គីយ៉ូងតុង៖ ភូមិ​អាថ៌​កំបាំង​របស់​កូរ៉េ​កុំម្មុយនីស្ត​ខាង​ជើង

គីយ៉ូងតុង(Kijŏng-dong) ជា​ភូមិ​​​មួយ​ឋិត​នៅ​ចំហៀង​ខាង​ជើង​នៃ​តំបន់​ដក​ទ័ព​កូរ៉េ​។ ឈ្មោះ​មួយ​ទៀត​របស់​ភូមិ​​នេះ​គឺ ភូមិ​សន្តិភាព តែ​អ្នក​ផ្សេង​ពី​កូរ៉េ​ខាង​ជើង​ហៅ​ក្រុង​នេះ​ថា​ភូមិ​ឃោសនា។ គីយ៉ូងដុង​ជា​ភូមិ​មួយក្នុង​ចំណោម​ភូមិ​ពីរ​ដែល​គេ​អនុញ្ញាត​ឱ្យ​ឋិត​​នៅ​ក្នុង​តំបន់​ដក​ទ័ព​ប្រវែង​៤គម ក្រោម​សន្ធិសញ្ញា​បញ្ឈប់​សង្គ្រាម​កូរ៉េ​ក្នុង​ឆ្នាំ​១៩៥៣។​ ភូមិ​មួយ​ទៀត​ដែល​ជា​របស់​កូរ៉េ​ខាង​ត្បូង​ឈ្មោះ តែសេអុង​តុង ដែល​ឋិត​នៅ​ចម្ងាយ​២,២២​គម​ពី​គ្នា។

បើ​យោង​តាម​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ជើង​ ភូមិនេះ​មាន​ប្រជាជន​រស់​នៅ​ជា​សហ​កសិករ​ចំនួន​​២០០គ្រួសាររស់​នៅ ដោយ​មាន​មជ្ឈមណ្ឌល​ថែទាំ​កុមារ សាលា​មតេយ្យ​ សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​ និង​មន្ទីរ​ពេទ្យ​មួយ។ តែ​បើ​ការ​សង្កេត​ពី​ខាង​កូរ៉េ​ខាង​ត្បូង​ ភូមិ​នេះ​តាម​ពិត​ជា​ភូមិ​ខ្មោច​គ្មាន​មនុស្ស​រស់​នៅ​ ជា​ភូមិ​ដែល​គេ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥០ ដើម្បី​ឃោសនា​​អូសទាញ​ពួក​កូរ៉េ​ខាង​ត្បូង​ និង​ដើម្បី​ផ្ទុក​ទាហាន​ និង​បន្ទាយ​ទាហាន​របស់​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ។

ភូមិ​នេះ​មាន​អគារ​ស្នាក់​នៅ​ដែល​លាប​ថ្នាំ​ពណ៌​ភ្លឺចាំង​ ជាប្រភេទ​អគារ​បេតុង​មាន​ច្រើន​ជាន់ មាន​បណ្ដាញ​ខ្សែគ្រប់​គ្រាន់ ដែល​ទាំង​អស់​នេះ​តំណាង​ឱ្យ​ភាព​ជឿន​លឿន​សម្រាប់​តំបន់​ជនបទ​នៅ​កូរ៉េ​នា​ឆ្នាំ​១៩៥០ ទាំងចំពោះ​កូរ៉េ​ខាង​ជើង​និង​ខាង​ត្បូង។ អគារ​ទាំង​នោះ​ត្រូវ​បាន​គេ​សាងសង់​ឡើង​ដោយ​យ៉ាង​ណា​ឱ្យ​ដំបូល​ពណ៌​ខៀវ​ភ្លឺ​ និង​ផ្នែក​ពណ៌​សរបស់​អគារ​ គេ​អាច​មើល​ឃើញ​ច្បាស់​ពី​ខាង​កូរ៉េ​ខាង​ត្បូង។ តែ​ដោយ​ប្រើ​កែវ​យឹត​ទំនើប គេ​អាច​ពិនិត្យ​ឃើញ​ថា អគារ​ទាំង​នោះ​តាម​ពិត​ជា​សំបក​អគារ​បេតុង​ដែល​​គ្មាន​កញ្ចក់​បង្អួច​ និង​គ្មាន​បន្ទប់​នៅ​ខាង​ក្នុង​សោះ ហើយ​ដែល​មាន​ភ្លើង​អគ្គិសនី​បិទ​បើក​តាម​ម៉ោង​កំណត់​មួយ​ និង​ដាក់​ទីងមោង​បញ្ឆោត​ថា​ជាពួក​ពេទ្យ​ជា​ដើម។

រហូត​មក​ដល់​ឆ្នាំ​២០០៤ មេក្រូ​យ៉ាង​ធំ​សំបើម​ត្រូវ​បាន​គេ​ដំឡើង​នៅ​លើ​អគារ​ជា​ច្រើន​ ដើម្បី​ផ្សាយ​ឃោសនាអំពី​​នយោបាយ​របស់​កូរ៉េ​កុំម្មុយនីស្ត​​ អូស​ទាញ​ពួក​កូរ៉េ​ខាង​ត្បូង​ឱ្យ​មក​ចុះចូល និង រិះគន់នយោបាយ​ពួក​លោក​ខាង​លិច ដោយ​ផ្សាយ​ក្នុង​មួយ​ថ្ងៃ​២០​ម៉ោង ! (បើភូមិក​មែន ម៉ែ​អាណា​រស់​នៅ​កើត​ មិន​ថ្លង់​គ្រប់​គ្នា​ទៅ​ហើយ​ទេ?)

ដងទង់ជាតិ​ខ្ពស់​បំផុត​លើ​លោក ត្រូវ​បាន​គេ​សង់​ឡើង​នៅ​ត្រង់​ច្រក​ចូល​គីយ៉ូងតុង​ ដែល​មាន​កម្ពស់​១៦០ម និង​បង្ហោះ​ទង់​ជាតិ​កូរ៉េ​ខាង​ជើង​ដែល​មាន​ទម្ងន់​២៧០គក។ កាល​ពីមុន​នេះ សង្គ្រាម​ដង​ទង់​ជាតិ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ធ្លាប់​បាន​កើត​ឡើង​រួច​មក​ហើយ។ ដងទង់​ជាតិ​នៅ តែសេអុង​តុង មាន​ដំឡើង​កម្ពស់​ដល់​១០០ម និង​​បង្ហោះ​ទង់​ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ទម្ងន់​១៣០គក ធ្វើ​ឱ្យ​កូរ៉េខាង​ជើង​បង្ខំ​ចិត្ត​ប្រឹង​ធ្វើ​ឱ្យ​បាន​ខ្ពស់​ជាង​ រហូត​ដល់​ទទួល​តំណែង​ដងទង់​ជាតិ​ខ្ពស់​ជាង​គេ​លើ​លោក​ដូច​សព្វ​ថ្ងៃ​នេះ​៕

(http://en.wikipedia.org/wiki/Kij%C5%8Fng-dong)

Related Posts

  • Champei

    តែសេអុងតុងជាភូមិរបស់កូរ៉េខាងត្បូងមែនទេ? ដូច្នេះគួរតែបង្ហោះទង់ជាតិ​កូរ៉េខាងត្បូង មិនមែនកូរ៉េខាងជើងទេ? (បន្ទាត់ទី ៣​ រាប់ពីក្រោម)
    អរគុណដែលតែងមានអត្ថបទថ្មីៗជានិច្ច។

    • វិចិត្រ

      អរគុណ