អាស៊ីសេរី៖ ការ​ល្បង​បន្សាប​ថ្នាំ​ញៀន​ដោយ​ថ្នាំ​បុរាណ​វៀតណាម​បាន​ជោគជ័យ​នៅ​កម្ពុជា

drug addictionកម្ពុជា​បាន​បញ្ចប់​ការ​សាកល្បង​បន្សាប​គ្រឿង​ញៀន​ចំពោះ​អ្នក​ញៀន​ ថ្នាំញៀន​ដែល​យកថ្នាំ​មក​ពី​ប្រទេស​វៀតណាម មាន​លក្ខណៈ​ជា​ថ្នាំ​ទឹក​បុរាណដោយ​ប្រកាស​ថា ការ​ពិសោធ​នេះ​បាន​ជោគជ័យ តែ​ក្រុម​សិទ្ធមនុស្ស​រិៈគន់​ថា ថ្នាំ​នេះ​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ​ទុក​ចិត្ត​មិន​បាន។

មន្រ្តី​ជាន់​ខ្ពស់​នៃ​អាជា្ញធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រុម​មន្រ្តី​ជំនាញការ​វៀតណាម​ខាង​បន្សាប​គ្រឿងញៀន​នៅ​ថៃ្ង​ចន្ទ័ ទី​២១ ខែ​ធ្នូ​នេះ បាន​បញ្ចប់​ការ​សាកល្បង ឬ​ពិសោធ​ថ្នាំ​ម្យ៉ាង​របស់​វៀតណាម​ក្នុង​ការ​ព្យាបាល និង​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន ២១​នាក់​រយៈ​ពេល ១០​ថៃ្ង នៅ​ក្នុង​មជ្ឈមណ្ឌល “ឱកាសខ្ញុំ” នៅ​ជាយ​ទីក្រុង​ភ្នំពេញ​នោះ​ហើយ​។

ការ​បញ្ឈប់​ការ​សាកល្បង​ដោយ​ជោគជ័យ​នេះ​បាន​ធ្វើ​ទ្បើង​នៅ​គ្រា​ដែល​មាន​ ការ​ចោទ​ប្រកាន់​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch ថា​ថ្នាំ​បន្សាប​នោះ​គ្មាន​បទដ្ឋាន​វិទ្យា​សាស្រ្ត​ត្រឹម​ត្រូវ។

លោក មឹក ដារ៉ា នាយក​មន្ទី​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គ​លេខា​ធិការដ្ឋាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ អាស៊ីសេរី​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​នោះ​ថា ការ​សាក​ល្បង​បន្សាប និង​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន ហេរ៉ូអ៊ីន បាន​ទទួល​​ជោគជ័យ​។

លោក បាន​បន្តរ​ថា ៖ «ថ្នាំ​នេះ​មិន​មែន​ទើប​រក​ឃើញ​ម្សិលមិញ​ហើយ​យក​ មក​ពិសោធ​សាក​ឯណា។ ថ្នាំ​ផ្កា​ឈូក​នេះ​អ្នក​វិទ្យា​សាស្ត្រ​ប្រទេស​វៀតណាម​លោក​រក​ឃើញ​ ហើយ​បាន​ប្រើប្រាស់​ទៅ​លើ​អ្នក​ដែល​ញៀន​នៅ​ប្រទេស​វៀតណាម​ប៉ុន្នាន​ឆ្នាំ​មក ​ហើយ​ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​លោក​ទទួល​ស្គាល់។ តែ​ដោយ​សារ​តែ​ភាគី​កម្ពុជា​យើង​មិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ ប្រើប្រាស់​ឱសថ​ហ្នឹង ទើប​បាន​ជា​អាជ្ញាធរ​ជាតិ​បាន​ស្នើ​សុំ​ឲ្យ​ខាង​ភាគី​មិត្ត​វៀតណាម​បញ្ជូន​ វេជ្ជបណ្ឌិត​លោក​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់​ឲ្យ​មក​ផ្ទេរ​ចំណេះ​ដឹង​មក​ វេជ្ជ​បណ្ឌិត​កម្ពុជា​យើង»។

ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ហ្វាម មីនគឿង នៅ​ក្នុង​ចំណោម​អ្នក​ញៀន​គ្រឿងញៀន​ហេរ៉ូអ៊ីន​ ចំនួន ២១​នាក់​នោះ​បាន​ថែ្លង​ថា ការ​បន្សាប​ដំបូង​ធ្វើ​ទុក្ខ​នៅ​ក្នុង​ខ្លួន ប៉ុន្តែ​ក្រោយ​មក​មិន​ជា​អ្វី​ទេ​ដោយ​បាន​បញ្ជាក់​ដូច្នេះ ៖ «មុន​ដំបូង ​ធ្វើ​ទុក្ខ​តែ​មួយ​ថ្ងៃ​ទេ វា​ធ្វើ​ឲ្យ​រាគ​ផង ឲ្យ​ទន់​ដៃ​ទន់​ជើង​ក្អួត​តិច​តួច ដល់​ថ្ងៃ​ទី​២ អត់​អី​ទេ។ បី​ថ្ងៃ​ក្រោយ​មក​បង​ប្អូន​យើង​ហូប​ចុក​បាន​ទាំង​អស់​អ្នក​ណា​ក៏​មាន​ កម្លាំង ហើយ ៤​ ទៅ​ ៥ថ្ងៃ​ក្រោយ​នេះ​គេ​ពិនិត្យ​ទឹក​នោម​អត់​មាន​ឃើញ​អី​ទេ»។

