មានពេលមួយនោះខ្ញុំទៅដើរលេងនៅស្ទឹងត្រែង ហើយឈៀងចូលស្រុកលាវ។ នៅពេលនោះដូចជាចំពេលផ្ដាសាយ H1N1 កំពុងតែរាតត្បាត។ ដូច្នេះក៏មានភ្នាក់ងារសុខាភិបាលគេចុះធ្វើការបង្ការ។ កន្លែងមួយនោះ គេសរសេរស្អីខ្លះមិនដឹងទេ តែចាប់អារម្មណ៍ជាងគេគឺពាក្យ « ចត្តាឡីស័ក »។
ក្រោយមកទៀតឃើញពាក្យនេះកាន់តែញឹកញាប់ឡើងៗ។
គេប្រើពាក្យនេះ ជានាម ដូចជា
- ក្រុមចត្តាឡីស័ក
- តំបន់ផ្ទុះផ្ដាសាយបក្សី៥គម២ ត្រូវបានធ្វើចត្តាឡីស័ក
ពាក្យហ្នឹងស្អីគេ? មានន័យថាម៉េច?
ពាក្យនេះមិនមានក្នុងវចនានុក្រមខ្មែរឆ្នាំទសវត្សរ៍ឆ្នាំ៦០ទេ តែក៏មិនមែនមានន័យថាជាពាក្យខុសដែរ។ ប្រហែលមានក្នុងវចនានុក្រមថ្មីដែលនឹងបោះពុម្ពក្នុងពេលខាងមុខនេះ។
ពាក្យនេះបើខ្ញុំតាមដានទៅ ឃើញថា គេប្រើស្មើនឹងពាក្យ En : Quarantine ; Fr : Quarantaine.
ចត្តាឡីស័ក =En : Quarantine = Fr. Quarantaine
ពាក្យ Quarantine នេះយើងប្រហែលធ្លាប់ឃើញញឹកញាប់ជាងគេពេលប្រើ Antivirus របស់កុំព្យូទ័ររបស់យើងចាប់បានមេរោគមួយ។ ពេលនោះវាសួរយើងថា Quarantine រឺ លុបចោល ?
- និយមន័យរបស់ពាក្យ Quarantine អង់គ្លេស
ពាក្យមានកំនើតមកពីពាក្យឡាតាំង quadraginta ដែលមានន័យថា សែសិប។ ក្នុងភាសាអង់គ្លេសគេប្រើសំដៅលើន័យពីរ
1) ទីរហោឋានដែលព្រះយេស៊ូបបានតមអាហាររយៈពេល៤០ថ្ងៃ។
2) រយៈពេល៤០ថ្ងៃដែលគេអនុញ្ញាតអោយស្រីម៉េម៉ាយប្ដីស្លាប់ស្នាក់នៅលើផ្ទះបានក្នុងករណីស្ត្រីនោះមិនបានទទួលមរតកផ្ទះនេះពីប្ដី
ក្រោយមកទៀតន័យរបស់ពាក្យនេះប្រែប្រួលយកន័យថ្មីវិញ
1) មធ្យោបាយបង្ការការរីករាលដាលនៃជំងឺឆ្លងដោយដាក់តំបន់មួយអោយនៅដាច់ពីគេ
2) កន្លែងដែលយកមនុស្សម្នាក់ទៅដាក់ដោយសារមានជំងឺឆ្លង
3) រយៈពេលដែលគេដាក់មនុស្សម្នាក់អោយនៅដាច់ពីគេដើម្បីតាមដានមើលថាមានជំងឺឆ្លងរឺអត់
4) (ព័ត៌មានវិទ្យា) កន្លែងផ្ទុកឯកសារអេឡិចត្រូនិចមួយបន្ទាប់ពីសង្ស័យមានមេរោគ
5) ការឃាត់នាវាមួយមិនអោយចូលផែដោយសង្ស័យថាមានជំងឺឆ្លង
- ន័យរបស់ពាក្យ ចត្តាឡីស័ក ក្នុងភាសាខ្មែរ
ចត្តាឡីស័កនេះ ខ្ញុំពិនិត្យឃើញគេប្រើក្នុងវចនានុក្រមបារាំងខ្មែររបស់លោកតិប យក់និងថាវ គន្ធ ពេលបកប្រែពាក្យ Quarantaine របស់បារាំង
Quarantaine :
1) ចត្តាឡីសកៈ (មានន័យថា សែសិប)
2) រយៈពេលកាក់នាវាមួយទុកពេលសង្ស័យថាមានរោគឆ្លង
3) …។ល។
បើខ្ញុំពិនិត្យក្នុងវចនានុក្រមបាលី ខ្ញុំឃើញពាក្យ ចត្តាឡីសតិ ដែលមានន័យថា សែសិប។
ដូច្នេះខ្ញុំសន្និដ្ឋានថា ពាក្យចត្តាឡីស័ក នេះច្បាស់ជាមានន័យថា សែសិប ឬ សែសិបថ្ងៃ។
ចត្តាឡីស័ក = សែសិប
ដូច្នេះយើងសន្និដ្ឋានបានថា ពាក្យចត្តាឡីស័កដែលខ្មែរប្រើនេះមានន័យដូចនឹងន័យចាស់របស់ពាក្យ Quarantine ដែរ គឺមានន័យថា សែសិបដូចគ្នា។ តែពាក្យចត្តាឡីស័ក នេះមិនមានន័យស្មើនឹងន័យថ្មីរបស់ពាក្យ Quarantine ដែលយើងនិយាយសំដៅទៅនោះទេ។ ដូច្នេះ
ចត្តាឡីស័ក
En : Quarantine = Fr. Quarantaine
តែបើយើងសន្មតថា ពាក្យចត្តាឡីស័ក ដែលមានន័យត្រង់ថា សែសិប ប្រើសំដៅទៅលើន័យថ្មីរបស់ពាក្យ Quarantine នោះយើងអាចនិយាយបានថា
ចត្តាឡីស័ក =En : Quarantine = Fr. Quarantaine
ប៉ុន្តែពេលប្រើ សូមអោយដឹងថា ចត្តាឡីស័ក មានន័យត្រង់ថា សែសិប នេះឯង។
អរគុណច្រើនចំពោះការពន្យល់នេះ ពិតជាគួរអោយចាប់អារម្មណ៍។ នេះបានចំជាអ្នកក្លាហាន ពូកែទាំងអក្សរសាស្រ្ត ពូកែទាំងក្បាច់គុណមែន