សីហា ១៩៩៨
ថ្ងៃនោះជា ថ្ងៃប្រលងចូលរៀននៅតិចណូ។ ខ្ញុំបានឃើញនារីម្នាក់។ នារីស្អាតម្នាក់។ នាងជានារីនឹងធឹងម្នាក់។ មានលក្ខណៈលេចធ្លោក្នុងចំណោមមនុស្សទាំងឡាយក្នុងកែវភ្នែកខ្ញុំ។
តុលា ១៩៩៨
ខ្ញុំបានឃើញនាងម្តងទៀត។ ខ្ញុំចាំមុខនាងបាន។ វាជាថ្ងៃចូលរៀន។ នាងក៏ចុះឈ្មោះចូលរៀននៅ តិចណូដែរ។ នាងជាស្រីស្អាតម្នាក់។ មានបុរសជាច្រើនតាមចោមរោមសុំស្នេហា។ មានទាំងអ្នករៀនជំនាន់ជាមួយគ្នា មានទាំងអ្នករៀនជំនាន់មុន។ នាងជានារីម្នាក់មានចរឹកនឹងធឹង មិនភ្លើតភ្លើនតាមពាក្យបញ្ជោរទាំងឡាយ។ ហេតុដូចនេះហើយ បុរសទាំងនោះរងនូវការខកចិត្តគ្រប់ៗគ្នា។ មានមិត្តភក្តិខ្លះ ជំរុញអោយខ្ញុំតាមសុំស្នេហ៍នាង។ សំរាប់ពួកគេ ការចែរចង់ស្រី ជាការប្រណាំងប្រជែងមួយ។ ពួកគេមានមោទនភាពខ្លាំងណាស់បើសិនជាគេអាចធ្វើអោយនារីម្នាក់បាក់ចិត្តស្រលាញ់គេបាន។ តែសំរាប់ខ្ញុំ ខ្ញុំមិនធ្វើដូច្នេះទេ។ ខ្ញុំពោរពេញទៅដោយអំណួតលើខ្លួនឯង។ខ្ញុំតែងគិតថា ការដែលតាមសុំស្នេហាពីស្រីម្នាក់ រឺធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់ជារឿងអន់បំផុត។ ខ្ញុំតែងគិតថាខ្ញុំនឹងមិនសុំស្នេហាពីនារីណាម្នាក់ជាដាច់ខាត។ ខ្ញុំតែងនឹកដល់ពាក្យរបស់ឪពុករបស់ខ្ញុំតែងនិយាយថា បើឯងមានស្នេហាក្នុងពេលសិក្សាអនាគត របស់ឯងគឺចប់ហើយ។ គាត់តែងផ្ញើរក្តីសង្ឈឹមលើខ្ញុំ ជឿជាក់លើខ្ញុំ។ ហេតុដូច្នេះហើយខ្ញុំតែងដើរចេញអោយឆ្ងាយពីនារីទាំងឡាយ។ ពេលវេលា កន្លងទៅ។ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ។ ក្នុងមួយរយៈនេះ មានបុរសជាច្រើនខកចិត្ត ខ្លះខូចចិត្តព្រោះតាមសុំស្នេហ៍នាងមិនបាន។ហើយក៏នៅតែមានបុរសផ្សេងទៀតមកបន្តសុំស្នេហ៍ពីនាងដែរ។
៨ មីនា ២០០១
