បន្ទាប់ពីមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរមករដ្ឋាភិបាលគុយវ៉ែតបានផ្តល់ភាពងាយស្រួលច្រើនដល់ពលរដ្ឋកម្ពុជា ។ ចំពោះពលរដ្ឋកម្ពុជាទាំងអស់អាចទទួលយកទិដ្ឋាការចូលរដ្ឋគុយវ៉ែតបាននៅឯព្រលានយន្តហោះរដ្ឋគុយវ៉ែតតែម្តង ។
លោកកុយ គួង អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៥ មករានេះថាដើម្បីសំរួលដល់ភាពងាយស្រួលដល់ការចេញ-ចូលទៅប្រទេសគុយវ៉ែតបន្ទាប់ពីមានកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរច្រើនវិស័យរួចមករដ្ឋាភិបាលគុយវ៉ែតបានអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាគ្រប់រូបដែលមានបំណងបំពេញទស្សនកិច្ចឬធ្វើជំនួញនៅប្រទេសគុយវ៉ែតអាចទទួលយកទិដ្ឋាការចូលគុយវ៉ែតនៅឯព្រលានយន្តហោះគុយវ៉ែត ។
លោកកុយ គួង បានបញ្ជាក់ប្រាប់ទៀតថាដើម្បីកុំឱ្យចំណាយអស់ទាំងថវិកានិងពេលវេលានោះទើបគុយវ៉ែតផ្តល់ភាពងាយស្រួលនោះដល់ពលរដ្ឋកម្ពុជាណាដែលមានបំណងចង់ធ្វើដំណើរទៅប្រទេសគុយវ៉ែតក្នុងគោលបំណងទៅធ្វើការវិនិយោគនៅគុយវ៉ែតឬធ្វើដំណើរទេសចរណ៍ក៏ដោយប្រទេសគុយវ៉ែតបានរៀបចំផ្តល់ភាពងាយស្រួលជានិច្ចដល់ពលរដ្ឋកម្ពុជា ។
លោកកុយ គួង បានលើកឡើងទៀតថាកាលពីមិនទាន់មានទំនាក់ទំនងនេះបើពលរដ្ឋកម្ពុជាណាចង់ចូលទៅប្រទេសគុយវ៉ែតលុះត្រាតែទៅធ្វើទិដ្ឋាការរបស់គុយវ៉ែតដែលមាននិវេសនដ្ឋាននៅប្រទេសណាមួយសិនទើបអាចធ្វើដំណើរចូលទៅប្រទេសគុយវ៉ែតបាន ។
ប៉ុន្តែពេលនេះមិនពិបាកដូចមុនទេអាចទទួលទិដ្ឋាការនៅឯព្រលានយន្តហោះគុយវ៉ែតតែម្តង ។
លោកកុយ គួង បានបញ្ជាក់ប្រាប់ទៀតថាមិនចំពោះតែប្រទេសគុយវ៉ែតទេដែលធ្វើបែបនេះសូម្បីតែប្រទេសកម្ពុជាយើងក៏បានរៀបចំផ្តល់ទិដ្ឋាការបែបនេះដែរ ។ ប៉ុន្តែមិនធ្វើជាទូទៅទេគឺធ្វើចំពោះប្រទេសមួយចំនួនតូច ។
ចំពោះការផ្តល់ទិដ្ឋាការបែបនេះគឺធ្វើឡើងតាមកំណត់ទូតរបស់ស្ថានទូតគុយវ៉ែតលេខ២២៥/២០០៩ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០០៩ ។
Recent Comments Gravatars