នៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ខ្ញុំបានបីភរិយាជាទីស្រលាញ់របស់ខ្ញុំ។ រថយន្តកូនក្រមុំចតនៅមុខផ្ទះល្វែងរបស់ពួកយើង។ មិត្តភក្តិរបស់ខ្ញុំគេជំរុញអោយខ្ញុំបីនាងចេញពីរថយន្ត។ ខ្ញុំក៏បានបីនាងចូលទៅក្នុងផ្ទះ។
ភរិយារបស់ខ្ញុំនៅពេលនោះនាងធាត់ឡើងទ្រលុចៗ ហើយនាងអៀនយ៉ាងខ្លាំង។ ខ្ញុំគឺជាកូនកំលោះដែលមានកំលាំងមាំមួនដែលអាចបីនាងបានយ៉ាងងាយនិងជាកូនកំលោះដែលរីករាយបំផុតក្នុងលោក!
នេះគឺជាទិដ្ឋភាពកាលពី១០ឆ្នាំមុន។
ថ្ងៃបន្តបន្ទាប់មកសំរាប់ពួកយើងគឺមានសភាពធម្មតាៗ ហាក់គ្មានអ្វីប្លែកទាល់តែសោះ។ ពួកយើងក៏មានកូន។ ខ្ញុំខិតខំធ្វើការរកប្រាក់អោយច្រើនសំរាប់ផ្គត់ផ្គង់គ្រួសារ។ ទ្រព្យសម្បត្តិរបស់ពួកយើងមានកាន់តែច្រើនឡើង តែស្នេហារវាងយើងទាំងពីរហាក់ដូចជាស្រកស្រុតជាលំដាប់។ នាងគឺជាអ្នករដ្ឋការម្នាក់។ ជារៀងរាល់ព្រឹកពួកយើងចេញពីផ្ទះដំណាលគ្នា ហើយត្រលប់មកផ្ទះវិញនៅម៉ោងប្រហែលគ្នា។ កូនរបស់យើងរៀននៅសាលាដែលយើងអាចដាក់តាំងពីព្រឹកទល់ល្ងាចបាន។ ជីវិតអាពាហ៍ពិពាហ៍របស់យើងមើលទៅហាក់ដូចជាមានសុភមង្គលណាស់ដែលអ្នកណាៗក៏ប្រាថ្នាចង់បានដែរ។ ប៉ុន្តែជីវិតដ៏ស្ងប់សុខនេះបានប្រែប្រួលដោយសារតែមានការផ្លាស់ប្តូរមួយដែលមិនអាចទស្សន៍ទាយទុកបាន។
Dew បានជ្រៀតចូលមកក្នុងជីវិតរបស់ខ្ញុំ។
ថ្ងៃមួយនោះ មេឃស្រលះល្អណាស់។ ខ្ញុំឈរនៅរានហាលធំមួយ។ Dew បានអោបខ្ញុំពីក្រោយ។ បេះដូងរបស់ខ្ញុំហាក់ដូចជាងប់ងល់នឹងស្នេហារបស់នាងខ្លាំងណាស់។ នោះគឺជាផ្ទះល្វែងដែលខ្ញុំទិញអោយនាង។
Dew និយាយថា “ក្នុងកែវភ្នែកនារីជាច្រើន បងគឺជាបុរសដែលមើលទៅគួរអោយទាក់ទាញបំផុត”។ ពាក្យសំដីរបស់នាងធ្វើអោយខ្ញុំនឹកដល់ភរិយារបស់ខ្ញុំ។ នៅពេលដែលពួកយើងទើបនឹងរៀបការថ្មីថ្មោង ភរិយាខ្ញុំនិយាយថា “បុរសដូចបង នៅពេលដែលមានទ្រព្យសម្បត្តិនិងមានជោគជ័យ ច្បាស់ជាមាននារីមិនតិចទេដែលមកចោមរោម”។ ពេលគិតដល់រឿងនេះ ខ្ញុំហាក់ដូចជាមានការស្ទាក់ស្ទើរតិចតួចក្នុងចិត្តដែរ។ ខ្ញុំដឹងថាខ្ញុំបានក្បត់ចិត្តភរិយារបស់ខ្ញុំ។ តែខ្ញុំពិតជាមិនអាចជួយបានទេ! នេះជាការសំរេចចិត្តរបស់ខ្ញុំ។
