រឿង​ខ្លី៖ ខ្សែក

 

THE NECKLACE

BY GUY DE MAUPASSANT

 

វគ្គ ​១


នាងជា​នារីម្នាក់​​ដែលមាន​សំរស់​ផូរផង់​និង​មាន​មន្តស្នេហ៍​​តាំង​ពី​កំណើត ថ្វី​បើព្រហ្មលិខិត​បាន​កំណត់​​អោយ​នាង​កើត​មក​ត្រឹម​តែ​ជា​កូន​របស់​ជាង​ចំលាក់ប៉ុណ្ណោះ​។ ដោយ​សារ​ឪពុក​ម្តាយ​របស់​នាង​ពុំ​មាន​ទ្រព្យ​​សម្បត្តិ  នាង​ពុំ​បាន​ទទួល​មរតកអ្វី​ទាំង​អស់​។ នាង​គ្មាន​ឱកាស​និង​គ្មាន​​​​មធ្យោបាយ​នឹង​អោយ​អ្នក​ដទៃ​បានស្គាល់​នាង បាន​យល់​អំពី​នាង បាន​ស្រលាញ់នាង​ឡើយ​​​​​​។ នាងក៏គ្មាន​វាសនា​នឹង​បាន​រៀប​ការ​ជាមួយ​បុរស​​ដែល​​មាន​ទ្រព្យ​ដែរ។ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ដែល​ជា​ស្មៀន​តូច​តាច​ម្នាក់​នៃ​​ក្រសួង​អប់រំ។ នាង​គ្មាន​ចំណូល​ចិត្ត​នឹង​ភាព​ហ៊ឺ​ហា​ដោយ​​សារ​តែ​នាង​ពុំ​មាន​លទ្ធភាព​។ ប៉ុន្តែ​នាង​ក៏​មិន​រីករាយ​ប៉ុន្មាន​ដែរ​នឹង​ជីវិត​អាពាហ៍ពិ​ពាហ៍​​ដែល​ក្រខ្សត់​របស់​នាង។ ​សំរាប់​នារី​ម្នាក់​ដែល​ពុំ​មាន​ឋានៈ​​    ​រូប​សម្ផស្ស​  ភាព​រម្យទម ភាព​វ័យ​ឆ្លាត​​និង​មន្តស្នេហ៍​របស់​នាង​គឺ​ជា​ប្រណិត​ភាព​ពី​ធម្មជាតិ​ដែល​ធ្វើ​អោយ​នារី​ដទៃ​ដែល​មា​ន​​បុណ្យសក្តិ​ ទ្រព្យសម្បត្តិ​​ រាប់​អាននាង​ជា​មិត្តភក្តិ​និង​ចូល​ចិត្ត​​​នាងជា​ខ្លាំង​ដែល​ធ្វើ​អោយ​នាង​លើក​ដំកើង​ខ្លួន​នាង​លំដាប់​នារី​មាន​ទ្រព្យទាំង​នោះ​ដែរ​។

នាង​មាន​ការ​ឈឺ​ចាប់​គ្មាន​ទី​បញ្ចប់​ ចំពោះ​ភាព​ងប់​ងល់​នឹង​ជីវិត​ដែល​ហ៊ឺហា​និង​ឆើតឆាយ។ នាង​មាន​ការ​តូច​ចិត្ត​ណាស់​ចំពោះ​​ភាព​ក្រីក្រ​របស់​​ខ្លួន។ មើលទៅ​ជញ្ជាំង​ផ្ទះ​ មាន​ស្នាម​ប៉ះ និង​ប្រេះ​ស្ទើរ​គ្រប់​កន្លែង។

កៅអីនៅក្នុងផ្ទះ​មួយ​ណា​ក៏​ចាស់។ វាំងនន​រខេករខាក…។ វត្ថុ​ទាំង​​អស់នេះ​ធ្វើ​អោយ​នារី​ដទៃ​មិន​ដែល​នឹក​ស្រមៃ​​ដល់​ហើយថែម​ទាំង​មើល​ងាយ​ដល់​នាងទៀត​ផង​។​ អ្វី​ដែល​នារី​ជន​ជាតិ​ប្រឺតុង​ម្នាក់​នេះ​សំលឹង​ឃើញ​​នៅ​ពេល​ដែល​នាង​ធ្វើ​កិច្ចការ​ផ្ទះ​គឺ​ភាព​អស់​សង្ឃឹម​ ខក​ចិត្ត​​ចំពោះ​សុបិន​របស់​នាង។ ​នាង​បានស្រមើស្រមៃ​តែ​ម្នាក់​ឯង​នៅ​ពេល​ដែល​នាង​ឈរនៅ​​មុខ​បន្ទប់​គេង​ ថា​បន្ទប់​របស់​នាង​មាន​ក្រាល​កំរាល​ព្រំ បំភ្លឺ​​ដោ​​យ​ ​ភ្លើងចន្លុះ​ដែល​​​ដោត​លើបង្គោល​សំរឹទ្ធ​​ មាន​កៅ​អី​ធំ​ដែល​នាង​អាច​គេង​ ​អាំង​ភ្លើង​យ៉ាង​មាន​សេចក្តី​សុខ។ នាង​ស្រមៃ​ចង់​បាន​បន្ទប់​អង្គុយ​លេង​ធំ​ទូលាយ​​​ ដែល​មាន​លំអ​ដោយ​សូត្រ​បុរាណ​ និង​មាន​គ្រឿង​តុបតែង​ដែល​មាន​តំលៃ​ជា​ច្រើនផ្សេងទៀត ដែល​បន្ទប់​នេះ​រៀប​ចំ​ឡើង​សំរាប់​ពិធី​ជប់​លៀង​ជាមួយ​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​នាង​។

នៅពេល​ដែល​នាងអង្គុយ​ចុះ​ដើម្បីញ៉ាំអាហារ​ពេល​ល្ងាច​នៅនឹង​តុមូល​មួយ​ដែល​ក្រាល​ដោយ​កំរាល​តាំង​ពី​៣​ថ្ងៃ​មុន ស្វាមី​របស់​នាង​ដែល​អង្គុយ​នៅ​ទល់​មុខ​នោះ​ បើក​គំរបឆ្នាំ​ស៊ុប​បណ្តើរ​ និយាយ​ឡើង​ទាំង​សប្បាយ​រីករាយ​បណ្តើរ​ថា “អា៎ ! ស៊ុប​បន្លែ​លាយសាច់ (Scotch broth)! តើ​មាន​អ្វី​ឆ្ងាញ់​ជាង​នេះ​ទៅ!?” ចំណែក​នាង​វិញ នាង​ស្រមៃ​ដល់​អាហារ​ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ពិសារ​ រៀប​ចំ​យ៉ាង​ផ្ចិត​ផ្ចង់​ដាក់​ក្នុង​ចាន​បញ្ច​រង្គ​ រៀបចំ​នៅលើ​តុ​ដែល​ក្រាល​ដោយ​កំរាល​ប៉ាក់​។ នាង​ស្រមៃ​អំពី​ភាព​យក​ចិត្ត​ទុកដាក់​ចំពោះ​នារី​នៅ​ពេល​បរិភោគ​អាហារ  ការ​ជជែក​សើច​លេងនឹង​សំណួរ​​ល្បង​ប្រាជ្ញា ជាមួយ​នឹង​ការ​បរិភោគសាច់​អាំង​ដែលមាន​​ពណ៌​ផ្កា​ឈូក ​ឬ​ត្រី​ទ្រូ ឬ​ស្លាប​មាន់​ជាមួយ​នឹង​ទំពាំង​បារាំង។

