​នេះ ដើម្បី​ស្វែង​រកចាប់​​បក្សី​នោះ​មក​អោយ​ឪពុក​​។ បើ​នរណា​ចាប់​បក្សី​ភ្លើង​នោះ​បាន បិតា​នឹង​ចែក​ផែនដី​ពាក់​កណ្តាល ហើយ​បិតា​នឹង​តែង​តាំង​ជា​អ្នក​ស្នង​រាជ្យ​បិតា​”

ពួក​គេ​ក្រាប​បង្គំ​លា​ព្រះ​រាជ​បិតា បន្ទាប់​ពី​រក​បាន​សេះ​ល្អ​បំផុតហើយ ក៏​ចាប់​ចេញ​ដំនើរ​ភ្លាម​។​ រាជបុត្រ​ច្បង​ចេញ​ដំនើរ​ទៅ​ទិស​មួយ រាជបុត្រ​កណ្តាល​ទៅ​ទិស​មួយទៀត។ ពួក​គេ​បាន​មក​ដល់​កន្លែង​មួយ​ដែល​មាន​ថ្ម​មួយ​ដុំ​មាន​សរសេរ​អក្សរ​ថា

“នរណា​ទៅ​តាម​ផ្លូវ​ទី​មួយ​នឹង​ជួប​តែ​ភាព​អត់ឃ្លាន និង​រងា។ នរណា​ទៅ​តាម​ផ្លូវ​ទី​ពីរ​នឹង​រស់ តែ​សេះ​របស់​ខ្លួន​នឹង​ស្លាប់ ហើយ​នរណា​ទៅ​តាម​ផ្លូវ​ទី​បី​​នឹង​ស្លាប់ តែ​សេះ​របស់​ខ្លួន​នឹង​រស់​”។

ពួក​គេ​មិន​ដឹង​ជា​ជ្រើស​រក​ផ្លូវ​មួយ​ណា​ក៏​ត្រលប់​មក​រាជវាំង​វិញ​។

ពេល​នោះ​អ៊ីវ៉ាន​ទទូវ​អង្វរ​ព្រះ​ចៅ​ត្សារ​ជា​ខ្លាំង ដើម្បី​អោយ​ទ្រង់​អនុញ្ញាត​អោយ​ខ្លួន​ចេញ​ទៅ​រក។ អ៊ីវ៉ាន​បាន​ជ្រើសរើស​យក​ផ្លូវ​ទី​ពីរ​។ អ៊ីវ៉ាន​ចេញ​ដំនើរ​ទៅ​មុខ​រហូត អស់​រយៈ​កាល​ដ៏​យូរ។ ពេល​វេលា​ចេះ​តែ​កន្លង​ទៅ អ៊ីវ៉ាន​បាន​អស់​កំលាំង​ជា​ខ្លាំង​ ក៏​ចុះ​ពី​លើ​ខ្នង​សេះ​ រួច​ក៏​ប្រាស​ដេក​ទៅ​។

នៅ​ពេល​ដែល​អ៊ីវ៉ាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង គាត់​​មិន​ឃើញ​សេះ​របស់​វា​ទៀត​ទេ។  គាត់​ក៏ស្វែង​រក​សេះ​នោះ​ គាត់​ចេះ​តែ​ដើរ​ទៅ​ៗ​ដើម្បី​ស្វែង​រកសេះ​នៅ​ក្នុង​ព្រៃ​មួយ​។
បន្ទាប់​ពី​បាត់​សេះ អ៊ីវ៉ាន​ទាល់​គំនិត​មិន​ដឹង​ជា​ធ្វើ​អ្វី​ទៀត។ គាត់​ចេះ​តែ​ដើរ​ទៅ​មុខ​រហូត​ដល់​អស់​កំលាំង​ស្ទើរ​ស្លាប់​។ គាត់​ក៏​អង្គុយ​ចុះ​លើ​ស្មៅ​ទន់​ល្មើយ​ ហើយ​កើត​ទុក្ខ​ជា​ខ្លាំង​។

នៅ​ពេល​នោះ​មាន​ចចក​ប្រផេះ​មួយ​ក្បាល​មិន​ដឹង​ជា​ចេញ​មក​ពី​ទីណា បាន​រត់​សំដៅ​មក​រក​គាត់​។ ចចក​ក៏​សួរថា
“តើ​ឯង​កើត​ទុក្ខ​អ្វី​បាន​ជា​មក​អង្គុយ​ត្របោម​ក្បាល​ជង្គង់​នៅ​ទីនេះ​តែ​ម្នាក់​ឯង​ទៅ​វិញ?”