ខ្ញុំបានបេះដៃ Dew ចេញរួចនិយាយថា “អូនទៅរើសគ្រឿងសង្ហារឹមទៅ បងមានការនៅក្រុមហ៊ុនបន្តិច”។ នាងមើលទៅដូចជាមិនសូវសប្បាយចិត្តសោះ ព្រោះខ្ញុំបានសន្យាថានឹងទៅជាមួយនាង។ ក្នុងពេលនេះ គំនិតលែងលះនឹងភរិយារបស់ខ្ញុំបានផុសចេញមកយ៉ាងត្រដែតក្នុខួរក្បាលរបស់ខ្ញុំ បើទោះបីជាគំនិតនេះធ្លាប់ជាអ្វីដែលមិនអាចទៅរួចកាលពីមុនក៏ដោយ។ តែទោះជាយ៉ាងណា ខ្ញុំមិនដឹងថាត្រូវផ្តើមនិយាយដូចម្តេចចំពោះភរិយាខ្ញុំឡើយពីរឿងនេះ។ ខ្ញុំដឹងច្បាស់ថានៅពេលដែលខ្ញុំលើកឡើងពីរឿងនេះ ទោះបីជាខ្ញុំនិយាយដោយគួរសមយ៉ាងណាក៏ដោយ ក៏ប្រាកដជាធ្វើអោយនាងមានឈឺចាប់យ៉ាងខ្លាំង។ និយាយតាមត្រង់ទៅ នាងគឺជាភរិយាដ៏ល្អមួយរូប។
រាល់ល្ងាចនាងតែងតែញាប់ដៃញាប់ជើងរៀបចំអាហារសំរាប់គ្រសារ។ ខ្ញុំអង្គុយមុខទូរទស្សន៍។ អាហារពេលល្ងាចរៀបចំជិតរួចរាល់ហើយ។ រួចហើយយើងអង្គុយមើលទូរទស្សន៍ជាមួយគ្នា។ ជួនកាលខ្ញុំក៏ទំរេតនៅមុខកុំព្យូទ័រ មើលរូប Dew…។ នេះជាការកំសាន្តមួយរបស់ខ្ញុំ។
ថ្ងៃមួយខ្ញុំសាកនិយាយរឿងនេះជាមួយភរិយារបស់ខ្ញុំ បែបនិយាយលេង។ “ឧបមាថាបើយើងលែងលះគ្នា តើអូនគិតយ៉ាងម៉េច?” នាងសំលក់មកខ្ញុំមួយសន្ទុះដោយមិននិយាយមួយម៉ាត់។ សំរាប់នាងការលែងលះគឺនៅឆ្ងាយទៅមុខទៀតខ្លាំងណាស់។ ខ្ញុំពិតជាស្រមៃមិនឃើញសោះថានាងនឹងមានប្រតិកម្មយ៉ាងដូចម្តេចប្រសិនបើដឹងថា ខ្ញុំពិតជាចង់ធ្វើបែបនោះមែន។
Dew ទើបតែចេញពីការិយាល័យរបស់ខ្ញុំទៅអម្បាញ់មិញនេះ ភរិយាខ្ញុំក៏មកដល់។ បុគ្គលិកនៅទីនោះស្ទើរតែទាំងអស់សំលឹងមកភរិយារបស់ខ្ញុំដោយកែវភ្នែកគួរសម និងហាក់ខំបិទបាំងអ្វីមួយនៅពេលដែលពួកគេនិយាយមកកាន់ភរិយារបស់ខ្ញុំ។ នាងហាក់ដូចជាដឹងពីអ្វីមួយ…នាងញញឹមទៅកាន់បុគ្គលិកក្រោមបង្គាប់របស់ខ្ញុំដោយទន់ភ្លន់។ តែខ្ញុំអាចមើលចិត្តដែលកំពុងតែឈឺចាប់របស់នាងធ្លុះ តាមរយៈកែវភ្នែករបស់នាង។
….
