កាលពីយូរលង់ណាស់មកហើយ មានព្រះចៅត្សារមួយអង្គមានរាជបុត្របីអង្គ។ រាជបុត្រពៅឈ្មោះ អ៊ីវ៉ាន។ ស្តេចត្សារមានសួនដ៏អស្ចារ្យមួយ ដែលមានដើមប៉ោមមួយដើម មានផ្លែមកជាមាស។ ប៉ុន្តែនៅរៀងរាល់រាត្រី ផ្លែប៉ោមមួយត្រូវបានគេលួច។ ព្រះរាជាទ្រង់កើតទុក្ខជាខ្លាំង ព្រះអង្គក៏បញ្ជាអោយអាមាត្រទៅយាមកាមដើមប៉ោមនោះ។ គ្មានអាមាត្រណាអាចរកឃើញចោរដែលបានមកលួចបេះប៉ោមនេះឡើយ។ ព្រះរាជាលែងសោយអាហារនិងភេសជ្ជៈ ទ្រង់ស្លេកស្លាំង ព្រះកាយចុះខ្សោយ ។
រាជបុត្ររបស់ព្រះអង្គទាំងបីខំលួងលោមទ្រង់ “ព្រះបិតា, ពួកយើងនឹងទៅយាមដើមប៉ោមនោះដោយផ្ទាល់”។
រាជបុត្រច្បងនិយាយថា “ថ្ងៃនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំនឹងទៅយាមដើមប៉ោមនោះ”។ រាជបុត្រច្បងក៏ចេញទៅយាមដើមប៉ោមនោះ។
មុនពេលរាត្រីមកដល់បន្តិច គ្មានស្លាកស្នាមរឺសញ្ញាអ្វីដែលគួរអោយកត់សំគាល់ទាំងអស់ គាត់ក៏ប្រាសខ្នងដេកលើស្មៅទន់ល្មើយ ហើយក៏លង់លក់ទៅ។ នៅព្រឹក ព្រះចៅត្សារក៏សួរគាត់ “មើល៍កូនសំលាញ់ តើកូនបានឃើញចោរទេ យប់ម៉ិញ?”
“ទេព្រះបិតា យប់ម៉ិញនេះកូននៅយាមពេញមួយយប់ដោយមិនបានដេកសូម្បីតែមួយពព្រិចភ្នែក ប៉ុន្តែកូនមិនបានឃើញអ្វីទាំងអស់”
នៅរាត្រីទីពីរត្រូវជាវេនរបស់រាជបុត្រទីពីរ ហើយរាជបុត្រអង្គនោះក៏ដេកលក់នៅក្បែរដើមប៉ោមនោះដូចគ្នា ប៉ុន្តែដល់ព្រឹកឡើងនិយាយថាមិនបានឃើញចោរមកលួចដូចគ្នា។
នៅចុងក្រោយ ត្រូវជាវេនរបស់រាជបុត្រពៅ។ អ៊ីវ៉ានចេញទៅយាមសួនរបស់ព្រះរាជបិតា ហើយបើទោះបីជាគាត់យាមនៅទីនោះដោយភ័យខ្លាចក្តី ក៏គាត់មិនដេកដែរ។ នៅពេលដែលគាត់ងោក គាត់ក្រោកឡើងយកដៃញីភ្នែកអោយស្វាង។
វេលាពាក់កណ្តាលរាត្រីបានមកដល់ នៅពេលនោះគាត់ឃើញភ្លើងភ្លឺចេញពីក្នុងសួនមក។ ភ្លើងនោះវាចេះតែភ្លឺទៅៗ។ សួនទាំងមូលត្រូវបានបំភ្លឺឡើង។ គាត់បានឃើញបក្សីភ្លើងកំពុងតែទំនៅលើដើមប៉ោមមាសនោះ។ អ៊ីវ៉ាន់រត់សំដៅទៅបក្សីនោះ រួចចាប់បានកន្ទុយរបស់វា។ បក្សីនោះក៏ទទះស្លាប ហើយហើរចេញទៅ ដោយបន្សល់ទុកនូវស្លាបមួយនៅនឹងដៃរបស់អ៊ីវ៉ាន។
នៅព្រឹកឡើងអ៊ីវ៉ានទៅគាល់ព្រះរាជបិតា។ ព្រះអង្គក៏សួរអ៊ីវ៉ានថា
“មើល៍កូនប្រុស កូនក៏អត់ឃើញចោរនោះដែរមែនទេ?”
