From: http://www.women.open.org.kh
ខេត្តកំពង់ចាម៖ ក្រោមកិច្ចសហការល្អរវាងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាខេត្ត ជាមួយនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតមជ្ឈមណ្ឌលព័ត៌មានជាបណ្ណាល័យទំនើបធំទូលាយ (American Corner) ងាយស្រួលដល់និស្សិតស្រាវជ្រាវបង្កើននូវចំណេះដឹងបន្ថែមនោះ និស្សិត៦នាក់បានទទួលអាហារូបករណ៍ទៅសិក្សានៅអាមេរិក។
លោកស្រ៊ុន សារក្ស នាយកប្រតិបត្តិសាខា UME ខេត្ត បានប្រាប់កោះសន្ដិភាពឲ្យដឹង នាព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០០៩ថា ពីមួយឆ្នាំទៅមួយឆ្នាំមាននិស្សិតបានមកចុះឈ្មោះចូលរៀននៅ សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្ត មានចំនួនកាន់តែច្រើនឡើងៗ ព្រោះតែពួកគេមានទំនុកចិត្តលើគ្រូបង្រៀនដែលប្រកបទៅដោយគុណភាព។
លោកស្រ៊ុន សារក្ស បានបន្តថា ដើម្បីបំពេញនូវតំរូវការរបស់និស្សិតទាំងឡាយនោះ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ក្រោមកិច្ចសហការល្អជាមួយស្ថានទូតសហរដ្ឋអាមេរិក បានបង្កើត “American Corner” នេះឡើងប្រចាំនៅសាខាខេត្ត សម្រាប់ជាប្រយោជន៍ដល់និស្សិត ឬសិស្សានុសិស្សតាមវិទ្យាល័យនានាក្នុងក្រុងកំពង់ចាមចូលមក ស្រាវជ្រាវដោយឥតគិតថ្លៃ ហើយទីនេះមានសៀវភៅរាប់ម៉ឺនក្បាល និងបំពាក់ដោយឧបករណ៍ទំនើបៗដូចជា Computer Internet Video ខ្នាតធំ និងLCD ទៀតផង។
លោកស្រ៊ុន សារក្ស បញ្ជាក់បន្ថែមថា ដោយឡែកសហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ បានផ្ដល់អាហារូបករណ៍ទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិករយៈពេល៣ សប្ដាហ៍ក្នុងកម្មវិធី “Asian Youth Leader Ship” កាលពីពេលកន្លងទៅថ្មីៗនេះដល់និស្សិតប្រុស-ស្រីចំនួន៦នាក់ នៅសាខា UME ខេត្តដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ហាន កុសល។ រូបលោកមានជំនឿយ៉ាងមុតមាំថា ក្រោយពីបានបញ្ចប់ការសិក្សានោះហើយ និស្សិតទាំង៦នាក់នឹងនាំយកនូវចំណេះដឹងល្អៗជាបទពិសោធន៍មកចែក រំលែកដល់និស្សិតឯទៀត។
សព្វថ្ងៃនេះនៅ UME សាខាខេត្តមានបើកបង្រៀន “English Club” ដោយឥតគិតថ្លៃឡើយ សម្រាប់បង្កើននូវចំណេះដឹងផ្នែកភាសាមួយកំរិតទៀត។ ដោយឡែកចំពោះនិស្សិតប្រុស-ស្រី ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យនាពេលកន្លងមក សុទ្ធតែមានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានាទៀតផង៕
Recent Comments Gravatars