Dew បាននិយាយអង្វរខ្ញុំម្តងទៀត “បងសម្លាញ់ សូមបងលែងលះនាងទៅ បានទេ? នោះយើងនឹងអាចរស់នៅជាមួយគ្នាបានយ៉ាងពេញមុខ” ។ ខ្ញុំងក់ក្បាល់យល់ព្រម។ ខ្ញុំដឹងថាខ្ញុំមិនគួររារែកតទៅទៀតទេ។
នៅពេលដែលភរិយាខ្ញុំ កំពុងរៀបចំចានដាក់លើតុបាយ ខ្ញុំក៏ចាប់កាន់ដៃរបស់នាង។ “បងមានការចង់និយាយជាមួយអូន”។ នាងក៏អង្គុយចុះរួចទទួលទានអាហារយ៉ាងស្ងៀមស្ងាត់។ ខ្ញុំបានសំលឹងកែវភ្នែករបស់នាងដែលពោរពេញដោយភាពឈឺចាប់សារជាថ្មី។ ខ្ញុំពិតជាពិបាកនឹងហើបមាត់និយាយទៅកាន់នាងណាស់។ តែខ្ញុំត្រូវតែសម្តែងអោយនាងបានដឹងពីអ្វីដែលនៅក្នុងចិត្តខ្ញុំ។ បងសុំលែងលះនឹងអូន។ ខ្ញុំនិយាយទៅកាន់នាងដោយសំលេងតិចៗ។ នាងហាក់ដូចជាមិនបញ្ចេញប្រតិកម្មអ្វីសោះ ក្រៅពីសួរមកខ្ញុំវិញថា “មកពីហេតុអី?” ។ “បងមិននិយាយលេងទេ” ខ្ញុំនិយាយដោយមិនរវល់ឆ្លើយនឹងសំណួររបស់នាង។ ចំលើយរបស់ខ្ញុំធ្វើអោយនាងខឹងជាខ្លាំង។ នាងគ្រវែងចង្កឹះចោល រួចស្រែកអោយខ្ញុំថា “បងឯងមិនមែនជាមនុស្សប្រុសទេ!” ។ នៅរាត្រីនោះយើងមិនបាននិយាយស្តីរកគ្នាឡើយ។ នាងយំខ្សឹកខ្សួលជាខ្លាំង។ ខ្ញុំដឹងថានាងពិតជាចង់ដឹងពីមូលហេតុខ្លាំងណាស់។ តែខ្ញុំពិតជាពិបាកនឹងផ្តល់ចំលើយដល់នាងណាស់ ព្រោះមូលហេតុនោះគឺបណ្តាលមកពីបេះដូងរបស់ខ្ញុំ ខ្ញុំបានប្រគល់ទៅអោយនារីផ្សេងហើយ។
ខ្ញុំបានរៀបចំសរសេរលិខិតលែងលះ ដោយអារម្មណ៍ដែលគិតថាខ្លួនមានកំហុសធ្ងន់ធ្ងរ។ ខ្ញុំប្រគល់ផ្ទះ ឡាន និង ភាគហ៊ុន៣០%នៃក្រុមហ៊ុនរបស់ខ្ញុំអោយទៅនាង។ នាងសំលឹងមើលពង្រាងនៃលិខិតលែងលះនោះ រួចហើយក៏ហែកវាជាបំណែកតូចៗ។ ខ្ញុំពិតជាមានការឈឺចាប់យ៉ាងខ្លាំង។ នារីម្នាក់ដែលខ្ញុំធ្លាប់រស់នៅជាមួយអស់រយៈពេល១០ឆ្នាំ នឹងក្លាយជាអ្នកដទៃក្នុងពេលដ៏ខ្លីខាងមុខ។ តែខ្ញុំមិនអាចកែប្រែសំដីបស់ខ្លួនបានឡើយ។ ទីបំផុតនាងបានស្រែកយំខ្លាំងៗនៅចំពោះមុខខ្ញុំ ដែលនោះជាអ្វីដែលខ្ញុំចង់ឃើញ។ សំរាប់ខ្ញុំការយំរបស់នាងគឺជាវិធីមួយដើម្បីបន្ធូរភាពតានតឹងក្នុងចិត្ត។ គំនិតលែងលះដែលធ្វើអោយខ្ញុំខ្វាយខ្វល់អស់ជាច្រើនសប្តាហ៍មកនោះ ពេលនេះត្រូវបានលើកឡើងមកយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់។
