យុទ្ធនាការ​ផ្ដល់​វ៉ាក់សាំង​ផ្ដាសាយ​ A/H1N1នឹង​ចាប់​ផ្តើមនៅ​ខែមិនាខាងមុខនេះ

ទឹក​ប្រាក់​ប្រមាណ​ ៤​លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​ចំណាយ សម្រាប់​យុទ្ធនាការ​ផ្ដល់​វ៉ាក់សាំង​ផ្ដាសាយ​ថ្មី​ A/H1N1 ដែល​គ្រោង​នឹង​ចាប់​​ផ្ដើម​ផ្ដល់​ដល់​ក្រុម​​គោលដៅ ​នៅ​ដើម​ខែ​មីនា​ខាង​មុខ​នេះ​​បន្ទាប់​ពី​ការ​រង់ចាំ​ដី​យូរ​មក។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ សាន់​ ច័ន្ទសឿន​ នាយក​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខាភិបាល ​​បាន​​និយាយ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ កាល​ពី​ល្ងាច​ថ្ងៃ​​ព្រហស្បតិ៍​ទី​១១​ខែ​កុម្ភៈ​នេះ​ថា​ ក្នុង​ជំហាន​ដំបូង​នៃ​ការ​ផ្ដល់​វ៉ាក់សាំង​ជំងឺ​​ផ្ដាសាយ​ថ្មី​ A/H1N1 ថវិកា​ជំនួយ​ប្រមាណ​៤​លាន​ដុល្លារ​​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​​ យុទ្ធនាការ​នេះ។ ថវិកា​នេះ​​ជា​ថវិកា​បាន​មក​ពី​ដៃ​គូ​អភិវឌ្ឍន៍​​របស់​ក្រសួង​សុខាភិបាល​​ និង​​អង្គការ​ USAID។

លោក​បន្ត​ថា​ “ថវិកា​នេះ​នឹង​​ត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​ការ​បណ្ដុះបណ្ដាល​ ការ​ដឹក​ជញ្ជូន​ ការ​អប់រំ​ ការ​ធ្វើ​ផែនការ​ និង​ការ​ធ្វើ​យុទ្ធនាការ​​ រួម​ទាំង​ថ្លៃ​វ៉ាក់សាំង​ និង​ម្ជុល​សឺរ៉ាំង”។ ការ​ចំណាយ​លើ​ការ​ផ្ដល់​វ៉ាក់សាំង​នេះ​​មាន​តម្លៃ​ប្រហែល​១០​ដុល្លារ​ សម្រាប់​មនុស្ស​ម្នាក់។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ សាន់​ ច័ន្ទសឿន​ បាន​បន្ត​ថា​ ក្រុម​មន្ត្រី​​សុខាភិបាល​ទូទាំង​ប្រទេស​ចំនួន​ប្រមាណ​២០.០០០​នាក់​នឹង​ទទួល ​បាន​វ៉ាក់សាំង​នេះ​មុន​គេ​បន្ទាប់​មក​កុមារ​អាយុ​ពី​៦​ខែ​ដល់​មួយ​ឆ្នាំ​ ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ក្រុម​អ្នក​មាន​ជំងឺ​​សួត​រ៉ាំរ៉ៃ​ជា​គោលដៅ​នៃ​ការ​ផ្ដល់​វ៉ាក់សាំង​ដោយ ​ឥត​គិត​ថ្លៃ​ និង​ស្ម័គ្រ​ចិត្ត​នា​ពេល​​ខាង​មុខ​នេះ។ លោក​បន្ត​ថា​ ប្រជាជន​​ក្រុម​គោលដៅ​លើ​ខេត្ត​ក្រុង​៤​នឹង​ទទួល​បាន​​នូវ​ការ​ផ្ដល់​ វ៉ាក់សាំង​នេះ​រួម​មាន​ ប្រជាជន​​ក្រុង​ភ្នំពេញ​ ខេត្ត​កណ្ដាល​ កំពង់ស្ពឺ​ និង​ខេត្ត​កំពង់ឆ្នាំង។

លោក​បន្ត​ថា​ ជាមួយ​នោះ​ប្រទេស​ផ្ដល់​ជំនួយ​នឹង​ផ្ដល់​វ៉ាក់សាំង​នេះ​ក្នុង​ជំហាន​ទី​២​ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​ចំនួន​១.២​លាន​ដូស៍​បន្ថែម​ទៀត​ ដែល​គ្រោង​នឹង​​មក​ដល់​នៅ​ខែ​មេសា​ ឬ​​ឧសភា​ខាង​មុខ​នេះ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​​នា​​ល្ងាច​ថ្ងៃ​ដដែល​ថា​ វ៉ាក់សាំង​នេះ​មិន​​ទាន់​មក​ដល់​កម្ពុជា​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​បាន​និង​កំពុង​ធ្វើ​ការ​​អប់រំ​ និង​បណ្ដុះបណ្ដាល​ក្រុម​​មន្ត្រី​សុខាភិបាល​ឲ្យ​ត្រៀម​ធ្វើ​យុទ្ធនាការ​នេះ​ នា​ពេល​ខាង​មុខ។

សំដៅ​​ដល់​ការ​រីក​រាល​ដាល​ជំងឺ​​នេះ​នៅ​កម្ពុជា​ លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ “អត្រា​រីក​រាល​ដាល​ជំងឺ​នេះ​មាន​សភាព​ធូរស្រាល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ ដោយសារ​មាន​ការ​ប្ដេជ្ញា​ចិត្ត​​ពី​ប្រមុខ​រដ្ឋាភិបាល​ និង​ពី​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន”។ លោក​បន្ត​ដោយ​ព្រមាន​ថា​ “ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ណា​យើង​​មិន​អាច​ធ្វេស​ប្រហែល​បាន​ទេ ​បើ​យើង​ធ្វេស​ប្រហែល​នឹង​ធ្វើ​ឲ្យ​ជំងឺ​​នេះ​រីករាលដាល​ឡើង​វិញ”៕

Related Posts

Speak Your Mind

*