អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា បានប្រកាស នៅថ្ងៃនេះថា ដំណើរការបោះបង្គោលកំណត់ព្រំដែនជាមួយប្រទេសជិតខាងទាំងបី ជាពិសេសការបោះបង្គោល ខណ្ឌសីមាព្រំដែន ជាមួយនឹងប្រទេសវៀតណាម អាចមានកន្លែងខ្លះ ចូលលើដីស្រែចំការរបស់កសិករខ្មែរ។ នេះ គឺបណ្តាលមកពីការគូសផែនទី ដែលសល់ពីសម័យអាណានិគមបារាំង។
សេចក្តីប្រកាសបែបនេះ ត្រូវបានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា លើកឡើងក្នុងសន្និបាតបូកសរុបការងារព្រំដែន កាលពីប៉ុន្មានម៉ោងមុននេះ។ ក្រុមអ្នកកាសែត មិនអនុញ្ញាតឲ្យអង្គុយស្តាប់រហូតដល់ចប់សន្និបាតនោះទេ។
ក៏ប៉ុន្តែ សេចក្តីប្រកាសរបស់អាជ្ញាធរព្រំដែន បានលើកឡើងថា ការងារបោះបង្គោល និង ខណ្ឌសីមាព្រំដែនគោកជាមួយនឹងប្រទេសវៀតណាម នៅតំបន់វាលទំនាប ខ្សែព្រំដែន បានដើរកាត់តំបន់ ដែលមានប្រជាជនរស់នៅច្រើនកុះករ។ ចំណែកតំបន់ខ្លះទៀត បានកាត់កោះ និងដីស្រែចម្ការ ដែលប្រជាកសិករខ្មែរធ្លាប់កាន់កាប់ ពីមុនមក ក៏មាន។ បញ្ហាទាំងនេះ ជារឿងប្រឈម និងស្មុគស្មាញក្នុងកិច្ចការកំណត់ព្រំដែន ដែលអាជ្ញាធរព្រំដែនកម្ពុជា កំពុងតែរិះរករូបមន្តដោះស្រាយ ដើម្បីរក្សាស្ថានភាពដើម នៅតាមបណ្តោយព្រំដែន។
អាជ្ញាធរ ព្រំដែន ក៏នឹងបន្តការស្រាវជ្រាវរិះរករូបមន្តណាមួយ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន មានលំនឹងក្នុងការប្រកបរបរធ្វើស្រែចំការរបស់ពួកគាត់ដោយ គ្មានការភ័យថា ពួកគាត់ត្រូវបាត់បង់ដីស្រែចំការ ដោយសារការបោះបង្គោលព្រំដែន និង ខណ្ឌសីមានេះទេ។
បញ្ហានេះ ក៏ត្រូវបានមន្ត្រីបច្ចេកទេសព្រំដែនរបស់រដ្ឋាភិបាលពន្យល់ថា កើតឡើង ដោយសារតែខ្សែព្រំដែន ដែលបន្សល់ទុកដោយអាណានិគមបារាំង បានគូសចេញចូលក្នុងទឹកដីគ្នាទៅវិញទៅមក គ្រប់ខេត្តទាំង៩របស់កម្ពុជា នៅព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។ ម្យ៉ាងទៀត ការចម្លងផែនទីខ្នាត ១ លើ ១០០.០០០ មកជាផែនទីខ្នាត ១ លើ ៥០.០០០ ដើម្បីអនុវត្តលើដីជាក់ស្តែង ក៏ជាបញ្ហាប្រឈមមួយផងដែរ។
សេចក្តីប្រកាស ខាងលើនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការតវ៉ាពីគណបក្សសមរង្ស៊ី និងកសិករខ្មែរមួយចំនួនថា ដំណើរការបោះបង្គោលកំណត់ព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម នៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចូលលើដីស្រែពួកគាត់។ ការតវ៉ា ដែលឈាន រហូតដល់ការដកតម្រុយបង្គោលព្រំដែន និងមានការប្តឹងចាប់ឃុំខ្លួនកសិករខ្មែរ ២រូប កាលពីសប្តាហ៍មុន។
សន្និបាត បូកសរុបការងារកំណត់ព្រំដែនរបស់រដ្ឋាភិបាល នៅថ្ងៃ៣០ធ្នូនេះ ក៏បានបង្ហាញពីលទ្ធផលបោះបង្គោលព្រំដែនកម្ពុជា និង វៀតណាម ដែលមកទល់ពេលនេះ ភាគីទាំងពីរបានឯកភាពកំណត់លើដីជាក់ស្តែងបានចំនួន ១៦០ បង្គោល ក្នុងចំណោម ៣៧៥ បង្គោល។
ចំណែកព្រំដែនកម្ពុជាជាមួយ ប្រទេសថៃ ភាគីទាំងពីររុករកបាន ៤៨ បង្គោល ក្នុងចំណោមបង្គោលព្រំដែនចាស់ទាំង ៧៣ ដែលសល់ពីសម័យបារាំង។ ក៏ប៉ុន្តែ ការងារកំណត់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងនៅពេលនេះ ដោយសារជម្លោះ ចាប់តាំងពីឆ្នាំ២០០៨។
ដោយឡែក ជាមួយនឹងប្រទេសឡាវវិញ កម្ពុជា-ឡាវ បានបោះ និង សាងសង់បង្គោលកំណត់ព្រំដែនចំនួន ១២១ បង្គោល ក្នុងចំណោមបង្គោលព្រំដែន ១៤៥ បង្គោល លើខ្សែបន្ទាត់ព្រំដែនរួម (កម្ពុជា-ឡាវ) ប្រវែង ៥៤០ គីឡូម៉ែត្រ៕

Recent Comments Gravatars