រាជធានីភ្នំពេញ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១០ វិច្ឆិកា តាមពាក្យបណ្ដឹងរបស់យុវជនម្នាក់ ក្រោយពេលដែលពួកគេយកអាវុធខ្លីមួយដើមម៉ាក K54 ទៅបាញ់យុវជនម្នាក់នោះពេលកំពុងអង្គុយបើកអ៊ីនធឺណិតមើលនៅក្នុង ផ្ទះ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ឡើយដោយសារកាំភ្លើងបាញ់មិន ផ្ទុះ។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះលេខ៥៥D ផ្លូវលេខ ៣៦៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០០៩។
យុវជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ ឈ្មោះ ងួន សុវិច្ឆ័យ អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ ១២៣A ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ ងួន ច័ន្ទរដ្ឋា អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុនដូចគ្នា។ រីឯយុវជនដែលមានជំលោះជាមួយយុវជនទាំង២នាក់នេះឈ្មោះ ណូ សុផល្លា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៥D ផ្លូវ៣៦៨សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីប៉ូលិសខណ្ឌចំការមនឲ្យដឹងថា មុនពេលមានទំនាស់ជាមួយគ្នារវាងឈ្មោះ ណូ សុផល្លា ជាមួយឈ្មោះ ងួន សុវិច្ឆ័យ និងឈ្មោះ ងួន ច័ន្ទរដ្ឋា គឺពួកគេមានក្រុមបក្សពួកផ្សេងៗគ្នាជាច្រើននាក់ទៀតបានឈ្លោះ ទាស់ទែងគ្នាតាមអ៊ីនធឺណិត ហើយឈានទៅដល់ការណាត់វាយតប់គ្នានៅកន្លែងមួយ។ ទំនាស់គ្នាតាមទូរស័ព្ទផង តាមអ៊ីនធឺណិតផង ឈានដល់ឈ្មោះ ងួន សុវិច្ឆ័យ និងឈ្មោះ ងួន ច័ន្ទរដ្ឋា បាននាំគ្នាជិះម៉ូតូម៉ាក SL ពណ៌ស មួយគ្រឿងឌុបគ្នាតាមរកឈ្មោះ ណូ សុផល្លា ដល់លំនៅឋានហើយ ឃើញឈ្មោះ ណូ សុផល្លា កំពុងអង្គុយបើកអ៊ីនធឺណិតមើល ទើបឈ្មោះងួន សុវិច្ឆ័យ បានឲ្យអាវុធខ្លីរបស់ខ្លួនទៅឈ្មោះងួន ច័ន្ទរដ្ឋា ស្ទុះចូលទៅបាញ់ឈ្មោះ ណូ សុផល្លា សំណាងល្អបាញ់មិនផ្ទុះ ទើបពុំបណ្ដាលឲ្យឈ្មោះ ណូ សុផល្លា រងរបួសអ្វីឡើយ។ ប៉ូលិសខណ្ឌចំការមនបាននិយាយថា ការឃាត់ខ្លួនឈ្មោះ ងួន សុវិច្ឆ័យ និងឈ្មោះ ងួន ច័ន្ទរដ្ឋា នោះក៏មានការសហការគ្នាជាមួយប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃផង ដែរ។
ខាងលើនេះជាបទល្មើសថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញដែល ក្រុមយុវជនបាននាំគ្នាបង្កទំនាស់តាមអ៊ីនធឺណិត ហើយឈានទៅដល់ការប្រទូស្ដរ៉ាយគ្នាដោយអាវុធ ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកំពុងរីកចម្រើន។ មានការអំពាវនាវផងដែរដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការផ្ញើសារផ្សេងៗតាមទូរស័ព្ទដែលអាចពាក់ព័ន្ធដល់ បទល្មើសផ្សេងៗនាំឲ្យមានបញ្ហាប្ដឹងប្ដល់គ្នាជាបន្តបន្ទាប់។ សូមកុំយកពេលវេលាបង្កទំនាស់តាមអ៊ីនធឺណិត ឬតាមរយៈការផ្ញើសារតាមទូរស័ព្ទ ហើយគិតស្មានថា ជារឿងលេងសើចនោះ គឺជាប្រការមួយមិនល្អឡើយ។ ដូច្នេះដើម្បីកុំឲ្យមានបញ្ហាដល់ខ្លួនសូមអ្នកប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិត ឬការផ្ញើសារតាមទូរស័ព្ទ បើមិនចាំបាច់ទេសូមកុំសាកល្បងផ្ញើសារផ្ដេសផ្ដាសទៅអ្នកដទៃដែល នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ខ្លួនជាអ្នកប្រព្រឹត្តដូចករណីខាងលើ ឲ្យសោះ៕