កម្ពុជា​-វៀតណាម ​ប្រកាស​បើក​ច្រក​ពាណិជ្ជកម្ម ​ដោយ​សេរី​តាម​ទន្លេ​មេគង្គ

Flag-Pins-Vietnam-Cambodia

នៅ​ក្នុង​ខណៈ​ពេល​ដែល​មេ​​ដឹកនាំ​​កំពូល​របស់​​ប្រទេស​​វៀតណាម​​​​កំពុង​​តែ ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណៈកម្មាធិការ​ទន្លេ​មេគង្គ ​បាន​អះអាង​ថា ​ប្រទេស​ទាំងពីរ​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ថ្មី​មួយ​លើ​ការ​បើក​ច្រក​ ពាណិជ្ជកម្ម​តាម​ដង​ទន្លេ​មេគង្គ។ ការ​បើក​ច្រក​ទន្លេ​មេគង្គ​ ដើម្បី​ឲ្យមាន​នាវា​ទេសចរណ៍​ដោយ​សេរី​នោះ​ត្រូវ​គេ​គិត​ថា នឹង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ។

យោងទៅតាម​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ កាលពី​ថ្ងៃ​ទី ១៧​ ខែធ្នូ​កន្លងទៅ​នេះ​ បាន​ឲ្យដឹង​ថា ប្រទេស​ទាំងពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​សន្ធិសញ្ញា​មួយ​ដែល​នឹង​ អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ និង​ដឹកជញ្ជូន​ដោយសេរី​តាម​បណ្ដា​ផ្លូវទឹក​ទាំងឡាយ​នៅ​អាង​ទន្លេ​មេគង្គ ដែល​ហូរកាត់​ប្រទេស​ទាំងពីរ។

លោក​ មុំម ស៊ីបុន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​អះអាង​នៅ​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា «ទន្លេ​មេគង្គ និង​ដៃទន្លេ​ទាំងអស់​រវាង​កម្ពុជា​ និង​វៀតណាម​ឥឡូវ​នេះ​បើកចំហ​ជា​ផ្លូវការ​ហើយ»។

លោក​បាន​បន្ត​ទៀត​ថា នេះ​គឺ​ជា​ជំហាន​ប្រវត្តិសាស្ត្រ​មួយ​ថ្មី​ ដែល​មិន​ត្រឹមតែ​កែលំអ​នូវ​គុណភាព​ និង​ប្រសិទ្ធភាព​នៃ​ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​នៅ​ក្នុង​តំបន់​ទន្លេ​ មេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ពេល​ខាងមុខ​វា​នឹង​ជួយ​បង្កើន​ដល់​សក្ដានុពល​នៃ​ការ​នាំចេញ​ និង​ជួយ​កម្ពុជាព្រមទាំង​វៀតណាម​ឲ្យ​សម្រេច​បាន​នូវ​ផែនការ​កាត់បន្ថយ​ភាព​ ក្រីក្រ​ផង​ដែរ។

លោក ជេរេមី បឺត (Jeremy Bird) អគ្គនាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ បាន​អះអាង​ថា ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​នឹង​ពង្រីក​សកម្មភាព​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ កាន់តែ​ច្រើន​ឡើង​ថែមទៀត​រវាង​កម្ពុជា និង​វៀតណាម។

លោក​បាន​បញ្ជាក់​ថា «តាម​រយៈ​សន្ធិសញ្ញា​នេះ រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ បាន​យល់ព្រម​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវទឹក​ទាំងអស់​អាច​ដឹកជញ្ជូន​ និង​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ធ្វើ​ដំណើរ​ទៅវិញ​ទៅមក​ដោយសេរី»។

ក្រៅពី​វិស័យ​ពាណិជ្ជកម្ម​និង​ដឹកជញ្ជូន​នោះ ការ​ប្រកាស​បើក​ចរាចរណ៍​គ្រប់​ច្រក​ទាំងអស់​នៅ​អាង​ទន្លេ​មេគង្គ​រវាង​ កម្ពុជា​និង​វៀតណាម​នេះ ​ក៏​ជំរុញ​ដល់​ការ​ផ្លាស់ប្ដូរ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ​ផង​ដែរ។

លោក បឺត បាន​បញ្ជាក់​ថា «សន្ធិសញ្ញា​នេះ​នឹង​ជួយ​​​​​​ឲ្យ​នាវា​គ្រប់​ប្រភេទ ​ដោយ​រួម​ទាំង​នាវា​ទេសចរណ៍​អាច​ចេញចូល​កំពុង​ផែ​នានា​នៅ​ក្នុង​តំបន់​ដែនដី ​សណ្ដ​ទន្លេ​មេគង្គ​នៅ​វៀតណាម​ទីក្រុង​ភ្នំពេញ ​សៀមរាប និង​ទីកន្លែង​ទាក់ទាញ​ទេសចរណ៍​នានា​បាន»។

ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ពេលនេះ​ភាគច្រើន គឺ​ធ្វើឡើង​តែ​តាមរយៈ​ការ​ដឹកជញ្ជូន​ផ្លូវគោក​តែប៉ុណ្ណោះ។

នៅ​ក្នុង​វេទិកា​ធុរកិច្ច​និង​វិនិយោគ​ដែល​រៀបចំ​ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ កន្លង​នេះ​លោក ស៊ុន ចាន់ថុល អនុប្រធាន​ប្រចាំការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​ឲ្យដឹង​ថា រហូត​មកដល់​ពេលនេះ កម្ពុជា​មាន​ផ្លូវជាតិ​ជាច្រើន​ខ្សែ​កំពុងតែ​បម្រើ​ដល់​ការ​ដឹកជញ្ជូន និង​ផ្លាស់ប្ដូរ​ជា​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ។

លោក​បាន​ឲ្យដឹង​ថា មកដល់​ពេលនេះ​កម្ពុជា​មានផ្លូវ​ជាច្រើន​ខ្សែ​ដែល​តភ្ជាប់​ទៅ​វៀតណាម​នៅ​ ក្នុង​នោះ​មានផ្លូវ​ជាតិ​លេខ១ លេខ២ លេខ២១ លេខ៣៣ លេខ៧២ លេខ៧៤ និង លេខ៧៨ ជាដើម។

បើ​ទោះបី​ជា​ការ​ផ្លាស់ប្ដូរ​ និង​ភ្ជាប់​ការ​ដឹក​តាម​ផ្លូវគោក​កំពុងតែ​មមាញឹក​យ៉ាងណាក៏ដោយ ប៉ុន្តែ​គេ​ព្យាករណ៍​ថា ​នៅ​ពេល​​សន្ធិសញ្ញា​នេះ​ដំណើរការ​ហើយ​នោះ ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​អាច​នឹង​ងាក​មក​ធ្វើ​តាម​ផ្លូវ​ទឹក​ជំនួស​វិញ។

លោក លីអ៊ីវេន ហ្គីវិច ( Lieven Geerinck ) ទីប្រឹក្សា​បច្ចេកទេស​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​បានឲ្យដឹង​ថា កន្លង​មក​ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​បាន​ត្រូវ​គេ​អនុវត្ត​មិន​ជា​ ខ្ជាប់ខ្ជួន​ទេ ប៉ុន្តែ​ចាប់​ពី​ពេលនេះ​តទៅ ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​អាច​រៀប​ផែនការ​ប្រកបដោយ​ទំនុក​ចិត្ត​បាន។

ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ដឹកជញ្ជូន​នេះ លោក ហ៊ី ប៉ាវី អគ្គនាយក​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ​ បាន​ឲ្យដឹង​ថា សន្ធិសញ្ញា​នេះ​នឹង​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច​ដល់​កម្ពុជា និង​ក៏​ដូចជា​នាំ​យក​នូវ​ការ​អភិវឌ្ឍន៍​កំពង់ផែ​ភ្នំពេញ​ផ្ទាល់។

លោក បាន​បញ្ជាក់​ថា «នៅ​ពេលនេះ​យើង​ដឹង​អំពី​សក្ដានុពល​ដ៏​ពេញ​ទំហឹង​របស់​ទន្លេ​មេគង្គ​តាម​រយៈ ​ការ​ដឹកជញ្ជូន​ទំនិញ​ចេញទៅ​អាមេរិក អឺរ៉ុប និង អូស្ត្រាលី​តាម​កំពង់ផែ​កៃម៉ែប​នៅ​វៀតណាម»។

ក្រៅពី​ចំណេញ​ដល់​ផលប្រយោជន៍​ជាតិ​ហើយ​នោះ គណៈកម្មាធិការ​ទន្លេ​មេគង្គ​ក៏​បាន​អះអាង​ថា​គម្រោង​នេះ​ក៏​ធ្វើ​ឲ្យ​ចំណេញ​ ដល់​បរិស្ថាន​ផង​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ថា ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាម​ដង​ទន្លេ​នឹង​ជួយ​កាត់បន្ថយ​​ ការ​បំផាយ​របស់​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​តែ​មួយ​ផ្នែក ។

ប្រភព​នោះ​បាន​បញ្ជាក់​ថា«ការ​ដឹកជញ្ជូន​តាម​រយៈ​ទន្លេ​អាច​បញ្ចេញ​ ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កើត​ឡើង​ដោយសារ​តែ​ការ​បំផាយ​ឧស្ម័ន​ការបូនិច​មួយ​ តោន​ដែល​កើត​ពី​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​គីឡូម៉ែត្រ» ។

Related Posts

Speak Your Mind

*