អាស៊ីសេរី៖ ច្បាប់”អស្សាមិករណ៍”

borei chey chum neas

សង្គមស៊ីវិល​និង​ពលរដ្ឋ​មួយចំនួន​កំពុង​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​សំដៅ​ដកហូត​ទ្រព្យ​សម្បត្តិ កម្មសិទ្ធិ​ឯកជន និង​ដកហូត​សិទ្ធិ​កាន់កាប់​ទាំង​ឡាយ​ណា​លើ​អចលនទ្រព្យ ដើម្បី​យក​ទៅ​បម្រើ​ជា​សម្បត្តិ​សាធារណៈ​វិញ។

យ៉ាង​ហោច​ណាស់​មាន​អ្នក​រង​គ្រោះ​ដោយសារ​វិបត្តិ​ដី​ធ្លី សិស្ស និស្សិត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជាង​២០០​នាក់ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​ភ្នំពេញ និយាយ​ពី​សេចក្តី​ព្រាង​ច្បាប់ អស្សាមិករណ៍ ដែល​ជា​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ទៀត​ហើយ ស្តីពី​ការ​ដក​ហូត​ទ្រព្យ​សម្បត្តិ កម្មសិទ្ធិ​ឯកជន និង​ដកហូត​សិទ្ធិ​កាន់កាប់​ទាំង​ឡាយ​ណា​លើ​អចលនទ្រព្យ ដើម្បី​យក​ទៅ​បម្រើ​ជា​សម្បត្តិ​សាធារណៈ​វិញ។

មន្រ្តី​នៃ​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកស្រី គង់ បុប្ជា ពន្យល់​ថា ច្បាប់​អស្សាមិករណ៍​គឺ​ជា​ច្បាប់​ដកហូត​កម្មសិទ្ធិ​ឯកជន​និង​សាធារណៈ រួម​មាន​ដី សំណង់ និង​ដំណាំ​ដាំ​ដុះ សម្រាប់​បម្រើ​ការ​ស្ថាបនា ស្តារ និង​ពង្រីក​ហេដ្ឋា​រចនាសម្ព័ន្ធ រូបវន្ត​សាធារណៈ និង​ផល​ប្រយោជន៍​ជាតិ ព្រម​ទាំង​ផ្តល់​នូវ​សំណង​ជា​មុន​សមរម្យ​និង​យុត្តិធម៌។

អ្នកស្រី​ថា កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៩ ធ្នូ​នេះ មាន​បំណង​ប្រមូល​មតិ​នានា​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ស្នើសុំ​ទៅ​សភា​ជាតិ​ ឲ្យ​ពិចារណា​លម្អិត​មុន​ការ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់ អស្សាមិករណ៍ ដែល​រដ្ឋ​សភា​នឹង​លើក​មក​ជជែក​នា​ពេល​ឆាប់ៗ នៅ​មុន​ឆ្នាំ​២០១០ ខាង​មុខ​នេះ។

អ្នកស្រី គង់ បុប្ជា បាន​មាន​ប្រសាសន៍​ថា ៖ «ច្បាប់​នេះ​គឺ​មាន​គោលដៅ ​ក្នុង​ការ​ដកហូត​ទ្រព្យ​សម្បត្តិ​ឯកជន​តែម្ដង ទោះ​បី​អ្នក​ហ្នឹង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ក៏​ដោយ ប៉ុន្តែ​ក្នុង​គោលបំណង​របស់​គេ​គឺ​ផល​ប្រយោជន៍​របស់​ជាតិ និង​ផល​ប្រយោជន៍​សាធារណៈ»

ប្រជា​សហគមន៍​ដែល​បាន​រង​គ្រោះ​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ ពី​ផ្ទះ​សម្បែង ដី​ធ្លី បាន​ផ្តល់​មតិ និង​បង្ហាញ​ពី​ផល​ប៉ះពាល់ និង​ភាព​រង​គ្រោះ​នៃ​សំណង​មិន​សមរម្យ​មុន​មាន​សេចក្តី​ព្រាង​ច្បាប់ អស្សមិករណ៍ ថ្មី​នោះ ៖ «តើ​អ្វី​ទៅ​ជា​ផល​ប្រយោជន៍​សាធារណៈ ហើយ​និង​ផល​ប្រយោជន៍​ជាតិ? តើ​គណៈកម្មការ​អស្សាមិករណ៍​ហ្នឹង​គាត់​មាន​ឯករាជ្យ​យ៉ាង​ណា​ចំពោះ​ការ​វាយ​ តម្លៃ? ហើយ​ច្បាប់​អស្សាមិករណ៍​នេះ ថា​តើ​ធ្វើ​ម៉េច​ដើម្បី​ធានា​កម្មសិទ្ធិ​របស់​បង​ប្អូន​ក្នុង​ការ​ដកហូត​ ហ្នឹង​ឲ្យ​បាន​ស្រប ឬ​ក៏​ផ្ដល់​ជា​ប្រយោជន៍​របៀប​ម៉េច​ដល់​យើង​ទាំង​អស់​គ្នា?»

