បុណ្យហាជ្ជៈ របស់អ៊ីស្លាម

ហាជ្ជៈ ​ជាពិធីធម្មយាត្រាទៅកាន់ ម៉ិចកា (Mecca) (ខេត្តម៉ិចកា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត)។ វាជាពិធីធម្មយាត្រា​ដ៏ធំបំផុត​លើ​លោកប្រចាំឆ្នាំ និងជា​កាតព្វកិច្ចទីប្រាំ​ក្នុងសាសនា​អ៊ីស្លាម មានន័យថា​ជាកិច្ចការចាំបាច់ដែលត្រូវ​តែ​ធ្វើ​អោយ​បាន​យ៉ាង​ហោចណាស់ម្តង​ក្នុង​មួយ​ជីវិត បើសិន​ជាមាន​លទ្ធភាព។

ពិធី​ធម្មយាត្រា​នេះប្រារព្វធ្វើនៅថ្ងៃទី៧ដល់ទី១៣​នៃខែ Dhu al-Hijjah ដែល​ជា​ខែទី១២ ក្នុងប្រក្រតីទិន​អ៊ីស្លាម។ ប្រក្រតីទិន​អ៊ីស្លាមផ្អែក​លើ​ប្រព័ន្ធចន្ទគតិ ដូច្នេះបើ​គិត​តាម​ប្រព័ន្ធសុរិយគតិ ជួនកាល​ប៉ះចំខែធ្នូ ជួនកាលខែវិច្ឆិកា។

ពិធីបុណ្យ​ជាកិច្ច​រំលឹក​ដល់​ភក្តីភាព​របស់ អ៊ីប្រាហ៊ីម រឺអាប្រាហាម កាលពី​ប៉ុន្មាន​ពាន់ឆ្នាំ​មុន។

សាសនិក​អ៊ីស្លាម​ត្រូវដើរ​ជុំវិញកាបោះ (Ka’bah), អគារ​រាងគូប, ៧ជុំ តាមទិស​ផ្ទុយពីទ្រនិចនាឡិកា, ថើបថ្ម​ខ្មៅឋិតនៅ​ជ្រុងរបស់ កាបោះ ; រត់ទៅមករវាង​ជ្រលង អាល់សាហ្វា (Al-safa) និងអាល់ម៉ារវ៉ោះ ( Al-Marwah) ; ទទួលទាន​ទឹកអណ្ដូង Zamzam ; ត្រលប់ទៅទំនាប​ភ្នំអារ៉ាហ្វាត (Arafat) ដើម្បីទៅ​ឈរ​យាម​នៅទីនោះ ; និងគប់​ថ្មបណ្ដេញបិសាច។ បន្ទាប់មក​ពួកគេ​កោរសក់ រួចបូជាសត្វ និងប្រារព្វពិធី​បុណ្យបី​ថ្ងៃ ដែលហៅថា Eid al-Adha ។

 Mecca,_Saudi_Arabia

ប្រវត្តិ

កាល​ពីបួនពាន់ឆ្នាំ​មុន​ជ្រលង​ម៉ិចកា​ជាកន្លែងរាំងស្ងួត​គ្មានមនុស្ស​រស់នៅ។ តាមប្រវត្តិអ៊ីស្លាម ព្យាការី​ (អ្នក​នាំសារ​ពី​ព្រះ) អ៊ីប្រាហ៊ីម ត្រូវបាន​ព្រះបញ្ជា​អោយយកប្រពន្ធឈ្មោះ ហាចារ (Hajar) និងកូនឈ្មោះ អ៊ីស្មាអ៊ែល (Ismael) ចេញ​ពីទឹកដីកាណាន មកបោះបង់ចោលនៅ​ ​អារ៉ាប៊ី។

នៅពេល​ដែល​អ៊ីប្រាហ៊ីមត្រៀមខ្លួនជាស្រេច​នឹងត្រលប់មកកាន់កាណាន​វិញ នាងហាចារក៏សួរគាត់ថា « តើនរណា​បញ្ជា​បង​អោយនាំ​អូននិងកូនមក​ចោល​នៅទីនេះ? »

នៅពេលនោះអ៊ីប្រាហ៊ីមតបថា “ គឺអាឡោះ ”

នាងហាចារ​ក៏តបថា​ “អញ្ចឹង​ព្រះ​អាឡោះ​មិន​បំភ្លេច​យើងទេ បង​អាច​ទៅបាន”

ថ្វីបើ​អ៊ីប្រាហ៊ីម​បានទុកស្បៀង​អាហារ​និងទឹក​យ៉ាងច្រើន​ដល់នាងហាចារនិងកូន​ក្ដី តែស្បៀង​អាហារ​ទាំងនោះ​មិន​គ្រប់គ្រាន់ទេ។ តែប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ ពួកគេ​ចាប់​​ផ្ដើម​ដាច់ស្បៀង និងទឹក។

