ក្រសួង​ព័ត៌មាន​​ព្រមាន​ស្ថានីយ​វិទ្យុ-ទូរទស្សន៍​ អំពី​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​ បាន​ព្រមាន​​ដល់​ស្ថានីយវិទ្យុ​ និង​ទូរទស្សន៍​ឲ្យ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ចាក់​ផ្សាយ​ស្ប៉ត​ ពាណិជ្ជកម្ម​ដែល​នាំ​មក​ពី​បរទេស​ និង​ស្ប៉ត​ពាណិជ្ជកម្ម​​ផ្សេងៗ​ទៀត​ដែល​មាន​លក្ខណៈ​ភូត​កុហក​ បោកប្រាស់​ បំផ្លើស​ខុស​ពី​ការ​ពិត​ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ អាយុ​ជីវិត​ និង​ជះឥទ្ធិល​មិន​ល្អ​​ដល់​សង្គម​​ខ្មែរ។

ការ​ព្រមាន​​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ ដែល​ចុះ​ហត្ថលេខា​ដោយ​​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

លិខិត​នោះ​បាន​លើក​ឡើង​​ថា​ កន្លង​មក​ក្រសួង​ព័ត៌មាន​សង្កេត​ឃើញ​ថា​ គ្រប់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ទាំងអស់​​បាន​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​អំពី​ផលិតផល​ សេវាកម្ម​ផ្សេងៗ​ដែល​ជា​ផលិតផល​នៅ​ក្នុង​ស្រុក​ និង​នាំ​មក​ពី​បរទេស។ ចំណុច​ដែល​គប្បី​ចាប់​អារម្មណ៍​នោះ​ គឺ​ការ​ចាក់​​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​សម្អាង​ ឧបករណ៍​ សម្ភារៈ​កីឡា​ និង​ផលិតផល​ផ្សេងៗ​ទៀត​ដែល​នាំ​ចូល​ពី​បរទេស​ ហើយ​ប្រើ​ស្ប៉ត​របស់​បណ្ដា​ប្រទេស​ទាំង​នោះ​ផ្សាយ​ពាណិជ្ជកម្ម​ ដោយ​​មក​ប្រែ​ជា​ភាសាខ្មែរ​ដែល​មាន​តួសម្ដែង​ជា​ជនបរទេស។

ក្រសួង​ព័ត៌មាន​ ក៏​បាន​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក-​លោកស្រី​ ប្រធាន​ស្ថានីយ​វិទ្យុ-ទូរទស្សន៍​ទាំងអស់​ថា​ ដើម្បី​រួម​ចំណែក​លើក​តម្កើង​អត្ដសញ្ញាណ​និង​កិត្តិយស​ជាតិ​ខ្មែរ​ ព្រម​ទាំង​បង្កើន​ការងារ​ជូន​សិល្បករ​ សិល្បការិនី​ខ្មែរ​នោះ​ គ្រប់​ស្ថានីយ​ទាំងអស់​គប្បី​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម ​ក្នុង​ស្រុក​ ហើយ​ជ្រើសរើស​តួ​សម្ដែង​ជា​សិល្បករ​ សិល្បការិនី​ខ្មែរ​យក​មក​ចាក់​ផ្សាយ​វិញ។ ម្យ៉ាង​ទៀត​ចំពោះ​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​នានា​ ដែល​បកប្រែ​ពី​ភាសា​បរទេស​​ គឺ​ត្រូវ​តែ​គោរព​ឲ្យ​បាន​នូវ​គោលការណ៍​ដោយ​សរសេរ​អក្សរ​បរទេស​នៅ​ពី​ក្រោម​ និង​មាន​ទំហំ​​តូច​ជាង​អក្សរ​ខ្មែរ​រួម​ទាំង​ពាណិជ្ជ​នាម​ (Trade Mark) និង​សេវា​នាម​ (Service Mark) ផង​ដែរ។ ជាមួយ​នេះ​ខិតខំ​ចៀសវាង​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដែល ​បង្ហាញ​អំពី​ការ​ផ្ដល់​​រង្វាន់​មាន​លក្ខណៈ​ឃោសនា​អូសទាញ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​យុវជន​យុវនារី​​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ភូត​កុហក​បោក​ប្រាស់​ បំផ្លើស​ពី​ការ​ពិត​ ធ្វើ​​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​អំពី​គុណភាព​ សុវត្ថិភាព​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​​អាយុ​ជីវិត​ និង​ជះ​ឥទ្ធិពល​ដល់​សង្គម​ខ្មែរ​ ហើយ​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​របប​សារ​ព័ត៌មាន​ដែល​បាន​ចែង៕

Share and Enjoy:
  • Digg
  • del.icio.us
  • Facebook
  • Mixx
  • Google Bookmarks
  • MySpace
  • StumbleUpon
  • Twitter

Related Posts

Leave Your Response

* Name, Email, Comment are Required