ចូល​ឆ្នាំ​ខ្មែរ ៖ ធ្វើ​ដូច​ជា​​គ្មាន​ក្បួន​គ្មាន​ខ្នាត


មនុស្ស​ស្រី​ជិះ​ទន្សាយ​នេះ​ជា​អ្វី?

នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ គេ​តែង​តំណាល​ប្រាប់​គ្នា​ពី​ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ទាក់​ទង​ដល់​រឿង​កបិល​មហាព្រហ្ម។ រឿង​និទាន​​នោះ មិន​មាន​ទាក់​ទង​អ្វី​នឹង​សត្វ​តំណាង​ឆ្នាំ​ទាំង​១២​ (ជូត ឆ្លូវ ខាល​ ថោះ …) សោះ ។  ឯជំនិះ​របស់​ទេវតា​ប្រចាំ​ឆ្នាំ​ក៏​មិន​មែន​សត្វ​ទាំង​១២ ទៅ​ទៀត ពិត​មែន​តែ​មាន​សត្វ​ខ្លះ​ក្នុង​ចំណោម​សត្វ​ទាំង​១២នេះមែន។

ទៅ​តាម​ថ្ងៃ​ប្រចាំ​សប្ដាហ៍ ឈ្មោះ​ទេវតា​ដែល​ត្រូវ​មក​កាន់​តំណែង​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​កំណត់ ហើយ​ឈ្មោះ​សត្វ​ដែ​ល​ជា​ជំនិះ​គឺ​អាស្រ័យ​ទៅ​តាម​នោះ។
- ថ្ងៃអាទិត្យ : ទេវតា​ឈ្មោះ ទុង្សាទេវី គង់​លើ​គ្រុឌ
- ថ្ងៃចន្ទ : ទេវតា​ឈ្មោះ គោរាគទេវី គង់​លើ ខ្លា
- ថ្ងៃអង្គារ : ទេវតា​ឈ្មោះ រាក្សសាទេវី គង់​លើ សេះ
- ថ្ងៃពុធ : ទេវតា​ឈ្មោះ មណ្ឌាទេវី គង់​លើ លា
- ថ្ងៃព្រហស្បតិ៍ : ទេវតា​ឈ្មោះ កិរិណីទេវី គង់​លើ ដំរី
- ថ្ងៃសុក្រ : ទេវតា​ឈ្មោះ កិមិរាទេវី ក្គង់​លើ ក្របី
- ថ្ងៃសៅរ៍ : ទេវតា​ឈ្មោះ មហោទរាទេវី គង់​លើ ក្ងោក

បើ​ប៉ះ​ចំ​ពេល​ទេវតា​គង់​លើ​សត្វ​ខ្លា មិន​មែន​ប្រាកដ​ថា​ចំ​ឆ្នាំ​ខាល ដែល​ជា​ឆ្នាំ​ខ្លា​នោះ​ទេ។

ដូច្នេះ សត្វ​ទាំង​១២ តំណាង​ឆ្នាំ គ្មាន​អ្វី​ទាក់​ទង​ជា​មួយ​យាន​ជំនិះ​របស់​ទេវតា​នោះ​ទេ។ មិនមែន​ឆ្នាំ​ថោះ(ទន្សាយ)​ ទេវតា​ជិះ​ទន្សាយ ឆ្នាំ​ខាល​(ខ្លា)​ទេវតា​ជិះ​ខ្លា​  ឆ្នាំម្សាញ់ (ពស់) ទេវតា​ជិះ​ពស់​នោះ​ទេ !!!

ដូច្នេះ​សត្វ​ទាំង​១២ នេះ ចេញ​មក​ពី​ក្រហែង​ណា? តើ​រូប​ដែល​គេ​គូរ មនុស្ស​ស្រី​ជិះ​ទន្សាយ​នោះ​ជា​អ្វី? កាល​ពី​ឆ្នាំ​ ខ្លា គេ​គូរ​យក្ស​ជិះខ្លា អាហ្នឹង​ជា​អ្វី​ទៅ​វិញ?

ទេវតា​ប្រចាំ​ឆ្នាំ និង  ពង្ស

(អរគុណ yan ដែល​បាន​រំឮក​ពីចំណុច​នេះ)

នៅ​លើ​រូប​គំនូរ​ពេល​មហាសង្ក្រាន្ត មាន​រូប​ពីរ​ប្រភេទ មួយ​ជា​រូប​ទេវតា តំណាង​ឆ្នាំ​នីមួយៗ ដែល​មាន​ជំនិះ​ជា​សត្វ គ្រុឌ ខ្លា សេះ លា ដំរី ក្របី ក្ងោក ដូច​រៀបរាប់​ខាង​លើ។ រី​ឯ​រូប​មួយ​ទៀត  បង្ហាញ​ពី​ពង្ស​របស់មនុស្ស​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​នីមួយ​ៗ ដែល​អាច​ជា​ទេវតា យក្ស​ ឬ ជា​មនុស្ស ជា​ស្រី ឬ ជា​ប្រុស  ហើយ​មាន​ជំនិះជា​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ នេះ។