 

វគ្គ​ ២

នាង​ពុំ​មាន​សំលៀក​បំពាក់​ល្អៗ ពុំ​មាន​គ្រឿង​អលង្ការ​​អ្វី​ទាំង​អស់។ របស់អស់​ទាំ​ង​នេះ​គឺ​ជា​អ្វី​ដែល​នាង​ស្រលាញ់​ពេញ​ចិត្ត​បំផុត។​ នាង​គិត​ថា នាង​កើត​មក​គឺ​សក្តិសមនឹង​របស់​របរ​អស់​ទាំង​នេះ​ណាស់​។ នាង​មាន​ចំ​ណង់​ចង់​អោយ​ខ្លួន​នាង​ប្រកបទៅ​ដោយ​មន្ត​ស្នេហ៍ អ្នកណា​ៗ​ក៏​ប្រាថ្នា​​ចង់​បាន​ ​ពោរ​ពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ។

នាង​មាន​មិត្តភក្តិ​​​ម្នាក់​ជា​អ្នក​មាន​ស្តុកស្តម្ភ។ នារី​ម្នាក់​នោះ​ធ្លាប់​រៀន​ជាមួយ​នាង ហើយ​ជា​មិត្ត​ដែល​នាង​មិន​ចង់​ទៅ​មក​រក​ទាល់​តែ​សោះ ដោយ​សារ​​នាង​តែង​តែ​មាន​ការ​ឈឺ​ចាប់​ តូច​ចិត្ត​នៅ​ពេល​ដែល​នាង​ត្រលប់​មក​ផ្ទះ​វិញម្តងៗ។ នាង​អាច​នឹង​យំ​ខ្សឹកខ្សួល​ពេញ​មួយ​ថ្ងៃ​ ​ ​ដោយ​ភាព​សោក​សៅ ​អស់​សង្ឃឹមនឹង​ភាព​ក្រីក្រ​របស់​ខ្លួន។

*
ល្ងាច​មួយ​ ស្វាមី​របស់​នាង​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​ក្តី​ត្រេកអរ លោត​កញ្ឆេងិង​មាន​កាន់​ស្រោម​សំបុត្រ​ធំ​មួយ​នៅនឹង​ដៃ។

 

“នេះ​គឺសំរាប់​អូន” គាត់​និយាយ​ទៅ​កាន់​នាង។

 

នាង​បាន​ហែក​ស្រោម​សំបុត្រ​នោះ​យ៉ាង​រហ័ស រួច​ហូត​យក​កាត​ដែល​នៅក្នុង​នោះយក​មក​អាន៖

“លោក​រដ្ឋមន្ត្រីអប់​រំ និង​លោកស្រី Ramponneau មាន​សេចក្តី​សោមន្ស​រីករាយ​នឹង​អញ្ជើញ​លោក​និង​លោកស្រី Loisel ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​​របស់​ក្រសួង​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ទី​១៨។”

 

ស្វាមី​របស់​នាង​នឹក​ស្មាន​ថា នាង​នឹង​បាន​សប្បាយ​រីករាយ​ដូច​គាត់​ដែរ តែ​នាង​បែរ​ជា​បោះ​លិខិត​អញ្ជើញ​នោះ​ទៅ​លើ​តុ ហើយ​និយាយ​រអ៊ូ​តិចៗ​ថា៖

 

“តើ​បង​ចង់​អោយ​ខ្ញុំ​ធ្វើ​ដូចម្តេច​ទៅ?”

 

“ហេតុអ្វី​ទៅ​អូនសំលាញ់​? បង​គិត​ថា​អូន​នឹង​បាន​សប្បាយ​ចិត្ត។ អូន​មិន​ដែល​បាន​ចេញ​ទៅ​ក្នុង​សង្គម​ ហើយ​នេះគឺ​ជា​ឱកាស​ល្អមួយ។ អ្នក​ណា​ក៏​​ចង់​បាន​ការ​អញ្ជើញ​នេះ​ដែរ តែ​គេសំរិត​សំរាំង​អ្នក​ដែល​ត្រូវ​ទៅ​ចូលរួម​ណាស់ ហើយ​មាន​ស្មៀន​តែ​២ ៣​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេអញ្ជើញ​ ​ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​បុណ្យសក្តិ​ ឋានៈធំៗ​។”

 

នាង​បាន​សំលឹង​ទៅ​គាត់​ដោយក្រសែភ្នែក​ខឹង​សម្បារ និង​ឆ្លើយ​តប​​ទៅ​វិញ​យ៉ាង​ច្រាស​ច្រាល​ថា “តើ​បង​ចង់​អោយ​ខ្ញុំ​ស្លៀក​ពាក់​​បែប​ណា​ទៅ​ដើម្បី​ទៅ​ចូល​រួម​ពិធី​នោះ?”

 

គាត់​ពុំ​បាន​គិតដល់​រឿង​នេះ​ឡើយ ហើយ​គាត់​ក៏​និយាយរដិបរដុប​ទៅ​នាង​ថា៖

 

“ហេតុអី​ទៅអូន? សំលៀក​បំពាក់​របស់​អូន​ ដែល​អូន​ស្លៀក​នៅពេល​ទៅ​មើល​មហោស្រព​នោះ គឺ​ស្អាត​ណាស់​សំរាប់​បង…។”

 

គាត់​ក៏​ឈប់​និយាយ។ គាត់​មាន​អារម្មណ៍​តាន​តឹង និង​ដក​ដង្ហើម​ធំ​នៅ​ពេល​ដែល​គាត់​ឃើញ​ភរិយា​របស់​គាត់​ចាប់​ផ្តើម​សំរក់​ទឹកភ្នែក។​ តំណក់​ទឹក​​ភ្នែក​បាន​ហូរ​ធ្លាក់​ពី​ភ្នែក​ទាំង​គូរបស់​នាង ហើយ​ហូរ​រហូត​មក​ដល់​មាត់​របស់​នាង។