“បាទព្រះបិតា កូនបានឃើញចោរដែលលួចប៉ោមក្នុងចំការរបស់យើងនោះ តែចាប់វាមិនបាន។ នេះជាស្លាកស្នាមដែលចោរនោះបានបន្សល់ទុក។ ក្រាបទូលព្រះបិតា ចោរនោះជាបក្សីភ្លើងមួយក្បាល”
ស្តេចត្សារទទួលយកស្លាបសត្វនោះ ហើយចាប់តាំងពីពេលនោះមកព្រះអង្គចាប់ផ្តើមរីករាយនិងទទួលទានឡើងវិញជាធម្មតា។ ព្រះអង្គក៏លែងកើតទុក្ខទៀតដែរ។ ចាប់តាំងពីពេលនោះមកបក្សីភ្លើងនោះក៏លែងត្រលប់មកលួចផ្លែប៉ោមនេះទៀតដែរ។
ព្រះអង្គចាប់ផ្តើមរីករាយឡើងវិញ ហើយក៏ចាប់ផ្តើមឆ្ងល់អំពីបក្សីភ្លើងនោះ។ ព្រះអង្គបានហៅរាជបុត្រច្បងទាំងពីរអង្គមកគាល់ ហើយនិយាយប្រាប់ថា
“នែកូនសំលាញ់ ចូរកូនរកសេះណាដែលល្អបំផុត ទៅទីណាដែលកូនចង់ទៅនៅលើលោកនេះ ដើម្បីស្វែងរកចាប់បក្សីនោះមកអោយឪពុក។ បើនរណាចាប់បក្សីភ្លើងនោះបាន បិតានឹងចែកផែនដីពាក់កណ្តាល ហើយបិតានឹងតែងតាំងជាអ្នកស្នងរាជ្យបិតា”
ពួកគេក្រាបបង្គំលាព្រះរាជបិតា បន្ទាប់ពីរកបានសេះល្អបំផុតហើយ ក៏ចាប់ចេញដំនើរភ្លាម។ រាជបុត្រច្បងចេញដំនើរទៅទិសមួយ រាជបុត្រកណ្តាលទៅទិសមួយទៀត។ ពួកគេបានមកដល់កន្លែងមួយដែលមានថ្មមួយដុំមានសរសេរអក្សរថា
“នរណាទៅតាមផ្លូវទីមួយនឹងជួបតែភាពអត់ឃ្លាន និងរងា។ នរណាទៅតាមផ្លូវទីពីរនឹងរស់ តែសេះរបស់ខ្លួននឹងស្លាប់ ហើយនរណាទៅតាមផ្លូវទីបីនឹងស្លាប់ តែសេះរបស់ខ្លួននឹងរស់”។
ពួកគេមិនដឹងជាជ្រើសរកផ្លូវមួយណាក៏ត្រលប់មករាជវាំងវិញ។
ពេលនោះអ៊ីវ៉ានទទូវអង្វរព្រះចៅត្សារជាខ្លាំង ដើម្បីអោយទ្រង់អនុញ្ញាតអោយខ្លួនចេញទៅរក។ អ៊ីវ៉ានបានជ្រើសរើសយកផ្លូវទីពីរ។ អ៊ីវ៉ានចេញដំនើរទៅមុខរហូត អស់រយៈកាលដ៏យូរ។ ពេលវេលាចេះតែកន្លងទៅ អ៊ីវ៉ានបានអស់កំលាំងជាខ្លាំង ក៏ចុះពីលើខ្នងសេះ រួចក៏ប្រាសដេកទៅ។
នៅពេលដែលអ៊ីវ៉ានភ្ញាក់ដឹងខ្លួនឡើង គាត់មិនឃើញសេះរបស់វាទៀតទេ។ គាត់ក៏ស្វែងរកសេះនោះ គាត់ចេះតែដើរទៅៗដើម្បីស្វែងរកសេះនៅក្នុងព្រៃមួយ។
បន្ទាប់ពីបាត់សេះ អ៊ីវ៉ានទាល់គំនិតមិនដឹងជាធ្វើអ្វីទៀត។ គាត់ចេះតែដើរទៅមុខរហូតដល់អស់កំលាំងស្ទើរស្លាប់។ គាត់ក៏អង្គុយចុះលើស្មៅទន់ល្មើយ ហើយកើតទុក្ខជាខ្លាំង។
នៅពេលនោះមានចចកប្រផេះមួយក្បាលមិនដឹងជាចេញមកពីទីណា បានរត់សំដៅមករកគាត់។ ចចកក៏សួរថា
“តើឯងកើតទុក្ខអ្វីបានជាមកអង្គុយត្របោមក្បាលជង្គង់នៅទីនេះតែម្នាក់ឯងទៅវិញ?”
“តើមិនអោយខ្ញុំកើតទុក្ខយ៉ាងម៉េច ចចកប្រផេះអើយ ខ្ញុំបានបាត់សេះដ៏ល្អរបស់ខ្ញុំបាត់ទៅហើយ”
“គឺខ្ញុំជាអ្នកស៊ីសេះរបស់អ្នក… ខ្ញុំសូមទោស! ប្រាប់ខ្ញុំមក ហេតុអ្វីក៏អ្នកមកកន្លែងស្ងាត់នេះតែម្នាក់ឯងអញ្ចឹង? អ្នកទៅណា?”