យប់នោះ ខ្ញុំត្រលប់ទៅផ្ទះយប់ជ្រៅបន្តិចដោយជាប់នាំអតិថិជនទៅញ៉ាំអាហារ។ ខ្ញុំឃើញនាងអង្គុយសរសេរ។ ខ្ញុំក៏គេងលក់ទៅ។ ពេលភ្ញាក់ដឹងខ្លួនម្តង ខ្ញុំឃើញនាងនៅនឹងតុដដែល។ ខ្ញុំក៏បែរចេញរួចគេងលក់ទៀតទៅ។ នាងបានយកលក្ខខណ្ឌលែងលះមកអោយខ្ញុំ។ នាងមិនចង់បានអ្វីពីខ្ញុំទេ។ ប៉ុន្តែខ្ញុំត្រូវផ្តល់ពេលវេលាដល់នាង១ខែមុនពេលលែងលះ។ ហើយក្នុងកំឡុងពេលនោះ យើងត្រូវតែនៅក្នុងសភាពជាប្តីប្រពន្ធតាមធម្មតា តាមដែលអាចទៅបាន។ ហេតុផលរបស់នាងគឺសាមញ្ញបំផុត។ កូនរបស់យើងនឹងឈប់វិស្សមកាលរដូវក្តៅក្នុងពេល១ខែទៀត។ ក្នុងកំឡុងពេលនេះខ្ញុំមិនចង់អោយគេឃើញថាយើងនឹងលែងលះគ្នាឡើយ។ នាងបានយកហុចលក្ខខណ្ឌពង្រាងនោះមកអោយខ្ញុំ ហើយសួរខ្ញុំថា “តើបងនៅចាំបានទេថាតើអូនចូលមកក្នុងបន្ទប់កូនក្រមុំរបៀបណានៅថ្ងៃរៀបការរបស់យើង?” សំនួរនេះបានធ្វើអោយខ្ញុំនឹកដល់អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនោះមួយរំពេច។ ខ្ញុំងក់ក្បាលរួចឆ្លើយថា “បងចាំ”។ នាងបន្តថា “ពេលនោះបងបានបីអូននៅក្នុងដៃ…” ដូច្នេះអូនមានសំណូមពរមួយ គឺថា សូមបងបីអូននៅក្នុងដៃនៅថ្ងៃដែលយើងលែងលះគ្នា។ ចាប់ថ្ងៃនេះទៅរហូតចុងខែ បងត្រូវបីអូនចេញពីបន្ទប់ជារៀងរាល់ព្រឹក។ ខ្ញុំក៏យល់ព្រមដោយទឹកមុខញញឹម។ ខ្ញុំដឹងថានាងនឹកដល់ភាពផ្អែមល្ហែមរវាងយើងទាំងពីរនិងចង់អោយអាពាហ៍ពិពាហ៍នេះបញ្ចប់ទៅដោយភាពស្រស់ថ្លាដដែល។
ខ្ញុំនិយាយរឿងនេះប្រាប់ Dew។ នាងសើចចំអកយ៉ាងខ្លាំងនិងគិតថានេះជាលក្ខខណ្ឌដ៏ល្ងង់ខ្លៅមួយ។ Dew និយាយបែបប្រមាថថា “ទោះបីជានាងខំប្រឹងយ៉ាងណាក៏លទ្ធផលគឺនៅតែលែងលះដដែល”។ ពាក្យសំដឺរបស់នាងហាក់ដូចជាធ្វើអោយខ្ញុំមិនពេញចិត្តនិងមានអារម្មណ៍មិនសូវល្អសោះ។
ភរិយាខ្ញុំនិងខ្ញុំមិនដែលបានប៉ះពាល់ខ្លួនប្រាណគ្នាទាល់តែសោះ ចាប់តាំងពីថ្ងៃដែលប្រធានបទលែងលះត្រូវបានលើកឡើង។ មិនតែប៉ុណ្ណោះធ្វើដូចអ្នកដទៃដាក់គ្នាទៅវិញទៅមក។ ដូច្នេះហើយ នៅថ្ងៃទីមួយដែលខ្ញុំបីនាង យើងទាំង២ហាក់ដូចជាឆ្គងយ៉ាងម៉េចមិនដឹងទេ។ កូនប្រុសរបស់ពួកយើងគេទះដៃពីក្រោយ រួចស្រែកថា “ប៉ាបីម៉ាក់!!”។ ពាក្យនេះធ្វើអោយខ្ញុំហាក់មានអារម្មណ៍ក្តុកក្តួល។ ចាប់តាំងពីបន្ទប់គេងមកដល់បន្ទប់ទទួលភ្ញៀវ រួចរហូតដល់មាត់ទ្វារ ខ្ញុំបីនាងនៅក្នុងដៃដើរប្រហែលជា១០ម៉ែត្រ។ នាងបិទភ្នែករួចនិយាយតិចៗថា “យើងចាប់ផ្តើមពីថ្ងៃនេះ…ហើយកុំនិយាយអោយកូនដឹង”។ ខ្ញុំងក់ក្បាល ដោយអារម្មណ៍រកាំចិត្តតិចតួច។ ខ្ញុំដាក់នាងចុះនៅមាត់ទ្វារ រួចនាងក៏ចេញទៅចាំរថយន្តក្រុង។ ខ្ញុំក៏បើកឡានមកការិយាល័យដែរ។