“តើ​មិន​អោយ​ខ្ញុំ​កើត​ទុក្ខ​យ៉ាង​ម៉េច​ ចចក​ប្រផេះ​អើយ ខ្ញុំ​បាន​បាត់​សេះ​ដ៏​ល្អ​របស់​ខ្ញុំ​បាត់​ទៅ​ហើយ”

“គឺ​ខ្ញុំ​ជា​អ្នក​ស៊ី​សេះ​របស់​អ្នក​… ខ្ញុំ​សូម​ទោស​! ប្រាប់​ខ្ញុំ​មក​ ហេតុ​អ្វី​ក៏​អ្នក​មក​កន្លែង​ស្ងាត់​នេះ​តែ​ម្នាក់​ឯង​អញ្ចឹង​? អ្នក​ទៅ​ណា?”

“ព្រះ​រាជបិតា​របស់​ខ្ញុំ​បាន​បញ្ជូន​ពួក​ខ្ញុំ​អោយ​តាម​ចាប់​បក្សី​ភ្លើង​”

“អ៊ូហ៊ូ! ប្រើ​សេះ​ដ៏ល្អ​របស់​ឯង​នោះ​បី​ឆ្នាំ​ក៏​មិន​អាច​តាម​ចាប់​បក្សី​ភ្លើង​នោះ​បាន​ដែរ។ មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ដែល​ស្គាល់​ថា​នៅ​កន្លែង​ណា​។ ដោយ​សារ​តែ​ខ្ញុំ​បាន​ស៊ី​សេះ​របស់​ឯង ដូច្នេះ​ខ្ញុំ​នឹង​ជួយ​ឯង​ក្នុង​ការ​ស្វែង​រក​បក្សី​នោះ។ ឯង​អង្គុយ​លើ​ខ្ញុំ​មក អោប​ខ្ញុំ​អោយ​ជាប់​”

អ៊ីវ៉ាន​អង្គុយ​លើ​ខ្នង​របស់​ចចក​ប្រផេះ ហើយ​ចចក​ប្រផេះ​បាន​ហោះ​យ៉ាង​លឿន​កាត់​ព្រៃ​ គឺ​លឿន​ជាង​ភ្នែក​មនុស្ស​អាច​មើល​ឃើញ​ទៅ​ទៀត​។ ពួក​គេ​ហោះ​កាត់​ទន្លេ​និង​បឹង​។ មួយ​ស្របក់​ក្រោយ​មក​ ពួក​គេ​បាន​មក​ដល់​កំពែង​​ខ្ពស់​មួយ​។ ចចក​ប្រផេះ​ក៏​និយាយ​ប្រាប់​អ៊ីវ៉ាន​ថា “ស្តាប់​ខ្ញុំ​អ៊ីវ៉ាន ហើយ​ចាំ​ទុក៖ ចូរ​ឯង​ឡើង​តាម​កំពែង​នេះ​ កុំខ្លាច ពេល​នេះ​ជា​ពេល​ល្អ​ហើយ ព្រោះ​អ្នក​យាម​ដេក​លក់​អស់​ហើយ​។ ឯង​នឹងឃើញ​នៅ​លើ​បង្អួច​របស់​រាជ​ដំណាក់​ ​ នៅ​លើ​បង្អូច​នោះ​មាន​ទ្រុង​មាស​មួយ​។ នៅ​ក្នុង​ទ្រុង​មាស​នោះ​គឺ​បក្សី​ភ្លើង​នោះ​ហើយ​។ ចូរ​ឯង​ចាប់​យក​បក្សី​នោះ​មក​ដាក់​លើ​ទ្រូង​ ហើយ​ចូរ​ក្រលេក​មើល​ទៅ​ទ្រុង​នោះ តែ​កុំ​ប៉ះ​ទ្រុង​នោះ​អោយ​សោះ​​!”