 

វគ្គ ​៣

“តើ​អូន​មាន​បញ្ហា​អ្វី​ទៅ?  តើ​អូន​មាន​បញ្ហា​អ្វី​ទៅ?” គាត់​សួរ​ទៅ​នាង​ដោយ​សំលេង​រអាក់​រអួល។

 

ដោយ​ភាព​សោក​សៅ នាង​បាន​ព្យាយាម​ឆ្លើយ​តបទៅ​ប្តី​ដោយ​ស្ងៀម​ស្ងាត់​ និង​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​បណ្តើរ​ថា៖

 

“គ្មាន​អី​ទេ។ គ្រាន់​តែ​អូនគ្មាន​សំលៀក​បំពាក់​សំរាប់​ពិធី​ជប់​លៀង​តែ​ប៉ុណ្ណោះ ដូច្នេះ​អូន​មិន​អាច​ទៅ​ចូល​រួម​បាន​ទេ។ សូមបង​យក​លិខិត​អញ្ជើញ​​នេះ​ទៅ​អោយ​មិត្ត​ភក្តិ​របស់​បង​មួយ​ណា​ដែល​ភរិយា​របស់​គេ​​សមរម្យជាង​អូន​ចុះ។”

 

គាត់​ខូច​ចិត្ត​យ៉ាង​ខ្លាំង។

 

“Mathilde! អូន​និយាយ​មក​ តើ​សំលៀក​បំពាក់​ដែល​អូន​គិត​ថា​នឹង​សក្តិសម​នោះ ហើយ​ដែល​អូន​អាច​ពាក់​វា​ក្នុង​ឱកាស​ផ្សេងៗ​ទៀត​បាន​​នោះ​មាន​តំលៃប៉ុន្មាន​ទៅ? ”

 

នាង​គិត​មួយសន្ទុះ គន់គូរ​ពី​តំលៃដែល​សម​ស្រប​​ដែល​នាង​អាចនឹង​ទទួល​បាន​ដោយមិន​មាន​ការ​បដិសេធ សំរាប់​​​​តប​ទៅ​ប្តី​វិញ។

នាង​ឆ្លើយ​តប​ទាំង​រារែក​ថា ៖

 

“អូន​មិន​ច្បាស់​ដែរ។ តែ​ប្រហែល​ជា ៤០០ ហ្វ្រង់​គ្រប់​ហើយ។”

 

គាត់​ស្តាប់​លឺ​ហើយ ​មុខឡើង​ស្លេកស្លាំង​ដោយ​សារ​តែ​ចំនួន​នេះ​គឺ​ស្មើ​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​គត់​សន្សំ​ទុក​ដើម្បី​ទិញ​កាំ​ភ្លើង​សំរាប់​បាញ់​សត្វ​ក្នុង​រដូវ​ក្តៅ​ខាង​មុខ​នេះ។

 

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី គាត់​ក៏​តប​ទៅ​នាង​វិញ​ថា៖ “មិន​អី​ទេ​អូន​! បង​នឹង​អោយ​អូន៤០០ ហ្វ្រង់​​សំរាប់​ទិញ​​សំលៀកបំពាក់​ដែល​ស្អាត។​​”

ថ្ងៃ​នៃ​ពិធី​ជប់​លៀង​ជិត​មក​ដល់ អ្នក​ស្រី​ Loisel មើល​ទៅ​ដូច​ជា​នៅ​តែ​មិន​សប្បា​យចិត្ត​សោះ នាង​ខ្វល់​ខ្វាយ​និង​មាន​អារម្មណ៍​អន្ទះសារ។  សំលៀក​បំពាក់​របស់​នាង​កាត់​រួច​ជា​ស្រេច​។ ល្ងាច​មួយ​ប្តី​របស់​នាង​បាន​សួរនាង​ថា៖

 

“អូន​ឯងមានបញ្ហា​អី​ឬ? មើល​ទៅ​២ ៣​ថ្ងៃ​នេះ​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​សោះ។”

 

“អូន​មើល​ទៅ​ដូច​ជា​កំសត់​ដល់​ហើយ គ្មាន​គ្រឿង​អលង្ការ​អ្វី​បន្តិច​សោះ គ្មាន​សូម្បី​តែ​ត្បូង​មួយ​គ្រាប់​ពាក់​នឹង​គេ។” នាង​តប។ “អូន​ប្រហែល​ជា​មិន​ហ៊ាន​សំលឹង​មើល​ទៅ​អ្នកណា​ទេ​មើល​ទៅ។ អូនមិន​គួរ​ទៅ​ចូល​រួមពិធី​ជប់​លៀង​ទេ។”

 

 

វគ្គ​ ៤


“ខ្ទាស់​ផ្កា​ទៅ​អូន។” គាត់​និយាយ​ទៅ​កាន់​នាង។ “ចំណាយអស់តែ​ ២ឬ៣​ហ្វ្រង់អូន​អាច​ទិញ​បាន​ផ្កា​កូលាប​យ៉ាង​ស្អាត​សំរាប់​ខ្ទាស់​ហើយ។”

 

“អត់​ទេ… គ្មាន​អ្វី​អាម៉ាស់ជាង​ការ​ដែល​មើល​ទៅ​ក្រីក្រ​តោកយ៉ាក នៅក្នុង​ចំណោម​នារី​ទាំង​ឡាយដែលសុទ្ធ​តែ​ជា​អ្នកមាន​នោះ​ទេ។”

 

“អូន​ឯង​ល្ងង់​ម៉្លេះ!” គាត់​ឧទាន​ឡើង។ “ទៅ​ជួប​អ្នក​ស្រី​ Forestier ដែលជា​មិត្តរបស់​អូន រួច​សុំ​ខ្ចី​គ្រឿង​អលង្ការ​ខ្លះ​របស់​គាត់​ទៅ។ គាត់​ស្គាល់​អូន​ច្បាស់​ល្មម​នឹង​អោយ​អូន​ខ្ចី​របស់​អស់ទាំង​នេះ​បាន។”

 

នាង​រីករាយ​យ៉ាង​ខ្លាំង​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។

 

“ពិតមែន​ហើយ! អូន​មិន​បាន​គិត​ដល់​សោះ។”

 

ស្អែក​ឡើង​នាង​បាន​ទៅ​ជួប​មិត្ត​របស់​នាង​និង​រៀប​រាប់​ពី​បញ្ហារបស់​នាង។

អ្នក​ស្រី​ Forestier បាន​ដើរ​ទៅ​បើក​ថត​ទូសម្អាង​របស់​គាត់​យក​ប្រអប់​ធំ​មួយ​មក​អោយអ្នក​ស្រី Loisel។ គាត់​បើក​ប្រអប់​ហើយ​និយាយ​ថា៖

 

“រើស​យក​មួយ​ណា​ដែល​ឯង​ស្រលាញ់​ទៅ!”