  • ឆ្នាំជូត ជា​ពង្ស​ទេវតាប្រុស
  • ឆ្នាំរោង ជា​ពង្ស​ទេវតាប្រុស
  • ឆ្នាំមមី ជា​ពង្ស​ទេវតាស្រី
  • ឆ្នាំមមែ ជា​ពង្ស​ទេវតាស្រី
  • ឆ្ឆ្នាំលូវ ពង្ស​មនុស្សប្រុស
  • ឆ្នាំថោះ ពង្ស​មនុស្សស្រី
  • ឆ្នាំម្សាញ់ ពង្ស​មនុស្សប្រុស
  • ឆ្នាំកុរ ពង្ស​មនុស្សស្រី
  • ឆ្នាំខាល ពង្ស​យក្សស្រី
  • ឆ្នាំវក ពង្ស​យក្សប្រុស
  • ឆ្នាំរកា ពង្ស​យក្សប្រុស
  • ឆ្នាំច ពង្ស​យក្សស្រី

 


ឆ្នាំ​ខាល​ពង្ស​យក្ស​ស្រី​ជិះ​ខ្លា​ ទេវតា​ប្រចាំ​ឆ្នាំ​ជិះលា


ឆ្នាំកុរ ពង្ស​មនុស្ស​ស្រី គេ​គូរ​រូប​ស្រី​ជិះ​ជ្រូក។ ឆ្នាំ​ច​ដែល​ផ្លាស់​ចេញ​ទៅ គេ​គូរ​រូប​យក្ស​ស្រី​​ជិះ​ឆ្កែ ។

[រូប​យក​មក​ពី http://choukhmer.blogsome.com]

 

សំនួរ

- តើ​នរណា​ជា​អ្នក​ទ្រ​ពានដាក់​ក្បាល​កបិល​មហាព្រហ្ម?
- តើ​ទេវតា​ចុះ​មក​នេះ ចុះ​មក​ផែនដី​នៅ​ស្រុក​ខ្មែរ ឬ នៅ​ទី​ណា?
- ឆ្នាំ​នេះ​ ទេវតា​មាន​កាំ​ភ្លើង​កាន់ តើ​កាំ​ភ្លើង​ម៉ាក​អ្វី? ខ្លះ​គូ​កាំ​ភ្លើង​វែង ខ្លះ​គូ​កាំ​ភ្លើង​ខ្លី តើ​អ្វី​ឱ្យ​ប្រាកដ? ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​អ្នក​មាន​ចំណេះ​ដឹង​ខាង​វប្បធម៌ នឹង​ឆ្លៀត​ឱកាស​ណា​មួយ​ ចេញ​មក​បកស្រាយ​ពី​រឿង​នេះ និង រៀបចំ​អ្វី​ៗឱ្យ​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ជៀស​វាង​ការ​ធ្វើ​អ្វី​ៗ​តាម​តែ​ការនឹក​ឃើញ​របស់​មនុស្ស​ម្នាក់ៗ។ មិន​ត្រឹម​តែ​កាំភ្លើង​នេះ​ទេ សូម្បី​តែ​ការ​ស្លៀកពាក់ អាកប្បកិរិយា សូម​ឱ្យ​មាន​ការផ្សព្វផ្សាយ​ឱ្យ​ទូលំ​ទូលាយ​ពី​រូបរាង ទ្រង់​ទ្រាយ ដើម្បី​ជៀស​វាង​វិចិត្រ​ករ​នានា​គូស​វាស​មក​ មាន​ភាព​ខុស​គ្នា។

ទេវតា​កាន់​កំា​ភ្លើង​ខ្លី

[រូប​យក​ពី http://sopheak.wordpress.com/]

ទោះ​ជា​យ៉ាង​ណា រីករាយ​ឆ្នាំ​ថ្មី !!!

Comments

  1. yan says:

    ចំពោះមនុស្សឬក៏យក្សដែលជិះលើឆ្នាំនិមួយនោះ គឺជាពួងរបស់ឆ្នាំនីមួយៗទេ! ដូចជាឆ្នាំជូត ពង្ស ទេវតាប្រុស ឆ្នាំឆ្លូវពង្សមនុស្សប្រុស ឆ្នាំខាលពួងយក្សស្រី ឆ្នាំថោះពង្សមនុស្សស្រី ជាដើម។
    ចំណែកឯទេពធីតាប្រចាំថ្ងៃដែលយាងចុះមកថែរក្សាមនុស្សលោកនោះ គឺគង់សត្វជំនិះប្រចាំខ្លួនដដែលតើ! សូមកុំយល់ច្រលំជាមួយនឹងពង្សរបស់ឆ្នាំនីមួយៗ​ និង ទេពធីតា ជាមួយនឹងសត្វជំនិះ ។

    • មនុស្ស​ឬ យក្ស​ជិះសត្វ​នីមួយៗ តំនាង​អោយ​ពង្សនីមួយៗ ជា​ការ​ត្រឹម​ត្រូវ។

  2. Bonita says:

    ទេវតាដែលចុះចំថ្ងៃច័ន្ទឈ្មោះគោរាគចឹងមែនរឺ???

