ក្រុម​អ្នក​ទទួល​រង្វាន់​​ណូបែល​សន្តិភាព​ ៩​រូប​​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​កម្មវិធី “ស្ពាន: ​កិច្ច​សន្ទនា​ដើម្បី​វប្បធម៌​សន្តិភាព”

ភ្នំពេញ៖ ក្រុម​អ្នក​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ ចំនួន​៩​រូប​នឹង​​មក​កាន់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​​ដើម្បី​ចូល​រួម​ ក្នុង​កម្មវិធី​ “ស្ពាន​: កិច្ច​សន្ទនា​ដើម្បី​វប្បធម៌​សន្តិភាព” ដើម្បី​ធ្វើ​បាឋកថា​ជូន​ដល់​និស្សិត​ និង​សាធារណជន​ខ្មែរ​ ដើម្បី​បាន​ជា​គុណ​ប្រយោជន៍​ដល់​ការ​ថែរក្សា​ និង​ការ​ពូន​ជ្រុំ​សន្តិភាព​​ក៏​ដូចជា​​ការ​លើក​ស្ទួយ​ភាព​សុខដុមរមនា​ ការ​អភិវឌ្ឍន៍​ និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា។ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មូលនិធិ​សន្តិភាព​​អន្តរជាតិ​​ និង​​សកលវិទ្យាល័យ​កម្ពុជា។

លោក​បណ្ឌិត​ កៅ​ គឹមហួន​ ប្រធាន​​សាកលវិទ្យាល័យ​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​គម្រោង​កម្មវិធី “ស្ពាន: កិច្ច​សន្ទនា​ដើម្បី​វប្បធម៌​សន្តិភាព” និង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ ផ្នែក​វិទ្យាសាស្ត្រ​ ជូន​លោក​សាស្ត្រាចារ្យ​ (Aaron J.Ciechanover)​ អ្នក​​ប្រាជ្ញ​រង្វាន់​ណូបែល​សន្តិភាព​ ឆ្នាំ​២០០៤​ ដែល​ប្រព្រឹត្ត​ធ្វើ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០០៩ នៅ​សកលវិទ្យាល័យ​កម្ពុជា​ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ពោល​ គឺ​ចាប់​ពី​ខែ​វិច្ឆិកា​២០០៩​ ដល់​ខែ​មេសា​២០១០​ គម្រោង​ “ស្ពាន: កិច្ច​សន្ទនា​ដើម្បី​​វប្បធម៌​សន្តិភាព” នឹង​អញ្ជើញ​អ្នក​ប្រាជ្ញ​ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ និង​សិល្បករ​ពិភពលោក​ដែល​មាន​ស្នាដៃ​ល្បីល្បាញ​ លើ​វិស័យ​ភាពយន្ត​ និង​តន្ត្រី​ព្យ៉ាណូ​ មក​ធ្វើ​បាឋកថា​ ជូន​ដល់​និស្សិត​ និង​សាធារណជន​ខ្មែរ។ អ្នក​លំដាប់​ថ្នាក់​ពិភពលោក​ទាំងនោះ​ មាន​ចំនួន​៩​រូប​ដែល​នឹង​មក​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ ដែល​ក្នុង​​នោះ​រួម​មាន​ លោក​សាស្ត្រាចារ្យ​ (AaronJ.Ciechanover) អ្នក​​ប្រាជ្ញ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០០៤។ លោក​សាស្ត្រាចារ្យ​ នឹង​ធ្វើ​បាឋកថា​មួយ​ស្ដី​ពី​ “វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​ ប្រៀប​ដូច​ជា​ភាសា​នៃ​ប្រលោមលោក​ សន្តិភាព​មួយ”។

លោក​ (Jackie Chan) ហៅ​ ឈិន​ ឡុង​ ដែល​ជា​តារា​ភាពយន្ត​ ហុងកុង និង​ហូលីវូដ​ ដ៏​ល្បីល្បាញ​ នឹង​អញ្ជើញ​មក​ចូល​រួម​ក្នុង​កម្មវិធី “ស្ពាន: កិច្ច​សន្ទនា​ដើម្បី​វប្បធម៌​សន្តិភាព” នៅ​ប្រទេស​កម្ពុជា​ ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១២​ វិច្ឆិកា​ ឆ្នាំ​២០០៩។ លោក​ (Jackic Chan) និង​ធ្វើ​បាឋកថា​ មួយ​នៅ​​សកល​វិទ្យាល័យ​កម្ពុជា​ស្ដី​ពី​ “សិល្បៈ និង​​វប្បធម៌​ ជា​មាគ៌ា​ឆ្ពោះ​ ទៅ​សន្តិភាព” និង​​សម្ដែង​ជាមួយ​សិល្បករ-សិល្បការិនី​ខ្មែរ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ នៅ​ល្ងាច​​ថ្ងៃ​ទី​១០ ខែ​​វិច្ឆិកា​ ឆ្នាំ​២០០៩​ នៅ​​វេលា​ម៉ោង​៤​ល្ងាច។

