ភ្នំពេញ: ក្រសួងសុខាភិបាលបានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ នូវប្រព័ន្ធតាមដានមរណភាពមាតា និងលេខទូរស័ព្ទសាធារណៈ ដើម្បីឲ្យអ្នករងគ្រោះ និងប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេសរាយការណ៍ ពីករណីមរណភាពមាតា មកកាន់មន្ត្រីប្រចាំការនៅក្រសួងនេះ។
លោក ទ្បូ វាសនាគិរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតជាតិ និងអន្តរជាតិក្នុងពិធីបើកដាក់ឲ្យដំណើរការនូវប្រព័ន្ធ តាមដានមរណភាពមាតា នៅទីស្ដីការក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារ ទី២ កុម្ភៈនេះថា ការបង្កើតបន្ទប់តាមដានមរណភាពមាតា គឺដើម្បីប្រមូលព័ត៌មានឲ្យបានត្រឹមត្រូវអំពីមរណភាពពមាតា ដែលកើតមាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឯកជន និងតាមសហគមន៍។
លោកបន្តថា “ព័ត៌មាននេះនឹងជួយឲ្យមន្ត្រី រៀបចំគោលនយោបាយក្រសួងសុខាភិបាល មន្ត្រីគ្រប់គ្រងកម្មវិធី និងមន្ត្រីថ្នាក់ប្រតិបត្តិគិតគូររៀបចំ និងអនុវត្តន៍នូវអន្តរាគមន៍នានា ដែលផ្ដល់លទ្ធផលខ្ពស់ ក្នុងការកាត់បន្ថយជាបន្តបន្ទាប់ នៃការស្លាប់របស់មាតានៅប្រទេសកម្ពុជា”។ លោកបន្តថា បន្ទប់តាមដានមរណភាពរបស់មាតា ស្ថិតនៅទីស្តីការក្រសួងសុខាភិបាល និងផ្ដល់នូវយន្តការទំនាក់ទំនងជាមួយមូលដ្ឋានសុខាភិបាល និងសាធារណជន ដែលមានបំណងចង់ផ្តល់ព័ត៌មាន អំពីមរណភាពមាតាដល់ក្រសួងសុខាភិបាល តាមរយៈលេខទូរសព្ទ័ ០២៣ ៩៩២ ០៩១ និងតាមរយៈអាស័យដ្ឋានអ៊ីម៉េលគឺ dphi-mdsr@moh.gov.kh នៅរៀងរាល់ថ្ងៃធ្វើការ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមាន ប្រសាសន៍ ថា ”យន្តការថ្មីនេះ បញ្ជាក់ពីគំនិតផ្ដួចផ្ដើមថ្មីមួយទៀត នៃវិស័យសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធតាមដានមរណភាពរបស់មាតា ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន”។ លោកបន្តថា “ការបង្កើតប្រព័ន្ធតាមដានមរណភាពមាតានាពេលនេះ មិនមែនមានទិសដៅដាក់ទោសមន្ត្រីរបស់យើងនោះទេ ប៉ុន្តែគឺដើម្បីមើលពីការងាររបស់យើងថា មានចំណុចខ្វះខាតអ្វី ដែលត្រូវបំពេញបន្ថែម និងដាក់មន្ត្រីរបស់យើងចុះជួយពង្រឹងការងារបន្ថែមទៀត”។
លោកបន្តថា ប្រព័ន្ធតាមដានមរណភាពមាតាផ្ដល់ផលប្រយោជន៍ពីរទី១ លើកទឹកចិត្តសហគមន៍ចូលរួមជាមួយប្រព័ន្ធសុខាភិបាល ដើម្បីទទួលបានសេវាសុខភាពកាន់តែទូលំទូលាយ លើបញ្ហាមរណភាពរបស់មាតា មរណភាពកុមារ និងសុខភាពបន្តពូជ ទី២ ជួយពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ។
យោងតាមរបាយការណ៍ជំរឿនកាលពីឆ្នាំ២០០៨ បានបង្ហាញថា អត្រាមរណភាពមាតា ក្នុងតំបន់ជនបទមានកម្រិតខ្ពស់ រហូតដល់ ៤៩០ ក្នុង ១០០.០០០ កំណើតរស់ និងមានត្រឹម ២៨៧ ក្នុង១០០.០០០ កំណើតរស់សម្រាប់ស្ត្រីរស់នៅទីក្រុង និងទីប្រជុំជន ។
លោកវេជ្ជបណ្ឌិត ស៊ីន យ៉ុងស៊ូ Shin Young Soo នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច បានមានប្រសាសន៍ថា ក្នុងចំណោមប្រជាជនកម្ពុជាជាង ១០.០០០ ភូមិទូទាំងប្រទេស ការចាប់ផ្ដើមដំណើរការនេះពិតជាមានសារៈសំខាន់ ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព ប្រជាជនកម្ពុជាប្រសើរឡើង ។ លោកបន្តថា អត្រាមរណភាពមាតាវាមានការលំបាកស្មុគស្មាញណាស់ ដែលយើងមិនអាចប៉ាន់ស្មានឲ្យបានពិតប្រាកដនោះទេ ។ ជួនកាលអត្រាមរណភាពរបស់មាតានៅកម្ពុជា អាចនៅសល់ត្រឹម ៣០០ ករណីក្នុង ១០០.០០០ កំនើត ។
លោកបន្តថា “ការបង្កើតឲ្យមានប្រព័ន្ធតាមដានមរណភាពមាតានេះ ជាគំនិតថ្មីមួយ ដែលអាចឲ្យសាធារណជនទូរស័ព្ទចូលរួម នៅពេលដែលប្រព័ន្ធទូរស័ព្ទគ្របដណ្ដប់ប្រមាណ ៩០ ភាគរយលើផ្ទៃប្រទេស” ។ លោកបន្តថា “ប្រទេសឡាវចង់យកគំរូនេះទៅអនុវត្តន៍ នៅប្រទេសរបស់ខ្លួន បើទោះជាប្រព័ន្ធនេះវាមិនល្អឥតខ្ចោះក៏ដោយ ប៉ុន្តែសំខាន់យើងបានធ្វើ ដំណើរឆ្ពោះទៅមុខក្នុងផ្លូវវិជ្ជមាន”៕
Recent Comments Gravatars