នៅចុងសវ. ទី២០ ទស្សនាវដ្ដី Time បានចាត់ទុកថា អាល់ប៊ែ អាញស្តាញជាមនុស្សប្រចាំសតវត្សរ៍។ គាត់ជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតហើយបានទទួលរង្វាន់ណូបែលនៅឆ្នាំ១៩២១ ផ្នែករូបវិទ្យាតាមរយៈស្នាដៃស្រាវជ្រាវរបស់គាត់លើផលផូតូអគ្គិសនី (សិក្សាអំពីលក្ខណៈរបស់ពន្លឺ)។
អាញស្តាញបានចេញភេភ័រ (paper) ល្បីៗចំនួនប្រាំក្នុងរយៈពេលតែមួយឆ្នាំ ក្នុងពេលដែលអ្នកឯទៀត មួយឆ្នាំអាចចេញភេភ័រល្បីបានតែមួយចាត់ទុកថាមហាប្រសើរទៅហើយនោះ។
គាត់ជាអ្នកប្រាជ្ញដ៏ល្បីយ៉ាងនេះទៅហើយ តែមានរឿងដែលគេនិយាយតៗគ្នាមកថា គាត់ជាសិស្សខ្សោយម្នាក់នៅក្នុងថ្នាក់។
តាមពិតទៅរឿងអាញស្តាញជាសិស្សខ្សោយនេះ គ្រាន់តែជារឿងប្រឌិតមួយតែប៉ុណ្ណោះ។ អាញស្តាញតាមពិតជាសិស្សដ៏ពូកែម្នាក់។
អាញស្តាញបានចូលរៀននៅអាយុ៧ឆ្នាំ នៅក្រុងមុយនិច។ នៅអាយុ១២ឆ្នាំ អាញស្តាញបានរៀនអំពីគណិតវិភាគទៅហើយ (លីមីត ដេរីវេ អាំងតេក្រាល) ដែលជាធម្មតាមេរៀននេះសម្រាប់តែក្មេងអាយុចាប់ពី១៥ឡើងតែប៉ុណ្ណោះ (បើនៅស្រុកខ្មែរ គឺត្រូវនឹងថ្នាក់ទី១២)។ អាញស្តាញជាសិស្សពូកែផ្នែកវិទ្យាសាស្ត្រ តែមិនសូវពូកែផ្នែកផ្សេងទៀតដែលមិនទាក់ទងនឹងគណិតវិទ្យាទេ។ ម្ដាយរបស់អាញស្តាញបានជំរុញឱ្យអាញស្តាញរៀនវីយ៉ូឡុង ហើយអាញស្តាញចេះកូតវីយ៉ូឡុងបានយ៉ាងល្អ។
នៅឆ្នាំ១៨៩៥ អាញស្តាញប្រលងចូលសាលាដ៏ល្បីគឺ Federal Polytechnic School នៅហ្ស៊ុយរិចប្រទេសស្វ៊ីស។ នៅពេលនោះគាត់មានអាយុ១៦ឆ្នាំ ដែលក្មេងជាងបណ្ដាបេក្ខជនផ្សេងទៀតពីរឆ្នាំ។ គាត់ធ្វើវិញ្ញាសារូបវិទ្យានិងគណិតវិទ្យាបានយ៉ាងល្អប្រសើរ តែគាត់ធ្លាក់មុខវិជ្ជាដែលមិនមែនជាស្យង់ ជាពិសេសភាសាបារាំង ដូច្នេះ គាត់មិនបានចូលរៀនសាលានោះទេ។ នៅឆ្នាំដដែល គាត់បានបន្តការសិក្សានៅសាលាមួយនៅ Aargau។ គាត់រៀនបានពិន្ទុយ៉ាងល្អ ហើយបន្ទាប់មកក៏ប្រលងជាប់ចូលរៀននៅ Federal Polytechnic School នៅហ្ស៊ុយរិច។
ដូច្នេះមានន័យថា អាញស្តាញមិនបានរៀនធ្លាក់នៅវិទ្យាល័យទេ ហើយក៏មិនមែនជាសិស្សខ្សោយដែរ។
ដូច្នេះតើរឿងដែលនិយាយថា អាញស្តាញជាសិស្សខ្សោយកើតចេញពីណាមក?
នៅឆ្នាំ១៨៩៦ ដែលជាឆ្នាំចុងក្រោយរបស់អាញស្តាញនៅសាលានៅ Aargau ប្រព័ន្ធពិន្ទុរបស់សាលាបានផ្លាស់ប្ដូរ។ កាលពីមុន ពិន្ទុលេខ៦ មានន័យថាជាពិន្ទុខ្សោយបំផុត បន្ទាប់មកត្រលប់ជាពិន្ទុល្អបំផុតវិញ។ អាញស្តាញមុនការផ្លាស់ប្ដូរប្រព័ន្ធនេះ ក្នុងមុខវិជ្ជាភាគច្រើន គាត់ទទួលបានពិន្ទុលេខ១ មានន័យថាពិន្ទុល្អបំផុត។ ដូច្នេះក្រោយពេលប្រព័ន្ធផ្លាស់ប្ដូរ ពិន្ទុរបស់គាត់នេះមានន័យថាធ្លាក់ទៅវិញ។ ដូច្នេះបានជាគេយល់ច្រលំថាគាត់ជាសិស្សខ្សោយ។
————–
(Source: Einstein Failed School, By Karl S. Kruszelnicki)

ពួកម៉ាក….សុខសប្បាយទេ
ហើយនរណាគេហ្នឹង?
ពិតជាពិរោះណាស់ លោកគ្រូសរសេរខ្លីពេកអំពីលោកអាញស្ដាញ ការពិតគាត់នៅមានរឿងដ៏អស្ចារ្យច្រើនទៀត