 

ដំបូង​ឡើយ​នាង​រើស​យក​ខ្សែដៃ បន្ទាប់​មក​ខ្សែ​ក​អង្កាំ។  បន្ទាប់មក​ខ្សែក​មាស​មាន​បន្តោង​ត្បូង​។ នាង​ល​គ្រប់​គ្រឿង​អលង្ការ​ទាំង​នោះ។ នាង​ពិត​ជា​ពិបាក​សំរេច​ចិត្ត​ណាស់ មិន​ដឹង​ត្រូវ​យក​មួយ​ណា​ ទុក​មួយណា​ទេ។ នាង​សួរ​ហើយ​សួរ​ទៀត៖

 

“ឯង​មាន​ម៉ូត​ផ្សេងទៀតទេ?”

 

“មាន! ឯង​រើស​មើល​ខ្លួនឯង​ទៅ! ខ្ញុំ​មិន​ដឹង​ថាឯង​ចូលចិត្ត​អាមួយ​ណា​ជាង​គេ​ទេ…”

 

បន្តិចក្រោយមក​នាង​បានឃើញ​ប្រអប់​​ខ្មៅមួយ ដែល​នៅក្នុង​នោះ​មាន​ខ្សែ​ក​ពេជ្រ​មួយ​ខ្សែ។ នាង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ នាង​យក​ខ្សែក​នោះ​មក​ពាក់​ជុំ​វិញ​ក​របស់នាង​។
បន្ទាប់​មក​នាង​សួរ​ទៅ​មិត្ត​របស់​នាង​ទាំង​រារែក​ថា៖

 

“តើ​ឯង​អាច​អោយ​ខ្ញុំ​ខ្ចី​ខ្សែ​ក​មួយ​នេះ​បាន​ទេ? ”

 

“ប្រាកដជា​បាន!”

 

នាង​បាន​អោប​មិត្ត​របស់​នាង​ដោយ​អំណរ​គុណ​ ហើយក៏លាគេ​ត្រលប់​មក​ផ្ទះ​វិញជាមួយ​នឹង​ខ្សែ​ក​ពេជ្រ​នោះ។ ថ្ងៃ​នៃ​ពីធី​ចប់​លៀង​បាន​មក​ដល់​។ ​អ្នកស្រី​ Loisel  ពិត​ជា​មាន​ជោគជ័យ​យ៉ាង​ខ្លាំង។ នាង​គឺជានារី​ដែលស្អាត​ដាច់​គេ​ក្នុង​ចំណោម​នារី​ទាំង​ឡាយ​នៅក្នុង​ពិធី​នោះ ទាំង​ស្រស់​ស្អាត ​សមសួន រម្យទម ស្នាម​ញញឹម​ដែល​ពោរពេញ​ដោយ​មោទនភាព និង​សុភមង្គល។ បុរស​ទាំង​ឡាយ​នៅក្នុង​ពិធីនោះ អ្នកណាក៏​ចង់​ស្គាល់នាង​ដែរ​។ លោក​អនុរដ្ឋលេខា​ធិកា​រ​ស្ទើរ​តែ​គ្រប់គ្នា ស្នើ​សុំ​រាំ​វ៉ាល់ជាមួយ​នាង។ ទាំង​លោក​រដ្ឋមន្ត្រី​ក៏​កត់សំគាល់​នាង​ដែរ។

 

 

វគ្គ ៥


នាង​រាំ​យ៉ាង​សប្បាយ​អស់​ដៃ យ៉ាង​អណ្តែត​អណ្តូង  ដោយ​​គ្មាន​គិត​ពី​អ្វី​ទាំង​អស់​ក្រៅ​ពីមោទនភាព​អំពី​សំរស់និងភាព​ជោគជ័យ​​របស់​ខ្លួន ប្រកប​ដោយ​សុភមង្គល​  ប្រកប​ដោយ​ការ​ពេញចិត្ត​ ប្រកប​ដោយក្តីរំភើបក្រៃលែង ​ដោយសារ​តែនាង​បាន​បំពេញ​សេចក្តីប៉ង​ប្រាថ្នា​របស់​ខ្លួន​ដែល​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​​​​។ ហើយ​នាង​ថែមទាំង​ស្រវឹង​ស្រា​​ទៀត​ផង។

នា​ងបាន​ត្រលប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​ប្រហែល​៤​ភ្លឺ។ ប្តី​របស់​នាង​ដេក​លក់​ក្នុង​បន្ទប់​ធ្វើការ​តាំង​ពី​កណ្តាល​អាធ្រាត្រជាមួយ​មិត្ត​ភក្តិ​៣​នាក់ទៀត​ដែល​ភរិយា​របស់​ពួក​គេ​ក៏​សប្បាយ​ដូចនាង​ដែរ​នៅក្នុង​ពិធី​ជប់លៀង​នោះ។ គាត់​បាន​យក​អាវ​រងារ​ដែលគាត់​ពាក់​រៀងរាល់​ថ្ងៃ មក​គ្រប់​លើ​ស្មារបស់​នាង ដែលមើលទៅ​អាវនេះធ្វើ​អោយ​លេច​ចេញ​នូវ​ភាព​ក្រីក្រ មិនសក្តិ​សម​នឹង​សំលៀក​​បំពាក់​សមោសរ​របស់នាង​។ នាង​បាន​​​ប្រញាប់​យក​អាវ​នេះ​ចេញ​ពី​ស្មា​នាង​ជា​បន្ទាន់​ ដើម្បី​កុំ​អោយ​នារី​ដទៃ​ទៀតដែល​ពាក់​អាវ​រោម​សត្វ​ដែល​មាន​តំលៃ​ចាប់​អារម្មណ៍មក​លើនាង។

 

លោក Loisel បាន​ឃាត់ទៅ​ភរិយាលោក។

 

“ចាំ​នៅទីនេះសិន​ហើយ​​អូន​!បង​ទៅ​រក​រថយន្ត​ឈ្នូល​សិន។”

 

ប៉ុន្តែ​នាង​មិន​បាន​ស្តាប់​ទេ ហើយ​នាង​បាន​ចុះ​ជណ្តើរ​យ៉ាង​ប្រញាប់​ទៅ​ជាមួយ​គាត់​ដែរ។ ពួក​គេ​រក​រក​រថយន្ត​​ឈ្នូលពុំ​បាន​សោះ។ ​ពួក​គេ​ក៏​សំរេច​ចិត្តរក​​សុំ​ដោយ​សារ​រថយន្ត​អ្នក​ដែល​បើក​កាត់​ទី​នោះ។

