នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនកម្ពុជាប្រយ័ត្នចំពោះអាកាសធាតុត្រជាក់។ ប្រទេសកម្ពុជាត្រូវជួបប្រឈមនឹងអាកាសធាតុត្រជាក់រហូតដល់៨អង្សាសេ ដែលនឹងកើតមាន ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១០។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលបានប្រកាស នៅរសៀលថ្ងៃទី១២ មករា ឆ្នាំ២០១០។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើការអំពាវនាវដោយផ្ទាល់មាត់ នៅព្រឹកថ្ងៃទី១២ មករានេះ ទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្តនានា ពិសេសតំបន់ព្រំដែន និងកោះសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុត្រជាក់ពុំធ្លាប់មាននៅ កម្ពុជានៅពេលនេះ។
សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ដល់សាធារណជនថា នៅវេលាម៉ោង៧ព្រឹក នៅថ្ងៃទី១២ មករាឆ្នាំ២០១០ មូសុងឦសានដែលបក់មកពីទិសឦសានបាននឹងកំពុងមានឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា បង្កឲ្យផ្ទៃមេឃមានពពកតិច ខ្យល់ត្រជាក់ហើយសើម មានចុះអ័ព្ទច្រើននៅពេលព្រឹក និងពេលយប់។
ការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបានធ្វើឲ្យមានការប្រែប្រួលសីតុណ្ហភាពនៅតាមតំបន់មួយ ចំនួន ដូចជាតំបន់ភ្នំ ដែលរួមមានខេត្តព្រះវិហារ ឧត្ដរមានជ័យ ជួរភ្នំក្រវាញនិងជួរភ្នំដងរែក សីតុណ្ហភាពអប្បបរមារហូតដល់៨ ឬ៩អង្សាសេ។ ចំណែកតំបន់ខ្ពង់រាប ដែលរួមមានខេត្តរតនគីរី ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគីរី សីតុណ្ហភាពអប្បបរមាមានកម្រិតពី១២ ដល់១៥អង្សាសេ។ តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំ និងខេត្តកំពង់ធំ មានសីតុណ្ហភាពអប្បបរមា១៤ ទៅ១៦ អង្សាសេ។ រីឯតំបន់មាត់សមុទ្រ រួមមានខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងខេត្តកែប មានសីតុណ្ហភាពអប្បបរមាពី ១៨ ដល់ ១៩អង្សាសេ។
ចំពោះមុខអាកាសធាតុត្រជាក់ពុំធ្លាប់មាននៅកម្ពុជាពេលនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យឯក ទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១២មករា ដោយសម្ដេចបានផ្ដាំផ្ញើទៅកាន់អាជ្ញាធរ និងប្រជាជននៅតាមខេត្តនានា ជាពិសេសនៅតាមតំបន់ព្រំដែន និងបណ្ដាកោះនៅតាមសមុទ្រ ដើម្បីឲ្យបង្កើនការប្រុងប្រយ័ត្ន។
សម្ដេចតេជោហ៊ុន សែន បានបន្ថែមថា ធាតុអាកាសប៉ុន្មានថ្ងៃនេះ គឺធ្លាក់ក្នុងស្ថានភាពត្រជាក់។ ចាប់តាំងពីយប់ថ្ងៃអាទិត្យដល់យប់ថ្ងៃចន្ទ សីតុណ្ហភាពត្រជាក់បានធ្លាក់១ដឺក្រេ។ ដូច្នេះប្រជាជនកម្ពុជានិងអាជ្ញាធរខេត្តនានាត្រូវមានការ ប្រុងប្រយ័ត្ន ទៅនឹងការប្រែប្រួលអាកាសធាតុនេះ។ នេះជាភារៈទទួលខុសត្រូវរបស់អាជ្ញាធរ និងរដ្ឋាភិបាល ដែលត្រូវតែផ្សព្វផ្សាយពីការតាមដានព្យាករណ៍អាកាសធាតុប្រាប់ដល់ ប្រជាជនឲ្យបានដឹងជាប្រចាំ។
ក្នុងស្ថានភាពប្រែប្រួលអាកាសធាតុនេះ សម្ដេចក៏បានទូរស័ព្ទទាក់ទងទៅមេទ័ព និងអាជ្ញាធរខេត្តព្រះវិហារ ដែលប្រចាំការនៅព្រំដែនប្រាសាទព្រះវិហារដើម្បីសួរនាំពីកម្រិត ត្រជាក់នៅប្រាសាទព្រះវិហារនោះ អាកាសធាតុត្រជាក់បន្តិចម្ដងៗ បានចាប់ផ្ដើមកើតឡើងតាំងពីថ្ងៃទី៨មករាមកម្ល៉េះ។
សម្ដេចតេជោ បានឲ្យដឹងថាសម្ដេចបានផ្ដល់អាវរងាតាំងពីខែវិច្ឆិកាជិត៣ម៉ឺន កំប្លេ ចែកជូនដល់កងទ័ពតាមព្រំដែន និងលើកោះ។ សម្ដេចក៏បានផ្ដាំផ្ញើឲ្យអាជ្ញាធរ និងប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់នេះ ព្រោះសម្ដេចបានគូសបញ្ជាក់ថា ឥឡូវនេះលើពិភពលោកគេថា ការផ្លាស់ប្ដូរអាកាសធាតុ គឺត្រឹមត្រូវហើយដោយនៅប្រទេសបារាំង អង់គ្លេស អាមេរិក កូរ៉េ និង ប្រទេសចិន ជាដើមបានធ្លាក់ព្រិលទឹកកកនាំឲ្យស្ទះចរាចរណ៍ ហើយក៏មានការបិទប្រលានយន្តហោះថែមទៀតផង។ ចំណែកប្រទេសណាដែលមិនធ្លាប់ធ្លាក់ព្រិល មិនធ្លាប់ធ្លាក់ទឹកកក បែរជាពេលនេះធ្លាក់ព្រិល និងទឹកកក៕

Recent Comments Gravatars