រដ្ឋសភា​រៀបចំ​បើក​ប្រាក់ខែ​តាម​ធនាគារ​ និង​យកពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក

From: http://www.women.open.org.kh

ភ្នំពេញ ៖ បុគ្គលិក​រដ្ឋសភា​ (តែ​កុំ​ច្រឡំ​ថា ជា​សមាជិក​សភា​តំណាងរាស្ត្រ​១២៣រូប) ត្រូវ​បាន​កំណត់​ឲ្យ​បើក​ប្រាក់ខែ​តាម​ធនាគារ និង​ត្រូវ​បង់ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ (ប្រាក់ខែ) ប្រចាំខែ ដែល​តាម​គម្រោង​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០១០​ តទៅ។

កាលពី​ថ្ងៃ ២៤ វិច្ឆិកា ឆ្នាំ ២០០៩ បុគ្គលិក​រដ្ឋសភា​ដែល​​មាន​ឋានៈ​ចាប់​ពី​អគ្គនាយក​ រហូត​ដល់​អនុប្រធាន​នាយកដ្ឋាន​ សរុប​ចំនួន​៧៣​រូប ​បាន​រៀបចំ​ឯកសារ ​និង​ថតរូប ​ដើម្បី​បំពេញ​បែបបទ​នេះ​បើក​គណនី​នៅ​ធនាគារ​ ANZ Royal ។ នេះ​ជា​ជំហាន​ដំបូង​ហើយ​ បន្ទាប់​មក​នឹង​ចូល​ដល់​ការ​បំពេញ​បែបបទ​សម្រាប់​បុគ្គលិក​ធម្មតា​របស់​ រដ្ឋសភា ដែល​មិន​ត្រូវ​បាន​គេ​ប្រាប់​ពី​ចំនួន​ច្បាស់លាស់​ទេ​ តែ​បុគ្គលិក​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លេខាធិការដ្ឋាន​រដ្ឋសភា ​សព្វថ្ងៃ​មាន​ចំនួន​ប្រហែល​ ១.២០០​នាក់ ​និង​បុគ្គលិក​ជាប់​កិច្ចសន្យា ( បុគ្គលិក​បណ្ដែត )​ មួយ​ចំនួន​ទៀត។

ការ​រៀបចំ​បើក​ប្រាក់ខែ​តាម​ធនាគារ​នេះ​ ត្រូវ​បានមន្ត្រី​​រដ្ឋសភានាយក​ទទួល​បន្ទុក​រៀបចំ​​ការងារ​នេះ​លើក​ឡើង​ថា​ រដ្ឋសភា​អនុវត្ត​ស្របតាម​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ រាជរដ្ឋាភិបាល។ ម៉្យាងទៀត​ការ​រៀបចំ​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល​បើក​ប្រាក់ខែ​តាម​ធនាគារ​ ក៏​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​មន្ត្រី​រាជការ​នៅ​តាម​ខេត្ត​-ក្រុង​ដោយ​ មិន​ចាំបាច់​ចំណាយ​ពេល​ឡើង​មក​ភ្នំពេញ និង​ដើម្បី​បង្កើន
ប្រសិទ្ធភាព​គ្រប់គ្រង​ថវិកា​ជាតិ។ ការ​បើក​ប្រាក់ខែ​របស់​បុគ្គលិក​រដ្ឋសភា​នៅ​ធនាគារ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់ ​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១០។

ធនាគារ​ឯកជន ANZ Royal ទទួល​បាន​សិទ្ធ​ផ្ដាច់មុខ​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រៀបចំ​ចាត់ចែង​បើក​ ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​ស៊ីវិល ស្ថាប័ន​ក្រសួង​មន្ទីរ​ទាំងអស់។ កិច្ច​ព្រមព្រៀង​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០០៧។

លោក​នូ នេត្រា ប្រធាន​ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ធនាគារ ANZ Royal ដែល​រៀបចំ​ឯកសារបើក​គណនី​ដល់​បុគ្គលិក​រដ្ឋសភា បាន​លើកឡើង​ថា មក​ដល់​ពេល​នេះ​ ធនាគារ ANZ បាន​រៀបចំ​បើក​ប្រាក់ខែ​តាម​ធនាគារ​បាន​៣៥​ក្រសួង​ស្ថាប័ន ក្នុង​​ចំណោម​៣៦​ក្រសួង​ស្ថាប័នរដ្ឋ និង​បាន​ដំណើរការ​ចំនួន​២៧​ក្រសួង​ស្ថាប័ន​ហើយ។

ជាមួយ​នឹង​ការ​រៀបចំ​ខាងលើ​នេះ បុគ្គលិក​រដ្ឋសភា​ក៏​ត្រូវ​បង់ពន្ធ​លើ​ប្រាក់ខែ ដោយ​ត្រូវ​ចាប់​អនុវត្ត
តាំង​ពី​ខែ​តុលា​ឆ្នាំ​២០០៩​នេះ ប៉ុន្តែ​ខាង​រដ្ឋសភា​បាន​ស្នើសុំ​ពន្យារ​ដល់​ដើម​ឆ្នាំ​២០១០។

