ទស្សនាវដ្ដី Consumer Reports ចាត់ទុកឡាន Lexus GX460 ថាជាឡានដែលមិនគេមិនគួរទិញ ដោយនិយាយថាមានបញ្ហាមួយបានកើតឡើងក្នុងពេលសាកល្បងដែលបញ្ហានោះអាចបង្កឱ្យឡាននេះក្រឡាប់ពេលបើកបរ។
ទស្សនាវដ្ដីនេះបានឱ្យដឹងថា ក្នុងពេលសាកល្បងមួយលើដំណើរការរបស់រថយន្តនេះក្នុងពេលបត់មិនប្រក្រតី គូទរបស់រថយន្តបានរអិលស្ទើរតែក្រឡាប់ មុននឹងប្រព័ន្ធអេឡិចត្រូនិចគ្រប់គ្រងស្ថិរភាពរបស់រថយន្តចាប់ផ្ដើមមានសកម្មភាព។
លោក Gabriel Shenhar វិស្វករខាងសាកឡានរបស់ Consumer Reports បាននិយាយថា ក្នុងការបើកបរមែនទែន សេណារីយ៉ូបែបនេះ ឡានអាចទង្គិចនឹងខឿនផ្លូវ ហើយអាចបណ្ដាលឱ្យឡានក្រឡាប់បាន។
ក្នុងការសាកល្បងរបស់ Consumer Reports អ្នកបើកបរបានបើកឡានសំដៅទៅផ្លូវបត់លឿនខុសធម្មតា បន្ទាប់មកបន្ថយល្បឿនដើម្បីធ្វើឱ្យដូចស្ថានភាពជាក់ស្ដែង។ នៅពេលនោះ ផ្នែកខាងក្រោយរបស់រថយន្តបានរអិល។ ក្នុងករណីធម្មតា ប្រព័ន្ធអេឡិចត្រូនិចកុងត្រូលស្ថិរភាពនឹងធ្វើការកែតម្រូវការបាត់បង់ស្ថិរភាពនេះភ្លាមៗ។ តែក្នុងករណី GX460 ប្រព័ន្ធនេះធ្វើការយឺតជ្រុលក្នុងការទប់ស្កាត់មិនឱ្យរថយន្តក្រឡាប់។
ដូច្នេះហើយទស្សនាវដ្ដីនេះ បានចាត់ទុកឡាន SUV កៅអី៧នេះជា ប្រភេទឡាន មិនគួរទិញព្រោះមានបញ្ហាសុវត្ថិភាព “Don’t Buy: Safety Risk” រហូតដល់បញ្ហានេះត្រូវបានដោះស្រាយ។
ទោះជាយ៉ាងណាក្ដី Consumer Reports បាននិយាយថា គេមិនទាន់បានទទួលបាននូវសេចក្ដីរាយការណ៍ណាមួយលើការក្រឡាប់របស់រថយន្តប្រភេទនេះនៅឡើយទេ។ ទស្សនាវដ្តីនេះបាននិយាយថា គេបានសាកល្បងលើរថយន្តប្រភេទនេះពីរផ្សេងគ្នា រថយន្តទាំងពីរសុទ្ធតែមានបញ្ហានេះ តែគ្មានរថយន្តណាមួយបានក្រឡាប់ទេ៕៚

Recent Comments Gravatars