នៅម៉ោងប្រមាណ ជាង៩ព្រឹក ថ្ងៃអាទិត្យនេះ ទាហានខ្មែរ និងទាហានថៃ បានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅប្រមាណជាង១០គីឡូម៉ែត្រ ខាងកើតច្រកព្រំដែនព្រះវិហារ។ ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើង នៅក្នុងពេលដែលលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅព្រះវិហារ។
ការបាញ់តបតគ្នានេះមានរយៈពេលប្រហែល ១០នាទី។ ក៏ប៉ុន្តែ មិនមានទាហានខ្មែរស្លាប់ ឬក៏របួសទេ។ ចំណែកខាងភាគីថៃ យើងមិនដឹងថា តើមានអ្នកស្លាប់ ឬក៏របួសដែរឬក៏អត់នោះទេ ពីព្រោះយើងមិនអាចទាក់ទងមន្រ្តីថៃបាន។ នៅពេលពេលនេះ ស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញហើយ ក្រោយពីមានការជជែកសម្របសម្រួលគ្នារវាងភាគីខ្មែរ និងថៃ។
គួរ បញ្ជាក់ថា នៅពេលមានហេតុការណ៍ផ្ទុះអាវុធដាក់គ្នានោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងសំណេះសំណាលជាមួយកងទ័ព នៅតំបន់ព្រំដែនព្រះវិហារ។
ប្រមុខការទូតខ្មែរ បានអះអាងថា កម្ពុជាមិនប្រញាប់ប្រញាល់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ពេកទេ ដោយទុកពេលអោយរដ្ឋាភិបាលថៃធ្វើការពិចារណាទៅលើមធ្យោបាយ នៃការដោះស្រាយទំនាស់ ដែលខ្លួនចង់បាន។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងយ៉ាងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី២៤មករានេះ ពីព្រំដែនប្រាសាទព្រះវិហារ ទីដែលលោកធ្វើទស្សនកិច្ចសួរសុខទុក្ខកងទ័ពខ្មែរជាលើកទី៣។ លោកហោ ណាំហុង ថ្លែងថាកម្ពុជាបានត្រៀមជានិច្ច ទាំងមធ្យោបាយការទូត ច្បាប់ រហូតដល់យោធាផង ដើម្បីទទួលថៃ។

Recent Comments Gravatars