សម្ដេចហ៊ុន សែន បញ្ជាក់​ពីការ​យកបញ្ហា​ប្រាសាទ​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ​ម្ដង​ទៀត

 

(អត្ថបទអាស៊ីសេរី 10-02-25)

ប្រទេស​កម្ពុជា​គ្រោង​នឹង​លើក​យក​ករណី​តំបន់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​និង​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ បន្ទាប់​ពី​ការ​ចរចា​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ​មិន​បាន​ជោគជ័យ។
គម្រោង​នេះ​ត្រូវ​បាន​ថ្លែង​ឲ្យ​ដឹង​ជា​សារធារណៈ​ដោយ​នាយករដ្ឋមន្រ្តី​ប្រទេស​កម្ពុជា គឺ​លោក ហ៊ុន សែន នៅ​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នា​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ កុម្ភៈ ឆ្នាំ​២០១០។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ភាគី​ថៃ​ប្រគល់​វត្ថុ​បុរាណ​ដែល​ថៃ​មិន​ទាន់​បាន​ប្រគល់​មក​កម្ពុជា​វិញ​នៅ​ឡើយ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​និយាយ​ពី​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ គឺ​មិន​មែន​ទៅ​ឲ្យ​កាត់​សេចក្តី​ឡើង​វិញទេ​លើ​បញ្ហា​ព្រះវិហារ។ គោល​ដៅ​របស់​យើង បើ​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ គឺ​សំដៅ​ការ​ដោះស្រាយ ទី​១។ ទី​២ ជំរុញ​ឲ្យ​អនុវត្ត​សាលក្រម​ពេញលេញ ព្រោះ​អា​ចំណុច​ទី​៣ ស្តី​ពី​ការ​ប្រគល់​វត្ថុ​បុរាណ​ដែល​ថៃ​យក​ទៅ​នោះ​អត់​ទាន់​បាន​ប្រគល់​ទេ អ៊ីចឹង​តុលាការ​ត្រូវ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​រឿង​នេះ​ឲ្យ​យើង។ យើង​ទៅ​ឲ្យ​គេ​បក​ស្រាយ»។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​នឹង​លើក​ករណី​ព្រះវិហារ​នេះ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជា​មុន ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​នេះ​សួរ​យោបល់​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ឲ្យ​បក​ស្រាយ​អំពី​អ្វី​ដែល​ហៅ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ​ផែនទី​បារាំង-​សៀម​បន្សល់​ទុក។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «គេ​មិន​អាច​កំណត់​បាន​ថា នែ! ចង្កេះ​ភ្នំ​នេះ កំពូល​ភ្នំ​ទ្រព្យ ឬ​ក៏​វត្ត​កែវសិក្ខាគិរីស្វារៈ គេ​អត់​កំណត់​អ៊ីចឹង​បាន​ទេ គេ​ផ្អែក​លើ​ផែនទី​ដែល​បន្សល់​ទុក​ដោយ​បារាំង-​សៀម ហើយ​ដែល​អម​ជាមួយ​នឹង​អាហ្នឹង…»។

Be Sociable, Share!

Related Posts