ក្នុង​កិច្ចប្រជុំ​រវាង​អគ្គ​លេខាធិការដ្ឋាន​​​រដ្ឋសភា​ជាមួយ​នឹង​ផ្នែក​ ពន្ធដារ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​នៅ​ក្នុង​អាទិត្យ​នេះ មន្ត្រី​ពន្ធដារ​បាន​លើកឡើង​ពី​បទបញ្ជា​ណែនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ចំពោះ​ការ​ប្រមែប្រមូល​លើ​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​នៅ​ក្រសួង ស្ថាប័នរដ្ឋ​និង​ឯកជន។

ការ​ប្រមូល​ពន្ធ​ប្រចាំខែ លើ​ប្រាក់​បៀវត្សរ៍ ( ប្រាក់ខែ ) យោង​តាម​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដី​ពីសារពើពន្ធ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​៣១ មីនា ឆ្នាំ​២០០៣។ ការ​កំណត់​ប្រាក់​ពន្ធ​ប្រាក់ខែ​របស់​បុគ្គលិក គឺ​គិត​ចាប់​ពី​ប្រាក់ខែ ៥០០.០០១ រៀល (ប្រាំ​សែន​មួយ​រៀល) ដល់​ប្រាក់​១.២៥០.០០០​រៀល ត្រូវ​គិត​ពន្ធ​៥​ភាគរយ។ ចំណែក​ប្រាក់ខែ​១.២៥០.០០១​រៀល​ ដល់​៨.៥០០.០០០​រៀល​ ត្រូវ​គិត​ពន្ធ​១០​ភាគរយ។ ពី​៨.៥០០.០០១​រៀល​ ដល់​១២.៥០០.០០០​រៀល ​គិត​ពន្ធ​១៥​ភាគរយ និង​ប្រាក់ខែ​លើស​ពី​១២.៥០០.០០០​រៀល ត្រូវ​គិត​ពន្ធ​២០​ភាគរយ។

សូម​បញ្ជាក់​ថា ចំនួន​បុគ្គលិក​ និង​ប្រាក់ខែ​បុគ្គលិក​រដ្ឋសភា​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ជាក់លាក់​ ទេ តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​បុគ្គលិក​រដ្ឋសភា​បាន​បង្ហាញ​ថា ​ប្រាក់ខែ​បុគ្គលិក​រដ្ឋសភា ត្រូវ​គិត​តាម​កាំ​ប្រាក់ និង​​សញ្ញាប័ត្រ ។ ក្នុង​នោះ​បុគ្គលិក​ធម្មតា ដែល​មាន​​សញ្ញាប័ត្រ​បាក់ឌុប ទទួល​បាន​ប្រាក់ខែ​ជាង ៦០០.០០០​រៀល (ហុកសិប​ម៉ឺន​រៀល) ចំណែក​ប្រាក់ខែ​ប្រធាន​នាយកដ្ឋាន​ចាប់​ពី ១.២០០.០០០​រៀល
(មួយលាន​ពីរ​សែន​រៀល) ឡើង​ទៅ ៕

Related Posts

  • No Related Post
  • http://pspimage.wordpress.com Sophea

    មាន ANZ ទៀតហើយចឹង ។ ចឹងគិតទៅ បើធ្វើស្រែបែបរួចពន្ធ ព្រោះដូចជាគេមិនឃើញមានចាត់ចែងច្បាប់។ ខុសអស់ហើយ មិនគួរណាចំណាយពេល លក់ដីស្រែរៀនសោះ។ បើនៅធ្វើស្រែ ត្រូវរួចពន្ធបាត់ហើយ។

  • http://dahlina.com/ monida

    ច្បាស់ហើយ! តែអីចឹងល្អណាស់ មិនបាច់ពិបាកទៅជួបគណនេយ្យកររាល់ចុងខែ។ សំរាប់ការងាររដ្ឋ គណនេយ្យករ​ធ្វើប្ញកដូចជា​មន្ត្រីរាជការទៅបើក​លុយរបស់ខ្លួនឯងអីចឹង! ហើយចង់កិបកេង បន្លំ​យ៉ាង​ម៉េច​ក៏​ស្រេច​តែ​ចិត្តខ្លួន។ (គណនេយ្យករទាំងអស់មិនអីចឹងទាំងអស់ទេ តែភាគច្រើនអីចឹងចំពោះការងារ​រដ្ឋ!!)

    គិតហ្នឹងមិនខុសទេ រៀនទៅរកលុយមិនសូវហត់!

