កងទ័ពកម្ពុជា បានធ្វើសមយុទ្ធបាញ់កាំភ្លើងប្រតិកម្ម ធុន BM 21 កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ មីនានេះ ។ ការបាញ់គ្រាប់រ៉ុកកែត ឬហៅថាកាំភ្លើងហ្វូងកាំជ្រួច ប្រភេទ ៤០ កាណុងនេះ បានធ្វើឡើង នៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ចម្ងាយប្រមាណជាង ១០០ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នៅថ្ងៃនេះ គឺជាការបង្ហាញពីការពង្រឹងសមត្ថភាពកងទ័ព និងបញ្ជាក់ពីប្រសិទ្ធភាពការពារជាតិរបស់កម្ពុជា។
សមយុទ្ធយោធា ថ្ងៃទី ៤ មីនា ២០១០ (រូបថត RFI)
ការធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងប្រតិកម្ម BM 21 នៅព្រឹកថ្ងៃទី៤មិនានេះ បានធ្វើឡើង ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ដែលជាមេបញ្ជាការ មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ រួមនឹងកងទាហាន ដែលទើបតែបានបញ្ចប់ការហ្វឹកហាត់បាញ់កាំភ្លើងប្រតិកម្ម BM 21 សរុបចំនួន ៤២០ នាក់។
កាំភ្លើងធុន BM 21 ចំនួន ១៥ ដើម ត្រូវបានតម្រៀបជាជួរ ឃ្លាតពីគ្នាប្រហែល ១០ ទៅ ២០ ម៉ែត្រ បែរកាណុង ទៅតំបន់ភ្នំ។ ការបាញ់គ្រាប់កាំភ្លើងពិត ធុនធ្ងន់ដ៏ទំនើបនេះ មានរយៈពេលប្រហែល ៣០នាទី អស់គ្រាប់រ៉ុកកែតផ្ទុះសរុបចំនួន ២១៥ គ្រាប់។ កន្លែងគ្រាប់ធ្លាក់ទាំងនោះ ស្ថិតក្នុងស្រុកទឹកផុស ដែលមានចម្ងាយពី ២០ ទៅ ៤០ គីឡូម៉ែត្រ ពីកន្លែងបាញ់។ កន្លែងបាញ់កាំភ្លើង ស្ថិតនៅព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ចម្ងាយប្រមាណជាង ១០០គីឡូម៉ែត្រ ពីភ្នំពេញ។ គ្រាប់រ៉ុកកែតទាំងនេះ មានតម្លៃ មួយគ្រាប់ ពី ១២០០ ដុល្លារ ដល់ ៣៨០០ ដុល្លារ។
ការបាញ់សាកល្បងកាំភ្លើង ៤០កាណុង ឬកាំជ្រួចហ្វូង នាពេលនេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃការបិទវគ្គហ្វឹកហាត់បាញ់កាំភ្លើងធុន BM21 ដល់កងទ័ពកម្ពុជាគ្រប់កងអង្គភាពការពារព្រំដែន។
ប្រភព RFI

I love my country [Khmer]
ធុនធ្ងន់ដ៏ទំនើប
i love my country [Khmer] កាំភ្លើងប្រតិកម្ម ធុន BM 21