
photo copyright by Richard S. Ehrlich
បន្ទាប់ពីពិធីអបអរថ្ងៃបុណ្យចូលឆ្នាំសកល ចូលមកដល់ថ្ងៃបុណ្យ៧មករា។ តែថ្ងៃខួបនេះ អ្នកខ្លះអបអរអ្នកខ្លះថ្កោលទោសទៅវិញ។
អ្នកដែលអបអរបានចាត់ទុកថាថ្ងៃនេះជាថ្ងៃរំដោះប្រជាជនខ្មែរពីរបបបំផ្លិចបំផ្លាញដោយថ្នាក់ដឹកនាំល្ងង់ខ្លៅមួយក្រុម។ ពួកខ្មែរក្រហមបានបង្កើតរបបមួយ ដែលចាត់ទុកការបំផ្លាញជាវិធីតែមួយគត់ក្នុងការកសាងជាតិអោយខ្លាំងពូកែ ការដុតផ្ទះខ្លួនឯងចោលជាវិធីតែមួយគត់ដើម្បីការពារផ្ទះខ្លួនឯងកុំអោយគេលួច។ ទស្សនៈដ៏ល្ងង់ខ្លៅនេះ បានបណ្ដាលអោយប្រជាជនខ្មែរស្លាប់អស់មិនដឹងជាប៉ុន្មានលាននាក់។ ក្រោយមកក៏កើតមានចលនារំដោះ ក្រោមការជួយជ្រោមជ្រែងរបស់វៀតណាម បានវាយលុកចូលបណ្ដេញពួកខ្មែរក្រហមដែលចាត់ទុកខ្លួនឯងថាជាអ្នកស្នេហាជាតិនោះអោយរត់ ចូលព្រៃអស់។ ក្រោយមកសង្គមខ្មែរក្លាយជាសង្គមដូចគេឯង មានលុយចាយ មានវត្ត មានបុណ្យ មានទាន មានមង្គលការ មានតុលាការ មានពេទ្យ មានកម្មសិទ្ធិ។ល។ អ្នកដែលដឹកនាំបង្កើតចលនារំដោះ បានយកគុណសម្បត្តិនេះមករកសំលេងឆ្នោតរហូតដល់សាមសិបឆ្នាំក្រោយមក។
សំរាប់អ្នកដែលថ្កោលទោសថ្ងៃ៧មករាវិញ បានចាត់ទុកថាថ្ងៃនេះជាថ្ងៃឈ្លានពានរបស់យួនទៅវិញ។ ទ័ពវៀតណាមបានជួយទ័ពតស៊ូវាយបណ្ដេញពួកខ្មែរក្រហម នៅឆ្នាំ១៩៧៩។ តែរហូតមកដល់ឆ្នាំ១៩៨៩ គឺ១០ឆ្នាំក្រោយទើបទាហានវៀតណាមដកចេញពីស្រុកខ្មែរ។ វៀតណាមត្រូវសំរេចចិត្តដកទ័ពចេញពីស្រុកខ្មែរក៏ព្រោះតែមានការកៀបសង្កត់ពីអាមេរិច ចិននិងសូវៀត។ បើវៀតណាមមិនដកថយពីស្រុកខ្មែរ អាមេរិចនឹងមិនផ្ដល់ជំនួយដល់វៀតណាម មិនធ្វើពាណិជ្ជកម្មជាមួយវៀតណាម។ ចិននឹងចចារជាមួយសូវៀត បើវៀតណាមដកទ័ពពីស្រុកខ្មែរ។
អ្នកខ្លះនិយាយថា ពួកវៀតណាមបានប្រមូលទ្រព្យសម្បត្តិជាច្រើនពីស្រុកខ្មែរ ដោយផ្ទុកក្នុងមជ្ឈូសជាដើម។ អ្នកខ្លះទៀតនិយាយថា វៀតណាមជាអ្នកកំនត់ទិសដៅនយោបាយសំរាប់ប្រទេសខ្មែរ បង្ខំរដ្ឋាភិបាលអាយ៉ងអោយចុះសន្ធិសញ្ញាកាត់ទឹកដីអោយយួន។ល។និង។ល។ ហើយគេជឿថា រដ្ឋាភិបាលបច្ចុប្បន្ន ក៏នៅតែបន្តដើរតាមបន្ទាត់នយោបាយរបស់យួនដែលគូសអោយដដែល។ អ្នកខ្លះនិយាយថា របបខ្មែរក្រហមកើតចេញពីនយោបាយរបស់វៀតណាម ដូច្នេះការសង្គ្រោះខ្មែរពីរបបខ្មែរក្រហមគឺគ្មានន័យអ្វីទាំងអស់។
ដូច្នេះហើយគេសន្និដ្ឋានថា ៧មករា ជាថ្ងៃជោគជ័យក្នុងការដាក់អណានិគមយួនមកលើប្រទេសខ្មែរ។
ចុះអ្នកវិញ យល់យ៉ាងណាដែរ?
