អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

jimmy-carterអតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ជីមី ខាតធ័រ (Jimmy Carter) ព្រមទាំង​លោក សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅ​ថៃ្ង២១ វិច្ឆិកា​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្ទះ​សម្បែង​ចំនួន​២១​ខ្នង​នៃ​គម្រោងការ​ សាងសង់​ផ្ទះ​ចំនួន​៦០០​ខ្នង​ដែល​សាងសង់​រួច​ហើយ​ជូន​ពលរដ្ឋ​ខែ្មរ​ក្រីក្រ​ ចំនួន​ជាង​១​ពាន់​គ្រួសារ។

ពិធី​សម្ពោធ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​ក្នុង​ឃុំ​ភ្នំបាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ និង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ចូលរួម​ជា​ច្រើន​រយ​នាក់។

លោក ជីមី ខាតធ័រ គឺ​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ចន្លោះ​ឆ្នាំ​១៩៧៦​និង​ឆ្នាំ​ ១៩៨០ និង​ជា​អ្នក​ទទួល​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ខែ្មរ​ជា​ច្រើន​រយ​នាក់​នៅ​ក្នុង​ ពិធី​សម្ពោធ​នោះ​ថា ៖ “ជា​បឋម​សូម​ស្វាគមន៍​ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​ ទាំង​អស់​ដែល​បាន​សាងសង់​ផ្ទះ​ដ៏​ស្រស់​ស្អាត​នេះ​ផងដែរ។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​សូម​ងើប​ឡើង នេះ​គឺ​ជា​ការ​បង្ហាញ​មួយ​នៃ​ភាព​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា”

នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ដែរ លោក សុខ អាន ជា​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គម្រោងការ​សាងសង់​ផ្ទះ​របស់​អង្គការ​លំនៅ​ឋាន​ដើម្បី​មនុស្ស​ជាតិ​នេះ គឺ​មាន​សារសំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ ​ក្នុង​ប្រទេស​កម្ពុជា។

លោក សុខ អាន បាន​មាន​ប្រសាសន៍​ថា ៖ «ម៉្យាង​ទៀត​យើង​ខ្ញុំ​ក៏​យល់​ ច្បាស់​ថា វត្តមាន​របស់​ឯកឧត្ដម ជីមី ខាតធ័រ និង​លោក​ជំទាវ​នៅ​កម្ពុជា​នា​ឱកាស​នេះ គឺ​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រីក​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព សហ​ប្រតិបត្តិការ​និង​មនោសញ្ចេតនា​ជ្រាលជ្រៅ​រវាង​កម្ពុជា​និង​សហរដ្ឋ​ អាមេរិក​ដែរ»

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​នៃ​ សហគមន៍​ជីវិត​ថ្មី ដែល​ជា​គ្រួសារ​ក្រីក្រ​រស់​នៅ​ពឹង​ផ្អែក​លើ​ការ​កាយ​និង​រើស​សំរាម​នៅ​ ស្ទឹងមានជ័យ​កន្លង​មក ហើយ​បាន​ទទួល​ផ្ទះ​មួយ​ខ្នង​ពី​អង្គការ​លំនៅ​ឋាន​ដើម្បី​មនុស្ស​ជាតិ បាន​ថែ្លង​ថា លោក​មាន​ការ​រីក​រាយ​ដែល​លោក​មិន​នឹក​ស្មាន​ដល់។

ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ៖ «ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ផ្ទះ​ខ្ញុំ​មាន​(សមាជិក)​ច្រើន សមាជិក​រួម​ទាំង​អស់​៩​នាក់។ មាន​អារម្មណ៍​សប្បាយ ដូច​ថា​អ្វី​ដែល​ជា​តម្រូវការ​សម្រាប់​ឆាក​ជីវិត​ពួក​ខ្ញុំ​នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​ទទួល​ជោគជ័យ​នៃ​ក្ដី​ស្រមៃ​របស់​ពួក​ខ្ញុំ។ មាន​អារម្មណ៍​សប្បាយ​មែន​ទែន»

អង្គការ​ដដែល​នេះ​មាន​គម្រោង​ការ​សាងសង់​លំនៅ​ឋាន​ឲ្យ​បាន​ចំនួន​៦​ពាន់​ ខ្នង​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​លំនៅ​ឋាន​ចំនួន​៥​ម៉ឺន​ខ្នង​ដែល​អង្គការ​ដដែល​នេះ​មាន​គម្រោងការ​ សាងសង់​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​សម្រាប់​ឲ្យ​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​តាម​ដី​សណ្ដ​ទន្លេ​មេគង្គ មាន​ដូច​ជា​ប្រទេស​កម្ពុជា វៀតណាម លាវ ថៃ និង​ចិន​ជាដើម ក្រោម​កិច្ច​ទ្រទ្រង់​ថវិកា​ដោយ​លោក ជីមី ខាតធ័រ នោះ៕

From: http://www.rfa.org/khmer/indepth/inauguration-of-houses-4poor-people-11212009073213.html

Related Posts

Leave Your Response

* Name, Email, Comment are Required