សាកលវិទ្យាល័យខេមរៈបានផ្ដល់អាហារូបករណ៍ដល់ យុវតី តោ គឹមស៊ី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទទួលនិទ្ទេស Aតែម្នាក់ឯងឲ្យបានទទួលអាហារូបករណ៍ទៅសិក្សាយកសញ្ញាបត្រថ្នាក់ បណ្ឌិតនៅប្រទេសអាល្លឺម៉ង់។
លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈបាននិយាយឲ្យដឹងកាលពីចុង សប្ដាហ៍កន្លងមកថា តាមរយៈសហគមន៍អ្នកគណិតវិទ្យាកម្ពុជាបានទទួលការឆ្លើយតបពីសាលា គណិតវិទ្យាជាន់ខ្ពស់ទីក្រុងប៊ែរឡាំង ដែលបានសម្រេចផ្ដល់អាហារូបករណ៍ដល់យុវតី តោ គឹមស៊ី ឲ្យទៅសិក្សានៅទីនោះ នៅឆ្នាំសិក្សា២០១០-២០១១នេះ។
លោកបន្តថា «តាមគម្រោងយុវតី តោ គឹមស៊ី ត្រូវទៅសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ មុនបន្តយកថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិត បើសមត្ថភាពរបស់នាងទៅដល់ ប៉ុន្តែខ្ញុំចង់ឲ្យនាងសិក្សារហូតចប់ថ្នាក់បណ្ឌិតចាំត្រឡប់ មកជួយអភិវឌ្ឍន៍ប្រទេសវិញ»។


