Dr Beat Richner – (Kuntha Bopha photo)
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ស្នើឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ប្រកាសអាសន្ន ពីជំងឺអាសន្នរោគ ក្នុងតំបន់ មួយចំនួន ហើយបានក្រើនរំឭកថា ការឆ្លងរាលដាលជំងឺដ៏កាចសាហាវដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ អាយុជីវិតនេះ អាចនឹងមានការកើនឡើងយ៉ាងលឿន នៅក្នុងខែមីនា និងខែមេសាខាងមុន។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ លោក ប៊ីត រីចន័រ (Beat Richner) ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា ករណីជំងឺអាសន្នរោគ បានផ្ទុះឡើងនៅក្នុងតំបន់មួយចំនួន ដូចជានៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង និងខេត្តតាកែវ។ លោកបន្តទៀតថាតាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០០៩ មករហូតដល់បច្ចុប្បន្ននេះមន្ទីរពេទ្យគន្ធបុប្ផា បានរកឃើញអ្នកជំងឺ អាសន្នរោគចំនួន៨០ករណីហើយ ក្នុងនោះមានកុមារចំនួន២៨នាក់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យដោយ មានអាការធ្ងន់ធ្ងរ ដោយសារបញ្ហាក្រលៀន លែងមានដំណើរការ តែក្រុមគ្រូពេទ្យជំនាញបានព្យាបាលឲ្យមានចលនាឡើងវិញ ហើយគេអាចជួយសង្គ្រោះអាយុជីវិតបាន។ នៅក្នុងសេចក្ដីប្រកាសដដែល បានឲ្យដឹងទៀតថា មន្ត្រីជំនាញ ឬអាជ្ញាធរ មិនបានប្រាប់គ្រួសារ អ្នកជំងឺថា ពួកគេកើតជំងឺអាសន្នរោគនោះទេ គេបានព្យាយាមលាក់បាំង ហើយបានប្រាប់ថា វាគ្រាន់តែជាជំងឺរាករូស ធម្មតាតែប៉ុណ្ណោះ។ លោក Beat Richner បានស្នើឲ្យរដ្ឋាភិបាល ប្រកាសអាសន្នពីជំងឺអាសន្នរោគនេះ ដើម្បីឲ្យពលរដ្ឋមានវិធានការការពារ។

Recent Comments Gravatars