ថ្ងៃបន្ទាប់ យើងទាំង២ដូចជាសម្តែងបានងាយជាមុន។ នាងបានផ្អែកមកទ្រូងខ្ញុំ។ យើងនៅជិតគ្នាបំផុតដែលធ្វើអោយខ្ញុំអាចស្រង់ក្លិនទឹកអប់ដែលជាប់នឹងអាវរបស់នាង។ ខ្ញុំហាក់ដឹងថាខ្ញុំខានសំលឹងភរិយារបស់ខ្ញុំដោយយកចិត្តទុកដាក់បែបនេះយូរមកហើយ។ ខ្ញុំឃើញនាងមិនមែនក្មេងដូចមុនទៀតទេ។ នៅលើមុខរបស់នាងចាប់ផ្តើមមានស្នាមជ្រួញ។
នៅថ្ងៃទី៣នាងបានខ្សឹបដាក់ត្រចៀកខ្ញុំថា “សួនខាងមុខគេកំពុងជួសជុល។ សូមបងប្រយ័ត្នផងនៅពេលបីអូនកាត់ទីនោះ។”
នៅថ្ងៃទី៤ នៅពេលដែលខ្ញុំលើកនាងបី ខ្ញុំហាក់គិតថាយើងនៅតែជាប្តីប្រពន្ធដែលល្អូកល្អើននឹងគ្នាដដែល។ ខ្ញុំបីនាងផ្អឹបនឹងទ្រូង។ ខ្ញុំចាប់ផ្តើមស្រពិចស្រពិលអំពីរឿង Dew ។
នៅថ្ងៃទី៥ និងទី៦ នាងនៅតែរំលឹកខ្ញុំពីរឿងមួយចំនួនដូចជា អាវរបស់ខ្ញុំដែលនាងអ៊ុតហើយនាងដាក់នៅកន្លែងណា…ប្រាប់ខ្ញុំអោយប្រយ័ត្ននៅពេលចំងិនអាហារជាដើម។ ខ្ញុំងក់ក្បាល។ ភាពស្និទ្ធស្នាលរវាងយើងទាំង២កាន់តែរីកចំរើនឡើងពីមួយថ្ងៃទៅមួយគ្នា។
ខ្ញុំមិនបានប្រាប់ Dew ពីរឿងនេះទេ។
ខ្ញុំមានអារម្មណ៍ថាដូចជាបីនាងធូរជាងមុន។ នេះប្រហែលមកពីខ្ញុំបីនាងរាល់ថ្ងៃទើបបានជាខ្ញុំខ្លាំងជាមុន។ ខ្ញុំនិយាយប្រាប់នាងថា “បងឥឡូវបីអូនមិនយ៉ាប់ដូចមុនសោះ!” ។ នាងរើសសំលៀកបំពាក់សំរាប់ស្លៀកថ្ងៃនេះ។ ខ្ញុំឈរចាំបីនាង។ នាងសាកលខោអាវ ពីរ បីហើយតែដូចជារកមិនបានខោអាវដែលត្រូវចិត្តសោះ។ រួចហើយនាងដកដង្ហើមធំ ហើយនិយាយថា “សំលៀកបំពាក់របស់ខ្ញុំដូចជាធាត់ៗជាងមុន…”។ ខ្ញុំញញឹម។ តែរំពេចនោះខ្ញុំក៏ដឹងខ្លួនថា ដោយសារតែនាងស្គមជាងមុនទេ ទើបខ្ញុំអាចបីនាងងាយជាងមុន មិនមែនដោយសារខ្ញុំធ្លាប់បីញឹកញាប់ ឬខ្ញុំខ្លាំងជាងមុននោះទេ។
ខ្ញុំដឹងថាបេះដូងរបស់នាងបង្កប់នូវភាពជូរចត់ដែលមិនអាចរកអ្វីប្រៀបបាន។ ខ្ញុំក្រៀមក្រំចិត្តនិងមានអារម្មណ៍ឈឺចាប់សារជាថ្មី។ ខ្ញុំក៏យកដៃអង្អែលក្បាលនាង។ ពេលនោះកូនប្រុសរបស់យើងមកទាន់រួចគេនិយាយថា “ប៉ាដល់ពេលបីម៉ាក់ហើយ!”។ សំរាប់គេការឃើញខ្ញុំបីម្តាយរបស់គេ ហាក់ដូចជាសកម្មភាពមួយដែលសំខាន់សំរាប់ជីវិតគេ។ ភរិយាខ្ញុំក៏បក់ដៃហៅកូនមកជិតហើយអោបគេយ៉ាងណែន។ ខ្ញុំងាកមុខចេញ ខ្ញុំខ្លាចថាខ្ញុំត្រូវប្តូរចិត្តនៅនាទីចុងក្រោយ។ ខ្ញុំក៏បីនាងតាមទំលាប់ចេញពីបន្ទប់គេង កាត់តាមបន្ទប់ទទួលភ្ញៀវទៅកាន់ទ្វារចេញ។ ដៃរបស់នាងអោបករបស់ខ្ញុំ។ ខ្ញុំបីនាងយ៉ាងណែនដូចជាយើងកំពុងតែត្រលប់ទៅកាលពីពេលរៀបការថ្មីៗ។ តែទំងន់របស់នាងដែលកាន់តែស្រាលទៅស្រាលទៅនេះ ធ្វើអោយខ្ញុំបារម្ភយ៉ាងខ្លាំង។