លោក​ (Oliver Stone) អ្នក​​ដឹកនាំ​ភាពយន្ត-អ្នក​និពន្ធ​ និង​ជា​ផលិតករ​សិល្បៈ​ភាពយន្ត​អាមេរិក​ដ៏​ល្បីល្បាញ​ នឹង​អញ្ជើញ​មក​ពី​ថ្ងៃ​​ទី​១៤​ និង​ស្នាក់​​នៅ​កម្ពុជា​ រហូត​ដល់​​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩។ លោក​នឹង​ធ្វើ​បាឋកថា​មួយ​ស្ដី​ពី​ “ការ​ផលិត​ភាពយន្ត​ និង​​ការ​ស្ថាបនា​សន្តិភាព”។

លោក​សាស្ត្រាចារ្យ​ (David J.Gross) គឺ​ជា​អ្នក​ប្រាជ្ញ​ ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ ផ្នែក​រូបវិទ្យា​ឆ្នាំ​២០០៤។ លោក​សាស្ត្រាចារ្យ​ក៏​ នឹង​ហើយ​នឹង​ធ្វើ​បាឋកថា​មួយ​ស្ដី​ពី​ “អនាគត​នៃ​វិទ្យាសាស្ត្រ​ និង​ការ​អភិវឌ្ឍន៍​មនុស្ស”។

លោក​សាស្ត្រាចារ្យ​ (Eric S.Maskin) ជា​សេដ្ឋ វិទូ​អាមេរិកាំង​ដែល​បាន​ទទួល​រង្វាន់​​ណូបែល​សន្តិភាព​ ផ្នែក​សេដ្ឋកិច្ច​​នៅ​ឆ្នាំ​២០០៧។ លោក​នឹង​អញ្ជើញ​មក​ដល់​កម្ពុជា​ នៅ​ថ្ងៃ​ទី​១៦​ និង​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១០​ ដើម្បី​​ធ្វើ​​បាឋកថា​មួយ​ស្ដី​ពី​ “ការ​កាត់បន្ថយ​អសមភាព​ ក្នុង​ទីផ្សារ​ពិភពលោក”។

លោក​សាស្ត្រាចារ្យ​ (TorestenN.Wiesel) បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ផ្នែក​ឱសថសាស្ត្រ​ នៅ​សកលវិទ្យាល័យ​ (Rockfeller) ទីក្រុង New York ពី​ឆ្នាំ​១៩៨១។ លោក​នឹង​អញ្ជើញ​​មក​កម្ពុជា​​នៅ​​ថ្ងៃ​ទី​១៤​ ខែ​មករា​ រហូត​ដល់​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ ដើម្បី​ធ្វើ​បាឋកថា​មួយ​​ស្ដី​ពី​ “វិទ្យាសាស្ត្រ​ដើម្បី​សន្តិភាព​ “នៅ​សកលវិទ្យាល័យ​កម្ពុជា។

សិល្បករ​តន្ត្រី​ព្យ៉ាណូ​ដ៏​ល្បីល្បាញ​នៃ​ទីក្រុង​ឡុងដ៍​ឈ្មោះ​ Vladimir Ashkenazy នឹង​អញ្ជើញ​មក​នៅ​ថ្ងៃ​ទី​៧​ មីនា​ ហើយ​ស្នាក់​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មិនា ​២០១០។ លោក​នឹង​រៀបចំ​ប្រគំ​តន្ត្រី​មួយ​ដើម្បី​វប្បធម៌​សន្តិភាព​ នៅ​សាលសន្និសីទ​ចតុមុខ​ នៅ​​ល្ងាច​ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១០។

លោក​សាស្ត្រាចារ្យ​ Francoise Barre-Siinoussi ដែល​បាន​​ទទួល​រង្វាន់​​ណូបែល​សន្តិភាព​ ផ្នែក​ឱសថ​សាស្ត្រ​នៅ​វិទ្យាស្ថាន​ Paster-Paris នឹង​អញ្ជើញ​មក​ដល់​ថ្ងៃ​ទី​៣ និង​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១០។ លោក​ Francoise និង​ធ្វើ​បាឋកថា​ មួយ​ស្ដី​ពី​ “បញ្ហា​ប្រឈម​មុខ​​ទៅ​អនាគត​ក្នុង​ការ​ការពារ​ និង​ព្យាបាល​ជំងឺ​ហ៊ីវ​ និង​មេរោគ​អេដស៍”។