 

ពួក​គេ​ដើរ​ឆ្ពោះ​ទៅ​ទន្លែ​សែន ដោយ​អស់សង្ឃឹម​និង​រងារ​ញ័រ​ញាក់។ នៅ​ទី​បំផុត​គេ​បាន​រក​បាន​រថយន្ត​សំរាប់​ដឹក​ទំនិញ​ពេល​យប់មួយ​ ជាប្រភេទ​រថយន្ត​ដែល​គេ​ឃើញ​នៅ​ក្នុង​ទីក្រុង​ប៉ារី​តែពេល​មេឃ​ងងឹតដោយ​សារ​​តែ​វា​មាន​សភាព​រខេក​រខាកពេក​​​។
រថយន្ត​នេះ​បាន​នាំ​អ្នក​ទាំង​ពី​មក​ដល់​ច្រកទ្វារ​របស់​ខ្លួន​នៅលើ​វិថី​ Martyrs ហើយ​ពួក​គេ​ក៏​ដើរ​ចូល​ក្នុង​ផ្ទះ​ដោយ​ស្ងៀម​ស្ងាត់​និង​ក្រៀមក្រំ។ សំរាប់​នាង​នេះ​ពេល​វេលា​ទាំង​នោះ​គឺ​ចប់​ហើយ។ សំរាប់​គាត់​ គាត់​ត្រូវ​ត្រលប់​ទៅធ្វើការ​នៅ​ការិយាល័យ​វិញ​នៅ​ម៉ោង​១០​ព្រឹក។ នាង​បានដោះ​អាវ​រងារ​ចេញ ហើយ​សំលឹង​មើល​ភាព​ឆើត​ឆាយ​របស់​នាង​នៅក្នុង​កញ្ចក់។ ប៉ុន្តែ​រំពេជ​នោះ​ នាង​បាន​ស្រែកយំ​យ៉ាង​ខ្លាំង​។ ខ្សែ​ក​ដែល​នាង​ពាក់​​កាល​ពី​យប់​នោះ មិន​បាន​នៅ​ជុំវិញ​ក​នាង​ទៀត​ឡើយ!

 

វគ្គ ៦

 

“អូន​ឯង​កើត​អី​ហ្នឹង?” ប្តី​របស់​នាង​ដោះ​សំលៀក​បំពាក់​បណ្តើរ​សួរ​ទៅ​នាង​បណ្តើរ។

 

នាង​បែរ​មក​រក​គាត់​ ហើយ​និយាយ​ថា៖

 

“ខ្សែ​ក​ដែល​អូន​ខ្ចី អ្នកស្រី Forestier បាន​បាត់​ហើយ…  ”

 

ប្តី​របស់​នាង​និយាយ​ដោយ​ភ្ញាក់​ថា៖

 

“អូនឯង​ថាម៉េច?  …  មិន​អាច​ទៅ​រួច​ទេ!”

 

ពួក​គេ​រក​មើល​ខ្សែក​ក្នុង​អាវរបស់​នាង  ក្នុង​អាវ​រងារ…ក្នុង​ហោប៉ៅ​អាវ….រក​គ្រប់កន្លែង​…តែ​រក​មិន​ឃើញ​សោះ។

 

“អូន​ឯងចាំ​បាន​ទេ ថា​វា​នៅ​ជាប់​នឹង​ក​របស់​អូន​នៅ​ពេល​ដែល​យើង​ចេញ​ពី​កន្លែង​ជប់លៀង​នោះ?​”

 

“ចាស ប្រាកដ​ណាស់! អូន​បាន​ស្ទាប​ខ្សែ​ក​នោះ​ទៀត​ផង​នៅ​ពេល​ដែល​ឈរ​នៅ​សាល​ធំក្នុង​ក្រសួង។”

 

“ប្រសិន​បើ​ជ្រុះ​នៅ​តាម​ផ្លូវ  យើង​គួរ​តែ​អាច​លឺ​សំលេងជ្រុះ​មិន​ខាន។”

 

“ចាស ប្រហែល​ជា​យើង​អាច​លឺ… តើ​បង​មាន​ចាំ​លេខ​ឡាន​ដែល​យើង​ជិះ​មក​ផ្ទះ​ទេ?”

 

“អត់​ទេ​មែន​ទេ? បង​មិន​បាន​កត់ចំណាំ​ទេ​មែន​ទេ?”

 

“អត់​ទេ”

 

 

ពួកគេ​សំលឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មកដោយ​ភាព​ស្រឡាំង​កាំង។ ហើយ​ទី​បំផុត​លោក Loisel ក៏ស្លៀកពាក់​ឡើង​វិញ។

 

“បង​នឹង​ទៅ​រក​មើល​តាម​ផ្លូវ​ដែល​យើង​បាន​ដើរកាត់ ក្រែង​លោវា​ជ្រុះ​នៅ​កន្លែង​ណាមួយ។”

 

ថា​រួចគាត់ដើរ​ចេញ​ទៅ។ នាងអង្គុយ​ចុះ​លើ​កៅអី​ទាំង​សំលៀក​បំពាក់​នោះ  ដោយ​គ្មាន​កំលាំង​កំហែង  គ្មាន​ឆន្ទៈ និង​អស់​សង្ឃឹម។

គាត់​ត្រលប់​មក​វិញ​នៅ​ម៉ោង​៧​ព្រឹក។ គាត់​រក​ខ្សែ​ក​នោះ​មិន​ឃើញ​ទេ។

 

គាត់​បាន​ទៅ​ប្តឹង​ប៉ូលីស។ ចុះផ្សាយ​តាម​កាសែត និង​ផ្តល់​រង្វាន់​ដល់​អ្នក​ដែលបានរក​ខ្សែ​ក​នោះ​ឃើញ ។ គាត់​បាន​ទៅ​បិទ​ប្រកាស​នៅ​តាម​ក្រុមហ៊ុន​រថយន្ត​ឈ្នួល​នានា…គាត់​ធ្វើ​គ្រប់​វិធី​ដែល​គាត់​គិត​ថា​វា​អាច​នឹងមាន​សង្ឃឹម​ថា​នឹង​បាន​ខ្សែក​នោះ​មក​វិញ។

 

នាង​រង់ចាំ​គាត់​ដោយ​អន្ទះសារ​ ដោយ​ភាព​សុញ​គំនិត ដោយ​ការ​ភ័យ​ព្រួយ​ ពេញ​មួយ​ថ្ងៃ។
លោក​Loisel មក​ដល់​ផ្ទះ​វិញ​នៅ​ពេល​យប់ ក្នុង​ទឹក​មុខ​ប្រកប​ដោយ​ហានិភ័យ​និង​ស្លេក​ស្លាំង។ គាត់​ពុំ​មាន​រក​ឃើញ​អ្វី​ទាំង​អស់។