នៅថ្ងៃចុងក្រោយ នៅពេលដែលខ្ញុំបីនាង ខ្ញុំហាក់ដូចជាពិបាកឈានជើងទៅមុខខ្លាំងណាស់។ កុនរបស់យើងទៅសាលាបាត់ហើយ។ នាងនិយាយថា “តាមពិតទៅអូនចង់អោយបងបីអូនបែបនេះរហូតដល់ចាស់ខ្លាំងណាស់”។ ខ្ញុំបីនាងយ៉ាងណែនរួចនិយាយថា “ទាំងអូននិងបង យើងមិនបានយកចិត្តទុកដាក់ថាយើងបាត់បងភាពស្និទ្ធស្នាលនឹងគ្នាទេ…”។
រួចខ្ញុំក៏ឡើងឡាននិងបើកចេញទៅយ៉ាងរហ័សដោយមិនបានចាក់សោរទ្វារផង។ ខ្ញុំខ្លាចការបង្អង់យូរធ្វើអោយខ្ញុំប្តូរចិត្ត។ ខ្ញុំឡើងទៅជាន់លើ។ Dew បើកទ្វារ។ ខ្ញុំនិយាយទៅនាងថា “សុះទោស Dew ខ្ញុំមិនអាចលែងលះភរិយាខ្ញុំបានឡើយ”។ ខ្ញុំមិនមែននិយាយលេងទេ។ Dew សំលឹងមុខខ្ញុំដោយងឿងឆ្ងល់។ នាងស្ទាបក្បាលខ្ញុំហើយនិយាយថា “បងឯងដូចជាមិនគ្រុនទេ…”។ ខ្ញុំដកដៃនាងចេញពីថ្ងាសខ្ញុំ ហើយនិយាយម្តងទៀតថា “សុះទោស Dew ខ្ញុំមិនអាចលែងលះភរិយាខ្ញុំបានឡើយ។ ខ្ញុំពិតជាមិនដឹងនិយាយថាម៉េចក្រៅពីសុំទោសឡើយ។ ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំមានភាពធុញទ្រាន់គឺមកពីខ្ញុំនិងភរិយាខ្ញុំមិនបានផ្តល់តំលៃដល់ភាពស្និទ្ធស្នាលនឹងគ្នា មិនមែនមកពីយើងមិនស្រលាញ់គ្នាឡើយ។ ឥឡូវខ្ញុំបានដឹងថា ចាប់តាំងពីពេលដែលខ្ញុំបីនាងចូលក្នុងផ្ទះជាលើកដំបូង នាងបានបង្កើតកូនសំរាប់ខ្ញុំ….ខ្ញុំត្រូវតែបីនាងរហូតដល់ពួកយើងចាស់រៀងៗខ្លួន។ ដូច្នេះខ្ញុំត្រូវតែសុំទោសអូន Dew” ។
Dew ហាក់ដូចជាភ្ញាក់ខ្លួន។ នាងទះកំភ្លៀងខ្ញុំមួយដៃយ៉ាងខ្លាំងរួចទាញទ្វារបិទនិងស្រែកយំយ៉ាងខ្លាំង។ ខ្ញុំក៏ចុះមកក្រោមហើយបើកឡានទៅការិយាល័យទៅ។
នៅពេលដែលខ្ញុំបើកឡានកាត់ហាងផ្កា ខ្ញុំក៏ឈប់ទិញផ្កាមួយបាច់ដែលភរិយាខ្ញុំចូលចិត្តសំរាប់ជូននាង។ អ្នកលក់បានអោយខ្ញុំសរសេរពាក្យជូនពរនៅលើកាតដែលដាក់ក្នុងបាច់់ផ្កានោះ។ ខ្ញុំញញឹមរួចក៏សរសេរ “បងនឹងបីអូនជារៀងរាល់ព្រឹករហូតដល់ពួកយើងចាស់កោងខ្នង។”


It’s so meaning full.
yeah…
So so cool….meaningful. I love to read it.:-)
រឿងខ្លី?
ប្រវែងហ្នឹងហៅថារឿងខ្លីហើយ
Hello bong! do you have this story in version of English? Because my friend who live in abroad, he can not read in Khmer. I want to share this story with him because his family nearly the same to this story.
Hi onn,
Please check it in this link :
