រឿងក្រុមតន្ត្រីចំលែក

មានសត្វលាមួយក្បាល វា​ខិតខំ​ធ្វើការ​បំរើម្ចាស់វា​ណាស់ ​មិន​ដែល​ខ្ជិល​ច្រអូស​ម្តង​ណា​ឡើយ។ ថ្ងៃមួយ​មួយ​វា​ដឹង​ថា ម្ចាស់​វា​បំរុង​យក​វា​ទៅកាប់សាច់ វា​ភ័យណាស់ ហើយ​ក៏​លួច​រត់​ចេញយ៉ាង​តក់​ក្រហល់។ នៅ​តាមផ្លូវ វាបាន​​ជួប​នឹង​សុនខ​ចាស់​មួយ​ក្បាល​ ដែល​ត្រូវ​គេ​បណ្េតញ​ចេញ​ពី​ផ្ទះ ដោយ​សារ​វា​មិន​អាច​ទៅ​បរបាញ់​ជាមួយ​ម្ចាស់​វា​បាន​ទៀត។

លា​និយាយ​ថា ៖ មកជាមួយ​ខ្ញុំមក! ខ្ញុំ​ចេះ​កញ្ជ្រៀវ បងឯង​ចេះ​ព្រុស យើងទាំង២​នឹង​អាចចូល​រួម​ជា​មួយ​វង់​តន្ត្រី​ដ៏ល្បីនៅ​ទីក្រុង​ប្រែម បាន។

សុនខនោះ​ក៏រួម​ដំ​ណើរ​ជាមួយ​នឹង​លា​ទៅ។ មាន​ឆ្មាមួយនិងមាន់​គកមួយទៀត ដែល​ម្ចាស់​របស់​ពួក​វា​បំរុង​នឹង​សំលាប់​ដែរ បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម​របស់​លា។

យប់​ងងឹត​មក​ដល់ ពួក​គេ​នៅ​វង្វេង​ក្នុង​ព្រៃ​នៅ​ឡើយ…នៅ​ឆ្ងាយ​ពី​ទី​ក្រុង។ មាន់​គក​បានហើរ​ទៅ​ទំលើ​មែក​ឈើ សំលឹងមើលនាយ​អាយ ក៏បាន​ឃើញ​ពន្លឺ​ផ្លុងៗមួយ​នៅ​មិន​ឆ្ងាយ​ពីពួក​គេ។ គេ​ក៏​នាំគ្នា​ដើរ​សំដៅ​ទៅ​ពន្លឺ​នោះ។ ពួក​គេ​បាន​មក​ដល់​ខ្ទម​មួយ។ ពួកគេដឹង​ថា​ខ្ទម​នោះ​​ជារបស់ពួកចោរ! នៅ​លើតុបាយ​​ មាន​អាហារ​ពោរ​ពាស ដែល​រៀប​ចំ​ជា​ស្រេច។ សត្វ​ទាំង​នោះ​ដោយ​ក្តី ស្រេក​ឃ្លាន​បាន​នឹក​ឃើញ​​ឧ​បាយ​កលមួយ​ដើម្បី​បណ្តេញ​ពួក​ចោរ​ទាំង​នោះ។ ពួក​វា​បាន​ជើង​ហក់គោះ​បង្អួច នឹង​ស្រែក​កង​រំពង​ព្រមៗគ្នា​ឡើង។ ពួក​ចោរ​លឺ​ដូច្នោះ​ភ័យ​ឆោឡោ រត់​បាត់ស្រមោល​ដោយឥត​ងាក​ក្រោយ។ សត្វ​ទាំង​៤ បាននាំ​គ្នា​ស៊ីអាហារ​យ៉ាង​រីករាយ រួចក៏​ដេកលក់​អស់​ទៅ។

អាធ្រាត្រមក​ដល់ ចោរម្នាក់​បាន​ដើរលបៗចូល​ទៅក្នុង​ខ្ទម​របស់​វា​ ស្រាប់​តែ​ឆ្មាបើក​ភ្នែក​ក្រលោត​ឡើង​ ហើយ​ក្រញៅចោរនោះទៀត។ រំពេច នោះមាន់គកក៏រងាវ​ឡើង។ ចោរ​ភ័យ​ណាស់​រត់​ចេញមក​ជាន់​កន្ទុយ​សុនខដែល​ដេក​នៅ​មាត់​ទ្វារ ឆ្កែបាន​ខាំ​ត្របាក់​កែង​ជើង​ចោរ និង​ចុង​ក្រោយ​លា​បាន​ប្រាយ​មួយ​ជើងចំ​ត្រូវ​ចំទ្រូង។ ចោរភ័យយ៉ាង​ខ្លាំង វា​រត់ទៅ​រក​គ្នា​វា ហើយ​និយាយ​ថា៖ យើង​មិន​អាច​នៅ​ផ្ទះ​នោះ​តទៅ​ទៀត​បាន​ទេ ខ្ទមនោះ​មាន​បិសាច​សាហាវណាស់!!

តមកសត្វទាំង​៤ ក៏​រស់នៅ​ទីនោះ​ដោយសុខសាន្ត។

Be Sociable, Share!

Related Posts