៨មីនា ជាថ្ងៃសិទ្ធិនារីអន្តរជាតិ។ យើងមានច្បាប់ឈប់សំរាកមួយថ្ងៃ។ មិត្តរួមថ្នាក់ទាំងឡាយ មានគំរោងនឹងទៅដើរលេងនៅក្រុងព្រះសីហនុ នៅថ្ងៃសៅរ៍ នាសប្តាហ៍នោះ។ យើងបានជួលរថយន្តក្រុង ២គ្រឿង។ ខ្ញុំធ្វើដំណើរក្នុងរថយន្តមួយផ្សេងពីនាង។ ថ្ងៃនោះជាលើកដំបូងបង្អស់ ដែលខ្ញុំទៅលេងក្រុងព្រះសីហនុ។ យើងបានចុះកំសាន្តនៅឆ្នេរអូរឈើទាល។ ទីនោះពិតជាស្អាតមែន។ ទឹករលកធំៗបោកបក់បែកផ្កាត្រែង។ ជំនោរខ្យល់សមុទ្រត្រជាក់បក់រំភើយៗ។ ឆ្នេរខ្សាច់ពណ៌សក្បុស។ ទិដ្ឋភាពទាំងនោះធ្វើអោយ ខ្ញុំមានអារម្មណ៍រីករាយក្នុងចិត្តជាខ្លាំង។ ភ្លេចអស់នូវភាពស្មុគ្រស្មាញ ទាំងឡាយក្នុងពេលសិក្សា។ នៅទីនោះអ្វីៗហាក់ដូចជាស្អាតទាំងអស់។ ហើយមិនដឹងជាមានអ្វីមួយបណ្តាលចិត្តខ្ញុំអោយមើលទៅនាង។ ខ្ញុំមើលនាង លេងទឹកសមុទ្រ។ ខ្ញុំមើលនាងដើរលើឆ្នេរខ្សាច់។ ខ្ញុំមើលនាងរើសសំបកខ្យងនៅមាត់ឆ្នេរ។ នាងពិតជា ស្អាតមែន។ ខ្ញុំទទួលស្គាល់ក្នុងចិត្តដោយសំងាត់ថាខ្ញុំស្រលាញ់នាង។
មួយថ្ងៃនោះ ខ្ញុំព្យាយាមនៅជិតនាង តាមមើលនាងជានិច្ច។ ខ្ញុំភ្លេចអស់នូវ ភាពមានះរបស់ខ្ញុំ។ ខ្ញុំភ្លេចអស់នូវបណ្តាំរបស់ឪពុកខ្ញុំ។ ខ្ញុំដឹងតែម៉្យាងគត់ គឺខ្ញុំស្រលាញ់នាង។ យើងត្រលប់មកភ្នំពេញវិញនៅថ្ងៃបន្ទាប់។ មិនដឹងជាហេតុអ្វីទេ នាងបានប្តូរថយន្តមករួមដំណើរជាមួយនឹងខ្ញុំវិញ។ នាងអង្គុយជាប់នឹងខ្ញុំ គឺនៅជាប់គ្នាតែម្តង ព្រោះតែរថយន្តចង្អៀត។ ព្រះអើយ បេះដូងខ្ញុំស្ទើរតែលោតចេញពីទ្រូងទៅហើយ។ វាជាអនុស្សាវរីយមួយដែលខ្ញុំចាំមិនភ្លេច។ ជាអនុស្សាវរីយមួយដែលខ្ញុំតែងគិតថា ជាវេលាដែលខ្ញុំរំភើបបំផុត។ ជាអនុស្សាវរីយមួយដែលពេលក្រោយមក ខ្ញុំតែងគិតថារវាងខ្ញុំនិងនាង គឺបានតែត្រឹមហ្នឹង។ រថយន្តធ្វើដំណើរហាក់ដូចជាប្រញាប់ទៅងាប់នៅឯណាអញ្ចឹង។ ពីក្រុងព្រះសីហនុមកភ្នំពេញ បរតែមួយភ្លែត។ មកដល់ភ្នំពេញភ្លាម ខ្ញុំក៏មានអារម្មណ៍តានតឹងភ្លាមតានតឹងចំពោះ អ្វីដែលត្រូវធ្វើ។ ខ្ញុំឃើញម៉ូតូរថយន្តទំនើបៗ។ ខ្ញុំគិតពីខ្លួនឯង។ ខ្ញុំគិតពីអ្វីដែលខ្ញុំមាន។ ខ្ញុំគិតពីអ្វីដែលខ្ញុំត្រូវធ្វើ។ ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ហ្មងសៅនឹងស្នេហាពីម្សិលមិញរបស់ខ្ញុំ។ ខ្ញុំគ្មានអ្វីសោះ។ ខ្ញុំមិនសាកសមនឹងនាងទេ។ នាងជាកូនអ្នកគួរសមម្នាក់ទាំងមានរូបសម្បត្តិ និង ចរិយាសម្បត្តិ ថ្ងៃថ្លៃថ្នូរទៀត។ ខ្ញុំពិតជាគ្មានលទ្ធភាពឈោងចាប់នាងទេ។ ខ្ញុំក៏កាត់ចិត្តបំភ្លេចនាង។ បំភ្លេចនាងទាំងឈឺចាប់។ ស្នេហារបស់ខ្ញុំចាប់ផ្តើមពីម្សិលមិញ វាបញ្ចប់ទៅវិញនៅថ្ងៃនេះ។ បញ្ចប់ទាំងក្តីស្រមើស្រមៃរបស់ខ្ញុំជាមួយនាងទៅជាមួយផង។ ស្នេហារបស់ខ្ញុំចំពោះនាងក្លាយជាភាពមិនច្បាស់លាស់មួយ។ ត្រូវបំភ្លេចនាង រឺបន្តការឈឺចាប់នេះ រហូតដល់ថ្ងៃនាងរៀបការជាមួយបុរសម្នាក់ទៀត ដែលជ្រើសរើសដោយម្តាយនាង តាមទំនៀមទំលាប់។ ខ្ញុំព្យាយាមគេចមុខពីនាង។ តែចិត្តខ្ញុំចង់ជួបនាងណាស់។ ពេលឃើញនាងញញឹមដាក់ម្តងៗ ខ្ញុំមានអារម្មណ៍រីករាយពេញមួយសប្តាហ៍។ ខ្ញុំពិតជា មិនអាចបំភ្លេចនាងបានទេ។ ថ្ងៃមួយខ្ញុំបន់ចំពោះមុខព្រះអង្គចេកព្រះអង្គចម។ បន់សុំអោយតែនាងចាប់ អារម្មណ៍តែបន្តិច មកលើខ្ញុំក៏បានដែរ។
កញ្ញា ២០០២
អារម្មណ៍រីករាយនិងការឈឺចាប់ នៅឡូកឡំគ្នា រហូតដល់ថ្ងៃមួយដែលខ្ញុំត្រូវចាកចេញពីភ្នំពេញ មកប៊្រុចសែល។ ថ្ងៃនោះខ្ញុំចង់និយាយប្រាប់នាង។ តែខ្ញុំនិយាយមិនចេញ តែខ្ញុំមិនហ៊ាន។ ខ្ញុំបានត្រឹមតែលួចមើលមុខនាងពីចំងាយប៉ុណ្ណោះ។ លួចមើលនាងដោយសំងាត់មិនអោយនាងដឹង មិនអោយអ្នកដទៃដឹង។ រយៈពេល១០ខែ ដែលខ្ញុំឃ្លាតឆ្ងាយពីនាង។ ១០ខែនោះ ខ្ញុំមិនដែលឃើញមុខនាងសោះ សូម្បីការទាក់ទងគ្នាតាម e-mail រឺ តាមទូរស័ព្ទក៏គ្មានដែរ។ គឺទំនាក់ទំនងខ្ញុំនិង នាងត្រូវកាត់ផ្តាច់ទាំងស្រុងតែម្តង។ អារម្មណ៍របស់ខ្ញុំក៏ចាប់ផ្តើម បានធូរស្រាល ពីសេចក្តីស្នេហានេះ តែយូរៗម្តង ខ្ញុំតែ គិតដល់អនុស្សាវរីយ៍ នៅលើរថយន្តក្រុងនោះ។ ជាអនុស្សាវរីយ៍មួយដែលធ្វើអោយខ្ញុំញញឹមតែឯកឯង រំភើបតែឯកឯង។ ជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន ក្នុងយុវ័យរបស់ខ្ញុំ។