យុវជន​ខែ្មរ​ម្នាក់​ឈ្មោះ ហ៊ុន ភ័គ្គ អាយុ ២២​ឆ្នាំ មក​ពី​ខែត្រ​ព្រៃវែង បាន​មក​ទទួល​ការ​បន្សាប​ការ​ញៀន​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ចំនួន ១០​ថៃ្ង​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាសខ្ញុំ​នោះ បាន​បញ្ជាក់​ថា ការ​សាក​ល្បង​នេះ​បាន​ជោគជ័យ​មិន​ឲ្យ​ញៀន​គ្រឿង​ញៀន​នោះ​ទៀត​។

ហ៊ុន សុភ័គ្គ បញ្ជាក់​ថា ៖ «ខ្ញុំ​មក​ពិសោធ​ថ្នាំ​មែន​ អត់​មាន​ធ្វើ​ទុក្ខ​អី​ផង ហូប​ថ្នាំ​ហ្នឹង​គ្រាន់​តែ​ធ្វើ​ទុក្ខ​ក្តៅ​បន្តិច»។ សុខ​ សេរី៖ ឥឡូវ​សប្បាយ​ចិត្ត​ទេ? ហ៊ុន សុភ័គ្គ ៖ សប្បាយ!ព្រោះ​ជា​ហើយ។

លោក​ឧត្តមសេនីយ៍ នាក់ យុទ្ធា ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​អប់រំ ស្តា​នីតិ​សម្បទា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នោះ​បាន​មាន ​ប្រសាសន៍​ថា អ្នក​ញៀង​គ្រឿង​ញៀន ហេរ៉ូអ៊ីន​ចំនួន ២១​នាក់ ដែល​បាន​ទទួល​ជោគជ័យ​បន្សាប ឬ​ផ្តាច់​ការ​ញៀន​នោះ​នឹង​ត្រូវ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​នៅ​ថៃ្ង​ច័ន្ទ​នេះ​ ក្រោយ​ពី​បាន​ទទួល​ការ​បន្សាប​ចំនួន ១០​ថៃ្ង​មក។

លោក​បាន​បន្តរ​ថា ៖ «ក្រោយ​ពី​ការ​បន្សាប​រយៈ​ពេល ១០​ថ្ងៃ​នេះ​ទៅ​ ល្ងាច​នេះ​យើង​នឹង​ដឹក​គាត់​ដាក់​តាម​គោល​ដៅ​លំ​នៅ​ដ្ឋាន​របស់​គាត់​វិញ ហើយ​យើង​នឹង​មាន​ក្រុម​តាម​ដាន ​ហើយ​ក្រុម​តាម​ដាន​ហ្នឹង​គឺ​ជា​គ្រូ​អនុវត្ត​គម្រោង​របស់​យើង ឲ្យ​គាត់​តាម​ដាន​មើល​ថា តើ​គាត់​ស្ថិត​នៅ​ក្នុង​ភាព​ប្រ​ក្រតី​ដូច​នៅ​ក្នុង​មណ្ឌល ឬ​លាប់​ឡើង​វិញ ឬ​ក៏​គាត់​វិល​ទៅ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​វិញ​ដោយ​សារ​គាត់​ជួប​មជ្ឍដ្ឋាន​ ចាស់»​។

មជ្ឈម​ណ្ឌល​ឱកាស​ខ្ញុំ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ ចម្ងាយ​ប្រមាណ​ជិត ២០​គម ខាង​ជើង​ទី​ក្រុង​ភ្នំពេញ ដែល​មាន​អ្នក​ញៀង​គ្រឿង​ញៀន​ចំនួន​ជាង ២០០​នាក់ កំពុង​តែ​ទទួល​ការ​អប់រំ និង​បន្សាប​ការ​ញៀន​គ្រឿង​ញៀន ប៉ុន្តែ​អ្នក​ញៀន​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ចំនួន ២១​នាក់​ប៉ុណ្ណោះ​បាន​ឆ្លង​កាត់​ការ​សាកល្បង​បន្សាប ឬ​ផ្តាច់​ការ​ញៀន​នោះ​ក្នុង​រយៈពេល ១០​ថៃ្ងនេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​បាន​ផ្តល់​មក​ឲ្យ​ រដ្ឋាភិបាល​កម្ពុជា​នូវ​ថ្នាំ​បុរាណ​ ចំនួន​ ២២​កែស និង​គ្រូ​ពេទ្យ​វៀតណាម​ចំនួន ១០​នាក់​មក​ប្រទេស​កម្ពុជា​ដើម្បី​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ ចំនួន ២១​នាក់។

ថ្នាំ​បុរាណ​វៀតណាម​នោះ​មាន​ឈ្មោះថា “បង់សែន” ឬ​ថ្នាំ​ “ផ្កាឈូក” ជា​ថ្នាំ​ទឹក​ដូច​ដប​ស្រា​បាន​រក​ឃើញ​និង​ផលិត​ដោយ​ជនជាតិ​វៀតណាម​ម្នាក់​ ឈ្មោះ លីវ ហ្វាំងសៀម។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​ចោទ​ប្រកាន់​ថា ការ​សាក​ល្បង​នោះ​បាន​ធ្វើ​ដោយ​បង្ខំ ប៉ុន្តែ​ក្រុម​មន្រ្តី​ប្រឆាំង​គ្រឿង​ញៀន​នៃ​ប្រទេស​កម្ពុជា​បាន​បដិសេធ​ដោយ ​បញ្ចាក់​ថា វា​ជា​ការ​ផ្ទេរ​ចំណេះ​ដឹង និង​បទ​ពិសោធ​ពី​វៀតណាម​មក​កម្ពុជា​តែ​ប៉ុណ្ណោះ៕

Related Posts

This website uses IntenseDebate comments, but they are not currently loaded because either your browser doesn't support JavaScript, or they didn't load fast enough.

Leave Your Response

* Name, Email, Comment are Required