ក្នុងវចនានុក្រមខ្មែរសម្តេចជួន ណាត យើងអាចរកបានពាក្យ មោទកភាព – មោទនា – មោនភាព តែមិនឃើញពាក្យ មោទនភាព ទេ។
មោទកភាព <សំ. បា. (មោទក + ភាវ) >( ន. ) ភាពឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ : មានមោទកភាព ។
មោទនា <សំ. បា.> ( ន. ) ការរីករាយ, ការស្រស់ស្រាយសប្បាយចិត្ត, សេចក្ដីត្រេកអរ ។
មោនភាព <បា.; សំ. (មោន + ភាវ; មៅន)> ( ន. ) ភាវៈស្ងៀម, ដំណើរស្ងៀម (មិនស្ដី) ។
ពាក្យ មោទនភាព ដែលយើងប្រើ ដូចជាក្នុងបទចំរៀង មោទនភាពជាតិខ្មែរ របស់ផលិតកម្មរ៉ុក យើងបែរជាមិនឃើញ ក្នុងវចនានុក្រមទៅវិញ។ ឥលូវនេះយើងពិនិត្យមើលឬសគល់នៃពាក្យទាំងនេះ គឺ មោទៈ ។ ក្នុងវចនានុក្រមសំស្ក្រឹត Monier-Williams, Oxford ៖
មោទៈ ជានាមមានន័យថា ការរីករាយ, ការស្រស់ស្រាយសប្បាយចិត្ត, សេចក្ដីត្រេកអរ។
មោទកៈ ជាគុណនាម : ដែលរីករាយ។ ជានាម មានន័យថា (1) នុំផ្អែមរាងមូលតូច, បង្អែម -> មោទកិកា, (2) គ្រាប់ថ្នាំមួយប្រភេទ។
មោទនៈ ជាគុណនាម : ដែលរីករាយ ដែលត្រេកអរ ដែលដឹងគុណ។
ដូច្នេះ បើយើងយកគុណនាមរបស់សំស្ក្រឹត មោទនៈ មកបូកនឹងពាក្យ ភាព ដើម្បីអោយក្លាយជានាម យើងទទួលបាន ពាក្យ មោទនភាព ដែលយើងប្រើនេះ។ ដូច្នេះពាក្យ មោទនភាព នេះគ្មានអ្វីខុសនោះទេ ហើយមានន័យដូចគ្នានឹងពាក្យ មោទនា និង មោទកភាព ដែរ។
យើងច្រើនប្រើពាក្យនេះសំដៅត្រង់ទៅនឹងពាក្យអង់គ្លេស pride ជានាម រឺពាក្យ proud ជាគុណនាម។ តើការប្រើប្រាស់នេះត្រឹមត្រូវដែររឺទេ?
ពាក្យ proud របស់អង់គ្លេស មានន័យ
(1) ដែលអឿ ដែលពេញចិត្តនឹងខ្លួនឯងដោយគិតថាខ្លួនគ្រាន់បើជាងអ្នកដទៃផ្នែករូបសម្បត្តិ ធនធាន ។ល។
(2) ដែលមានអារម្មណ៍រីករាយប្រកបដោយកិត្តិយសដោយសារអ្វីមួយ។ I’m proud of your achievement. I’m proud of you.
(3) ដែលជារបស់ដែលធ្វើអោយគេមានអំនួត។ It was a proud day when we finally won the championship.
ពាក្យ មោទនភាព និង ពាក្យ pride នេះពិតតែមានន័យស្រដៀងគ្នាមែន តែមិនមានន័យដូចគ្នានោះទេ។ មោទនភាព មានន័យត្រឹមថា ការរីករាយ ការត្រេកអរ បញ្ជាក់ពីសភាពនៃចិត្តដែលរីករាយ ដែលសប្បាយតែប៉ុណ្ណោះ (act of happy)។ រីឯpride មានន័យបែបជាអំនួតដោយសារមានអ្វីមួយ រឺ របស់ដែលជាប្រភពដែលធ្វើអោយយើងត្រេកអរ មានអំនួត គិតថាខ្លួនគ្រាន់បើ គិតថាឡូយ។ល។ ការយល់ឃើញថា ពាក្យមោទនភាព មានន័យដូចពាក្យ pride អង់គ្លេសប្រៀបដូចជាការយល់ថា ពាក្យ happy មានន័យ proud អញ្ចឹង។
Recent Comments Gravatars