ភ្នំពេញ៖ លោក ចាក់គី ចាន (Jackie Chan) ហៅ ឈិន ឡុង ដែលជាតារាភាពយន្តហុងកុង និងហូលីវូត ដ៏ល្បីល្បាញបានអញ្ជើញមកចូលរួមក្នុងកម្មវិធី “ស្ពាន: កិច្ចសន្ទនាដើម្បីវប្បធម៌សន្តិភាព” នៅប្រទេសកម្ពុជាពីថ្ងៃទី៨ ដល់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០០៩។ លោកបានធ្វើបាឋកថាមួយនៅសកលវិទ្យាល័យកម្ពុជាស្ដីពី “សិល្បៈនិងវប្បធម៌ជាមាគ៌ាឆ្ពោះទៅសន្តិភាព” កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយលោកក៏បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផងដែរពីសកលវិទ្យាល័យ នេះ។
លោក បណ្ឌិត កៅ គឹមហួន ប្រធានសកលវិទ្យាល័យកម្ពុជា បានថ្លែងនៅក្នុងពិធីដែលប្រព្រឹត្តធ្វើកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅសកលវិទ្យាល័យកម្ពុជាថា នៅក្នុងរយៈពេល៦ខែ ពោលគឺចាប់ពីខែវិច្ឆិកា២០០៩ ដល់ខែមេសា២០១០ គម្រោង “ស្ពាន: កិច្ចសន្ទនាដើម្បីវប្បធម៌សន្តិភាព” នឹងអញ្ជើញអ្នកប្រាជ្ញដែលបានទទួលរង្វាន់ណូបែលសន្តិភាព និងសិល្បករពិភពលោកចំនួន៩រូបមកធ្វើបាឋកថា ជូនដល់និស្សិត និងសាធារណជនខ្មែរ។
លោក ចាក់គី ចាន គឺជាជនទី២ ហើយដែលបានមកដល់កម្ពុជា ដើម្បីធ្វើបាឋកថាផ្សព្វផ្សាយចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍ អំពីវិទ្យាសាស្ត្រ បច្ចេកទេស និងវប្បធម៌ ដើម្បីបុព្វហេតុសន្តិភាព ជូនដល់និស្សិត បញ្ញវន្ត និងប្រជាជនយើងបានរៀនសូត្រ។
ចាក់គី ចាន មិនត្រឹមតែជាតារាភាពយន្តដែលមានទេពកោសល្យប៉ុណ្ណោះទេ តែគឺលោកមានបេះដូងជាសិល្បករមួយរូបប្រកបដោយសន្តិភាពដែលសិល្បករ និងតារាភាពយន្តយើងគួររៀនសូត្រតាម។ ជាការពិតណាស់រាល់ស្នាដៃភាពយន្តដែលត្រូវបាននិពន្ធ និងសម្ដែង ដោយលោក ចាក់គី ចាន សុទ្ធតែមានខ្លឹមសារ និងទស្សនាទានបម្រើឲ្យការអប់រំអំពីមនុស្សធម៌ វប្បធម៌ និងវប្បធម៌សន្តិភាព ដែលជាគុណធម៌ និងជាចំណេះដឹងចាំបាច់បំផុតសម្រាប់ការស្ថាបនា ការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍។ លោកបានចូលប្រឡូកក្នុងវិស័យភាពយន្តនេះតាំងពីឆ្នាំ១៩៧០ ហើយបានដើរតួភាពយន្តជាង១០០រឿង។
គួរបញ្ជាក់ថា អ្នកដែលត្រូវមកកាន់ប្រទេសកម្ពុជាបន្តទៀត រួមមានលោក អូលីវើ ស្តូន (Oliver Stone) អ្នកដឹកនាំភាពយន្ត អ្នកនិពន្ធ និងជាផលិតករសិល្បៈភាពយន្តអាមេរិកដ៏ល្បីល្បាញ និងអញ្ជើញមកពីថ្ងៃទី១៤ និងស្នាក់នៅកម្ពុជារហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៩។ លោកនឹងធ្វើបាឋកថា មួយស្ដីពី “ការផលិតភាពយន្ត និងការស្ថាបនាសន្តិភាព”។
