
photo copyright by Richard S. Ehrlich
បន្ទាប់ពីពិធីអបអរថ្ងៃបុណ្យចូលឆ្នាំសកល ចូលមកដល់ថ្ងៃបុណ្យ៧មករា។ តែថ្ងៃខួបនេះ អ្នកខ្លះអបអរអ្នកខ្លះថ្កោលទោសទៅវិញ។
អ្នកដែលអបអរបានចាត់ទុកថាថ្ងៃនេះជាថ្ងៃរំដោះប្រជាជនខ្មែរពីរបបបំផ្លិចបំផ្លាញដោយថ្នាក់ដឹកនាំល្ងង់ខ្លៅមួយក្រុម។ ពួកខ្មែរក្រហមបានបង្កើតរបបមួយ ដែលចាត់ទុកការបំផ្លាញជាវិធីតែមួយគត់ក្នុងការកសាងជាតិអោយខ្លាំងពូកែ ការដុតផ្ទះខ្លួនឯងចោលជាវិធីតែមួយគត់ដើម្បីការពារផ្ទះខ្លួនឯងកុំអោយគេលួច។ ទស្សនៈដ៏ល្ងង់ខ្លៅនេះ បានបណ្ដាលអោយប្រជាជនខ្មែរស្លាប់អស់មិនដឹងជាប៉ុន្មានលាននាក់។ ក្រោយមកក៏កើតមានចលនារំដោះ ក្រោមការជួយជ្រោមជ្រែងរបស់វៀតណាម បានវាយលុកចូលបណ្ដេញពួកខ្មែរក្រហមដែលចាត់ទុកខ្លួនឯងថាជាអ្នកស្នេហាជាតិនោះអោយរត់ ចូលព្រៃអស់។ ក្រោយមកសង្គមខ្មែរក្លាយជាសង្គមដូចគេឯង មានលុយចាយ មានវត្ត មានបុណ្យ មានទាន មានមង្គលការ មានតុលាការ មានពេទ្យ មានកម្មសិទ្ធិ។ល។ អ្នកដែលដឹកនាំបង្កើតចលនារំដោះ បានយកគុណសម្បត្តិនេះមករកសំលេងឆ្នោតរហូតដល់សាមសិបឆ្នាំក្រោយមក។
សំរាប់អ្នកដែលថ្កោលទោសថ្ងៃ៧មករាវិញ បានចាត់ទុកថាថ្ងៃនេះជាថ្ងៃឈ្លានពានរបស់យួនទៅវិញ។ ទ័ពវៀតណាមបានជួយទ័ពតស៊ូវាយបណ្ដេញពួកខ្មែរក្រហម នៅឆ្នាំ១៩៧៩។ តែរហូតមកដល់ឆ្នាំ១៩៨៩ គឺ១០ឆ្នាំក្រោយទើបទាហានវៀតណាមដកចេញពីស្រុកខ្មែរ។ វៀតណាមត្រូវសំរេចចិត្តដកទ័ពចេញពីស្រុកខ្មែរក៏ព្រោះតែមានការកៀបសង្កត់ពីអាមេរិច ចិននិងសូវៀត។ បើវៀតណាមមិនដកថយពីស្រុកខ្មែរ អាមេរិចនឹងមិនផ្ដល់ជំនួយដល់វៀតណាម មិនធ្វើពាណិជ្ជកម្មជាមួយវៀតណាម។ ចិននឹងចចារជាមួយសូវៀត បើវៀតណាមដកទ័ពពីស្រុកខ្មែរ។
អ្នកខ្លះនិយាយថា ពួកវៀតណាមបានប្រមូលទ្រព្យសម្បត្តិជាច្រើនពីស្រុកខ្មែរ ដោយផ្ទុកក្នុងមជ្ឈូសជាដើម។ អ្នកខ្លះទៀតនិយាយថា វៀតណាមជាអ្នកកំនត់ទិសដៅនយោបាយសំរាប់ប្រទេសខ្មែរ បង្ខំរដ្ឋាភិបាលអាយ៉ងអោយចុះសន្ធិសញ្ញាកាត់ទឹកដីអោយយួន។ល។និង។ល។ ហើយគេជឿថា រដ្ឋាភិបាលបច្ចុប្បន្ន ក៏នៅតែបន្តដើរតាមបន្ទាត់នយោបាយរបស់យួនដែលគូសអោយដដែល។ អ្នកខ្លះនិយាយថា របបខ្មែរក្រហមកើតចេញពីនយោបាយរបស់វៀតណាម ដូច្នេះការសង្គ្រោះខ្មែរពីរបបខ្មែរក្រហមគឺគ្មានន័យអ្វីទាំងអស់។
ដូច្នេះហើយគេសន្និដ្ឋានថា ៧មករា ជាថ្ងៃជោគជ័យក្នុងការដាក់អណានិគមយួនមកលើប្រទេសខ្មែរ។
ចុះអ្នកវិញ យល់យ៉ាងណាដែរ?