    • សរសេរ​ចឹង តែ​គេ​ច្រើន​ផ្សំ​នឹង​ពាក្យ ទេវី អាន​ចេញ​ជា​ គោ រៈ គៈ ទេវី។ មិន​មែន គោ-រាក ទេ :D

  3. Bonita says:

    អរគុណដែលបានប្រាប់លោកគ្រូ កុំអីអានខុសបាត់​ :P

  4. sopheaktr says:

    តាម​ពិត​គឺ​រូប​ក្នុង​គម្រប​សៀវភៅ​មហាសង្ក្រាន្ត​នោះ​គឺ​មក​ពី​លោក អ៊ឹម បូរិន្ទ នឹង​ឯង ត្រូវ​បន្ទោស​គាត់​បាន​បាន។ ខ្ញុំ​មិន​ដែល​ទិញ​សៀវភៅ​របស់​គាត់​ទេ។
    គាត់​នឹង​គឺ​ខ្ជីខ្ជា​ណាស់​អា​រឿង​គម្រប​សៀវភៅ​នឹង។ តាម​ពិត​គម្រប​សៀវភៅ​របស់​គាត់​នឹង​មិន​បាន​គូរ​ទេ គឺ​គាត់​កាត​ត​ចម្លង​រាប់​ស៊ិប​ឆ្នាំ​មក​ហើយ។ រូប​ដើម​នឹង​ជាង​១០​ឆ្នាំ​ហើយ គាត់​កាត់​ត​រូប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​រើស​រូប​ណា​ស្រដៀង​ៗ​យក​មក​ដាក់ អញ្ចឹង​ទេ​បាន​ជា​រញ៉​រញ៉ៃ​គ្មាន​សណ្ដាប់​ធ្នាប់​អី​សោះ។ តាម​ពី​ក្បួន​ខ្នាត​គេ​មាន ពី​ម៉ោង​ចុះ​របស់​ទេវតា ម៉ោង​ប៉ុន្មាន​ៗ របៀប​អង្គុយ​ឬ​ឈរ មិន​មែន​ត្រឹម​តែ​ដឹង​ឈ្មោះ​តាម​ថ្ងៃ​ប៉ុណ្ណោះ​ទេ។
    ចំណែក​ឯ​​រូប​ចុង​ក្រោយ​បំផុត​ដែល​ចម្លង​ចេញ​ពី​ប្លក់​ខ្ញុំ​នឹង គឺ​រូប​ខ្ញុំ​កែ​ច្នៃ​ដោយ​ខ្លួន​ឯង​ទេ ព្រោះ​ច្បាប់​របស់​ក្រសួង​ធម្មការ​ដាក់​កាន់​ធ្នូ ខ្ញុំ​កែ​មក​ដាក់​កាន់​កាំភ្លើង។

  5. ជីនិត says:

    មកពីនាំគ្នាកែរដោយមិនមានការពិភាក្សាគ្នាត្រឹមត្រូវហ្នឹងហើយបានជាមានទេវតាកាន់កាំភ្លើង!!!

    • yan says:

      មកពីខ្មែរមួយចំនួនចូលចិត្តគិតថាមានតែខ្លួនឯងទេពូកែគ្មានអ្នកណាចេះស្មើ! ហើយបើពិភាក្សាជាមួយ​គេ ធ្វើឱ្យអ្នកដទៃយល់ថាខ្លួនឯងអន់! ទស្សនៈនេះនឹងធ្វើឱ្យមានច្របូកច្របល់ ហើយគ្មានការរីកចំរើនទៀត!

  6. បើមានទេវតាចុះមកជិះចំឆ្នាំរបស់អ្នក តើអ្នកយល់យ៉ាងម៉េចដែរ?

  7. Soya says:

    ទើប​តែ​ពេលនេះ​ខ្ញុំបាន​ដឹង​ច្បាស់​ថា​រឿង​នេះ​មាន​ន័យ​បែប​នេះ​សោះ។
    អរគុណ​លោកគ្រូ​វិចិត្រ​ដែល​បាន​បង្ហាញ​ប្រាប់​យើង​ទាំងអស់​គ្នា

  8. សូ រិយា says:

    មានទេវតាកាន់កាំភ្លើងមកពីសព្វថ្ងៃនេះ មានមនុស្សអាក្រក់ច្រើន មនុស្សសាហាវច្រើន ខ្លួនជាមនុស្សតែអន់ជាងសត្វទៅទៀត​។​ហេតុដូច្នេះប្រហែលជាទេវតាចង់សំលាប់អ្នកទាំងនោះចោលកុំឲ្យរស់នៅទំងន់ដល់ផែនដី។

Speak Your Mind

*