អ៊ីវ៉ាន​ប្រឹង​បាប់​ឡើងកំពែង​ប្រាសាទ​ ហើយ​បាន​ឃើញ​រាជ​ដំណាក់​។ នៅ​លើ​បង្អួច​របស់​រាជ​ដំណាក់ បាន​ព្យួរ​ទ្រុង​មាស​មួយ​មែន​ ហើយ​នៅ​ក្នុង​ទ្រុង​ជា​បក្សី​ភ្លើង​។ គាត់​ចាប់​យក​បក្សី​ភ្លើង ហើយ​យក​វា​មក​ដាក់​ផ្អិប​នឹង​ទ្រូង​ រួច​ក្រលេក​មើល​ទៅ​ទ្រុង​នោះ​។ ពេល​នោះ​គាត់​ក៏​មាន​គំនិត​ថា

“អ្ហា! ទ្រុង​នេះ​អី​ក៏​ស្អាត​ម្ល៉េះ! តើ​អោយ​អញ​មិន​យក​វា​ម្តេច​បាន​!”

តែ​ពេល​នោះ​គាត់​នឹក​ឃើញ​ពាក្យ​បណ្តាំ​របស់​ចចក​ប្រផេះ​។ ដូច្នេះ​គាត់​គ្រាន់តែ​ប៉ះ​ទ្រុង​នោះ​តែ​មិន​មាន​បំនង​យក​វា​ឡើយ។ តែ​ពេល​នោះ​សំលេង​រោទិ៍​បាន​លាន់​លឺ​ពេញ​ប្រាសាទ​។ ពួក​អាមាត្រ​បាន​ភ្ញាក់​ឡើង ហើយ​ក៏​ចាប់​អ៊ីវ៉ាន​បាន​។ ពួក​គេ​ក៏​បញ្ជូន​អ៊ីវ៉ាន​ទៅ​គាល់​ព្រះចៅ​ត្សារ​អាហ្វ្រុង​។

ស្តេច​ត្សារ​អាហ្វ្រុង​មាន​កំហឹង​ជា​ខ្លាំង ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា

“តើ​ឯង​ជា​នរណា? ឯង​មក​ពី​ណា?”

“ក្រាប​ទូល​ព្រះ​អង្គ ទូល​បង្គំ​ជា​បុត្រ​របស់​ព្រះ​ចៅ​ត្សារ​ផេរាប៉ុង។ ទូល​បង្គំ​ឈ្មោះ អ៊ីវ៉ាន ត្សារេវិច”

“អា! អី​ក៏​គួរ​អោយ​អាម៉ាស់​ម្ល៉េះ! បុត្រ​របស់​ស្តេច​ត្សារ​មួយ​រូប បែរ​ជា​មក​លួច​របស់​គេ​បែប​នេះ​”

“ប៉ុន្តែ​ព្រះ​អង្គ ព្រះ​អង្គ​ដឹង​ទេ​ បក្សី​របស់​ព្រះ​អង្គ​បាន​ហើរ​ចូល​ទៅ​ចំការ​របស់​ព្រះ​បិតា​ទូល​បង្គំ ហើយ​​បាន​លួច​ផ្លែ​ប៉ោម​ពី​ចំការ​​នោះ​ ”

“តែ​បើ​ឯង​មក​ទី​នេះ​សុំ​យោបល់​របស់​យើង យើង​នឹង​ប្រគល់​បក្សី​នេះ​ទៅ​អោយ​ឯង​ ដោយ​ការ​គោរព​របស់​យើង​ចំពោះ​បិតា​របស់​។ ប៉ុន្តែ​ពេល​នេះ គេ​ដឹង​ម៉ា​ទីក្រុង​ទៅ​ហើយ​…។ ដូច្នេះ​យើង​នឹង​ប្រគល់​បក្សី​នេះ​ដល់​ឯង បើ​ឯង​ធ្វើ​កិច្ច​មួយ​អោយ​យើង​បាន​សំរេច​។ ស្តេច​ត្សារ​ឃុសម៉ាន់ មាន​សេះ​មួយ​ដែល​មាន​​សក់​មាស។ ចូរ​ឯង​ទៅ​យក​សេះ​នោះ​មក​អោយ​យើង​ យើង​នឹង​ប្រគល់​បក្សី​នេះ​ព្រម​ទាំង​ទ្រុង​មាស​នេះ​ដល់​ឯង​”

 

សូមចុច​ត្រង់នេះដើម្បី​អាន​ភាគ​បញ្ចប់

Related Posts

Comments

  1. សិលា says:

    ពេលណាទើបខ្ញុំបានអានរឿងនេះចប់ទៅ រឿងនេះគួរឲ្យចង់អានខ្លាំងណាស់។

    សូមបញ្ចូលឲ្យបានលឿនបន្តិចផង

    អរគុណទុកជាមុន

Speak Your Mind

*