អាមេរិចវាយអៀរ៉ាក់ បណ្ដេញសាដាម បង្កើតរបបប្រជាធិបតេយ្យ តែអៀរ៉ាក់ត្រូវសងអាមេរិចជាប្រេងវិញ។ វៀតណាម ជួយអ្នកតស៊ូខ្មែរបណ្ដេញពួកខ្មែរក្រហម។ បើខ្មែរក្រហមនៅតែបន្តនយោបាយរបស់ខ្លួនទៀត ខ្មែរច្បាស់ជារលាយ។ យុវជនវៀតណាមមិនដឹងជាប៉ុន្មានម៉ឺននាក់បានស្លាប់ក្នុងសង្គ្រាមនៅស្រុកខ្មែរ (បើតាម The New Yorks Times ទាហានវៀតណាម 55000 នាក់បានរងរបួស ដែលក្នុងនោះមួយភាគបីបានស្លាប់)។ បើនិយាយថាវៀតណាមមិនបានយកចំនេញអ្វីទាំងអស់ពីសង្គ្រាមនេះ តើនរណាជឿ?។ ដូច្នេះវាត្រូវតែមានការដោះដូរដោយប្រការណាមួយ។
ដូច្នេះយើងមានចំនុចសំខាន់ធំៗពីរ ខ្មែររួចពីស្លាប់ និង ខ្មែរធ្លាក់ចូលក្រោមនឹមអណានិគមបរទេស។ បើចំនុចទាំងពីរសុទ្ធតែពិតទាំងពីរ តើយើងគួរប្រារព្ធពិធីបុណ្យអបអរសាទរថ្ងៃមួយនោះដែររឺទេ? តើយើងគួរដឹងគុណវៀតណាមដែររឺទេ?
ចំពោះពិធីបុណ្យអបអរសាទរវិញ ខ្ញុំចូលចិត្តថ្ងៃបុណ្យព្រោះបានឈប់សំរាក
។
ខ្ញុំស្គាល់បុរសម្នាក់ គេធ្លាប់ជាទាហានតស៊ូសម័យនោះ និងធ្លាប់ជាទាហានជិតស្និទជាមួយសម្តេចតេជោ។ តែសព្វថ្ងៃនេះគាត់បានត្រឹមជាជាងកាត់សក់ម្នាក់តែប៉ុណ្ណោះ។ គាត់មិនត្រូវការអ្វីទាំងអស់។ ដូច្នេះពិធីបុណ្យ៧មករាគួរតែជាការឧទ្ទិសដល់បុគ្គលបែបនេះ ដល់យុទ្ធជនខ្មែរដែលតស៊ូបណ្ដេញពួកខ្មែរក្រហម រួចហើយមិនត្រូវការលាភសក្ការៈ។ សូមរំលឹកថា មិនមែនមានតែពួកអ្នកដឹកនាំល្បីៗនៅលើកញ្ចក់ទូរទស្សន៍ប៉ុន្មាននាក់នេះទេ ដែលជាអ្នករំដោះប្រទេសខ្មែរនោះ។
Source :
- VIETNAM PROMISES TROOPS WILL LEAVE CAMBODIA BY FALL, the New York Times, April 6, 1989
រហូតមកដល់ពេលនេះក្រុមគ្រួសារខ្ញុំ ឪពុករបស់ខ្ញុំ បងប្អូនរបស់ខ្ញុំរស់នៅឯស្រុកកំណើតយ៉ាងមានសេចក្ដីសុខដោយគ្មាននរណាម្នាក់មកបៀតបៀន មកយាយីទេ ថ្វីបើពូកគាត់មានជីវភាពមិនសំបូរបែបដូចអ្នកទីក្រុង តែក៏មិនខ្វះខាត់ដែរ។ វាផ្ទុយពីជាង ៣០ឆ្នាំមុនដែលពូកគាតទទួលរងនូវទារុណកម្ម យ៉ាងឈឺចាប់បំផុតក្រោមរបបដ៏ល្ងង់ខ្លៅរបស់ពូកមេដឹកនាំខ្មែរក្រហម។
ខ្ញុំមិនដឹងថាបើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេនោះ តើប្រជាជនខ្មែរប៉ុន្មានលាននាក់ទៀតនឹងត្រូវបាត់ជីវិត ឬក៏ត្រូវដាច់ពូជតែម្តង? និយាយមកនេះខ្ញុំមិនបានគាំទ្រប្រទេសយើងអោយស្ថិតនៅក្រោមការត្រួតត្រារបស់បរទេសមួយនោះទេ។ គ្រាន់តែសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅដល់យុវជនខ្មែរ ដែលបានពលីជីវិត បូជាឈាមស្រស់ សាចស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សំរាប់ខ្ញុំថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃដែលប្រជាជនខ្មែរត្រូវតែចងចាំ និងដឹងគុណមិនអាចបំភ្លេចបាន។ ប៉ុន្តែការរយកថ្ងៃនេះមកធ្វើជាលេសសំរាប់ទាក់ទាញផលប្រយោជន៍នយោបាយជារឿងមួយដែលគួរតែពិចារណា។
ពិធីបុណ្យរំដោះថ្ងៃ 7 មករាជាថ្ងៃដែលចាត់ទុកថាថ្ងៃរំលឹកអ្នកដឹកនាំខ្មែរកុំអោយដឹកនាំជាតិតាមនយោបាយឆ្គួតៗ
យើងត្រូវតែដឹងគុណ ។
អាណានិគម? តើផ្នែកណាមួយនៃពិភពលោកដែលមិនធ្លាប់មានអាណានិគមនោះ? ហើយប្រទេសកម្ពុជាយើងក៏ធ្លាប់ឆ្លងកាត់អាណានិគមច្រើនដែរ, ចុះបើប្រៀបធៀបនឹងពាក្យថា "រលាយ" តើអាមួយណាធំជាង?
ខ្ញុំគិតថា តែ៣ឆ្នាំសោះ សំលាប់បាន ២ លាននាក់ហើយ ចុះបើបន្តមួយឆ្នាំទៀត ? ពីរឆ្នាំទៀត ? បីឆ្នាំទៀត ? តើតួរលេខនឹងឡើងដល់កំរិតណា?
សំរាប់ខ្ញុំ ខ្ញុំសូមចូលរួមជាមួយនឹងអ្នកដែលធ្លាប់ឆ្លងកាត់របបនេះយ៉ាងពិតប្រាកដ ព្រោះមានតែអ្នកទាំងនោះទេ ទើបអាចរៀបរាប់ពីទុក្ខសោកពិតប្រាកដរបស់ខ្មែរ ។
ថ្វីត្បិតតែខ្ញុំមិនបានឆ្លងកាត់សម័យកាលនោះ ហើយក៏មិនដឹងថាតើយួនបានធ្វើអ្វីខ្លះមកលើយើងដែរ ប៉ុន្តែប៉ាខ្ញុំក៏ដូចជាអ៊ុំប្រុសរបស់ខ្ញុំសុទ្ធតែជាអ្នកតស៊ូជាមួយសម្តេចទាំងបី ហើយពួកគាត់តែងតែប្រាប់ខ្ញុំថាគ្រួសាររបស់យើងបានរស់សុខសាន្តរហូតដល់សព្វថ្ងៃគឺដោយសារសម្តេចទាំងបីដែលធ្វើអោយមានថ្ងៃ៧មករា។
ហេតុអ្វីបានជា អាមេរិច និង សូវៀត មិនធ្វើពាណិជ្ជកម្ម ជាមួយវៀតណាម បើសិនជាវៀតណាម មិនដកទ័ព ?
ហេតុអ្វីបានជាចាំបាច់ទាល់តែ វៀតណាមដកទ័ព ពីខ្មែរទើប ចិននឹងចចារជាមួយសូវៀត ? ហើយចរចាររឿងអីដែរ ?
អាមេរិចមិនត្រូវគ្នានឹងសូវៀត វៀតណាមជាសម្ព័ន្ធមិត្តរបស់សូវៀត។ អាមេរិចចង់បង្កើតឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ វៀតណាមជាសម្ព័ន្ធមិត្តរបស់បក្សកុំម្មុយនីសនៅកម្ពុជា។ ខ្មែរក្រហមសម្ព័ន្ធមិត្តរបស់ចិន។ ចិនជាសត្រូវនឹងវៀតណាម។ វៀតណាមមានបញ្ហាសេដ្ឋកិច្ច សូវៀតដួលរលំ ត្រូវការអាមេរិច។
មានពេលមួយ គេត្រូវការសំរុះសំរួលគ្នា ដូច្នេះ … ។ល។
វាជាថ្ងៃអបអរសាទរសំរាប់ខ្មែររួចផុតពីសេចក្តីស្លាប់ផង និងក៏ជាថ្ងៃខ្មែរក្លាយជាកញ្ជះរបស់យួនផងដែរ ។ ទោះជាកញ្ជះក៏ល្អជាងស្លាប់ដែរ ឲ្យតែខ្មែរយើង និងមេដឹកនាំយើងមានគំនិតរើបំរាស់ពីនឹមអាណានិគមយួន ហើយនិងសាមគ្គីគ្នា យើងនឹងទទួលបាននូវឯករាជ្យភាពនៅថ្ងៃណាមួយជាក់ជាមិនខានទេ !!!