នៅឆ្នាំនេះក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍ថ្មីធំមួយទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាប្រទេស កម្ពុជាបន្ទាប់ពីវិបត្តិ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិភពលោកបាននិងកំពុងមានភាពធូរស្រាលឡើងវិញ។ លោកសំ ព្រហ្មនារដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ប្រាប់ក្រុមនិស្សិតផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចនៃសកលវិទ្យាល័យបៀលប្រាយកាលពីព្រឹកថ្ងៃទី១២មករាថាកម្ពុជាបានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ធំៗ ក្នុងឆ្នាំ២០១០និង២០១១ខាងមុខនេះដូចជាការប្រកួតកីឡាហែលទឹក ជិះកង់ រត់នៅតំបន់បារាយណ៍ខាងលិចខេត្តសៀមរាប ព្រឹត្តិការណ៍លំអានអរិយធមនិង ទស្សនីយភាពសិល្បៈអាសាននិងការរៀបចំវេទិកា ទេសចរណ៍អាសាននៅ កោះពេជ្ររាជធានីភ្នំពេញ៘ តាមស្ថិតិពីក្រសួងទេសចរណ៍នៅឆ្នាំ២០០៨វិស័យទេសចរណ៍កម្ពុជាបានផ្តល់ការងារដល់ប្រជាជនជាង៣០ម៉ឺននាក់ហើយទទួល បានចំណូលជាង១.៥០០ លានដុល្លារអាមេរិក ស្មើនឹង១២,៥ភាគរយ នៃផលទុនក្នុងស្រុកសរុបដែលក្នុងនោះប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរចំនួន២.១៥០.០០០នាក់។
Recent Comments Gravatars