“ព្រះរាជបិតារបស់ខ្ញុំបានបញ្ជូនពួកខ្ញុំអោយតាមចាប់បក្សីភ្លើង”
“អ៊ូហ៊ូ! ប្រើសេះដ៏ល្អរបស់ឯងនោះបីឆ្នាំក៏មិនអាចតាមចាប់បក្សីភ្លើងនោះបានដែរ។ មានតែខ្ញុំប៉ុណ្ណោះដែលស្គាល់ថានៅកន្លែងណា។ ដោយសារតែខ្ញុំបានស៊ីសេះរបស់ឯង ដូច្នេះខ្ញុំនឹងជួយឯងក្នុងការស្វែងរកបក្សីនោះ។ ឯងអង្គុយលើខ្ញុំមក អោបខ្ញុំអោយជាប់”
អ៊ីវ៉ានអង្គុយលើខ្នងរបស់ចចកប្រផេះ ហើយចចកប្រផេះបានហោះយ៉ាងលឿនកាត់ព្រៃ គឺលឿនជាងភ្នែកមនុស្សអាចមើលឃើញទៅទៀត។ ពួកគេហោះកាត់ទន្លេនិងបឹង។ មួយស្របក់ក្រោយមក ពួកគេបានមកដល់កំពែងខ្ពស់មួយ។ ចចកប្រផេះក៏និយាយប្រាប់អ៊ីវ៉ានថា “ស្តាប់ខ្ញុំអ៊ីវ៉ាន ហើយចាំទុក៖ ចូរឯងឡើងតាមកំពែងនេះ កុំខ្លាច ពេលនេះជាពេលល្អហើយ ព្រោះអ្នកយាមដេកលក់អស់ហើយ។ ឯងនឹងឃើញនៅលើបង្អួចរបស់រាជដំណាក់ នៅលើបង្អូចនោះមានទ្រុងមាសមួយ។ នៅក្នុងទ្រុងមាសនោះគឺបក្សីភ្លើងនោះហើយ។ ចូរឯងចាប់យកបក្សីនោះមកដាក់លើទ្រូង ហើយចូរក្រលេកមើលទៅទ្រុងនោះ តែកុំប៉ះទ្រុងនោះអោយសោះ!”
អ៊ីវ៉ានប្រឹងបាប់ឡើងកំពែងប្រាសាទ ហើយបានឃើញរាជដំណាក់។ នៅលើបង្អួចរបស់រាជដំណាក់ បានព្យួរទ្រុងមាសមួយមែន ហើយនៅក្នុងទ្រុងជាបក្សីភ្លើង។ គាត់ចាប់យកបក្សីភ្លើង ហើយយកវាមកដាក់ផ្អិបនឹងទ្រូង រួចក្រលេកមើលទៅទ្រុងនោះ។ ពេលនោះគាត់ក៏មានគំនិតថា
“អ្ហា! ទ្រុងនេះអីក៏ស្អាតម្ល៉េះ! តើអោយអញមិនយកវាម្តេចបាន!”
តែពេលនោះគាត់នឹកឃើញពាក្យបណ្តាំរបស់ចចកប្រផេះ។ ដូច្នេះគាត់គ្រាន់តែប៉ះទ្រុងនោះតែមិនមានបំនងយកវាឡើយ។ តែពេលនោះសំលេងរោទិ៍បានលាន់លឺពេញប្រាសាទ។ ពួកអាមាត្របានភ្ញាក់ឡើង ហើយក៏ចាប់អ៊ីវ៉ានបាន។ ពួកគេក៏បញ្ជូនអ៊ីវ៉ានទៅគាល់ព្រះចៅត្សារអាហ្វ្រុង។
ស្តេចត្សារអាហ្វ្រុងមានកំហឹងជាខ្លាំង ហើយទ្រង់បានមានព្រះបន្ទូលថា
“តើឯងជានរណា? ឯងមកពីណា?”
“ក្រាបទូលព្រះអង្គ ទូលបង្គំជាបុត្ររបស់ព្រះចៅត្សារផេរាប៉ុង។ ទូលបង្គំឈ្មោះ អ៊ីវ៉ាន ត្សារេវិច”
“អា! អីក៏គួរអោយអាម៉ាស់ម្ល៉េះ! បុត្ររបស់ស្តេចត្សារមួយរូប បែរជាមកលួចរបស់គេបែបនេះ”
“ប៉ុន្តែព្រះអង្គ ព្រះអង្គដឹងទេ បក្សីរបស់ព្រះអង្គបានហើរចូលទៅចំការរបស់ព្រះបិតាទូលបង្គំ ហើយបានលួចផ្លែប៉ោមពីចំការនោះ ”
“តែបើឯងមកទីនេះសុំយោបល់របស់យើង យើងនឹងប្រគល់បក្សីនេះទៅអោយឯង ដោយការគោរពរបស់យើងចំពោះបិតារបស់។ ប៉ុន្តែពេលនេះ គេដឹងម៉ាទីក្រុងទៅហើយ…។ ដូច្នេះយើងនឹងប្រគល់បក្សីនេះដល់ឯង បើឯងធ្វើកិច្ចមួយអោយយើងបានសំរេច។ ស្តេចត្សារឃុសម៉ាន់ មានសេះមួយដែលមានសក់មាស។ ចូរឯងទៅយកសេះនោះមកអោយយើង យើងនឹងប្រគល់បក្សីនេះព្រមទាំងទ្រុងមាសនេះដល់ឯង”
សូមចុចត្រង់នេះដើម្បីអានភាគបញ្ចប់
