បទពិសោធន៍របស់ខ្ញុំនៅពេលទៅចូលរួមពិធីមង្គលការមួយកាលពីចុងសប្តាហ៍មុន បានធ្វើអោយខ្ញុំមើលឃើញយ៉ាងច្បាស់ពីភាពគួរអោយធុញទ្រាន់និងឈឺចាប់បំផុតសំរាប់អ្នកនៅលីវ។
នោះមិនមែនជាភាពឯកោទេ។ បើទោះជាខ្ញុំមិនរៀបការ ក៏ខ្ញុំមានសេចក្តីសុខជាធម្មតាដូចគេឯង ដទៃដែរ! ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ នៅពេលណា នៅទីណាក៏បាន…
ខ្ញុំក៏មិនដែលទោមនស្សនឹងជីវិតដែលគ្មានតណ្ហា គ្មានដៃគូស្នេហាដែរ… ខ្ញុំពិតជាគ្រប់គ្រាន់នឹងខ្លួន ឯង នឹងជីវិតសព្វថ្ងៃរបស់ខ្ញុំហើយ។
ប៉ុន្តែអ្វីដែលចេះរំខានចិត្តបំផុតសំរាប់អ្នកនៅលីវដូចជាខ្ញុំ គឺសម្ពាធពីក្រុមគ្រួសារ ដែលបង្ខំអោយខ្ញុំរកសង្សានឹងគេ។ ហើយតើពួកគេនឹងចាត់ចែងអ្វីខ្លះដើម្បីជ្រោមជ្រែង? ពួគគេនឹងប្រឹងធ្វើជាមេអណ្តើករកគូស្រករអោយយើង ទៅតាមវិធីដែលគេគិតថាត្រឹមត្រូវសំរាប់គេ។ ហើយវាកាន់តែយ៉ាប់ជាងនេះទៅទៀតប្រសិនបើខ្ញុំជាមនុស្សស្រី តែអាយុរៀងច្រើនបន្តិចច្បាស់ជាត្រូវគេថា សៅកែ ឬ ព្រៅមិនខាន ហើយច្បាស់ជានឹងទទួលគំនាបពីឪពុកម្តាយ និងក្រុមគ្រួសារជាមិនខាន។
នៅក្នុងពិធីមង្គលការនោះមាននារី២នាក់ដែលគ្រួសាររបស់ខ្ញុំបានព្យាយាមទាក់ទងអោយខ្ញុំ។ នារីម្នាក់ឈ្មោះ សារ៉ា ណែនាំដោយបងថ្លៃរបស់ខ្ញុំ។ “នេះគឺសារ៉ា នាងនៅមិនទាន់មានគូនៅឡើយទេ។” អូ៎នេះជាការណែនាំដែលគួរអោយស្អប់បំផុត!! ហើយសំរាប់ខ្ញុំនារីម្នាក់នោះមិនគួរអោយចាប់អារម្មណ៍អ្វីបន្តិច។ នារីម្នាក់ទៀតគឺម្តាយរបស់ខ្ញុំជាអ្នកនាំមកបង្ហាញខ្ញុំ។ ម្តាយខ្ញុំខ្សឹបខ្ញុំប្រាប់ខ្ញុំថា នាងជាកូនអ្នកមានណាស់! ហើយស្អាតទៀត!! សំរាប់ខ្ញុំនាងស្អាតមែន តែមិនមែនជានារីនៅក្នុងឧត្តមគតិរបស់ខ្ញុំឡើយ។ គ្រប់គ្នាគិតតែពីនិយាយថា តើឯងចង់នៅលឺវដល់ណាទៀត? ល្មមគិតគូររកប្រពន្ធកូនហើយ…។ ទោះបីជាពិធីជប់លៀងសប្បាយយ៉ាងណាក៏វាលែងសប្បាយដែរ៕
Recent Comments Gravatars