សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅតារាចម្រៀងម៉េង កែវពេជ្ជតា និងស្វាមីឱ្យចូល មកតុលាការនៅថ្ងៃទី៨ ខែធ្នូឆ្នាំ២០០៩ ដើម្បី ធ្វើការ ផ្សះផ្សាលើកម្មវត្ថុបណ្តឹងសុំលែងលះនេះ។ ទន្ទឹមនឹងបណ្តឹងនេះតារាចម្រៀងម៉េង កែវពេជ្ជតា ក៏បានសុំបែកលំនៅសង្វាសនិងសុំសិទ្ធិគ្រប់គ្រងកូន២នាក់បណ្តោះអាសន្នដើម្បីរង់ចាំតុលាការសម្រេចដល់អង្គសេចក្តី ។ ប៉ុន្តែរហូតមកទល់ពេលនេះតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
តាមប្រភពព័តមានដែលគួរឱ្យជឿបាននិយាយថាកាលពីខែវិច្ឆិកាឆ្នាំ២០០៩កន្លងទៅតារាចម្រៀងម៉េង កែវពេជ្ជតា បានដាក់ពាក្យមកសាលាដំបូងរាជធានីភ្នំពេញដែលមានកម្មវត្ថុសុំលែងលះស្វាមីឈ្មោះមួង ឃីម ។ ចំពោះមូលហេតុនៃការសុំលែងលះនេះប្រភពពុំបានបញ្ជាក់ឱ្យច្បាស់លាស់នោះទេ ។
បណ្តឹងលែងលះនេះបានត្រូវចាត់ឱ្យលោកជា សុខហាង ចៅក្រមស៊ើបសួរចាត់ការតាមនីតិវិធី ។ ក្នុងនោះចៅក្រមបានចេញដីកាកោះហៅគូភាគីគឺតារាចម្រៀងម៉េង កែវពេជ្ជតា និងស្វាមីឱ្យចូលមកតុលាការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៩ ដើម្បីធ្វើការផ្សះផ្សាលើកទី១។
បើសិនជាការផ្សះផ្សាលើកទី១នេះពុំបានទទួលលទ្ធផលអ្វីទេរយៈពេលមួយខែក្រោយមកទៀតចៅក្រមនឹងចេញដីកាកោះហៅគូភាគីឱ្យមកតុលាការដើម្បីធ្វើការផ្សះផ្សាលើកទី២បន្ទាប់មកតុលាការនឹងបង្គាប់ឱ្យគូភាគីជូនសំអាងដើម្បីឈានទៅត្រៀមទាញហេតុផលផ្ទាល់មាត់(សវនាការជំនុំជម្រះ)នាពេលខាងមុខ ។
ទន្ទឹមនឹងដាក់ពាក្យបណ្តឹងលែងលះនេះតារាចម្រៀងម៉េង កែវពេជ្ជតា បានដាក់ពាក្យសុំដីការក្សាការពារដែលមានកម្មវត្ថុសុំបែកលំនៅសង្វាសនិងសុំសិទ្ធិគ្រប់គ្រងកូន២នាក់ជាបណ្តោះអាសន្នដើម្បីរង់ចាំតុលាការសម្រេចរឿងលែងលះដល់អង្គសេចក្តី ។
ប៉ុន្តែនៅពេលចូលមកតុលាការរឿងរក្សាការពារនេះតារាចម្រៀងម៉េង កែវពេជ្ជតា បានប្តូរកម្មវត្ថុបណ្តឹងពោលគឺសុំឱ្យលោកមួង ឃីមចុះចេញពីផ្ទះវិញ ។ ដូច្នេះតុលាការពុំអាចសម្រេចតាមការប្តូរចិត្តនេះបានឡើយដោយលើកពេលការសុំដីការក្សាការពារនេះទៅដោះស្រាយនៅពេលក្រោយវិញ ។
ទាក់ទិននឹងបញ្ហានេះប្រភពដដែលបានបង្ហើបឱ្យដឹងថាលោកមួង ឃីមកំពុងស្វះស្វែងរកការសម្របសម្រួលជាមួយភរិយាដើម្បីបញ្ចប់បណ្តឹងលែងលះនេះ ។ ប៉ុន្តែរហូតមកទល់ពេលនេះពុំមានព័ត៌មានបន្ថែមថាការសម្របសម្រួលនេះទទួលបានលទ្ធផលយ៉ាងណានោះទេ ។
គួរបញ្ជាក់ថាលោកមួង ឃីម និងតារាចម្រៀងម៉េង កែវពេជ្ជតា បានរៀបការកាលពីអំឡុងឆ្នាំ២០០៤ ហើយចំណងស្នេហានេះបានបង្កើតកូនប្រុសមួយអាយុប្រមាណ៥ឆ្នាំ និងកូនស្រីមួយទៀតអាយុជាង១ឆ្នាំ ។









Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments