Facebook បានទទួលប៉ាតង់ការពារកម្មសិទ្ធិបញ្ញាអាមេរិចលើ news feed មួយ ដែលនៅពីក្រោយការអាប់ឌែតជាប់ដែលធ្វើឱ្យវ៉ិបសាយបណ្ដាញសង្គម មានអ្នកប្រើប្រាស់យ៉ាងច្រើន។
Facebook បានអោយដឹងថា ការដាក់អោយប្រើប្រាស់នូវ News Feed ក្នុងឆ្នាំ២០០៦ បានផ្លាស់ប្ដូរទំលាប់មនុស្សរាប់លាននាក់ក្នុងការទទួលព័ត៌មានពីវ៉ិបសាយនេះ។
ប៉ាតង់នោះបានចាត់ទុកការបង្កើតថ្មីនេះជា “វិធីសាស្ត្រក្នុងការបង្ហាញញូហ្វ៊ីដក្នុងបណ្ដាញសង្គម”។ វិធីសាស្ត្រអស់នោះរួមមាន មតិ និង លីង ចែកដោយអ្នកប្រើប្រាស់សេវាបណ្ដាញសង្គម ជាមួយនឹងអ្នកប្រើប្រាស់ផ្សេងទៀត។
ការផ្ដល់បណ្ណកម្មសិទ្ធិបញ្ញាដល់ Facebook នេះ បានបង្កជាការព្រួយបារម្ភដល់ Twitter និង សេវាបណ្ដាញសង្គមផ្សេងទៀត ដែលអាប់ឌែតជាប់ដោយប្រើស្ទីលបែប News Feed នេះ។
——————-
* News feed រឺ web feed ជាទំរង់ដាតាមួយ ដែលប្រើសំរាប់ផ្គត់ផ្គង់អ្នកប្រើប្រាស់នូវដំនឹងថ្មីៗ អត្ថបទថ្មី របស់ថ្មី លើអ៊ិនធឺនែត តាមរយៈលីងទៅប្រភពឯកសារដើម។
** សេវាបណ្ដាញសង្គម រឺ social network service សំដៅលើការកសាងបណ្ដាញសង្គមឬ ទំនាក់ទំនងសង្គម រវាងមនុស្សនឹងមនុស្សដើម្បីចែករំលែកសកម្មភាពណាមួយ។ សេវាបណ្ដាញសង្គមភាគច្រើន ជាសេវាឋិតលើវ៉ិប ដូចជា Facebook, Myspace, hi5, ..។

គួរបកប្រែថា " នែតវើកសង្គម " ជាជាងប្រែថា " សង្គមនែតវើក " ។
N.B. " អាមេរិក " មិនមែន " អាមេរិច " ទេ សូមអរគុណ !
ម៉េច ក៏អាមេរិក មិនមែន អាមេរិច អញ្ចឹង?
សូមមើលទីនេះ
http://dict.ant.com.kh/dictionaries/%e1%9e%a2%e1%…
ខ្ញុំមិនហ៊ានថា មួយណាខុស មួយណាត្រូវទេ។
ក្នុងវចនានុក្រមខ្មែរសម្ដេចជួនណាត សរសេរថា៖ អាម៉េរិក គឺមាន ៉ លើ ម ថែមទៀត។
សទ្ទានុក្រមបារាំងខ្មែរ ខេមរយានកម្មសរសេរ អាមេរិច ។ អត់ប្រើ ៉ ហើយប្រកបជាមួយ ច។
វ៉ិបសាយអាស៊ីសេរី ទូតអាមេរិច… គេសរសេរ អាមេរិក ។
ខ្ញុំគិតទៅឃើញថា សរសេរតាម ខេមរយានកម្ម សមគួរជាងគេ។ យើងមិនបាច់ដាក់ ៉ លើ ម ជា អាម៉េ ទេ ព្រោះសូរស្រដៀងគ្នា នឹង អាមេ រួចស្រេចទៅហើយ។
ហើយពាក្យ ខាងចុង រិច និង រិក ខ្ញុំគិតថា រិក ស្រដៀងនឹងសូរដើម americ ជាង តែខ្មែរយើងច្រើនបញ្ចេញសូរជា រិច ជាង។
អាមេរិក សរសេរនឹង "ក" ប្រហែលដោយសារ (១) ខ្មែរយើងទទួលឥទ្ធិពលពីភាសា បារាំងពីដំបូង ចំណែកអាមេរិច សរសេរនឹង "ច" ជាការនិយមសរសេរតាមសំនៀង ។
(២) បើយើងសរសេរនឹង "ក" វាត្រូវនឹងពាក្យ "អាមេរិកាំង" ដែលខ្មែរយើងអាច និយាយកាត់ថា "អាគាំង" បាន ។ បើយើងសរសេរនឹង "ច" នោះវាមិនមាន ពាក្យ "អាមេរិចាំង" បានឡើយ ។
ខ្ញុំមិនហ៊ានថាដាច់ណាត់ទេ ប៉ុន្តែសំណេរខ្ញុំធ្លាប់ត្រូវគេកែលើចំណុចនេះ ។
ប្រការនេះ វាដូចនឹងពាក្យ " អាហ្រ្វិក/ អាហ្រ្វិច " ដែរ ។ អរគុណ !
ក្នុងសទ្ទានុក្រមខេមរយានកម្មគេសរសេរថា៖
Americain : អាមេរីកាំង
Amerique : អាមេរិច
បើប្រៀបធៀបនឹងភាសាបារាំង គឺមានលក្ខណៈដូចគ្នា មានន័យថា ម្ដងប្រើ -que ម្ដង -cain ។ ដូច្នេះភាសាគេ គេមិនទើសទាល់អ្វីទេ ពេលម្ដងប្រើ -que ម្ដង -cain នោះ។ តែនេះជាភាសាគេ មិនមែនភាសាយើងទេ។
ចំពោះ ពាក្យ អាមេរិក វិញ ខ្ញុំគិតថា យើងមិនគួរសរសេរ រិក នោះព្រោះ រិក អានមិនចេញ រិច ដូចសំដីខ្មែរយើងសោះឡើយ។ ដូចជា សមាជិក មិគសិរ សៀវភៅសិក្ខាគារិក ។ល។គឺអ៊ិក អានចេញ អ៊ឹក មិនមានចេញ អ៊ិច ទេ។
ដូច្នេះ យើងគួររក្សាក្បួនខ្នាតសរសេរនិងអានរបស់យើង មិនគួរអោយភាសាគេមកកែភាសាខ្មែរ បែបនេះទេ។
តាមការបកស្រាយ និងឯកសារយោងខាងលើ មានភាពសមហេតុផល ។
ដោយបច្ចុប្បន្នមិនទាន់មានឯកភាពលើសំណេរ ដូច្នេះយើងត្រូវរង់ចាំរាជបណ្ឌិតសភា (អក្សរសាស្រ្ត(?)) របស់យើង សំរេចយកសំណេរបែបណាមួយ ឬក៏ទាំងពីរ ។ សូមអរគុណ !
ខ្ញុំសុំបន្ថែមបន្តិចថា អ្នកប្រាជ្ញខាងសំស្ក្រឹត គេសរសេរថា america-អាមេរិកា; american- អាមេរិកាទេសីយៈ ។ គឺសរសេរប្រើ -រិក- ។
អរគុណដែលបានផ្តល់ឯកសារយោងបន្ថែម ! មិនដែលលឺទេពាក្យ "អាមេរិកាទេសីយៈ" ស្អីគេនេះ !