គីយ៉ូងតុង(Kijŏng-dong) ជាភូមិមួយឋិតនៅចំហៀងខាងជើងនៃតំបន់ដកទ័ពកូរ៉េ។ ឈ្មោះមួយទៀតរបស់ភូមិនេះគឺ ភូមិសន្តិភាព តែអ្នកផ្សេងពីកូរ៉េខាងជើងហៅក្រុងនេះថាភូមិឃោសនា។ គីយ៉ូងដុងជាភូមិមួយក្នុងចំណោមភូមិពីរដែលគេអនុញ្ញាតឱ្យឋិតនៅក្នុងតំបន់ដកទ័ពប្រវែង៤គម ក្រោមសន្ធិសញ្ញាបញ្ឈប់សង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥៣។ ភូមិមួយទៀតដែលជារបស់កូរ៉េខាងត្បូងឈ្មោះ តែសេអុងតុង ដែលឋិតនៅចម្ងាយ២,២២គមពីគ្នា។
បើយោងតាមរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ភូមិនេះមានប្រជាជនរស់នៅជាសហកសិករចំនួន២០០គ្រួសាររស់នៅ ដោយមានមជ្ឈមណ្ឌលថែទាំកុមារ សាលាមតេយ្យ សាលាបឋមសិក្សានិងអនុវិទ្យាល័យ និងមន្ទីរពេទ្យមួយ។ តែបើការសង្កេតពីខាងកូរ៉េខាងត្បូង ភូមិនេះតាមពិតជាភូមិខ្មោចគ្មានមនុស្សរស់នៅ ជាភូមិដែលគេបានបង្កើតឡើងនៅឆ្នាំ១៩៥០ ដើម្បីឃោសនាអូសទាញពួកកូរ៉េខាងត្បូង និងដើម្បីផ្ទុកទាហាន និងបន្ទាយទាហានរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។
ភូមិនេះមានអគារស្នាក់នៅដែលលាបថ្នាំពណ៌ភ្លឺចាំង ជាប្រភេទអគារបេតុងមានច្រើនជាន់ មានបណ្ដាញខ្សែគ្រប់គ្រាន់ ដែលទាំងអស់នេះតំណាងឱ្យភាពជឿនលឿនសម្រាប់តំបន់ជនបទនៅកូរ៉េនាឆ្នាំ១៩៥០ ទាំងចំពោះកូរ៉េខាងជើងនិងខាងត្បូង។ អគារទាំងនោះត្រូវបានគេសាងសង់ឡើងដោយយ៉ាងណាឱ្យដំបូលពណ៌ខៀវភ្លឺ និងផ្នែកពណ៌សរបស់អគារ គេអាចមើលឃើញច្បាស់ពីខាងកូរ៉េខាងត្បូង។ តែដោយប្រើកែវយឹតទំនើប គេអាចពិនិត្យឃើញថា អគារទាំងនោះតាមពិតជាសំបកអគារបេតុងដែលគ្មានកញ្ចក់បង្អួច និងគ្មានបន្ទប់នៅខាងក្នុងសោះ ហើយដែលមានភ្លើងអគ្គិសនីបិទបើកតាមម៉ោងកំណត់មួយ និងដាក់ទីងមោងបញ្ឆោតថាជាពួកពេទ្យជាដើម។
រហូតមកដល់ឆ្នាំ២០០៤ មេក្រូយ៉ាងធំសំបើមត្រូវបានគេដំឡើងនៅលើអគារជាច្រើន ដើម្បីផ្សាយឃោសនាអំពីនយោបាយរបស់កូរ៉េកុំម្មុយនីស្ត អូសទាញពួកកូរ៉េខាងត្បូងឱ្យមកចុះចូល និង រិះគន់នយោបាយពួកលោកខាងលិច ដោយផ្សាយក្នុងមួយថ្ងៃ២០ម៉ោង ! (បើភូមិកមែន ម៉ែអាណារស់នៅកើត មិនថ្លង់គ្រប់គ្នាទៅហើយទេ?)
ដងទង់ជាតិខ្ពស់បំផុតលើលោក ត្រូវបានគេសង់ឡើងនៅត្រង់ច្រកចូលគីយ៉ូងតុង ដែលមានកម្ពស់១៦០ម និងបង្ហោះទង់ជាតិកូរ៉េខាងជើងដែលមានទម្ងន់២៧០គក។ កាលពីមុននេះ សង្គ្រាមដងទង់ជាតិរវាងប្រទេសកូរ៉េទាំងពីរធ្លាប់បានកើតឡើងរួចមកហើយ។ ដងទង់ជាតិនៅ តែសេអុងតុង មានដំឡើងកម្ពស់ដល់១០០ម និងបង្ហោះទង់ជាតិកូរ៉េខាងត្បូងដែលមានទម្ងន់១៣០គក ធ្វើឱ្យកូរ៉េខាងជើងបង្ខំចិត្តប្រឹងធ្វើឱ្យបានខ្ពស់ជាង រហូតដល់ទទួលតំណែងដងទង់ជាតិខ្ពស់ជាងគេលើលោកដូចសព្វថ្ងៃនេះ៕
(http://en.wikipedia.org/wiki/Kij%C5%8Fng-dong)

តែសេអុងតុងជាភូមិរបស់កូរ៉េខាងត្បូងមែនទេ? ដូច្នេះគួរតែបង្ហោះទង់ជាតិកូរ៉េខាងត្បូង មិនមែនកូរ៉េខាងជើងទេ? (បន្ទាត់ទី ៣ រាប់ពីក្រោម)
អរគុណដែលតែងមានអត្ថបទថ្មីៗជានិច្ច។
អរគុណ