វិក្កយបត្រតម្លៃភ្លើងថ្មីនឹងត្រូវអនុវត្តនៅថ្ងៃទី១មីនាឆ្នាំ ២០១០ ដោយអតិថិជនលំនៅស្ថានដែលប្រើភ្លើងអស់ក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ សម្រាប់១គីឡូវ៉ាត់ម៉ោងថ្លៃ៦១០រៀល (តម្លៃដែលអនុវត្តកន្លងមក៣៩០រៀល) តែបើប្រើលើស៥០គីឡូវ៉ាត់ម៉ោង គឺ១គីឡូវ៉ាត់ម៉ោងថ្លៃ៧២០រៀល ដូចថ្លៃដែលបានអនុវត្តកន្លងមកដដែល។ ចំពោះអតិថិជនដែលប្រើភ្លើង១គីឡូវ៉ាត់ម៉ោង ៨៩០រៀល នាពេលកន្លងនោះ គឺចុះថ្លៃមកនៅត្រឹម៨២០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង នៅពេលអនុវត្តតម្លៃថ្មីខាងមុខនេះ។
មន្ត្រីក្រុមហ៊ុនអគ្គិសនីកម្ពុជាមួយរូបបាននិយាយនៅថ្ងៃទី២៧ មករា ឆ្នាំ២០១០ ការអនុវត្តន៍យកថ្លៃភ្លើងថ្មីនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្ដាល និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១មីនាឆ្នាំ២០១០ (គិតថ្លៃភ្លើងដែលបានប្រើរួចនៅក្នុងខែកុម្ភៈឆ្នាំ២០១០) តម្លៃថ្មីនេះមិនមានការប្រែប្រួលចំពោះអតិថិជនដែលបានប្រើប្រាស់ ភ្លើងអស់លើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែនោះទេ គឺប្រែប្រួលតែចំពោះអតិថិជនដែលប្រើប្រាស់អស់ក្រោម៥០គីឡូវ៉ាត់ ម៉ោងក្នុង១ខែ និងអតិថិជនដែលទូទាត់ថ្លៃដោយថវិការដ្ឋនិងស្ថានទូត ស្ថាប័ន ផ្ទះស្នាក់នៅរបស់ជនបរទេស ពាណិជ្ជកម្ម និងឧស្សាហកម្ម។
ប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះនេះបានឲ្យដឹងទៀតថា តម្លៃអនុគ្រោះសម្រាប់អតិថិជនលំនៅស្ថានដែលប្រើអស់ក្រោម៥០គីឡូវ៉ាត់ ក្នុង១ម៉ោង ដោយក្នុង១គីឡូវ៉ាត់ម៉ោងថ្លៃ៣៩០រៀល ដែលបានអនុវត្តកន្លងមកនោះ ត្រូវបានជំនួសដោយតម្លៃ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោងវិញ ហើយបើប្រើអស់លើសពី៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែចំនួនដែលលើសក្នុង ១គីឡូវ៉ាត់ម៉ោងមានតម្លៃ៧២០រៀលដដែលដូចតម្លៃដែលកំពុងតែអនុវត្ត សព្វថ្ងៃនេះ។ តែចំពោះអតិថិជនដែលទូទាត់ថ្លៃដោយថវិការដ្ឋនិងស្ថានទូត ស្ថាប័ននិងផ្ទះស្នាក់នៅរបស់ជនបរទេស ដែលការអនុវត្តកន្លងទៅ១គីឡូម៉ែត្រម៉ោងថ្លៃ៨៩០រៀលនោះនឹងត្រូវ ចុះមកនៅត្រឹម៨២០រៀលក្នុង១គីឡូវ៉ាត់ម៉ោងវិញ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា អតិថិជនលំនៅស្ថានទូទៅមានលម្អៀងចំពោះតម្លៃថ្មីដែលនឹងត្រូវអនុវត្ត ក្នុងពេលខាងមុខប្រហែលជា១ម៉ឺនរៀលក្នុង១ខែ។ ការសម្រេចលុបចោលតម្លៃអនុគ្រោះ៣៩០រៀលក្នុង១គីឡូវ៉ាត់ម៉ោងនេះ គឺដើម្បីកាត់បន្ថយការខាតបង់កាន់តែច្រើននៅពេលខាងមុខដែល ក្រុមហ៊ុនអគ្គិសនីពង្រីកបណ្ដាញចែកចាយទៅតំបន់ជាយក្រុងកាន់តែ ទូលំទូលាយ ហើយអតិថិជនថ្មីទាំងនោះភាគច្រើនប្រើប្រាស់ភ្លើងក្នុង១ខែមិនអស់ ដល់៥០គីឡូវ៉ាត់ម៉ោង។ ពេលនេះអតិថិជនទាំងនោះកំពុងតែប្រើប្រាស់ភ្លើងដែលមានតម្លៃខ្ពស់ ជាង១ពាន់រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
ប្រភពនេះបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងឆ្នាំខាងមុខនេះ ក្រុមហ៊ុនអគ្គិសនីកម្ពុជានឹងធ្វើការពង្រីកតំបន់ចែកចាយទៅជាយក្រុង កាន់តែធំទូលាយហើយនៅពេលនេះក្នុង១ខែអតិថិជនថ្មីបានកើនឡើង ប្រមាណជា១ពាន់នាក់ដែលភាគច្រើនជាអតិថិជនដែលប្រើភ្លើងក្នុង១ខែ អស់មិនលើសពី៥០គីឡូវ៉ាត់ម៉ោងនោះទេ។ អតិថិជនរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាពេលនេះមានចំនួនកើនដល់ ប្រមាណជា២២៤ពាន់នាក់ហើយ៕

Recent Comments Gravatars