៦ តុលា ១៩៥០៖ កុមារភ្លោះអាយុ១០ឆ្នាំពីរនាក់បងប្អូន ប្រាយអ៊ែន ថូម៉ាស ស៊ុលីវែន (ខាងឆ្វេង) និងខេវិន ជែមស៊ុលីវែន មកពី Islington, London ដែលកំពុងតែយួរវ៉ាលីដើម្បីឡើងកប៉ាល់ធ្វើដំនើរទៅកាន់ Auckland, New Zealand។
ចក្រភពអង់គ្លេសនិងអូស្ត្រាលីកំពុងតែនិយាយសូមទោសទៅកាន់កុមារអង់គ្លេសរាប់ពាន់នាក់ដែលទទួលបាននូវពាក្យសន្យាថានឹងទទួលបាននូវជីវិតប្រសើរជាងមុននៅឯនាយសមុទ្រ តែបែរជាទទួលរងការឆបោកនិងបោះបង់ចោលនៅលើទឹកដីមួយឋិតនៅចំងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះទៅវិញ។
រដ្ឋាភិបាលប្រ៊ីតធីសបានអោយដឹងកាលពីថ្ងៃអាទិត្យនេះថា លោកនាយករដ្ឋមន្ត្រីករដុងប្រោន នឹងថ្លែងសូមទោសចំពោះកម្មវិធីចាប់បញ្ជូនកុមារនៅសវ.ទី២០ដែលក្នុងនោះកុមារក្រីក្ររបស់ប្រ៊ីតធីសរាប់ពាន់នាក់ត្រូវបានគេបញ្ជូនទៅកាន់អូស្ត្រាលី កាណាដានិងប្រទេសក្រោមអណានិគមផ្សេងទៀតរហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០។ កុមារភាគច្រើនបញ្ចប់ដោយមណ្ឌលកែប្រែនិងខ្លះទៀតត្រូវបញ្ជូនអោយទៅធ្វើការជាកសិករ។
ក្នុងរូបនេះ លោកករដុង ប្រោន កំពុងតែនិយាយសូមទោសកុមារដែលរងគ្រោះពីកម្មវិធីចាប់បញ្ជូន
រដ្ឋាភិបាលអូស្ត្រាលីនិយាយថាលោកនាយករដ្ឋមន្ត្រី ខេវិនរូដ នឹងថ្លែងសូមទោសចំពោះការចាប់បញ្ជូនកុមារ ព្រមទាំងជនជាតិអូស្ត្រាលីទាំងអស់ដែលត្រូវបានគេបំភ្លេចចោល និងកុមារដែលរងគ្រោះមិនបានទទួលនូវការថែទាំពីរដ្ឋក្នុងសតវត្សរ៍ចុងក្រោយនេះ។
នាង សាន់ដ្រាអ៊ែងខ័រ ដែលត្រូវបានគេចាប់បញ្ជូនទៅកាន់អូស្ត្រាលីពីប៊្រីតធែននៅពេលនាងអាយុ៦ឆ្នាំ បាននិយាយថា “រដ្ឋាភិបាលប្រ៊ីតធីសមានចំលើយច្រើនណាស់ដែលត្រូវឆ្លើយតប”
នាងបាននិយាយប្រាប់ BBC ថា “យើងបានរងការឈឺចាប់ពេញមួយជីវិត។ សំរាប់រដ្ឋាភិបាលអង់គ្លេសដែលនឹងនិយាយសូមទោសយើង វាត្រឹមត្រូវ-បើទោះបីជាទង្វើនេះវាយឺតយ៉ាវក្តី តែវាប្រសើរជាងគ្មានធ្វើអ្វីសោះ”
រដ្ឋាភិបាលប៊្រីតធីសបានប្រមាណថា កុមារប៊្រីតធីសប្រហែលជា១៥០ពាន់នាក់ត្រូវបានគេបញ្ជូនទៅបរទេសក្រោមកម្មវិធីផ្សេងៗដែលធ្វើឡើងរវាងដើមសតវត្សរ៍ទី១៩និងឆ្នាំ១៩៦៧។
នៅឆ្នាំ២០០១ របាយការណ៍អូស្ត្រាលីបានអោយដឹងថា កុមាររវាងពី៦០០០ទៅ៣ម៉ឺននាក់មកពីប្រ៊ីតធីសនិងម៉ាល់តា ដែលជាញឹកញយ ត្រូវបានគេចាប់យកមកពីម្តាយដែលអត់រៀបការរឺគ្រួសារក្រីក្រ ហើយត្រូវបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលីតែឯង ដោយគ្មានក្រុមគ្រួសារ ក្នុងសតវត្សរ៍ទី២០។ កុមារខ្លះមានឪពុកម្តាយត្រឹមត្រូវ តែត្រូវគេចាប់ដោយយល់ច្រលំថាជាកុមារកំព្រា។
ការចាប់បញ្ជូននេះមានគោលបំនងដើម្បីកាត់បន្ថយបន្ទុកកុមារដល់រដ្ឋាភិបាលអង់គ្លេស និងដើម្បីផ្គត់ផ្គង់កំលាំងការងារដល់ប្រទេសដែលទទួលយកកុមារទាំងនោះ។ នៅឆ្នាំ១៩៩៨ តាមរយៈការចោទសួរក្នុងសភាប៊្រីតធីសបានអោយដឹងថា “គោលបំនងផ្សេងទៀតនោះគឺការនាំចេញនូវទំនិញស្បែកសជាគោលនយោបាយមួយក្នុងការអភិវឌ្ឍអណានិគមអង់គ្លេស”
លោកអ៊ីឌី បល លេខាកុមារប្រ៊ីតធីសបានអោយដឹងថា គោលនយោបាយចាប់បញ្ជូនកុមារជាក្តីសៅហ្មងមួយក្នុងសង្គមរបស់យើង។
គាត់និយាយប្រាប់ទូរទស្សន៍Sky News ថា “ការសូមទោសជានិមត្តរូបដ៏មានសារៈសំខាន់មួយ”
“ខ្ញុំគិតថា សំខាន់ណាស់ដែលយើងនិយាយទៅកាន់កុមារដែលឥលូវនេះពេញវ័យនិងក្លាយជាមនុស្សចាស់និងកូនចៅរបស់ពួកគេថារឿងនេះជាក្តីអាម៉ាស់មួយរបស់ពួកយើង” គាត់និយាយ។
“វាមិនគួរកើតឡើងសោះ។ ប៉ុន្តែខ្ញុំគិតថាវាច្បាស់ណាស់សំរាប់សង្គមមួយ បើយើងមើលទៅអតីតកាល យើងនឹងឃើញរឿងជាច្រើនដែលយើងសព្វថ្ងៃនេះគិតថាគ្មានសីលធម៌ ហើយថាយើងនឹងនិយាយសូមទោស”
ប៉ុន្តែការសូមទោសជាផ្លូវការសំរាប់កំហុសប្រវត្ដិសាស្ត្របានបង្ហាញថាមានការយល់ឃើញមិនស្របគ្នា។
អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ចន ហូវ៉ត បានប្រឆាំងនឹងការទាមទារអោយសូមទោសកុមារដែលត្រូវគេចាប់បញ្ជូននិងអ្នកស្រុកអូស្ត្រាលីម្ចាស់ស្រុកដើម ដោយគាត់បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលីបច្ចុប្បន្នមិនគួរមានទំនួលខុសត្រូវចំពោះទង្វើរបស់អ្នកជំនាន់មុននោះទេ។
លោករូត បានប្រែត្រលប់គោលនយោបាយនេះវិញបន្ទាប់ពីបានជាប់ឆ្នោតនៅឆ្នាំ២០០៧ ដោយគាត់បានសូមទោសដល់ពួកម្ចាស់ស្រុកចំពោះអយុត្តិធម៌២០០ឆ្នាំចាប់តាំងពីពួកអឺរ៉ុបមកបោះទីតាំងនៅទីនេះ។
ក្នុងពិធីបុណ្យដែលគេនឹងប្រារព្ធធ្វើនៅថ្ងៃចន្ទនៅកង់ប៊ែរ៉ា ហើយដែលនឹងចូលរួមដោយអតីតកុមារដែលរងការចាប់បញ្ជូនរាប់រយនាក់, លោករូតនឹងសូមទោសជួសមុខអោយប្រទេសរបស់លោក ដែលមានតួនាទីក្នុងការចាប់បញ្ជូនកុមារនេះ ហើយថ្លែងសូមទោសដល់អ្នកនៅរស់ចំនួន៧ពាន់នាក់ពីប្រូក្រាមនេះដែលសព្វថ្ងៃកំពុងតែរស់នៅក្នុងប្រទេសអូស្ត្រាលី។
គាត់ក៏នឹងនិយាយសូមទោសផងដែរដល់កុមារអូស្ត្រាលី, ដែលមានចំនួនច្រើនជាង៥សែននាក់ បើយោងតាមរបាយការណ៍របស់ព្រឹទ្ធសភាអូស្ត្រាលី, ដែលត្រូវបានគេទុកនៅក្នុងផ្ទះចិញ្ចឹម, មណ្ឌលកុមារកំព្រានិងមណ្ឌលផ្សេងទៀតក្នុងសតវត្សរ៍ទី២០។ កុមារភាគច្រើនបានរងនូវការធ្វើបាបទាំងផ្លូវអារម្មណ៍ ផ្លូវកាយនិងផ្លូវភេទ នៅក្នុងមណ្ឌលថែទាំរបស់រដ្ឋទាំងអស់នេះ។



Recent Comments Gravatars