លោកសាស្ត្រាចារ្យដេវីដ ជេហ្គ្រោស (David J. Gross) គឺជាអ្នកប្រាជ្ញដែលបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ២០០៤។ លោកសាស្ត្រាចារ្យក៏នឹងអញ្ជើញមកធ្វើបាឋកថា មួយស្ដីពី “អនាគតនៃវិទ្យាសាស្ត្រ និងការអភិវឌ្ឍន៍មនុស្ស”។
លោកសាស្ត្រាចារ្យ អេរិក អេសម៉ាស្គីន (Eric S.Maskin) ជាសេដ្ឋវិទូអាមេរិកាំង ដែលបានទទួលរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចនៅឆ្នាំ២០០៧។ លោកនឹងអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី១៦ មករា និងស្នាក់នៅរហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ដើម្បីធ្វើបាឋកថា មួយស្ដីពី “ការកាត់បន្ថយអសមភាពក្នុងទីផ្សារពិភពលោក”។
លោកសាស្ត្រាចារ្យតូរ៉េសស្ដេនអិន វ៉ាយសែល (Toresten N.Wiesel) បានទទួលរង្វាន់ណូបែលផ្នែកឱសថសាស្ត្រពីឆ្នាំ១៩៨១។ លោកនឹងអញ្ជើញមកកម្ពុជានៅថ្ងៃទី១៤ ខែមករា រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីធ្វើបាឋកថាមួយស្ដីពី “វិទ្យាសាស្ត្រដើម្បីសន្ដិភាព” នៅសកលវិទ្យាល័យកម្ពុជា។
សិល្បករតន្ត្រីព្យាណូ ដ៏ល្បីល្បាញនៃទីក្រុងឡុងដ៍ឈ្មោះវ្លាឌីមៀអាស្កេណាហ្សី (Vladimir Ashkenazy) នឹងអញ្ជើញមកនៅថ្ងៃទី៧ មីនា ហើយស្នាក់នៅកម្ពុជារហូតដល់ថ្ងៃទី១២ ខែមីនា ២០១០។ លោកនឹងរៀបចំប្រគំតន្ត្រីមួយដើម្បីវប្បធម៌សន្តិភាពនៅសាលសន្និសីទ ចតុមុខនៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១០។
លោកសាស្ត្រាចារ្យហ្វ្រង់ស្វ័របារ ស៊ីនូស៊ី (Francoise Barre-Siinoussi) ដែលបានទទួលរង្វាន់ណូបែលផ្នែកឱសថសាស្ត្រនឹងអញ្ជើញមកដល់ថ្ងៃទី៣ មេសា និងស្នាក់នៅរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១០។ លោកនឹងធ្វើបាឋកថាមួយស្ដីពី “បញ្ហាប្រឈមមុខទៅអនាគតក្នុងការការពារ និងព្យាបាលជំងឺហ៊ីវ និងមេរោគអេដស៍”។
ហើយចុងក្រោយគឺលោកបណ្ឌិត ចូស រ៉ាម៉ូស-ហ័រតា (Jose Ramos-Horta) ជាប្រធានធិបតីនៃប្រទេសទីម័រខាងកើត ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩៦ នឹងអញ្ជើញមកដល់នៅថ្ងៃទី២០ មេសា ហើយនឹងស្នាក់នៅកម្ពុជារហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១០។ លោកនឹងធ្វើបាឋកថា ស្ដីពី “ការស្ថាបនាវប្បធម៌សន្តិភាព និងការអភិវឌ្ឍន៍ក្នុងពិភពលោកសាកលភាវូនីយកម្ម”៕
http://www.women.open.org.kh









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments