កាណាដានិងសហរដ្ឋអាមេរិច- ទឹកអប់ម៉ាក Curious របស់ប្រ៊ីតនីស្ពៀ, ម៉ាក Halle របស់ ហ៊ែលីប៊ែរី និង Glow របស់ជេន្នីហ្វ៊័រឡូប៉េ សុទ្ធតែមានជាតិគីមីដែលអាចបង្កឱ្យមានប្រតិកម្មអាលែរស៊ី ឬរំខានដល់ដំណើរការប្រព័ន្ធអង់ដូគ្រីនរបស់ជនជាតិកាណាដានិងអាមេរិចដែលប្រើប្រាស់ផលិតផលទាំងនេះ។ នេះជាលទ្ធផលស្រាវជ្រាវរបស់ Défense environnementale Canada និង Campaign for sale cosmetics របស់សហរដ្ឋអាមេរិច។
គេបានយកទឹកអប់១៧ម៉ាកផ្សេងគ្នាដែលទិញពីទីផ្សារនៅកាណដានិងសហរដ្ឋអាមេរិច ទៅពិសោធនៅមន្ទីរពិសោធន៍ឯករាជ្យកាលីហ្វរនីញ៉ា។ ការសិក្សាបានរកឃើញថា ផលិតផលក្រអូបនីមួយៗមានសារធាតុគីមីអាថ៌កំបាំងជាមធ្យម១៤មុខ និងជាសរុប ៣៨ប្រភេទ ដែលមិនបានបង្ហាញនៅលើប្រអប់។
ទឹកអប់ម៉ាក Seventy Seven របស់ក្រុមហ៊ុន American Eagle មានសារធាតុគីមីអាថ៌កំបាំងចំនួន២៤ប្រភេទ ដែលចំនួននេះជាចំនួនខ្ពស់បំផុត។
សារធាតុគីមីជាមធ្យមចំនួន១០ប្រភេទដែលអាចបង្កឱ្យមានប្រតិកម្មអាលែរស៊ី ដូចជាឈឺក្បាល មានដង្ហើមលាន់សូរដូចហួច ថប់ដង្ហើម និងស្នាមកន្ទួលលើស្បែក ត្រូវបានគេរកឃើញក្នុងចំណោមគ្រឿងក្រអូបនីមួយៗទាំងនោះ។ ទឹកអប់ម៉ាក Acqua di Gio របស់ក្រុមហ៊ុន Giorgio Armani ដែលគេទិញពីកាណាដាមានសារធាតុគ្រោះថ្នាក់១៩ប្រភេទដែលចំនួននេះជាចំនួនច្រើនជាងគេបង្អស់។
គេបានរកឃើញថា ទឹកអប់នីមួយៗមានជាមធ្យមនូវសារធាតុបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអង់ដូគ្រីនចំនួន១២ប្រភេទ។ ទឹកអប់ម៉ាក Halle របស់ហ៊ែលីប៊ែរី, Quicksilver (ទិញនៅកាណាដា), Glow របស់ ជេន្នីហ្វ៊័រឡូប៉េ មានសារធាតុ៧ប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអង់ដូគ្រីន ដែលក្នុងនោះមាន៦ប្រភេទរំខានដល់អរម៉ូនអេស្ត្រូសែន និងមួយទៀតបង្កបញ្ហាដល់ក្រពេញទីរ៉ូអ៊ីដ*។
នៅលើផលិតផលទាំង១៧ដែលគេបានសិក្សានោះ មានផលិតផល១២ប្រភេទដែលមានសារធាតុឌីអេទីលផ្តាឡាត់ ដែលជាសារធាតុគីមីមួយប្រភេទដែលអាចបង្កឱ្យមានបញ្ហាដល់ការវិវត្តនៃប្រដាប់ភេទរបស់ទារកក្នុងផ្ទៃនិងភាពមិនប្រក្រតីនៃស្ពែមរបស់បុរសពេញវ័យ។ ក្នុងចំណោមទឹកអប់ដែលគេយកមកពិសោធ ម៉ាកដែលមានជាតិឌីអេទីលផ្តាឡាត់ មាន៖ Halle របស់ ហ៊ែលីប៊ែរី, Quicksilver, Glow របស់ជេន្នីហ៊្វ័រឡូប៉េ, Seventy Seven របស់ American Eagle, Calvin Klein Eternity, Coco Mademoiselle របស់ Chanel, Dream Angels Heavenly របស់ Victoria’s secret, Curious របស់ប្រ៊ីតនីស្ពៀ, Secrete celebrity របស់ Hannah Montana, Old spice after hours body spray, Abercrombie &Fitch Fierce។
Jane Houlihan នាយករងទីមួយរបស់ Environmental working group បានឱ្យដឹងថា សារធាតុគីមីដែលមានក្នុងទឹកអប់នឹងត្រូវស្រូបយកដោយស្បែក។ មួយភាគធំនឹងចូលទៅក្នុងសព៌ាង្គកាយ ដែលមានស្ត្រីមានផ្ទៃពោះនិងទារកទើបនឹងកើត។
————
* ក្រពេញទីរ៉ូអ៊ីដ ជាក្រពេញអង់ដូគ្រីនមួយប្រភេទ ភាសាខ្មែរថា គ្រាប់ពោន។
** ក្រពេញអង់ដូគ្រីន ជាក្រពេញបង្កើតអរម៉ូន។
—–
Source:
- Des parfums de stars déclarés dangereux pour la santé outre-Atlantique, Maxisciences
- របាយការណ៍របស់ The Compaign for safe cosmetics










Techno Charity is a charitable organization created in 2006 by engineers graduated from the Institute of Technology of Cambodia.

Recent Comments