ហើយ​ចុង​ក្រោយ​ គឺ​លោក​បណ្ឌិត​ Jose Ramos-Horta ជា​ប្រធានាធិបតី​នៃ​ប្រទេស​ទីម័រ​ខាង​កើត​ ដែល​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ ឆ្នាំ​១៩៩៦​ នឹង​អញ្ជើញ​មក​ដល់​ នៅ​ថ្ងៃ​ទី​​២០​មេសា​ ហើយ​នឹង​ស្នាក់​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ឆ្នាំ​២០១០។ លោក​ក៏​នឹង​ធ្វើ​បាឋកថា​ ស្ដី​ពី​ “ការ​ស្ថាបនា​វប្បធម៌​សន្តិភាព​ និង​ការ​​អភិវឌ្ឍន៍​ក្នុង​ពិភពលោក​សកលភាវូបនីយកម្ម”។

អ្នក​ទាំង​៨​រូប​ នឹង​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ ពី​សកលវិទ្យាល័យ​កម្ពុជា​ លើកលែង​​តែ​សិល្បករ​តន្ត្រី​ព្យ៉ាណូ​ដ៏​ល្បីល្បាញ​ នៃ​ទី​ក្រុង​ឡុងដ៍​ឈ្មោះ Vladimir Ashkenazy មួយ​ចេញ។

លោក​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​ណាស់​ ការ​រៀបចំ​កម្មវិធី​ក្នុង​លក្ខណៈ​​ជា​ព្រឹត្តិការណ៍​បន្តបន្ទាប់​គ្នា​ រយៈពេល​៦​ខែ​នេះ​ គឺ​ពិត​ជា​​​ផ្ដល់​​ឱកាស​បើក​ទូលាយ​ ដល់​ការ​ផ្លាស់ប្ដូរ​មតិ​យោបល់​ និង​បទពិសោធន៍​ ជា​ពិសេស​ពី​វាគ្មិន​ល្បីៗ​ ដូចជា​ម្ចាស់​ពានរង្វាន់​ណូបែល​ និង​សិល្បករ​ល្បីៗ​នៅ​ក្នុង​ពិភពលោក​ លើ​ប្រធានបទ​ស្ដី​ពី​ការ​កសាង​វប្បធម៌​ សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​បរិបទ​នៃ​សកលភាវូបនីយកម្ម​ ព្រម​ទាំង​​ប្រធានបទ​ផ្សេងៗ​ទៀត​ ជា​អាទិ៍​ ប្រធានបទ​ទាក់ទង​ នឹង​នយោបាយ​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​វប្បធម៌​ ដែល​កំពុង​​មាន​ឥទ្ធិពល​​លើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​បុព្វហេតុ​ សុខ​សន្តិភាព​ សេរីភាព​ និង​ការ​អភិវឌ្ឍន៍។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បង្ហាញ​ជំនឿ​ថា​ ពិធី​ដែល​កំពុង​ប្រព្រឹត្ត​នា​ពេល​នេះ​ គឺ​ពិត​ជា​​មាន​សារៈសំខាន់​ក្នុង​​​ការ​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​ និង​ជំរុញ​ការ​យល់​ដឹង​អំពី​គ្នា​ និង​បង្កើត​ជំនឿ​ទុកចិត្ត​​រវាង​គ្នា​ សំដៅ​ពង្រឹង​ វប្បធម៌​ សន្តិភាព និង​ការ​អភិវឌ្ឍន៍​ សេដ្ឋកិច្ច​ និង​សង្គម​ក្នុង​តំបន់ ក៏​ដូចជា​លើ​ពិភពលោក​ផង​ដែរ។ ហើយ​គម្រោង​​នេះ​ពិត​ជា​មាន​​ផលប្រយោជន៍​ដល់​ការ​ផ្សព្វផ្សាយ​ និង​ផ្ទេរ​ចំណេះដឹង​ថ្មីៗ​ពី​អ្នក​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ និង​ឥស្សរជន​ ពិភពលោក​ ទាំង​៩​រូប​ ក្នុង​រយៈពេល​​៦​ខែ​នេះ​ ដល់​និស្សិត​ និង​អ្នក​ស្រាវជ្រាវ​កម្ពុជា៕

From: http://www.women.open.org.kh/

Related Posts

Speak Your Mind

*