 

 

វគ្គ ៧

 

“អូនឯង​ត្រូវ​តែ​សរសេរ​សំបុត្រ​មួយ​ទៅ​មិត្ត​របស់​អូន។” ប្តី​របស់​នាង​និយាយ។ “ប្រាប់​ថា ខ្សែ​ករបស់​គេ អូ​នបាន​ធ្វើ​អោយ​បាក់​ទំពក់។ អូន​នឹងយក​ទៅ​អោយ​ជាង​ជួស​ជុល ផ្សារ​អោយ​គេវិញ។ ធ្វើ​បែប​នេះ​យើង​មាននឹងមានពេល​ដើម្បី​រក​វិធី​ដោះ​ស្រាយ។​​”

 

នាង​បានសរសេរ​ទៅ​តាម​អ្វី​ដែល​ប្តី​របស់​នាង​ប្រាប់។

 

 

១​សប្តាហ៍​កន្លង​ផុត​ទៅ។ ពួក​គេ​អស់​សង្ឃឹម​ទាំង​ស្រុង។

 

លោក​Loisel បាន​អះអាង​ថា៖ “យើង​ត្រូវ​តែ​រក​ខ្សែ​ក​ពេជ្រ​មក​ជំនួស​ខ្សែក​ដែល​បាត់​ទៅ!”

 

ថ្ងៃ​បន្ទាប់​មក​ពួក​គេ​ក៏​យក​ប្រអប់​ខ្សែ​ក​ទៅ​ហាង​លក់​អលង្ការ​ដែល​ដែល​មាន​ឈ្មោះ​នៅលើប្រអប់​នោះ។ ពួកគេ​បាន​សួរ​រក​ទិញ​ខ្សែ​ក​នេះ។

 

“ហាង​ខ្ញុំ​ពុំ​បា​នលក់​ខ្សែ​ក​នេះ​ឡើយ អ្នកស្រី។ ហាង​របស់​ខ្ញុំ​មាន​តែ​លក់​និង​ជួសជុល​ទំពក់​វា​តែ​ប៉ុណ្ណោះ។​”

 

ពួក​គេ​ដើរ​ស្វែង​រក​ពី​ហាង​មួយ​ទៅ​ហាង​មួយ​។ ស្ទើរ​គ្រប់​ទិស​ទី គ្រប់ច្រកល្ហក​តែ​ពុំ​បាន​ប្រទះ​ខ្សែ​ក​ដែល​ដូច​នឹង​ខ្សែ​ក​ដែល​បាត់​នោះ​ឡើយ។

 

ទី​បំផុត​ពួក​គេ​បាន​រក​ឃើញ​ខ្សែ​ក​ដែល​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្សែក​ដែល​បាន​បាត់ នៅក្នុង​ហាង​មួយ​នៅ Palais-Royal។ ខ្សែក​​នោះ​មាន​តំលៃ​ដល់​ទៅ​៤០០០០ហ្វ្រង់។ ប្រសិន​បើពួកគេ​ទិញ​យក គេ​នឹង​លក់​អោយ​ក្នុង​តំលៃ​៣៦០០០ហ្វ្រង់។

ពួកគេ​បាន​សុំ​អោយ​ម្ចាស់​ហាង​ទុក​ខ្សែក​នេះ​អោយ​ ដោយ​គេ​នឹង​ត្រលប់​មក​ទិញ​យក​ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត​។ ហើយ​ប្រសិន​បើគេ​រក​ឃើញ​ខ្សែ​ក​ដែលបាន​បាត់​ទៅ​មកវិញ ពួកគេ​នឹង​យក​ខ្សែ​ក​នេះ​មក​លក់​អោយ​ហាង​នេះ​វិញ​ក្នុង​តំលៃ​តែ ៣៤០០០ហ្វ្រង់​ប៉ុណ្ណោះ។

 

លោក​ Loisel យក​មរតក​ដែល​លោក​ទទួល​បាន​ពី​ឪពុក​របស់​លោក​ចំនួន ១៨០០០ហ្វ្រង់ និង​ខ្ចី​ចំនួន​ដែល​នៅ​សល់​ពី​មិត្ត​ភក្តិ​របស់​លោក។  គាត់​ដើរ​ខ្ចី ១០០០ពី​អ្នកនេះ ៥០០​ពីអ្នក​​នោះ  ​៣០០ពី​លោក​ក  ២០០ពី​​លោក​ខ … ដោយ​មាន​ហេតុ​ផល​ប្រាប់​ទៅ​អ្នក​ទាំង​នោះ​ថា​គាត់ ខាត​បង់​ក្នុង​មុខ​ជំនួញ​មួយ។ ទី​បំផុត​គាត់​រក​បាន​ប្រាក់គ្រប់​ចំនួន ៣៦០០០ហ្វ្រង់ដើម្បី​ទិញ​ខ្សែ​ក​នោះ។

 

 

វគ្គ ៨


នៅពេល​ដែល​អ្នក​ស្រី Loisel យក​ខ្សែ​ក​នេះ​ទៅសង​អ្នកស្រី​ Forestier គាត់​បាន​និយាយ​ដោយ​សំដី​យ៉ាង​ផ្អែមល្ហែម​ថា៖

 

“ឯង​គួរ​តែ​យក​មក​អោយគ្នា​បាន​លឿន​ជាង​នេះ។ គ្នា​ត្រូវការ​ពាក់​វា​ដែរ។”

 

អ្នកស្រី​ Forestier មិនបាន​បើក​ប្រអប់​នោះ​មើល​ទេដោយ​គាត់​ទុក​ចិត្ត​មិត្ត​ភក្តិ​របស់គាត់។ ប្រសិន​បើគាត់​បាន​ឃើញ​របស់​នៅក្នុង​នោះ តើគាត់​នឹង​កិត​យ៉ាង​ដូចម្តេចទៅ? តើគាត់​នឹង​និយាយ​ថា​ម៉េច​ទៅ? តើគាត់​នឹងចោទ​ប្រកាន់​ថា​ខ្ញុំ​គឺ​ជា​ចោរ​លួច​ខ្សែក​របស់​គាត់​ឬ​ទេ?