អាមេរិចវាយអៀរ៉ាក់ បណ្ដេញសាដាម បង្កើតរបបប្រជាធិបតេយ្យ តែអៀរ៉ាក់ត្រូវសងអាមេរិចជាប្រេងវិញ។ វៀតណាម ជួយអ្នកតស៊ូខ្មែរបណ្ដេញពួកខ្មែរក្រហម។ បើខ្មែរក្រហមនៅតែបន្តនយោបាយរបស់ខ្លួនទៀត ខ្មែរច្បាស់ជារលាយ។ យុវជនវៀតណាមមិនដឹងជាប៉ុន្មានម៉ឺននាក់បានស្លាប់ក្នុងសង្គ្រាមនៅស្រុកខ្មែរ (បើតាម The New Yorks Times ទាហានវៀតណាម 55000 នាក់បានរងរបួស ដែលក្នុងនោះមួយភាគបីបានស្លាប់)។ បើនិយាយថាវៀតណាមមិនបានយកចំនេញអ្វីទាំងអស់ពីសង្គ្រាមនេះ តើនរណាជឿ?។ ដូច្នេះវាត្រូវតែមានការដោះដូរដោយប្រការណាមួយ។
ដូច្នេះយើងមានចំនុចសំខាន់ធំៗពីរ ខ្មែររួចពីស្លាប់ និង ខ្មែរធ្លាក់ចូលក្រោមនឹមអណានិគមបរទេស។ បើចំនុចទាំងពីរសុទ្ធតែពិតទាំងពីរ តើយើងគួរប្រារព្ធពិធីបុណ្យអបអរសាទរថ្ងៃមួយនោះដែររឺទេ? តើយើងគួរដឹងគុណវៀតណាមដែររឺទេ?
ចំពោះពិធីបុណ្យអបអរសាទរវិញ ខ្ញុំចូលចិត្តថ្ងៃបុណ្យព្រោះបានឈប់សំរាក
។
ខ្ញុំស្គាល់បុរសម្នាក់ គេធ្លាប់ជាទាហានតស៊ូសម័យនោះ និងធ្លាប់ជាទាហានជិតស្និទជាមួយសម្តេចតេជោ។ តែសព្វថ្ងៃនេះគាត់បានត្រឹមជាជាងកាត់សក់ម្នាក់តែប៉ុណ្ណោះ។ គាត់មិនត្រូវការអ្វីទាំងអស់។ ដូច្នេះពិធីបុណ្យ៧មករាគួរតែជាការឧទ្ទិសដល់បុគ្គលបែបនេះ ដល់យុទ្ធជនខ្មែរដែលតស៊ូបណ្ដេញពួកខ្មែរក្រហម រួចហើយមិនត្រូវការលាភសក្ការៈ។ សូមរំលឹកថា មិនមែនមានតែពួកអ្នកដឹកនាំល្បីៗនៅលើកញ្ចក់ទូរទស្សន៍ប៉ុន្មាននាក់នេះទេ ដែលជាអ្នករំដោះប្រទេសខ្មែរនោះ។
Source :
- VIETNAM PROMISES TROOPS WILL LEAVE CAMBODIA BY FALL, the New York Times, April 6, 1989