ក្រោយ​ពី​ការ​ជជែក​អំពី​ច្បាប់​អស្សាមិករណ៍​នោះ ក្រុម​សង្គម​ស៊ីវិល​បាន​រក​ឃើញ​នូវ​ចំណុច​វិជ្ជមាន​នៃ​ច្បាប់​នោះ ដូច​ជា​កំណត់​ជាក់លាក់​ពី​ការ​ដកហូត​កម្មសិទ្ធិ​ឯកជន​ដើម្បី​បម្រើ​ផល​ ប្រយោជន៍​សាធារណៈ​និង​ផល​ប្រយោជន៍​ជាតិ, ធ្វើ​ការ​ទូទាត់​សំណង​ជា​មុន​ដោយ​សមរម្យ​និង​យុត្តិធម៌​ទៅ​នឹង​ការ​ដកហូត, មាន​កំណត់​គណៈកម្មការ​ឬ​ភ្នាក់ងារ​ឯករាជ​ក្នុង​ការ​វាយ​តម្លៃ​ដី​តាម​ ទីផ្សារ, ផ្តល់​អាទិភាព​លក់​ជូន​ដល់​ម្ចាស់​អចលនវត្ថុ​និង​ម្ចាស់​កម្មសិទ្ធិ​វិញ តាម​អត្រា​តម្លៃ​ដើម​នៃ​ការ​ទូទាត់​សំណង, រដ្ឋ​ត្រូវ​ទិញ​យក​ចំណែក​នៃ​អចលនវត្ថុ​ដែល​នៅ​សេសសល់​ពី​ការ​ធ្វើ​ អស្សាមិករណ៍ ដោយ​តម្លៃ​សមរម្យ​និង​យុត្តិធម៌។

សេចក្តី​ព្រាង​ច្បាប់​អស្សាមិករណ៍​មាន ៨​ជំពូក ចែក​ចេញ​ជា ៣៩​មាត្រា ដែល​នឹង​ត្រូវ​សភា​ជាតិ​លើក​យក​មក​ពិភាក្សា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នេះ​បើ​តាម​ការ​អះអាង​ពី​អ្នក​តំណាង​រាស្ត្រ។

ថ្វីបើ​មាត្រា​ជា​ច្រើន​ត្រូវ​បាន​ចងក្រង​រួច​ជា​ស្រេច​ហើយ ដែល​ហាក់​ដូច​ជា​មាន​ភាព​ល្អិតល្អន់​មុន​នឹង​ ដកហូត​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​ពលរដ្ឋ​មក​បម្រើ​ជា​សម្បត្តិ​សាធារណៈ​វិញ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ និង​ការ​ចុះ​វាយ​តម្លៃ​ដោយ​យុត្តិធម៌ សមស្រប​តាម​ទីផ្សារ​ក៏​ដោយ​ចុះ ដូច​ជា​មាត្រា​ទី​១១ និង​ទី​២២ ក៏​ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​របស់​មន្ត្រី​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​អ្នក​ ធ្លាប់​រង​គ្រោះ​នៅតែ​មិន​ទុក​ចិត្ត​ឡើយ។

ក្រុម​អ្នក​រង​គ្រោះ​ដោយសារ​វិបត្តិ​ដី​ធ្លី​កន្លង​មក​បាន​បញ្ជាក់​ថា ទ្រព្យ​សម្បតិ្ត​ដី​ធ្លី​របស់​ខ្លួន​ពិត​ប្រាកដ​កន្លង​មក​ត្រូវ​គេ​ដកហូត​យក ​ដោយ​ស្រស់ៗ និង​បណ្តេញ​ម្ចាស់​ទ្រព្យ​ដោយ​គ្មាន​សំណង​សមរម្យ និង​គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដូច​ការ​អះអាង​នោះ​ឡើយ៕

Related Posts

Speak Your Mind

*