ភ្នំពេញ៖ ក្រសួងសុខាភិបាលបានដាក់ឱសានវាទចំពោះឱសថស្ថានខុសច្បាប់ទូទាំង ប្រទេសឲ្យមកសុំច្បាប់ឲ្យបានត្រឹមថ្ងៃទី៣០កុម្ភៈខាងមុខ បើមិនដូច្នេះម្ចាស់ឱសថស្ថានទាំងនោះនឹងត្រូវបិទមុននឹងត្រូវ ប្ដឹងទៅតុលាការ។
លោកវេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាច ថ្ងៃអង្គារទី១៩មករាថា ក្រសួងបានដាក់ឱសានវាទចំពោះឱសថស្ថានទូទាំងប្រទេសឲ្យសុំច្បាប់ អនុញ្ញាតពីក្រសួង និងមន្ទីរសុខាភិបាលគ្រប់ខេត្តក្រុងឲ្យបានមុនថ្ងៃ៣០កុម្ភៈ បើមិនដូច្នេះទេឱសថស្ថានទាំងនោះនឹងត្រូវបិទ ដើម្បីឲ្យពួកគេមកសុំច្បាប់ ប៉ុន្តែបើករណីរឹងរូសពួកគេនឹងត្រូវប្ដឹងទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោកបន្តថា “យើងមិនទុកឲ្យអ្នកមិនគោរពច្បាប់មិនអើពើទេ ព្រោះម្ចាស់ឱសថស្ថានចំនួន៩កន្លែងហើយត្រូវប្ដឹងទៅតុលាការក្នុង ចំណោមម្ចាស់ឱសថស្ថានចំនួន១១៤ដែល បើកអាជីវកម្មគ្មានច្បាប់អនុញ្ញាត”។ លោកបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានឱសថស្ថានជាង៥០០កន្លែង ក្នុងនោះឱសថស្ថានអត់ច្បាប់ចំនួន១១៤កន្លែងដែលយើងបានចុះណែនាំ ចំនួនបីលើកមកហើយ។
បច្ចុប្បន្ននគរបាលយុត្តិធម៌របស់ក្រសួងសុខាភិបាលមានហើយថា តើនគរបាលទាំងនោះបានធ្វើកិច្ចការ និងមានសិទ្ធិអ្វីខ្លះលោក សុខ សុគន្ធ បានមានប្រសាសន៍ឲ្យដឹងថា នគរបាលយុត្តិធម៌ទាំងនោះ មានសិទ្ធិរឹបអូសយកឱសថដែលគ្មានបិទវីញែត និងឱសថក្លែងក្លាយទាំងអស់មិនចាំបាច់មានការអនុញ្ញាតទេ ហើយរហូតមកទល់ពេលនេះឱសថដែលរឹបអូសបានមានចំនួន៦ឡាំងដែលត្រូវ កម្ទេចចោលនាពេលខាងមុខ។
លោក កែវ សុផាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពតទទួលបន្ទុកត្រួតពិនិត្យឱសថ បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃដដែលថា នៅទូទាំងខេត្តកំពតមានឱសថស្ថានសរុបចំនួន៣៩កន្លែង ក្នុងនោះ៣៨កន្លែងមានច្បាប់ត្រឹមត្រូវ ចំណែកមួយកន្លែងគ្មានច្បាប់ដែលយើងត្រូវបិទនៅពេលខាងមុខ ព្រោះម្ចាស់ឱសថស្ថាននោះរកឱសថការីឈរឈ្មោះឲ្យមិនបាន។
លោកបន្តថា ទោះជាយ៉ាងណាយើងបានបញ្ជូនមន្ត្រីជំនាញរបស់យើងចុះទៅណែនាំពី របៀបលក់ និងផ្ដល់សេវាដល់ម្ចាស់ឱសថស្ថាន ដែលគ្មានច្បាប់នោះរួចហើយ។
លោកវេជ្ជបណ្ឌិត ប្រាក់ វុន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា “គណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់បានប្ដេជ្ញាចិត្តថា នឹងខំពុះពារសម្រេចបិទឱសថស្ថានអត់ច្បាប់ឲ្យបាននៅរយៈពេលមួយខែ ទៀតតាមការសារាចរណែនាំរបស់ក្រសួងសុខាភិបាល”។ លោកបន្តថា បច្ចុប្បន្នខេត្តកំពង់ឆ្នាំងមានឱសថស្ថានទាំងអស់ចំនួន៥៨កន្លែង ក្នុងនោះឱសថស្ថានមានច្បាប់ចំនួន១៥ និងឱសថស្ថានមិនមានច្បាប់ចំនួន៤៣កន្លែង ដែលឱសថស្ថានទាំងនោះមានទាំងបើកសេវាព្យាបាលផងនិងលក់ឱសថផង។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ដោយព្រមានថា “ជាការងារដែលយើងត្រូវធ្វើ យើងត្រូវរួមគ្នាគោរពច្បាប់ ហើយអ្នកមិនគោរពច្បាប់ទាំងនោះល្មមភ្ញាក់រលឹកហើយ”។
រដ្ឋាភិបាលជាយូរមកហើយ បានបង្កើតឲ្យមានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នៅគ្រប់ខេត្ត ក្រុងដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការលើបញ្ហា នេះ ប៉ុន្តែកន្លងមកគណៈកម្មការនេះហាក់មិនសូវបានធ្វើសកម្មភាពជាដុំ កំភួននោះទេ៕
Recent Comments Gravatars