 

នាងហាចារ​ដែល​អស់​សង្ឃឹម​បាន​រត់ចុះឡើង​រវាង​ជ្រលង​សាហ្វានិងម៉ារវ៉ោះ ចំនួន​ប្រាំពីរដង ដើម្បី​ស្វែង​រក​ទឹក។ ទីបំផុត​នាងក៏ទន់​ជើង​ដួលក្បែរកូនប្រុស ​អ៊ីស្មាអ៊ែល​របស់នាង។ ពេលនោះ​នាងក៏បួង​សួង​ដល់​ព្រះ​អាឡោះ​សុំអោយ​ព្រះអង្គ​ជួយ។

អ៊ីស្មាអ៊ែល​យកជើង​ជាន់ដី ក៏ផុស​ចេញ​ទឹកមក។ (អ្នកខ្លះនិយាយថា ទេវតាជីប្រ៊ែល ជា​អ្នកបំបែកដី​អោយចេញ​ទឹកមកក្រៅ។)

ដោយសារ​ទឹក​នេះ​ពួកគេ​មិនត្រឹម​តែផ្គត់ផ្គង់​តំរូវការ​របស់​ខ្លួន​គ្រប់​គ្រាន់​ប៉ុណ្ណោះទេ ពួក​គេ​ថែម​ទាំង​អាច​លក់ទឹកនេះ​ដល់​អ្នក​ដំនើរ​ទៅមក ដើម្បីប្ដូរ​ជា​ស្បៀង​បន្ថែម​ទៀយផង។

នៅ​ពេល​ដែល​អ៊ីប្រាហ៊ីម​ត្រលប់មក​ពីកាណាន​ដើម្បីមក​មើល​គ្រួសារ គាត់ត្រេក​អរ​ជា​ខ្លាំង​ដោយ​ឃើញ​ពួក​គេមាន​អណ្ដូងសំរាប់​ធ្វើ​ជំនួញ។

អ៊ីប្រាហ៊ីម​ត្រូវ​បាន​ព្រះបញ្ជា​អោយ​សង់​អាស្រម​មួយ​នៅ​ជាប់នឹង​អណ្ដូង​របស់​ហាចារ (អណ្ដូង Zamzam) ដើម្បីជាការបូជា​ដល់​ទ្រង់។

អ៊ីប្រាហ៊ីមនិង​អ៊ីស្មាអ៊ែល បានសង់​សំនង់ថ្មមួយ គឺ កាបោះ ។

មាន​ថ្ងៃមួយ​នោះ​ដើម្បី​ជាការ​សាកល្បង​ដល់ភក្ដីភាព​របស់អ៊ីប្រាហ៊ីម ចំពោះ​ព្រះ​ជា​ម្ចាស់ ព្រះ​អង្គ​បាន​បញ្ជា​អោយអ៊ីប្រាហ៊ីម បូជា​វត្ថុ​ដែល​ខ្លួន​ស្រលាញ់​បំផុត គឺកូន​ប្រុស​តែ​មួយ​របស់គាត់។

បន្ទាប់​ពី​បាន​ទទួលបញ្ជានេះ​ភ្លាម អ៊ីប្រាហ៊ីមត្រៀម​ជាស្រេច​​នឹង​ធ្វើតាម។ ក្នុង​ពេល​នោះ​បិសាច​សាតាំង​បាន​ចេញ​មក​ឆាឆៅ។ ហាចារនិង​អ៊ីស្មាអ៊ែល បានបណ្ដេញ​បិសាច​ដោយ​ប្រើ​ដុំ​ថ្ម​គប់។

អ៊ីប្រាហ៊ីម​បានបូជា​កូន​ប្រុស​របស់គាត់ តែកូនប្រុស​របស់គាត់មិន​ស្លាប់ តែគាត់បែរ​ជា​ទៅ​ឃើញ​ចៀម​ស្លាប់ទៅវិញ។ គាត់ប្រុង​សំលាប់កូន​ប្រុស​គាត់​ជាលើក​ទីពីរ តែ​ពេល​នោះ​អាឡោះប្រាប់​គាត់​ថា ការបូជា​នោះ​ចប់សព្វគ្រប់ហើយ។ អ៊ីប្រាហ៊ីម​​បាន​បង្ហាញ​ថា​ភក្ដីភាព​របស់​គាត់​លើ​ព្រះ​ជា​ម្ចាស់​លើសលប់​អ្វីៗ​ទាំង​អស់​។ 

mecca kill
សត្វ​ដែល​ត្រូវ​គេ​សំលាប់ដើម្បី​បូជា​ក្នុងពិធីEid al-Adha នៃហាជ្ជៈ

Related Posts

Speak Your Mind

*