 

អ្នក​ស្រី​ Loisel  បាន​ដឹង​អំពីរសជាតិ​នៃ​ជីវិត​ដែល​កាន់​តែ​តោកយ៉ាក។ ប៉ុន្តែ​គាត់​មាន​ចិត្ត​ក្លាហា​ននិង​ពុះពារ​រក​ប្រាក់​ដើម្បី​សង​បំណុល​គេវិញ។ ​ស្វាមី​របស់​គាត់​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ។ ពួក​គេ​បាន​ផ្លាស់​ប្តូរ​ទី​លំនៅដោយ​ចេញ​ពី​ផ្ទះ​ល្វែង​ទៅ​ជួល​ឡៅ​តឿដែល​នៅ​ជាប់នឹងដំបូល​ ដើម្បី​ស្នាក់​នៅ។

 

នាង​បាន​ដឹង​ពីការ​លំបាក់​នៃការងារ​​ជា​អ្នក​បោស​សំអាត…កិច្ចការ​នៅ​ផ្ទះ​បាយ​ដែលនាង​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ។ នាង​ស៊ី​ឈ្នួល​លាង​ចាន… នាង​ត្រូវប្រើ​ម្រាមដៃ​របស់​នាងដែល​មានលាប​​ក្រចក​ពណ៌ផ្កាឈូក ដើម្បី​លាង​ចាន លាងឆ្នាំង​ដែល​គគ្រាត​គគ្រើម​ និងលាង​បាត​ខ្ទះ​ដែល​ប្រឡាក់​ដោយ​ខ្លាញ់​ស្អិត។ នាង​ត្រូវ​បោក​ក្រណាត់​កំរាលដែលកខ្វក់ ក្រណាត់ជូតចាន និង​ត្រូវ​ដាក់​ហាល​របស់​អស់ទាំងនេះ។  ជារៀង​រាល់​ព្រឹក​នាង​ត្រូវ​ប្រមូល​ថង់​សំរាប់​យក​ទៅ​ដាក់​នៅមាត់​ផ្លូវ ហើយ​ត្រូវ​​យួរ​ទឹកត្រលប់​មក​វិញ។ ពេល​ឈប់​ម្តងៗ​ដក​ដង្ហើម​ស្ទើរ​ពុំ​ដល់​គ្នា។ នាង​ស្លៀកពាក់​រយីករយាក កណ្ឌៀត​កញ្ច្រែង​ចូល​ទិញ​ផ្លែ​ឈើ សាច់ បន្លែ តថ្លៃ បែក​ផ្សែង​ជាមួយ​អ្នក​លក់​ដើម្បី​បាន​ចំណេញ​ប្រាក់​១សេនៗរបស់​នាង។

 

ជារៀង​រាល់​ខែ​ បញ្ជី​មួយសង​ផុត បញ្ជី​ថ្មីមក​ដល់​..

 

ប្តី​របស់​នាង​ធ្វើការ​ងារ​នៅពេល​ល្ងាច​។ គាត់​ធ្វើ​ជា​អ្នក​រៀប​បញ្ជីរ​ទំនិញ​ ហើយ​ជា​រឿយៗ​តែង​តែនៅ​ដល់​យប់​ដើម្បី​ថត​ចំលង​ឯកសារ ដែល​ទទួល​បាន​កំរៃ​២សេន​កន្លះ​ក្នុង​១​សន្លឹក។

 

ពួកគេរស់​នៅក្នុង​ជីវិត​បែប​នេះ​រយៈពេល​ដប់​ឆ្នាំ។

 

នៅ​ចុង​បញ្ចប់​ក្នុង​រយៈពេល​១០​ឆ្នាំ ពួក​គេ​បាន​សង​បំណុលទាំង​នោះ​អស់ទាំង​ស្រុង ទាំង​ការទាំង​ដើម។

 

អ្នកស្រី​ Loisel មើល​ទៅ​ចាស់​ច្រើន​។ នាង​ក្លាយ​ទៅ​ជា​នារី​ដែល​មាន​ភាព​រឹង​ប៉ឹង​ ប្រឹង​ប្រែង​​ដូចនារី​មិនមាន​ទ្រព្យដទៃ​ទៀត​។​ សក់​របស់​គាត់​មិន​សូវ​មាន​សណ្តាប់​ធ្នាប់  ស្បែក​របស់​គាត់​មិន​ភ្លឺ​រលោង​ ដៃ​របស់​គាត់​​ឡើង​ក្រហម​។ ពេល​ខ្លះ​នៅ​ពេល​ដែល​ប្តី​របស់​គាត់​ទៅ​ធ្វើការ​បាត់​ គាត់់អង្គុយ​នៅមាត់​បង្អួច​គិត​ដល់​ល្ងាច​មួយ​នោះ​ដែល​កន្លង​ជា​យូរ​ឆ្នាំ​មក​ហើយ នៅក្នុង​ជំនុំចំណោម​ដែល​គាត់​ជា​នារី​ដែល​ស្អាត​ដាច់​គេ​និង​ទទួល​បាន​តែ​ការ​កោត​សរសើរ​ពី​អ្នក​ផង​តាំង​ពួង។

 

 

វគ្គ ៩


តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើគាត់​មិន​បាន​ធ្វើ​អោយ​បាត់​ខ្សែក​នោះ​?​ គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ទេ? តើ​រស​ជាតិ​នៃការ​តស៊ូក្នុងជីវិតគឺដូចម្តេច​ទៅ?​ តើ​នារី​ម្នាក់​នេះ​គួរ​តែ​ចំណាយ​ឬ​សន្សំ!

 

ថ្ងៃ​អាទិត្យមួយ​ នៅពេល​ដែល​នាង​ដើរ​កំសាន្ត​នៅ  Champs-Elysees បន្ទាប់​ពី​បំពេញ​ការងារ​ពេញ​មួយ​សប្តាហ៍ នាង​បាន​ឃើញ​ស្ត្រី​ម្នាក់​កំពុង​និយាយ​ជាមួយ​កូន​របស់​គាត់ នាង​ស្គាល់​ច្បាស់​ថាជា​អ្នកស្រី ​Forestier ។ ​អ្នកស្រី Forestier មើល​ទៅ​នៅតែ​ក្មេងដដែល នៅ​តែ​ស្អាត និង​ទាក់ទាញ។

 

អ្នកស្រី​ Loisel ក៏គិតដល់រឿងដែល​ធ្វើអោយ​គាត់​រំជួល​ចិត្តជាខ្លាំង។ តើ​គាត់​គួរ​តែ​និយាយ​ទៅកាន់​អ្នកស្រី Forestier ដែរ​ឬ​ទេ? ត្រូវ​តែ​និយាយ។ ឥឡូវ​គាត់​បានសង​បំណុល​គេអស់​ហើយ គាត់​គួរ​តែ​និយាយ​រឿង​ពិត​ប្រាប់​ទៅ​អ្នកស្រី Forestier។

 