http://www.pokharacity.com/love-stories.php?subaction=showfull&id=1282164473&archive=&start_from=&ucat=75&
I like this story nas. i always think that if one day the one that i love change his mind to love other girl like the man in this story, wat should i do to make him to love me like before. if this story is the real story hope that from now on they can live in happiness forever. and i hope i can live in happiness wit the one that i love like this forever too.
I love this story too…Let’s wish that our man will never change his mind and live with us forever
Yes i hope too.
But i used to read a story,similar to this one.but the wife had new lover and the husband asked for 3months to reunite again.During 3 months the wife tried to kill her husband.At the end of 3 months,she succeeded,got all her husband’s money and married new lover.
That’s cruel!
In the end of that story,her new lover was afraid of her to treat him like her ex-husband,he tried to kill her.And that woman thought the same and tried to kill the man.
Really cruel!
ខ្ញុំធ្លាប់អានរឿងប្រហាក់ប្រហែលនេះជាភាសាអង់គ្លេស ដែលប្រពន្ធបុរសនោះបានដឹងថាប្តីស្រលាញ់ស្រីផ្សេងអស់រយៈពេលរាប់ឆ្នាំ ហើយទីបញ្ចប់សាច់រឿងខុសគ្នា គឺភរិយារបស់បុរសនោះបានស្លាប់ ក្រោយពីស្រកទំងន់កាន់តែស្រាលទៅៗ ដោយសារមានជំងឺមហារីកដែលកើតពីទុក្ខសោកគ្រាំគ្រាចិត្តតាំងពីពេលដឹងថាប្តីស្រលាញ់ស្រីផ្សេង ។ ពេលបុរសនោះដឹងខ្លួនថាខ្លួននៅស្រលាញ់ប្រពន្ធ ហើយចាកចេញពីស្រីកំណាន់ទៅរកប្រពន្ធវិញ អ្វីៗវាហួសពេលទៅហើយ ។
កំសត់ដល់ហើយ!
Very good story. I am not sure this is a true story or a fake one. In any event, I like the story. It teaches us a lot. Cheers, Mao
I have no idea too. But I a meaningful story!
i like this story so much, it so meaningful. i think his wife really sensitive to find a good resolution for her problem and successful with her aim to get a happiness family.
She is a patient woman!