  • http://pspimage.wordpress.com Sophea

    ត្រូវហើយ ខ្ញុំក៏ធ្លាប់គិតថាការបើកប្រាក់ខែតាមធានាគាចឹងល្អដែរ សោះនិងទៅធ្វើមុនអោយអ្នកធ្វើការនៅគណនេយ្យណឹងមើលងាយដែរ។ ខ្ញុំមើលមកស្រុកបារាំង ស្រុកគេអីក៏ល្អម្លេះ។ ប្រហែលជាមានករណីមិនល្អដែរ តែខ្ញុំមិនដឹងក៏មិនដឹង។ ដូចជាអ្នកធ្វើការនៅ Prefecture, នៅ Caf អី គេរុះរាយ ញញឹមញញែម។ អ្នកធ្វើការនៅខាង HR សាលាខ្ញុំក៏ចឹងដែរ ឃើញតែញញឹមរហូត។

  • http://www.dahlina.com Monida

    នៅតាមស្ថាប័នការងារពួកបារាំងភាគច្រើនមាន​សុជីវធម៌អីចឹងហើយ តែសិស្សសាលាវិញប្ញកមិន​បាច់និយាយ​ទេ!! តាំងពីសិស្សអនុវិទ្យាល័យទៅ…

    នៅ​ស្រុក​យើង​អាងអីគេ​បន្ទោស​ទៅ​លើ​ប្រាក់ខែតិចបានជា​គេ​ធ្វើអញ្ចេះ​ធ្វើអញ្ចុះ…តែ​តាម​ខ្ញុំគិត​គឺមកតែ​ពី​ខ្លួនឯងហ្នឹង! ហើយគិតដូច​ខ្ញុំទេ​ថា​ភាគ​ច្រើន​នៅ​ស្រុក​យើង​សុទ្ធតែមនុស្សមុខ​លុយ!! :)

  • http://pspimage.wordpress.com Sophea

    ខ្ញុំក៏គិតចឹង សិស្សវិទ្យាល៍យនៅនេះ និងពួកក្មេងៗណឹង ឫក ៩ :D ។ កាលខ្ញុំមករៀនដំបូង មានអារម្មណ៏ខ្លាចៗពួកណឹងដែរ មើលតែឫកគេ។ តែដល់តែរៀនទៅ បានដឹងថាអត់ចេះដូចគ្នាណឹង ហិហិហិ។

    នៅស្រុកយើងណឹង? មិនដឹងនិយាយថាមេចដែរ។ តែថាភាគច្រើនណឹងគឺចូលចិត្តលុយមែន។ ជាពិសេស ធ្វើអីក៏ដោយ តាំងពីប៉ូលីសឡើង ឃើញអ្នកណាស្រែៗបានគេហ៊ានសំលុត។ បើនៅតាមហាងវិញ ឃើញយើងស្រែៗចូលចទៅមិនចង់និយាយជាមួយ ធ្លាប់ទៅ PSC ម្តងចឹងលែងចង់ទៅ។ បើទៅពេទ្យវិញ អ្នកណាឈឺផ្តឹកៗក៏ដោយ តែមើលមកបងប្អូនរាងអត់លុយ រឺអត់មានអ្នកណាទៅមើលណឹង ចេតហ្មង។ ខ្ញុំធ្លាប់ម្តងនោះ ថាអោយចំមុខហ្មងទៅ នៅពេទ្យលោកសង្ឈ។ មានពួកមាកខ្ញុំវាឈឺ គ្នាឡើងចង់សន្លប់ហើយ ត្រូវការដាក់ខ្យល់អុកស៊ីសែន និងពីនិត្យឈាម។ ប៉ុណ្ណឹងគេត្រូវការលុយ ២ម៉ឺន។ កាលនោះខ្ញុំទៅគ្នាម៉ាទ៏ព តែអត់មានអ្នកណាយកលុយតាមហោរប៉ៅទៅទេ។ ដល់មានអី គេអត់ពិនិត្រឈាមអោយទេ គេចាំលុយសិន។ ម៉ាសម្បត្តិត្រឹមលុយ២ម៉ឺនប៉ុណ្ណឹង ធ្វើមើលតែរាប់លានអីក៏រាប់ម៉ឺនដុល្លា។ ទាល់តែមានអ្នកមកផ្ទះយកលុយអោយវា។ យាប់ហ្មង។ ដល់លោកក្រោយ មានអ្នកឈឺ ទៅតែពេទ្យឯកជនទេ ព្រោះអ្នកខ្លះគេមានបងប្អូនគេធ្វើពេទ្រនៅណឹង ចឹងបានស្រួល។

  • http://dahlina.com/ monida

    បទពិសោធន៍អីចឹង​ខ្្ញុំក៏ធ្លាប់​ជួបដែរ! ហើយជូរចត់ជាងនេះទៅទៀត..និយាយមិនចេញទេ! ហ្អេខ្ញុំមានយោបល់​មួយគួរតែ​សហការគ្នា។ គឺជេលជួបហេតុការណ៍អីចឹងលួចថតមុខអ្នកហ្នឹងយក​មក​ចុះការសែត រឺផ្សាយ​តាមអ៊ីនធឺនែត…

  • http://pspimage.wordpress.com Sophea

    តិចជាប់ចោទពីបទបរិហាកេរត្តិ៏វិញទៅ :D