គាត់ចដើរសំដៅទៅ​រក​អ្នកស្រី Forestier។

 

“សួស្តី Jeanne”

 

 

អ្នកស្រី Forestier ចំណាំ​គាត់​មិន​បាន​ទាល់​តែ​សោះ ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​ស្ត្រី​ក្រីក្រ​ម្នាក់​ហៅ​ដោយ​ភាព​ជិតស្និទ្ធ។

 

 

“តែ….អ្នកស្រី​….ខ្ញុំ​ដូច​ជា​មិនដែល​ស្គាល់​អ្នកស្រី​ទេ…អ្នកស្រី​ច្រឡំមនុស្ស​ទេដឹង….​”

 

“ទេ​! ខ្ញុំ​មិន​បាន​ច្រលំ​ទេ។ ខ្ញុំគឺ Mathilde Loisel។​”

 

មិត្ត​របស់​នាង​លឺ​ដូច្នោះ​ស្រែក​យំ​ជា​ខ្លាំង។

 

“ឱ Mathilde ដ៏​កំសត់អើយ! ម្តេច​ក៏​ឯងផ្លាស់​ប្តូរ​ដល់​ថ្នាក់​នេះ!…”

 

“ពិតណាស់ ដោយសារ​ខ្ញុំ​ចួប​ប្រទះនឹង​ការ​លំបាក​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​ឯង​លើកចុង​ក្រោយមក…ខ្ញុំមាន​ទុក្ខព្រួយ….ហើយ​ទាំង​អស់​នេះ​គឺ​មក​ពី​ខ្ញុំ​ត្រូវ​ការ​សង​ឯង​វិញ។”

 

 

“សង​ខ្ញុំ?! តើ​មានន័យ​យ៉ាង​ម៉េច​ទៅ?”

 

“ឯង​នៅ​ចាំ​បាន​អំពី​ខ្សែក​ពេជ្រ​ដែល​ឯង​បាន​អោយ​ខ្ញុំ​ខ្ចីពាក់​​ទៅចូល​រួម​ក្នុង​ពិធី​ជប់លៀងមួយ​ទេ?”

 

“ចាំបាន! ម៉េច​ទៅ?”

 

“តាមពិត​ខ្ញុំ​បាន​ធ្វើ​អោយបាត់តាំង​ពី​ថ្ងែ​ជប់​លៀង​នោះ​ម៉្លេះ។”

 

“តើឯង​ធ្វើ​អោយ​បាត់​យ៉ាង​ម៉េច​ទៅ បើឯង​យក​វា​មក​សង​ខ្ញុំ​វិញ​សោះ​នោះ!”

 

“តាមពិត​ខ្ញុំ​យក​របស់​ផ្សេង​ដែល​ដូចគ្នា​មក​អោយ​ឯង​វិញ​ប៉ុណ្ណោះ។ ហើយ​ក្នុង​កំឡុង​ពេល​១០​ឆ្នាំ​មក​នេះ ខ្ញុំ​និង​ប្តី​ខំធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​សង​បំណុល​នេះ។ វា​មិន​មែន​ជា​ការ​ងាយទេ​សំរាប់​អ្នក​ដែល​គ្មាន​ប្រាក់​ដូច​ជា​ពួក​ខ្ញុំ​នេះ។ តែ​ពួក​ខ្ញុំ​បាន​សង​បំណុល​ទាំង​នេះ​រួច​អស់​ហើយ។ ហើយ​ខ្ញុំ​រីករាយ​នឹងនិយាយ​ការ​ពិត​ប្រាប់​ឯង។​”

 

 

វគ្គ ១០


អ្នកស្រី Forestier សួរ​បញ្ជាក់៖

 

“ឯងនិយាយ​ថា ឯង​បាន​ទិញ​ខ្សែក​ពេជ្រ​មក​ជំនួស​របស់​ខ្ញុំ​នេះ​មែន​ទេ?”

 

“មែន​ហើយ! ឯងមិន​បាន​សង្កេត​ទេ​ឬ? ត្រូវ​ហើយ​ប្រហែល​ជា​មើល​មិន​ដឹង​ទេព្រោះ​ខ្សែក​នេះ​ដូចគ្នា​ណាស់។”

 

អ្នក​ស្រី​ Loisel ក៏​ញញឹម​ដោយ​អំនួត​។

 

អ្នកស្រី Forestier ចាប់​ដៃអ្នក​ស្រី​ Loisel​ ទាំង២​ក្តាប់​យ៉ាង​ណែន​ហើយ​ពោលថា៖

 

“ឱម្ចាស់​ថ្លៃ​អើយ!! Mathilde​ ដ៏កំសត់​!! ខ្សែ​ក​របស់​ខ្សែ​ក​របស់​ខ្ញុំ​គ្រាន់​តែ​ជា​របស់​ចំលង​ទេ ហើយ​វាមាន​តំលៃ​តែ​ ៥០០​ហ្វ្រង់​តែប៉ុណ្ណោះ!…. ”

 

 

 

 

Be Sociable, Share!

Related Posts

Comments

  1. Dhana says:

    what happen next?

  2. monida says:

    That ‘s the end of the story.

  3. posoky says:

    ខ្ញុំចូលចិត្តអានសៀវភៅរឿងណាស់ តាំងពីតូច ខ្ញុំចេះអានសៀវភៅតាំងពីអាយុតូចមែនទែន
    ខ្ញុំចាំថារឿងដែលខ្ញុំស្តាប់តំបូងគឺ (អាខ្វាក់អាខ្វិន) បន្ទាប់មករឿង ភក្តីភាពរបស់ពូរស់ សុភាពនឹងក្អមស្ក រឿង កង្កែបនឹងរាជបុត្រីពៅ ចចកនឹងកូនពពែរ វិទូ មិត្តនឹងសត្រូវ ។ល។ ២០ឆ្នាំជាងខ្ញុំនៅតែចាំរឿងទាំងអស់ ភាគច្រើន

    • monida says:

      ខ្ញុំ​នៅ​ចាំ​ចមណង​ជើង​រឿង “ភក្តីភាពរបស់ពូរស់” តែ​ភ្លេច​សាច់​រឿង​អោយ​ឈឹង​តែ​ម្តង…

  4. Bonita says:

    if i were Mrs. Forestier, what would i do?

  5. Dhana says:

    The story “ភក្តីភាពរបស់ពូរស់” is about a prince fall in love with a princess called Preah neang Meas.And they face many obsticles, And Pou Ros become stone..

  6. Bigbe says:

    ខ្លួនក្រប៉ុន្តែចង់ធ្វើជាអ្នកមាន មិនប្រមើលប្រាណ ធ្លាក់ខ្លួនក្ស័យទុនទើបដឹងខ្លួន ។